ក្រុមហ៊ុន YouAdMe ដែល​មាន​មូលដ្ឋាន​នៅក្នុង​ប្រទេស​កម្ពុជា​កំពុង​សម្លឹង​ទៅរក​ការឈរជើង​ដ៏រឹងមាំ​នៅក្នុង​តំបន់ ដោយ​ផ្តោត​លើ​ទីផ្សារ​គោលដៅ​គឺ​យុវជន​ដែល​មាន​ជំនាញ​ខាង​បច្ចេកវិទ្យា ដើម្បី​ផ្លាស់ប្តូរ​គំរូ​នៃ​ការផ្សព្វផ្សាយ និង​បង្កើត​ប្រព័ន្ធ​អេកូ​ទាំងមូល​សម្រាប់​ប្រព័ន្ធ​ឌីជីថល​នៅ​កម្ពុជា​។

កិច្ចខិតខំ​ប្រឹងប្រែង​របស់​ក្រុមហ៊ុន​ទទួល​បាន​នូវ​ការជំរុញ​នៅក្នុង​ទម្រង់​ជា​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​ផ្តាច់មុខ និង​ជាមួយ​ការវិនិយោគ​យុទ្ធសាស្ត្រ​ពី​ធនាគារ​ឯកទេស​វីង​។

កម្មវិធី YouAdMe ត្រូវ​បាន​ដំណើរការ និង​គ្រប់គ្រង​ដោយ​បុគ្គល​ដែល​មាន​បទពិសោធ​ផ្នែក​ផ្សព្វផ្សាយ និង​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​យ៉ាង​សម្បូរបែប​ដោយ​កំពុង​ជ្រើសរើស​រក​យុវជន​ដែល​ប៉ិនប្រសប់​ក្នុង​បណ្តាញ​សង្គម​ដើម្បី​ធ្វើការ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ដៃគូ​ម៉ាក​យីហោ ជាមួយ​អតិថិជន​របស់​ពួកគេ​ដែល​ចាប់​អារម្មណ៍​ក្នុង​ការបង្កើត​មាតិកា​ផ្ទាល់​ខ្លួន​។

កម្មវិធី YouAdMe ត្រូវ​បាន​ប្រើប្រាស់​រួចហើយ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​។ បច្ចុប្បន្ន​កម្មវិធី​នេះ​មាន​ពាណិជ្ជករ​ជាង ៥០០ ​នាក់ និង​មាន​អ្នកប្រើប្រាស់​ជាង​ ៥ ​ម៉ឺន​នាក់​បាន​ចូលរួម​ផ្សព្វផ្សាយ​សកម្មភាព​របស់​ពួកគេ​នៅ​លើ​វេទិកា​មួយ​នេះ​។

លោក​ Bernard Teo ដែល​ជា​សហស្ថាបនិក និង​ជា​អគ្គនាយក​ក្រុមហ៊ុន YouAdMe ថ្លែង​ថា​៖ «​ការវិនិយោគ​នេះ​មាន​គោលបំណង​ដើម្បី​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​ដំណោះស្រាយ​ដែល​ភ្ជាប់​អាជីវកម្ម​ទៅ​អតិថិជន​របស់​ពួកគេ​។ យើង​នឹង​ផ្តល់​នូវ​ផលិតផល​ឌីជីថល និង​ដំណោះស្រាយ​មាន​លក្ខណៈ​ច្នៃប្រឌិត​ដែល​ផ្តល់​ឱ្យ​អ្នកប្រើប្រាស់​នូវ​ប្រភព​នៃ​ការលើក​ទឹកចិត្ត ការទទួល​បាន​សេវាកម្ម​ឌីជីថល​កាន់តែ​ច្រើន ហើយ​ជាទូទៅ​គឺ​ជួយ​ពួកគេ​ឲ្យ​ចូលក្នុង​យុគ​ឌីជីថល​»​។

លោក Jojo Malolos ប្រធាន​ក្រុមប្រឹក្សាភិបាល​ និង​ជា​ទីប្រឹក្សា​យោបល់​របស់​ធនាគារ​ឯកទេស​វីង​បាន​លើក​ឡើង​ថា ការច្នៃប្រឌិត​នៃ​ការផ្សព្វផ្សាយ​នេះ​មិន​ត្រឹម​តែ​មាន​ឥទ្ធិពល​លើ​ទីផ្សារ​ខ្នាត​មធ្យម និង​ទីផ្សារ​ខ្នាត​ធំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ទីផ្សារ​គោលដៅ​របស់​វីង​ផងដែរ ដូចជា​សហគ្រាស​ខ្នាតតូច និង​មធ្យម​។

«​ទីនេះ​វា​គឺជា​ឱកាស​ដ៏ធំ​ក្នុង​ការនាំ​យក​គំនិត​ច្នៃប្រឌិត​ថ្មី​នេះ​ទៅ​រក​អាជីវកម្ម​ខ្នាតតូច និង​ជួយ​ពួកគេ​ឲ្យ​ឈាន​ទៅ​ដល់​កម្រិត​ខ្ពស់​មួយ​ដែល​មិន​ធ្លាប់​មាន​ពីមុន​។ ដូច្នេះ​យើង​មាន​កម្មវិធី YouAdme ហើយ​សព្វថ្ងៃ​យើង​រីករាយ​ដែល​ជម្នះ​ឧបសគ្គ​នេះ​មិន​ត្រឹមតែ​នៅ​ក្នុង​ទីផ្សារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នៅក្នុង​ផ្នត់​គំនិត​ផងដែរ​។

«​គិត​ដល់​ការនាំ​យក​ការផ្សព្វផ្សាយ​លក់​ផលិតផល​របស់​ពួកគេ​តាម​ហ្វេសប៊ុក​ពី​សំណាក់​ហាង​លក់រាយ តូចៗ ហាង​កាហ្វេ សាលារៀន​នៅ​តំបន់​ដាច់ស្រយាល តុកតុក ឬ​សហគ្រិន​ខ្នាតតូច​ឲ្យ​មក​ផ្សព្វផ្សាយ​ជាមួយ​កម្មវិធី​នេះ​។ ហើយ​ជា​កម្រិត​បន្ទាប់​នៃ​ភាព​ជា​ដៃគូ​រវាង​វីង និង YouAdme រាប់​តាំងពី​អ្នក​ដែល​គ្មាន​គណនី​ធនាគារ​ឲ្យ​មាន​គណនី​ធនាគារ អ្នក​ដែល​មិន​ទាន់​បាន​ផ្សព្វផ្សាយ​ឲ្យ​មក​ផ្សព្វផ្សាយ និង​អ្នក​ដែល​មិន​ទាន់​បាន​ធ្វើ​ទីផ្សារ​ឲ្យ​មក​ធ្វើ​ទីផ្សារ​»​។

ដោយ​អនុលោម​តាម​គោលដៅ និង​គោលបំណង​របស់​វីង​គឺ​ផ្តល់​ឲ្យ​ពលរដ្ឋ​កម្ពុជា​គ្រប់រូប​នូវ​សេវា​ហិរញ្ញវត្ថុ​តាមរយៈ​ទូរស័ព្ទដៃ ហើយ​ភាព​ជា​ដៃគូ​នេះ​នឹង​ផ្តល់​ឱកាស​ដល់​សហគ្រិន​ខ្នាតតូច​ក៏ដូចជា​អតិថិជន​ទាំង​ទីក្រុង​ និង​ជនបទ​ឱ្យមាន​ភាព​ច្នៃប្រឌិត​ក្នុង​ការរកប្រាក់​ចំណូល និង​ដើម្បី​ធ្វើឲ្យ​អាជីវកម្ម​របស់​ពួកគេ​រីកចម្រើន​។

លោក Malolos ជឿជាក់​ថា​ភាព​ជា​ដៃគូ​នេះ​មិន​ដូច​ដៃគូ​ដទៃ​ទៀត​ដែល​វីង​ធ្លាប់​បាន​ចុះហត្ថលេខា​ពីមុន​ទេពី​ព្រោះ​វា​ជា​ការធ្វើ​សមាហរណកម្ម​យុទ្ធសាស្ត្រ ទេពកោសល្យ គំនិត ធនធាន និង​គោលដៅ​រួម​ដើម្បី​លើក​កម្ពស់​ប្រាក់​ចំណូល​។

ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​ផ្សេង​ទៀត​រួមមាន​បរិយាប័ន្ន​ហិរញ្ញវត្ថុ និង​ផ្តល់នូវ​ដំណោះស្រាយ​ឌីជីថល​ដែល​ត្រៀម​រួច​ជាស្រេច​សម្រាប់​ពេល​អនាគត​ដែល​នឹង​ផ្លាស់ប្តូរ​ប្រព័ន្ធ​អេកូ​នៅក្នុង​ប្រទេស​កម្ពុជា​៕