តើទស្សនវិស័យសម្រាប់ចំណូលសាជីវកម្មរបស់ធនាគារហ្វីលីពនៅក្នុងប្រទេសកម្ពុជាក្នុងឆមាសទី ១ នៃឆ្នាំនេះយ៉ាងដូចម្តេចដែរ?
លទ្ធផលហិរញ្ញវត្ថុរបស់ធនាគារហ្វីលីពក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំនេះមានលក្ខណៈល្អប្រសើរគួរឲ្យកត់សម្គាល់ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៨។ ប្រាក់ចំណេញសុទ្ធរបស់យើងមុនពេលបង់ពន្ធបានកើនឡើងលើស ៨០ ភាគរយគិតចាប់ពីខែមករារហូតដល់ខែឧសភាឆ្នាំ ២០១៩ ធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៨។
ហេតុផលសម្រាប់ការផ្លាស់ប្តូរដ៏សំខាន់ៗនៃចំណូលនេះគឺដោយសារតែកំណើនសេដ្ឋកិច្ចនៅតែកើនឡើងជាបន្តបន្ទាប់នៅក្នុងប្រទេសដែលធ្វើឱ្យអតិថិជនកាន់តែច្រើនស្នើសុំប្រាក់កម្ចីដើម្បីយកទៅពង្រីកអាជីវកម្មរបស់ពួកគេ ហើយក៏មានការកើនឡើងនូវការផ្តល់ប្រាក់កម្ចីបុគ្គលផងដែរដោយសារតែប្រជាពលរដ្ឋដែលមានចំណូលមធ្យមកំពុងកើនឡើង។
ដើម្បីបំពេញតម្រូវការដែលកំពុងកើនឡើងពីប្រជាពលរដ្ឋដែលមានចំណូលមធ្យម ធនាគារ ហ្វីលីពបានពង្រីកអាជីវកម្មធនាគារបុគ្គលរបស់ខ្លួនតាមរយៈការដាក់ចេញនូវផលិតផលកម្ចីបុគ្គលដែលជាប្រាក់កម្ចីត្រូវបានផ្តល់ជូនដោយមិនចាំបាច់តម្រូវឱ្យមានវត្ថុបញ្ចាំ ឬធានានឹងទទួលបានឆាប់រហ័ស ហើយដើម្បីគាំទ្រការប្រើប្រាស់ប្រាក់រៀលកាន់តែច្រើននោះយើងក៏ផ្តល់ជូននូវអត្រាការប្រាក់ទាបប្រសិនបើអ្នកស្នើសុំប្រាក់កម្ចីយកជាប្រាក់រៀលបើប្រៀបធៀបនឹងប្រាក់ដុល្លារ។ ឧទាហរណ៍កម្ចីជាប្រាក់រៀលអត្រាការប្រាក់ ១៥ ភាគរយក្នុងមួយឆ្នាំ និង ១៦ ភាគរយបើកម្ចីជាប្រាក់ដុល្លារ។
កាលពីពេលថ្មីៗនេះយើងក៏បានចាប់ផ្តើមការផ្ដល់ប្រាក់កម្ចីរថយន្តផងដែរជាមួយនឹងប្រូម៉ូសិនអត្រាការប្រាក់ត្រឹមតែ ៩ ភាគរយប៉ុណ្ណោះក្នុង ១ ឆ្នាំ ហើយរយៈពេលបង់ប្រាក់មានរហូតដល់ ៨ ឆ្នាំរួមជាមួយការធានារ៉ាប់រងទាំងស្រុងដោយឥតគិតថ្លៃដើម្បីជួយសម្រួលដល់អតិថិជនក្នុងការទិញរថយន្តក្តីសុបិនរបស់ពួកគេ។
តើវិស័យសំខាន់ៗអ្វីខ្លះដែលទទួលបានចំណូលកើនឡើង ឧទាហរណ៍វិស័យធនាគារ វិស័យសំណង់ វិស័យម្ហូបអាហារ និងភេសជ្ជៈ វិស័យកាស៊ីណូ ឬវិស័យកាត់ដេរ?
យើងគិតថា វិស័យទាំងអស់ដែលបានលើកឡើងខាងលើនឹងមានការរីកចម្រើនប្រសិនបើសេដ្ឋកិច្ចកម្ពុជានៅបន្តកើនឡើងក្នុងរង្វង់ ៧ ភាគរយ។
តើការព្យាករចំណូលសម្រាប់ឆមាសទី ២ ក្នុងឆ្នាំនេះយ៉ាងដូចម្តេចដែរ?
យើងយល់ថា សេដ្ឋកិច្ចនឹងរក្សាបាននូវកំណើនរឹងមាំនៅក្នុងឆ្នាំនេះ។ សម្រាប់ធនាគារ ហ្វីលីពយើងបានព្យាករថាចំណូលរបស់យើងនឹងកើនឡើងខ្លាំងនៅឆមាសទី ២ ក្នុងឆ្នាំនេះ ដោយសារយើងបានបញ្ចូលជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រេឌីតដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដ៏ធំបំផុតមួយនៅក្នុងប្រទេសកម្ពុជានៅក្នុងឆមាសទី ២ នៃឆ្នាំខាងមុខនេះ។
បន្ទាប់ពីការរួមបញ្ចូលគ្នាសាខារបស់ធនាគារហ្វីលីពដែលបច្ចុប្បន្នមានចំនួន ៦ សាខានៅក្នុងរាជធានីភ្នំពេញនឹងកើនឡើងរហូតដល់ ៨៩ សាខាដែលគ្របដណ្តប់ស្ទើរតែគ្រប់ខេត្តក្រុង។ យើងនឹងក្លាយជាធនាគារធំបំផុតលំដាប់ទី ៣ នៅក្នុងប្រទេសកម្ពុជាដែលមានសាខាច្រើនជាងគេ។
តើអាជីវកម្មរបស់ប្រជាពលរដ្ឋខ្មែរដំណើរការយ៉ាងដូចម្តេចដែរនៅក្នុងឆ្នាំនេះ?
អតិថិជនរបស់យើងស្ទើរតែទាំងអស់ដែលបានទទួលប្រាក់កម្ចីពីយើងដើម្បីយកទៅពង្រីកអាជីវកម្មរបស់ពួកគេគឺជាប្រជាពលរដ្ឋខ្មែរ។ ទិន្នន័យស្តីពីការសងប្រាក់មិនទាន់ពេលវេលាពីអតិថិជនរបស់ធនាគារទាំងអស់គឺមានតិចជាង ១ ភាគរយនៃផលបត្រកម្ចីសរុបរបស់ធនាគារ។ ចំណុចនេះគឺបានបង្ហាញថាអាជីវកម្មរបស់ពួកគេកំពុងដំណើរការទៅយ៉ាងរលូន។
ទន្ទឹមនឹងនេះដែរយើងនៅតែបន្តទទួលបានការស្នើសុំកម្ចីសម្រាប់យកទៅបើកអាជីវកម្មពីអតិថិជនថ្មី និងអតិថិជនចាស់ដើម្បីយកទៅពង្រីកអាជីវកម្មរបស់ពួកគេ ដែលវាឆ្លុះបញ្ចាំងអំពីទំនុកចិត្តរបស់អតិថិជនទាំងនោះនៅក្នុងពេលដែលសេដ្ឋកិច្ចប្រទេសកម្ពុជាកំពុងមានស្ថិរភាពនេះ៕