The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ធនាគារ RHB បង្ហាញ​ពី​សក្តានុពល​របស់​ខ្លួន និង​ឆ្ពោះ​ទៅ​រក​គោល​ដៅ​ជា​ធនាគារ​ធំ​ទាំង ១០ នៅ​កម្ពុជា

ធនាគារ RHB បង្ហាញ​ពី​សក្តានុពល​របស់​ខ្លួន និង​ឆ្ពោះ​ទៅ​រក​គោល​ដៅ​ជា​ធនាគារ​ធំ​ទាំង ១០ នៅ​កម្ពុជា

លោក Lim Loong Seng ប្រធាន​អគ្គនាយក ធនាគារ អ អេច ប៊ី ឥណ្ឌូឆៃណា។
លោក Lim Loong Seng ប្រធាន​អគ្គនាយក ធនាគារ អ អេច ប៊ី ឥណ្ឌូឆៃណា។ ភ្នំពេញ ប៉ុស្តិ៍

ធនាគារ RHB បង្ហាញ​ពី​សក្តានុពល​របស់​ខ្លួន និង​ឆ្ពោះ​ទៅ​រក​គោល​ដៅ​ជា​ធនាគារ​ធំ​ទាំង ១០ នៅ​កម្ពុជា

បទ​សម្ភាស​រវាង​លោក Lim Loong Seng ប្រធាន​អគ្គ​នាយក ធនាគារ អ អេច ប៊ី ឥណ្ឌូឆៃណា ជាមួយ មឿន ញាណ

១- ក្នុង​រយៈ​ពេល​ពីរ​បី​ឆ្នាំ​ចុង​ក្រោយ​នេះ​ធនាគារ RHB Indochina បាន​វ៉ា​ដាច់​ធនាគារ​បរទេស និង​ធនាគារ​ក្នុង​ស្រុក​មួយ ចំនួន​នៅ​កម្ពុជា ហើយ​ឆ្ពោះ​ទៅ​រក​តំណែង​ជា​ធនាគារ​នាំ​មុខ​មួយ​នៅ​កម្ពុជា។ តើ​អ្នក​អាច​ចែក​រំលែក និង​បង្ហាញ​អំពី​ទស្សន​វិស័យ ដែល​ធនាគារ RHB Indochina ទទួល​បាន​ជោគ​ជ័យ​ខ្លាំង ក្នុង​រយៈ​ពេល ៩​ខែ ដំបូង​ក្នុង ឆ្នាំ​២០១៤ នេះ​បាន​ដែរ​ឬ​ទេ?

លោក Lim: ធនាគារ RHB Indochina បាន​វិវត្ត​យ៉ាង​ខ្លាំង​ក្នុង​រយៈ​ពេល ៩​ខែ ដំបូង​ក្នុង ឆ្នាំ​២០១៤ នេះ ទាក់​ទង​នឹង​កំណើន​ទ្រព្យ​សកម្ម​កំណើន​ប្រាក់​បញ្ញើ ប្រាក់​កម្ចី និង​ប្រាក់​ចំណេញ។ កំណើន​ឥណទាន និង​ទ្រព្យ​សកម្ម​របស់​ធនាគារ បាន​កើន​ឡើង​ខ្ពស់​ជាង ៥០ ភាគ​រយ​ក្នុង​រយៈ​ពេល ៥​ឆ្នាំ ចុង​ក្រោយ​នេះ ហើយ​យើង​មាន​គោល បំណង​សម្រេច​ឲ្យ​បាន​នូវ​កំណើន​ដូច​គ្នា​នេះ​នៅ​ចុង ឆ្នាំ​២០១៤។ អតិថិជន​ដាក់​ប្រាក់​សន្សំ​របស់​យើង​បាន​កើន​ឡើង​ជាង ៧០ ភាគ​រយ នៅ​ក្នុង​ឆ្នាំ​នេះ។ ជាក់​ស្តែង​យើង​រំពឹង​ថា នឹង​សម្រេច​បាន​កំណើន​ប្រាក់​ចំណេញ​ជាង ៥០០ ភាគរយ​នៅ​ចុង​ឆ្នាំ​នេះ (ធៀប​ទៅ​នឹង​ពេល​ទើប​ចាប់​ផ្តើម)។ បច្ចុប្បន្ន​នេះ​យើង​ស្ថិត​នៅ​ក្រៅ​លំដាប់​ធនាគារ​ឈាន​មុខ​គេ​ទាំង ១០ នៅ​ឡើយ ប៉ុន្តែ​យើង​សង្ឃឹម​ថា ឈ្មោះ​របស់​ធនាគារ RHB នឹង​មាន​នៅ​ក្នុង​បញ្ជី​ឈ្មោះ​ធនាគារ​ទាំង ១០ នោះ​នៅ​ឆ្នាំ​ក្រោយ។ បណ្តាញ​សាខា​របស់​យើង​ពី​មុន​មាន ៩ សាខា​ឥឡូវ​នេះ​បាន​កើន​ឡើង​ដល់ ១០ សាខា​បន្ទាប់​ពី​យើង​បាន​បើក​ដំណើរការ​សាខា​ថ្មី​របស់​យើង​នៅ ខណ្ឌ​ទួលគោក កាល​ពី​ថ្ងៃ ទី២១ ខែ​វិច្ឆិកា ឆ្នាំ​២០១៤ កន្លង​មក​ថ្មីៗ​នេះ។

ថ្នាក់​ដឹក​នាំ និង​បុគ្គលិក របស់​ធនាគារ អ អេច ប៊ី ឥណ្ឌូឆៃណា នៅ​ឯ​ពិធី​ជប់​លៀង​មួយ​បន្ទាប់​ពី​ពិធី​សម្ពោធ​បើក​សាខា ទី១០ របស់​ខ្លួន​នៅ ខណ្ឌ​ទួលគោក កាល​ពី​ថ្ងៃ ទី២១ ខែ​វិច្ឆិកា ឆ្នាំ​២០១៤ កន្លង​មក​ថ្មីៗ​នេះ។
ថ្នាក់​ដឹក​នាំ និង​បុគ្គលិក របស់​ធនាគារ អ អេច ប៊ី ឥណ្ឌូឆៃណា នៅ​ឯ​ពិធី​ជប់​លៀង​មួយ​បន្ទាប់​ពី​ពិធី​សម្ពោធ​បើក​សាខា ទី១០ របស់​ខ្លួន​នៅ ខណ្ឌ​ទួលគោក កាល​ពី​ថ្ងៃ ទី២១ ខែ​វិច្ឆិកា ឆ្នាំ​២០១៤ កន្លង​មក​ថ្មីៗ​នេះ។ ភ្នំពេញ ប៉ុស្តិ៍

២- កម្ពុជា​សម្រេច​បាន​កំណើន​ឥណទាន​ជាង ៣០ ភាគរយ​នៅ ខែ​កញ្ញា ឆ្នាំ​២០១៤ ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។ តើ​អ្នក​ព្រួយ​បារម្ភ​ទេ​ថា វា​នឹង​បង្ក​ជា​ហានិភ័យ​ចំពោះ​ឧស្សាហកម្ម​ធនាគារ? ហើយ​អ្នក​យល់​ស្រប​តាម​ធនាគារ​ជាតិ​ដែរ​ឬ​ទេ ថា​គួរ​តែ​បង្កើន​ប្រាក់​បម្រុង​កាតព្វកិច្ច​ដើម្បី​ធានា​ដល់​ស្ថិរភាព​ក្នុង​វិស័យ​នេះ?

លោក Lim: សេដ្ឋកិច្ច​របស់​កម្ពុជា កើន​ឡើង​ជាង ៧ ភាគ​រយ នៅ​ក្នុង​រយៈ​ពេល ២ ឆ្នាំ​ចុង​ក្រោយ​នេះ ហើយ​សក្តានុពល​នឹង​សម្រេច​បាន​តួលេខ​កំណើន​សម្រាប់​ឆ្នាំ​នេះ និង​នៅ​ឆ្នាំ​បន្ទាប់។ វិស័យ​ធនាគារ​ដើរ​តួនាទី​សំខាន់​មួយ​ដើម្បី​ជំរុញ និង​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច។

ដរាប​ណា​សេដ្ឋកិច្ច​សម្រេច​បាន​កំណើន​ប្រកប​ដោយ​ស្ថិរភាព និង​មាន​អត្រា​ខ្ពស់ កំណើន​ឥណទាន នឹង​មិន​អាច​បង្ក​ហានិភ័យ​ច្រើន​ដល់​ឧស្សាហ​កម្ម​ធនាគារ​នោះ​ទេ។ ជាង​នេះ​ទៀត​ទ្រព្យ​សកម្ម​របស់​ធនាគារ​ស្មើ​នឹង ៩៥ ភាគរយ​នៃ​កំណើន​ផលិតផល​សរុប​ក្នុង​ស្រុក (ផ.ស.ស ឬ GDP) ហើយ​ទំហំ​ឥណទាន​គឺ​ស្មើ​នឹង ៥៣ ភាគរយ នៃ​កំណើន ផ.ស.ស ដែល​ត្រូវ​បាន​ចាត់​ទុក​ថា មាន​កម្រិត​ទាប​នេះ​បើ​គិត​តាម​ស្តង់ដារ​សកល​លោក។

យើង​មាន​ទំនុក​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​និយតករ​កម្ពុជា ហើយ​ជឿ​ជាក់​ថា ធនាគារ​ជាតិ​នៃ​កម្ពុជា កំពុង​ពិនិត្យ​តាម​ដាន​ស្ថានការណ៍​យ៉ាង​ហ្មត់​ចត់ និង​ធ្វើ​ការ​ផ្ទៀង​ផ្ទាត់​អំពី​ស្ថិរភាព​សម្រាប់​វិស័យ​ធនាគារ និង​សេដ្ឋកិច្ច។

៣- តើ​អ្វី​ជា​អត្ថ​ប្រយោជន៍​នៃ​ការ​ប្រកួត​ប្រជែង​របស់​អ្នក​ក្នុង​វិស័យ​ធនាគារ​នៅ​កម្ពុជា ដោយ​សារ​មាន​សភាព​ចង្អៀត​កាន់​តែ​ខ្លាំង​ខណៈ​មាន​ធនាគារ​ពាណិជ្ជ​ក្នុង​ស្រុក និង​អន្តរជាតិ​ថ្មីៗ​មាន​ការ​កើន​ឡើង​ចំនួន​ជាង ៣០ ហើយ​ក្នុង​ពេល​ខាង​មុខ​នេះ​នឹង​មាន​អ្នក​ចូល​រួម​ថ្មី​មក​ក្នុង​ទីផ្សារ​នេះ​ថែម​ទៀត?

លោក Lim: ក្នុង​នាម​ជា​ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​កាន់​កាប់​ភាគ​ហ៊ុន ១០០ ភាគ​រយ របស់​ក្រុម​ហ៊ុន RHB Banking Group ដែល​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំ​ជាង​គេ ទី៤ នៅ ប្រទេស​ម៉ាឡេស៊ី និង​តម្លៃ​ស្នូល​ទាក់​ទង​នឹង​ស្លាក​យីហោ RHB កត្តា​ទាំង​នេះ នឹង​ផ្តល់​អត្ថ​ប្រយោជន៍​បន្ថែម​ទៀត​ដើម្បី​ជំរុញ​ដល់​ភាព​រីក​ចម្រើន​របស់​ធនាគារ​នេះ​នៅ​កម្ពុជា។ ក្រៅ​ពី​នេះ ទំនុក​ចិត្ត និង​ការ​គាំទ្រ ដែល​យើង​ទទួល​បាន​ពី​អតិថិជន​តាម​រយៈ​ការ​ចូល​រួម​ជា​បន្ត​បន្ទាប់ និង​ការ​កោត​សរសើរ​ក្នុង​រយៈ​ពេល ៦​ឆ្នាំ ចុង​ក្រោយ​នេះ ពុំ​មាន​អ្វី​គួរ​ឲ្យ​ងឿង​ឆ្ងល់​ទេ​ចំពោះ​យើង​ពី​អត្ថ​ប្រយោជន៍​នៃ​ការ​ប្រកួត​ប្រជែង​នេះ។

៤. ការ​អង្កេត​របស់​យើង គឺថា ធនាគារ RHB បាន​ធ្វើ​កិច្ច​ការ​ជាច្រើន ដែល​ផ្តល់​ប្រយោជន៍​ជូន​សហគមន៍​នេះ​វិញ ដែល​សកម្មភាព​នេះ​ត្រូវ​បាន​ទទួល​ស្គាល់ និង​ប្រកប​ដោយ​កិត្តិយស បន្ទាប់​ពី​ធនាគារ​នេះ ទទួល​បាន​ពាន​រង្វាន់ Raja ZarithSofiah សម្រាប់​ការ​ទទួល​ខុស​ត្រូវ​សង្គម​របស់​ក្រុម​ហ៊ុន នៅ​ក្នុង​ការ​អប់រំ​ភាសា​អង់គ្លេស។ តើ​លោក​អាច​ប្រាប់​ពី​គម្រោង​សហគមន៍​មួយ​ចំនួន​របស់ RHB នៅ​កម្ពុជា​បាន​ទេ?

លោក Lim: បាទ! ធនាគារ RHB ត្រូវ​បាន​ទទួល​ស្គាល់​ជា​ទូទៅ​ថា មាន​កិច្ច​សហ​ប្រតិបត្តិការ និង​ទទួល​ខុស​ត្រូវ​របស់​ខ្លួន​នៅ​ក្នុង​សង្គម ហើយ​សកម្ម​នៅ​ក្នុង​ការងារ​សង្គម​ជាច្រើន​គម្រោង​នៅ​គ្រប់​ទីកន្លែង​ដែល​ខ្លួន​បាន​ទៅ​ដល់។

(រូប​ចំ​កណ្តាល​ជួរ​មុខ) លោក Lim Loong Seng ប្រធាន​អគ្គ​នាយក និង​បុគ្គលិក​ជាន់​ខ្ពស់​របស់​ធនាគារ អ អេច ប៊ី ឥណ្ឌូឆៃណា។
(រូប​ចំ​កណ្តាល​ជួរ​មុខ) លោក Lim Loong Seng ប្រធាន​អគ្គ​នាយក និង​បុគ្គលិក​ជាន់​ខ្ពស់​របស់​ធនាគារ អ អេច ប៊ី ឥណ្ឌូឆៃណា។

កាល​ពី​ពេល​ថ្មីៗ​នេះ នៅ​ក្នុង ប្រទេស​កម្ពុជា យើង​បាន​រៀងចំ​កម្មវិធី​បណ្តុះ​បណ្តាល​កីឡា​បាល់ទាត់​សម្រាប់​កុមារ​កម្ពុជា​ប្រមាណ​ជាង ១០០​នាក់ ជាមួយ​នឹង​សមាគម​សិង្ហបុរី និង​ក្លិប​កីឡា​បាល់ទាត់ Cambodia NagaCorp ក្រោម​កម្មវិធី​ប្រកួត​ពាន​រង្វាន់ RHB Singapore Cup។ កម្មវិធី​ប្រកួត​នេះ ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី ១០​ឆ្នាំ មុន​ដោយ​រួម​ទាំង​ការ​បង្ហាត់​បង្វឹក​ផ្នែក​បាល់ទាត់​ដល់​កុមារ​កម្ពុជា និង​ឡាវ។ ថ្មីៗ​នេះ​នៅ​ក្នុង​គម្រោង​អភិវឌ្ឍន៍​កីឡា​បាល់ទាត់​នេះ មាន​ក្រុម​កីឡាករ​បាល់ទាត់​ចំនួន ២​ក្រុម ត្រូវ​បាន​គេ​ជ្រើស​រើស​សម្រាំង​សម្រាប់​តំណាង​ប្រទេស​កម្ពុជា ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ RHB Singapore Cup។ នៅ​ក្នុង​ព្រឹត្តិ​ការណ៍​នេះ យើង​ក៏​បាន​ផ្តល់​ជំនួយ​ដល់​មូលនិធិ Indochina Starfish ដែល​ជា​មូលនិធិ​មួយ​បម្រើ​ដល់​ការ​អភិវឌ្ឍ​បាល់ទាត់​សម្រាប់​កុមារ​នៅ​កម្ពុជា។ តាម​រយៈ​កម្មវិធី​នេះ RHB សង្ឃឹម​ថា នឹង​បាន​ឃើញ​ការ​អភិវឌ្ឍ​រីក​ចម្រើន​កីឡា​បាល់​ទាត់​កុមារ​នៅ​កម្ពុជា ក្នុង​ពេល​អនាគត​ដ៏​ខ្លី​នេះ។

៥- ក្រុម​ហ៊ុន RHB និង​ក្រុម​ហ៊ុន CIMB Malaysia បាន​ប្រកាស​ពី​គោល​បំណង​ច្របាច់​បញ្ចូល​ជា​ក្រុម​ហ៊ុន​តែ​មួយ។ តើ​ការ​ធ្វើ​បែប​នេះ​ផ្តល់​ផល​ប្រយោជន៍​ដល់​ភាព​រីក​ចម្រើន និង​ការ​អភិវឌ្ឍ​របស់​ធនាគារ RHB Indochina Bank នៅ​កម្ពុជា​កម្រិត​ណា?

លោក Lim: កិច្ច​ពិភាក្សា​អំពី​ការ​ច្របាច់​ក្រុម​ហ៊ុន​ទាំង​ពីរ​បញ្ចូល​គ្នា​នេះ​ស្ថិត​នៅ​ដំណាក់​កាល​ដំបូង​នៅ​ឡើយ។ ប៉ុន្តែ​ពុំ​មាន​អ្វី​ងឿង​ឆ្ងល់​នោះ​ទេ​ថា ការ​ច្របាច់​ក្រុម​ហ៊ុន​បញ្ចូល​គ្នា នឹង​ជំរុញ​ឲ្យ​ធនាគារ​ទាំង​ពីរ​ឋិត​ក្នុង​ស្ថានភាព​កាន់​តែ​ប្រសើរ និង​មាន​ជំហរ​កាន់​តែ​រឹងមាំ​នៅ​កម្ពុជា ដើម្បី​ប្រកួត​ប្រជែង​នឹង​ធនាគារ​ធំៗ​នៅ​កម្ពុជា។ ការ​ពង្រីក​វិសាលភាព និង​សក្តានុពល​នោះ​វា នឹង​ជំរុញ​ឲ្យ​ធនាគារ​របស់​យើង​ឈាន​ដល់​កម្រិត​ខ្ពស់​ក្នុង​ការ​ផ្តល់​សេវាកម្ម និង​ការ​ចូល​រួម​វិភាគទាន​ទៅ​ក្នុង​ការ​រីក​ចម្រើន​ផ្នែក​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា។

៦. តើ​អ្វី​ជា​ចក្ខុវិស័យ​របស់​អ្នក​នៅ ឆ្នាំ​២០១៥?

លោក Lim: ឆ្នាំ​២០១៥ ហាក់​ដូច​ជា​ពេល​វេលា​អំណោយ​ផល​ដល់​យើង ហើយ​វា​គឺជា​មហិច្ឆតា​របស់​យើង​ក្នុង​ការ​រក្សា​កំណើន​ខ្ពស់ និង​ឆ្ពោះ​ទៅ​មុខ។ យើង​សង្ឃឹម​ថា នឹង​ទទួល​បាន​ចំណាត់​ថ្នាក់​ក្នុង​ចំណោម​ចំណាត់​ថ្នាក់​ធនាគារ​ធំ​ទាំង ១០ នៅ​កម្ពុជា​នៅ​ក្នុង ឆ្នាំ​២០១៥ ហើយ​យើង​ក៏​នឹង​បន្ត​ការ​ចូល​រួម​នៅ​ក្នុង​ការ​អភិវឌ្ឍ​ផ្នែក​សេដ្ឋកិច្ច​សម្រាប់​ប្រទេស​នេះ និង​ផ្តល់​ភាព​ប្រសើរ​ឡើង​សម្រាប់​ប្រជាជន​កម្ពុជា៕

អត្ថបទគួរចាប់អារម្មណ៍