កម្មវិធី Pi Pay ដែលជាកម្មវិធីទូទាត់ប្រាក់ដោយមិនប្រើក្រដាសប្រាក់ និងជាកាបូបលុយអេឡិចត្រូនិកចល័ត ឈានមុខគេនៅកម្ពុជា ទទួលបានការពេញនិយមចាប់តាំងពីការចាប់ផ្តើមដំបូង រហូតមកដល់ពេលនេះ បន្ទាប់ពីប្រតិបត្តិការបានត្រឹមតែ ២ ខែប៉ុណ្ណោះ ដែលក្នុងរយៈពេលនោះកម្មវិធីនេះបានធ្វើប្រតិបត្ដិការប្រាក់ឌីជីថលជាង ៥ លានដុល្លារ។
ភាពល្បីល្បាញរបស់អាជីវកម្ម ដែលបានចុះឈ្មោះទៅលើប្រព័ន្ធ និងភាពងាយស្រួលរបស់ Pi Pay បានអនុញ្ញាតឲ្យអ្នកប្រើប្រាស់ក្នុងការបង់ប្រាក់លើការទិញទំនិញរបស់ពួកគេ បានធ្វើឲ្យ Pi Pay ទទួលបានអ្នកចុះឈ្មោះប្រើប្រាស់ចំនួន ៧០,០០០ នាក់ ចាប់តាំងពីកម្មវីធីនេះបានដាក់ឲ្យប្រើជាសាធារណៈដំបូងបង្អស់ ទោះបីពេលនោះវានៅក្នុងដំណាក់កាលសាកល្បងក៏ដោយ។
លោក Tomas Pokorny នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Pi Pay បាននិយាយថា ៖ «យើងពិតជាមានមោទនភាពខ្លាំងណាស់ចំពោះចំនួនមនុស្សដែលបានជឿជាក់ Pi Pay គ្រប់គ្រាន់ដែលពួកគាត់សម្រេចចិត្តទាញយកកម្មវិធីរបស់យើងដាក់បញ្ចូលទឹកប្រាក់ទៅក្នុងកាបូបអេឡិចត្រូនិករបស់ពួកគេហើយដែលសំខាន់ជាងគេបំផុតនោះ គឺការប្រើប្រាស់ Pi Pay ក្នុងការទូទាត់ប្រាក់ជាមួយអាជីវករដែលពួកគេចូលចិត្ត»។
លោកបានបន្ថែមថា ៖ «មើលទៅយើងកំពុងតែឈានទៅរកចំនួនអ្នកចុះឈ្មោះប្រើប្រាស់កម្មវីធីនេះលើសពីចំនួន ២០០,០០០ នាក់មុនដំណាច់ឆ្នាំនេះ ហើយពួកយើងពិតជាមានភាពរំភើបណាស់ ដែលមានមនុស្សជាច្រើននាក់ ប្រើប្រាស់កម្មវិធីរបស់យើង។ ជោគជ័យទាំងនេះ គឺគ្រាន់តែជាការចាប់ផ្ដើមរបស់ Pi Pay ខណៈដែលយើងបន្តលូតលាស់បន្ថែមទៀត ហើយយើងនឹងមានសេចក្តីជូនដំណឹងដ៏គួរឲ្យរំភើបមួយចំនួននាពេលឆាប់ៗនេះ»។
ប្រជាប្រិយភាពកម្រិតនេះនៅក្នុងចំណោមប្រជាជនកម្ពុជា អាចធ្វើទៅបានដោយសារតែមានអ្នកលក់ដូរជាង ២៥០ កន្លែង នៅទូទាំងរាជធានីភ្នំពេញ បានផ្តល់ជូននូវការបញ្ចុះតម្លៃដល់អ្នកប្រើប្រាស់រហូតដល់ ៥០ ភាគរយលើអាហារ ភេសជ្ជៈ សំបុត្រកុន កាត់សក់ វ៉ែនតា ស្ប៉ា សម្លៀកបំពាក់ ថ្នាំពេទ្យ និង អ្វីៗស្ទើរតែគ្រប់បែបយ៉ាងដែលជាតម្រូវរបស់អតិថិជនអ្នករស់នៅរាជធានីភ្នំពេញ។
បច្ចុប្បន្ន Pi Pay បានចាក់គ្រឹះយ៉ាងរឹងមាំនៅក្នុងសហគមន៍អាជីវកម្ម និងហិរញ្ញវត្ថុនៅរាជធានីភ្នំពេញ ការធ្វើសមាហរណកម្មបន្ថែមទៀតជាមួយសេវាកម្មផ្សេងៗ ដូចជា ការទិញអីវ៉ាន់អនឡាញ និងការប្រើប្រាស់បាននៅក្នុងផ្សារទំនើបៗ គឺកំពុងតែជិតមកដល់ហើយ។
ខណៈពេលដែលប្រទេសកម្ពុជា បន្តឱបក្រសោបនូវអត្ថប្រយោជន៍នៃជីវិតដែលមិនចាំបាច់ប្រើប្រាស់សាច់ប្រាក់ Pi Pay មានការប្តេជ្ញាដើម្បីធានានូវសេវាកម្ម ដែលអាចទុកចិត្តបានជាទីបំផុត ដែលមានភាពងាយស្រួល និង មានភាពប្រាស្រ័យទាក់ទងគ្នាយ៉ាងស្អិតល្មួតសម្រាប់អ្នកប្រើប្រាស់ និងអាជីវករ៕