សេដ្ឋកិច្ច​របស់​កម្ពុជា​នឹង​នៅតែ​រក្សាបាន​កំណើន​ដ៏រឹងមាំ​នៅក្នុង​ឆ្នាំនេះ ទោះបី​សកម្មភាព​ពាណិជ្ជកម្ម​អន្តរជាតិ​មាន​ការថមថយ​បន្តិច​ក្តី​។

យោងតាម​ធនាគារជាតិ​នៃ​កម្ពុជា (NBC) បាន​ឲ្យ​ដឹងថា កំណើន​សេដ្ឋកិច្ច​ដែល​នៅ​តែ​បន្ត​រឹងមាំ​នេះ​គឺ​គាំទ្រ​ដោយ​កំណើន​វិស័យ​កាត់ដេរ សំណង់ និង​ទេសចរណ៍ គួបផ្សំ​នឹង​ការ​កើន​ល្បឿន​បន្តិច​នៃ​វិស័យ​កសិកម្ម​។

នៅក្នុង​របាយការណ៍​ប្រចាំ​ឆមាស​ទី​ ១ ឆ្នាំ​ ២០១៩ របស់ NBC បាន​ឲ្យ​ដឹងថា ជញ្ជីង​ទូទាត់​ត្រូវបាន​ប៉ាន់ស្មាន​ថា​មាន​ស្ថានភាព​ល្អប្រសើរ និង​បន្ត​មាន​អតិរេក​​ ៥,៥ ​ភាគរយ​នៃ​ ផ.ស.ស​ (៧៤១​ ​លាន​ដុល្លារ​អាមេរិក​) ដែល​គាំទ្រ​ដោយ​ភាពរឹងមាំ​នៃ​លំហូរ​ចូល​សុទ្ធ​គណនី​ហិរញ្ញវត្ថុ ទោះបី​ជា​ឱនភាព​គណនី​ចរន្ត​កើនឡើង​ក៏ដោយ​។

អតិរេក​នេះ​នឹង​បន្ត​រួមចំណែក​បង្កើន​ទុនបម្រុង​អន្តរជាតិ​ដុល​ដល់ ១១,១ ​ប៊ីលាន​ដុល្លារ​អាមេរិក​។ មានន័យ​ថា វា​អាច​ធានា​ការ​នាំចូល​ទំនិញ និង​សេវា​សម្រាប់​គ្រា​បន្ទាប់​បាន​ប្រមាណ​ ៥ ​ខែ​ខ្ពស់​ជាង​កម្រិត​អប្បបរមា​ចំនួន​ ៣ ​ខែ​ដែល​ប្រទេស​កំពុង​អភិវឌ្ឍន៍​គួរ​មាន​។

NBC ក៏បាន​បញ្ជាក់​ផងដែរ​ថា​អត្រា​អតិផរណា​បន្ត​ស្ថិត​ក្នុង​កម្រិត​ទាប និង​បាន​ថយ​ចុះមក​ត្រឹម​ ២ ​ភាគរយ​ដោយសារ​ការអនុវត្ត​គោលនយោបាយ​រូបិយវត្ថុ​ប្រកប​ដោយ​ភាពប្រុងប្រយ័ត្ន​តាមរយៈ​ការរក្សា​ស្ថិរភាព​អត្រា​ប្តូរប្រាក់​ (​ក្នុង​រង្វង់​ ៤០៣៨ រៀល​ក្នុង​មួយ​ដុល្លារ​អាមេរិក​) និង​ការផ្គត់ផ្គង់​រូបិយវត្ថុ​ស្របតាម​កំណើន សកម្មភាព​សេដ្ឋកិច្ច​។

រូបិយវត្ថុ​ទូទៅ (M2) មាន​កំណើន​ ២១,៣ ​ភាគរយ ប្រហាក់ប្រហែល​នឹង​អត្រាកំណើន​ឆមាស​ទី​ ១ ឆ្នាំ​ ២០១៨ ។ ប្រព័ន្ធ​ធនាគារ​បន្ត​មាន​កម្រិត​សន្ទនីយភាព​ខ្ពស់​ដោយ​សន្ទនីយភាព​លើស​ជា​ដុល្លារ​អាមេរិក​មាន​កម្រិត​ ៥៥ ​ភាគរយ និង​ប្រាក់រៀល​ប្រមាណ​ ៣,៩ ​ដង​នៃ​ប្រាក់​បម្រុង​កាតព្វកិច្ច​។

កម្រិត​សន្ទនីយភាព​ខ្ពស់​គឺ​បាន​ពង្រឹង​ភាព​ធន់​នៃ​ប្រព័ន្ធ​ធនាគារ​ដើម្បី​ទប់​ទល់នឹង​ហានិភ័យ​ដែល​អាច​កើតឡើង​ជាយថាហេតុ​។

ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​គោលនយោបាយ​រូបិយវត្ថុ ការប្រើប្រាស់​ប្រាក់​រៀល​ត្រូវ​បាន​លើកកម្ពស់​ជា​បន្តបន្ទាប់ ដោយ​ផ្អែកលើ​យន្តការ​ទីផ្សារ​។ ក្នុង​បរិការណ៍​នេះ មូលបត្រ​អាច​ជួញដូរ​បាន (NCDs) និង​ប្រតិបត្តិការ​ផ្តល់​សន្ទនីយភាព​ដោយ​មាន​ការធានា (LPCO) ត្រូវ​បាន​អភិវឌ្ឍ​ដើម្បី​ស្រូបយក និង​ផ្គត់ផ្គង់​ប្រាក់រៀល​តាម​តម្រូវការ​សេដ្ឋកិច្ច​។

ការចេញផ្សាយ NCDs ចារឹក​ជា​ដុល្លារ​អាមេរិក​មាន​ចំនួន​ ១១ ​ប៊ី​លាន​ដុល្លារ​អាមេរិក​ដែល​បាន​កើនឡើង​បន្តិច ខណៈ​ដែល​ការចេញផ្សាយ NCDs ចារឹក​ជា​ប្រាក់រៀល​មាន​ចំនួន ៣,៥ ទ្រី​លាន​រៀល​ដែល​បាន​ថយចុះ​ដោយសារ គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​បាន​បង្កើន​ការផ្តល់​ឥណទាន​ជា​ប្រាក់រៀល​។

ចំណែក​ប្រតិបត្តិការ LPCO ត្រូវ​បាន​ធ្វើ​ឡើង​ចំនួន​ ៨ ​លើក​ដោយ​ទំហំ​ទឹកប្រាក់​ដែល​ស្នើសុំ​ដេញថ្លៃ​សរុប​ប្រមាណ​ ៤ ​ទ្រី​លាន​រៀល​កើន​​ ១១ ​ដង ធៀប​នឹង​ឆមាស​ទី​ ១ ឆ្នាំ​២០១៨ ។

វិស័យ​ធនាគារ​ និង​ហិរញ្ញវត្ថុ​បាន​បន្ត​អភិវឌ្ឍ​ប្រកប​ដោយ​ភាពរឹងមាំ និង​បាន​ចូលរួម​ចំណែក​យ៉ាងសកម្ម​ក្នុង​ការគាំទ្រ និង​ជំរុញ​កំណើន សេដ្ឋកិច្ច​។ ទ្រព្យសកម្ម​របស់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​បាន​កើនឡើង ១៩,២ ភាគរយ (​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​) ស្មើនឹង ១៦៦ ​ភាគរយ ​នៃ ផ.ស.ស ឥណទាន ១០៣ ​ភាគរយ និង​ប្រាក់​បញ្ញើ​ ៩២ ​ភាគរយ នៃ ផ.ស.ស​។

ដើម្បី​គាំទ្រ​ការរីកចម្រើន​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ ហេដ្ឋារចនាសម្ព័ន្ធ​ហិរញ្ញវត្ថុ​ក៏​ត្រូវ​បាន​អភិវឌ្ឍ​ជា​លំដាប់​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ជាពិសេស​ការធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ទូទាត់​សំដៅ​លើកកម្ពស់​សុវត្ថិភាព និង​កាត់បន្ថយ ថ្លៃ​ប្រតិបត្តិការ​។

ធនាគារជាតិ​នៃ​កម្ពុជា (NBC) ក៏បាន​លើកឡើង​ផងដែរ​ថា​ខ្លួន​បាន​បន្ត​ពង្រឹង​សមត្ថភាព​ជំនាញ និង​ឯកទេស​សកម្ម​ជាប្រចាំ​តាមរយៈ​ការបណ្តុះបណ្តាល​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស ព្រម​ទាំង​ការសិក្សា​តាម​ប្រព័ន្ធ​អនឡាញ​។ ជាពិសេស កិច្ចសហប្រតិបត្តិការ​ជាមួយ​បណ្តា​ស្ថាប័ន​អន្តរជាតិ និង​ធនាគារកណ្តាល​នានា​ទាំង​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី និង​ពហុភាគី​ក៏ត្រូវ​បាន​ពង្រឹង​ និង​ពង្រីក​។

ជំហាន​ទាំងអស់​នេះ​គឺ​ដើម្បី​ជំរុញ​សមាហរណកម្ម​ហិរញ្ញវត្ថុ​ក្នុង​តំបន់ និង​ពិភពលោក​ឲ្យ​កាន់តែ​ស៊ីជម្រៅ ជាពិសេស​ការពង្រឹង​បណ្តាញ​សុវត្ថិភាព​ហិរញ្ញវត្ថុ​ក្នុង​តំបន់​៕