កាលពីជាងមួយទសវត្សរ៍មុន នៅពេលដែលក្រុមហ៊ុនផលិតកម្មរបស់ជប៉ុនសម្លឹងមើលប្រទេសកម្ពុជា ក្នុងនាមជាគោលដៅវិនិយោគថ្មី ការិយាល័យអង្គការពាណិជ្ជកម្មក្រៅប្រទេសរបស់ជប៉ុន (JETRO) ក៏ត្រូវបានស្ថាបនាឡើងនៅរាជធានីភ្នំពេញ ដើម្បីប្រមូលនូវស្ថិតិវិនិយោគ និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញសកម្មភាពវិនិយោគរបស់ជប៉ុន នៅក្នុងប្រទេសកម្ពុជា។
លោក Masashi Kono ប្រធានតំណាងឲ្យការិយាល័យ JETRO នៅភ្នំពេញបានថ្លែងថា JETRO រាជធានីភ្នំពេញ មានតួនាទី ដើម្បីក្លាយជាស្ពានតភ្ជាប់មួយរវាងប្រទេសជប៉ុន និងកម្ពុជា ដោយគាំទ្រវិនិយោគិនសក្តានុពលជប៉ុនពីប្រទេសជប៉ុន ដើម្បីបង្កើតអាជីវកម្មនៅកម្ពុជា ដោយធ្វើឲ្យមានការធ្វើទំនាក់ទំនងជំនួញជាមួយក្រុមហ៊ុនកម្ពុជា ថែមទាំងធ្វើការរាយការណ៍រាល់ឆ្នាំ ហើយនិងការធ្វើរបាយការណ៍សេដ្ឋកិច្ចជាប្រចាំខែឆ្នាំ។
លោកបានបន្ថែមថា ក្រុមហ៊ុនជប៉ុនត្រូវការព័ត៌មានទាក់ទងនឹងស្ថានភាពវិនិយោគ ដើម្បីប្រៀបធៀបគ្នារវាងប្រទេសនីមួយៗ ដែលពួកគេមានចំណាប់អារម្មណ៍ទៅលើ មុនពេលធ្វើការសម្រេចចិត្តក្នុងការវិនិយោគពិតប្រាកដ។
លោកបានបន្តថា៖ «JETRO ប្រមូលផ្តុំព័ត៌មានអំពីការវិនិយោគសេដ្ឋកិច្ចច្បាប់ ហិរញ្ញវត្ថុ និងព័ត៌មានលើគ្រប់វិស័យទាំងអស់ហើយយើងផ្តល់ព័ត៌មានទាំងនោះដល់វិនិយោគិនសក្តានុពលនៅជប៉ុន ដើម្បីគាំទ្រដល់ការវិនិយោគរបស់ពួកគេ»។
លោកបន្ថែមថា បន្ទាប់ពីការិយាល័យរាជធានីភ្នំពេញរបស់ JETRO ត្រូវបានស្ថាបនាឡើង JETRO បានធ្វើជាលេខាធិការនៃសមាគមអាជីវកម្មជប៉ុននៅកម្ពុជា (JBAC) ហើយលោក Masashi គឺជាអគ្គលេខាធិការរបស់ JBAC ផងដែរ។ «បន្ទាប់ពីពួកគេបានតាំងទីស្នាក់ការនៅកម្ពុជា JETRO បានគាំទ្រពួកគេតាមរយៈ JBAC។ យើងរៀបចំសិក្ខាសាលាក្រុមការងារកិច្ចប្រជុំ និងរៀបចំកិច្ចប្រជុំវិស័យឯកជន និងរដ្ឋ ២ ដងក្នុងមួយឆ្នាំ។ ការប្រជុំនេះ គឺមានការអនុញ្ញាតឲ្យចូលរួមដោយប្រទេសជប៉ុនតែប៉ុណ្ណោះ»។
យោងតាមលោក Masashi បានឲ្យដឹងថា ការបើកការិយាល័យរបស់ JETRO នៅទីក្រុងភ្នំពេញ គឺជាបំណងប្រាថ្នាដ៏មុតមាំមួយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់តាំងពីដំណាក់កាលដំបូង បន្ទាប់ពីកិច្ចព្រមព្រៀងរវាងប្រមុខរដ្ឋាភិបាលកម្ពុជា និងជប៉ុន នៅខែវិច្ឆិកាឆ្នាំ ២០០៩ ក្នុងកិច្ចប្រជុំកំពូល កម្ពុជា-ជប៉ុន។
នៅពេលដែល JETRO បានបើកដំណើរការនៅឆ្នាំ ២០១០ ចំនួនសមាជិករបស់ JBAC មានចំនួនប្រហែល ៥០ នាក់ ប៉ុន្តែបច្ចុប្បន្នសមាជិកទាំងអស់មានជាង ២៥០ នាក់។
លោក Masashi បាននិយាយថា មានក្រុមហ៊ុនជប៉ុនប្រហែល១ ៥០០ក្រុមហ៊ុន ត្រូវបានចុះបញ្ជីនៅក្នុងប្រទេសកម្ពុជា ក្នុងអំឡុងឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៧។
ឧស្សាហកម្មដែលពឹងផ្អែកយ៉ាងខ្លាំងលើកម្លាំងហត្ថពលកម្ម ដូចជាសម្លៀកបំពាក់ និងស្បែកជើង មានភាពទាក់ទាញដល់វិនិយោគិនបរទេសជាច្រើននៅក្នុងប្រទេសកម្ពុជា។
ទោះជាយ៉ាងណាក៏ដោយការបង្កើនការវិនិយោគរបស់ជប៉ុននៅក្នុងប្រទេសកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា ដោយការវិនិយោគពីប្រទេសជប៉ុនជាច្រើនបានជួយឲ្យប្រទេសកម្ពុជាផ្លាស់ប្តូរពីសេដ្ឋកិច្ច ដែលពឹងផ្អែកលើកម្លាំងហត្ថពលកម្មហួសហេតុទៅជាប្រទេសមួយដែលផ្តោតសំខាន់លើវិស័យផលិតកម្មទៅវិញ។
ក្រៅពីរោងចក្រកាត់ដេរ ក្រុម-ហ៊ុនជប៉ុនធំៗជាច្រើនបានបង្កើតឡើងនៅក្នុងប្រទេសកម្ពុជា ក្នុងអំឡុងពេលមួយទសវត្សរ៍ចុងក្រោយនេះ។
មជ្ឈមណ្ឌលថែទាំសុខភាព Sunrise Healthcare Service Co., ជាមន្ទីរពេទ្យជប៉ុនដំបូងគេនៅកម្ពុជា បានវិនិយោគទឹកប្រាក់ប្រមាណ ៣៥ លានដុល្លារ ត្រូវបានបើកដំណើរការនៅឆ្នាំ ២០១៦។
ផ្សារទំនើប Aeon Mall ដែលជាផ្សារទំនើបធំបំផុតរបស់ប្រទេសកម្ពុជា ត្រូវបានវិនិយោគទឹកប្រាក់ចំនួន ២០៥ លានដុល្លារ ត្រូវបានបើកជាផ្លូវការនៅក្នុងរាជធានីភ្នំពេញ និងកំពុងតែត្រៀមបើកសាខាទី ២ នៅក្នុងទីក្រុងនេះ។
ក្រុមហ៊ុន Minebea Sumitomo និង Ajinomoto បានបង្កើតរោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេសរួចស្រាប់ទៅហើយ។
យោងតាមតួលេខរបស់ CDC ការវិនិយោគរបស់ ជប៉ុន នៅកម្ពុជាក្នុងរយៈពេល ២៥ ឆ្នាំ រហូតដល់ខែ ឧសភា ឆ្នាំ ២០១៧ សរុបមកមាន ចំនួន ១,៥០ ពាន់លានដុល្លារដែលភាគច្រើនបានកកើតឡើង បន្ទាប់ពីឆ្នាំ ២០១០។ ចាប់ពីឆ្នាំ ១៩៩៤ ដល់ឆ្នាំ ២០១០ ចំនួនទឹកប្រាក់សរុប គឺមានត្រឹមតែ ២៣៦,៥០ លានដុល្លារតែប៉ុណ្ណោះ។
ការបង្កើនការវិនិយោគពីជប៉ុនទៅប្រទេស កម្ពុជា ក្នុងរយៈពេល ៧ ឆ្នាំចុងក្រោយនេះ បានជួយពន្លឿនការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង ២ ដោយមានកម្ពុជាកំពុងតែមានសំណល់អតិរេកដ៏ខ្ពស់។
ខណៈពេលដែលពាណិជ្ជកម្មទ្វេភាគីនៃកម្ពុជា និងជប៉ុន មានចំនួន ៣៦៦ លានដុល្លារ នៅក្នុងឆ្នាំ ២០១០ តួលេខរបស់Jetro បានបង្ហាញថា ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង ២ បានឈានដល់ ១,៦១ ពាន់លានដុល្លារ នៅក្នុងឆ្នាំ ២០១៧។ ក្នុងនោះការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសជប៉ុន មានចំនួនទឹកលុយ ១,២៦ ពាន់លានដុល្លារ។
ខណៈពេលដែលវិនិយោគិនជនជាតិជប៉ុន ជាច្រើនបានដាក់ការវិនិយោគរបស់ខ្លួននៅក្នុងវិស័យផលិតកម្ម និងសេវាកម្មនៅប្រទេសកម្ពុជា លោក Masashi បានថ្លែងថា វិស័យកសិកម្មនៅកម្ពុជាក៏ជាទីតាំងដ៏ល្អមួយសម្រាប់ អាជីវកម្មរបស់ជប៉ុន នាពេលអនាគតផងដែរ។
លោកថ្លែងថា៖ «យើងយល់ឃើញថា វិស័យកសិកម្មមានសក្តានុពលច្រើនជាងគេបំផុត»។
ដោយបានបង្កើតឡើងនៅឆ្នាំ ១៩៥៨ ដើម្បីលើកកម្ពស់ការនាំចេញរបស់ជប៉ុន ទៅកាន់ប្រទេសដទៃទៀត អង្គការពាណិជ្ជកម្មក្រៅប្រទេសរបស់ជប៉ុន (JETRO) បានសហការជាដៃគូជាមួយរដ្ឋាភិបាលជប៉ុន ដើម្បីលើកកម្ពស់ការធ្វើពាណិជ្ជកម្ម និងវិនិយោគទៅវិញទៅមករវាងប្រទេសជប៉ុន និងពិភពលោកទាំងមូល៕