អង្គការពាណិជ្ជកម្មក្រៅប្រទេសរបស់ជប៉ុន (JETRO ) គឺជាស្ថាប័នដែលធ្វើការទាក់ទងនឹងរដ្ឋាភិបាល មានតួនាទីផ្សព្វផ្សាយពីពាណិជ្ជកម្ម និងវិនិយោគទៅមករវាង ប្រទេសជប៉ុន និងប្រទេសផ្សេងទៀតនៅក្នុងពិភពលោក។ អង្គការនេះត្រូវបានបង្កើតឡើងនៅ ឆ្នាំ១៩៥៨ ដើម្បីជំរុញការនាំចេញរបស់ជប៉ុនទៅបរទេស ហើយអង្គការនេះ បានផ្លាស់ប្តូរគោលដៅរួមរបស់ខ្លួនងាកមករកការជំរុញវិនិយោគផ្ទាល់របស់បរទេសចូលមក ប្រទេសជប៉ុន វិញ ហើយសម្របសម្រួលពាណិជ្ជកម្មពិភពលោក និងភាពជាដៃគូសកល។ នៅ ឆ្នាំ២០១០ JETRO បានបង្កើតការិយាល័យនៅកម្ពុជា។ លោក DOHO Kiyotaka ប្រធានតំណាងអង្គការ JETRO នៅភ្នំពេញបានអង្គុយជាមួយនឹងអ្នកយកព័ត៌មានរបស់កាសែត ភ្នំពេញ ប៉ុស្តិ៍ ចាន់ មុយហុង ដើម្បីពិភាក្សាអំពីបរិយាកាសវិនិយោគ និងវិស័យសក្តានុពលនៅកម្ពុជា។
ហេតុអ្វីបានជា JETRO សម្រេចចិត្តបើកការិយាល័យនៅកម្ពុជា?
ដូចដែលអ្នកបានដឹងរួចមកហើយ មុន ឆ្នាំ២០១០ នៅកម្ពុជាមិនសូវមានការវិនិយោគរបស់ជប៉ុន ដូចនៅ ប្រទេសចិន ថៃ និងវៀតណាម ទេ។ ប្រទេសទាំងនោះមានទិសដៅវិនិយោគទាក់ទាញខ្លាំងក្នុងចំណោមក្រុមហ៊ុនជប៉ុន។ មានក្រុមហ៊ុនផលិតកម្មរបស់ជប៉ុនច្រើននៅ ប្រទេសថៃ និងប្រទេសចិន ប្រាក់ឈ្នួលនៅប្រទេសទាំងនោះកំពុងកើនឡើងយ៉ាងខ្លាំង ហើយកង្វះពលកម្ម កំពុងកើតឡើងនៅ ប្រទេសចិន និង ប្រទេសថៃ។ ដូច្នេះក្រុមហ៊ុនជប៉ុន ជាពិសេសក្រុមហ៊ុនផលិតកម្ម ពួកគេត្រូវស្វែងរកទិសដៅវិនិយោគថ្មី ហើយពួកគេកំពុងស្វែងរកនៅ កម្ពុជា ឡាវ មីយ៉ាន់ម៉ា និង បង់ក្លាដែស។
នៅអំឡុង ឆ្នាំ២០០៨ ឬ ២០០៩ ក្រុមហ៊ុនជប៉ុនមានចម្ងល់អំពីបរិយាកាសវិនិយោគនៅកម្ពុជា ហើយចម្ងល់នេះមានកាន់តែច្រើនឡើងៗក្នុងចំណោមក្រុមហ៊ុនជប៉ុន ដែលសាកសួរមកកាន់អង្គការ JETRO ផ្ទាល់។ ដោយសារមានចម្ងល់អំពីការវិនិយោគនៅកម្ពុជា នេះហើយ ទើបអង្គការ JETRO បានបង្កើតការិយាល័យមួយនៅកម្ពុជាកាលពី ឆ្នាំ២០១០។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានជួបសវនាការជាមួយគ្នានឹងនាយករដ្ឋមន្ត្រីរបស់យើង ដើម្បីបង្កើតការិយាល័យរបស់អង្គការ JETRO នៅកម្ពុជា ផងដែរ ដើម្បីទាក់ទាញវិនិយោគជប៉ុនកាន់តែច្រើនឲ្យមកកម្ពុជា។ ផ្អែកលើកិច្ចព្រមព្រៀងនៃកិច្ចប្រជុំនេះ ដូច្នេះ JETRO បានបើកការិយាល័យនៅកម្ពុជា។ អង្គការ JETRO បំពេញតួនាទីជាជំនួយការឲ្យអង្គការ JBAC។
តើ JETRO មានតួនាទីអ្វីនៅម្ពុជា?
អង្គការ JETRO មានតួនាទីប្រមូលព័ត៌មាននៅកម្ពុជា ដើម្បីផ្តល់ជូនវិនិយោគិនសក្តានុពលរបស់ជប៉ុន។ ដូច្នេះយើងបង្កើតការិយាល័យនៅទីនេះក្នុង ឆ្នាំ២០១០ ក្រោយមកយើងប្រមូលទិន្នន័យសេដ្ឋកិច្ច បរិយាកាសវិនិយោគ គម្រោងវិនិយោគសំខាន់ (QIP) តំបន់សេដ្ឋកិច្ចពិសេស ចំនួនក្រុមហ៊ុនជប៉ុន ការផ្គត់ផ្គង់កម្លាំងពលកម្ម ហើយយើងបញ្ជូនព័ត៌មានទាំងនេះទៅជប៉ុន។ យើងមានគេហទំព័រ យើងធ្វើបច្ចុប្បន្នភាពព័ត៌មានស្តីពីបរិយាកាសវិនិយោគនៅកម្ពុជា។ ក្រុមហ៊ុនរបស់ជប៉ុនត្រូវការព័ត៌មានដើម្បីប្រៀបធៀបបរិយាកាសវិនិយោគនៅតាមប្រទេសនីមួយៗ ឧទាហរណ៍ ប្រាក់ឈ្នួលពលកម្ម ការផ្គត់ផ្គង់កម្លាំងពលកម្ម ឬហេដ្ឋារចនាសម្ព័ន្ធ អគ្គិសនី ទឹក ស្ថិរភាពនយោបាយ ការលើកទឹកចិត្តជនបរទេស រយៈពេលរួចពន្ធជាដើម។ ពួកគេប្រៀបធៀបរវាងប្រទេសនីមួយៗ បន្ទាប់មកក្រុមហ៊ុនមួយចំនួន ដូចជា ក្រុមហ៊ុន Minibea ក្រុមហ៊ុន Sumitomo និងក្រុមហ៊ុន Ajinotomoto ក្រុមហ៊ុនទាំងនេះសម្រេចវិនិយោគនៅកម្ពុជា។
តើការវិនិយោគជប៉ុននៅកម្ពុជាកំពុងប្រព្រឹត្តទៅយ៉ាងណាដែរពេលបច្ចុប្បន្ន?
ចំនួនក្រុមហ៊ុនជប៉ុន ដែលបានចុះបញ្ជីនៅកម្ពុជាមានចំនួន ១៩ ក្រុមហ៊ុននៅ ឆ្នាំ២០១០ មាន ៨៦ ក្រុមហ៊ុន នៅ ឆ្នាំ២០១១ មាន ១៧៩ ក្រុមហ៊ុន នៅ ឆ្នាំ២០១២ និងមាន ១៩៥ ក្រុមហ៊ុន នៅ ឆ្នាំ២០១៣។ ខ្ញុំយល់ថា ចំនួនវិនិយោគជប៉ុនកំពុងកើនឡើងយ៉ាងខ្លាំង។ ស្ថិតិវិនិយោគដែលបានចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅ ឆ្នាំ២០១០ មានត្រឹមតែ ៣,៣ លានដុល្លារប៉ុណ្ណោះ នៅ ឆ្នាំ២០១១ បានកើនឡើងដល់ ១១៧ លានដុល្លារនៅ ឆ្នាំ២០១២ បានកើនឡើងដល់ ២៨៣,៣ លានដុល្លារ ដោយសារមានក្រុមហ៊ុន AEON ដែលបានចុះបញ្ជីជា QIP និងនៅ ឆ្នាំ២០១៣ មានទំហំ ៨២,៣ លានដុល្លារ។ តែលើកលែងផ្សារ AEON ដែលការវិនិយោគ មានទំហំធំធៀបនឹង ឆ្នាំ២០១២ តួលេខនេះ ក៏កើនឡើងផងដែរពីទំហំវិនិយោគ ៧៨,៣ លានដុល្លារដល់ ៨២,៣ លានដុល្លារនៅ ឆ្នាំ២០១៣។
ចាប់តាំងពី JETRO បើកដំណើរការមក តើអ្វីដែលលោកយល់ថា ជាការផ្លាស់ប្តូរចំពោះការវិនិយោគជប៉ុននៅកម្ពុជា?
មកដល់ត្រឹម ឆ្នាំ២០០៩ ឬ ២០១០ ឧស្សាហកម្មធំនៅកម្ពុជាគឺឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់និងស្បែកជើង។ តែក្រុមហ៊ុនផលិតកម្មជប៉ុន បាននាំមកនូវឧស្សាហកម្មថ្មី មានម៉ូតូតូច ឡាំងកាតុង ប្រព័ន្ធខ្សែភ្លើង និងគ្រឿងបន្លាស់រថយន្តជាដើម។ ឧស្សាហកម្មទាំងនេះ ក៏មកដល់កម្ពុជាដើម្បីផលិតផលិតផលផងដែរ។ យើងមានក្រុមហ៊ុនផលិតកម្មជប៉ុននៅតំបន់សេដ្ឋកិច្ចពិសេស ដូចជាក្រុមហ៊ុន Minibea ក្រុមហ៊ុន Sumi Cambodia ក្រុមហ៊ុន Ajinomoto នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។ យើងមានក្រុមហ៊ុន Oji Paper នៅតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែ ក្រុងព្រះសីហនុ និងក្រុមហ៊ុន Yazaki corperation នៅតំបន់សេដ្ឋកិច្ចពិសេស កោះកុង ដើម្បីផលិតគ្រឿងបន្លាស់រថយន្ត។ បច្ចុប្បន្នក្រុមហ៊ុនជប៉ុន នាំយកឧស្សាហកម្មថ្មី និងឧស្សាហកម្មតម្លៃបន្ថែមខ្ពស់ ធៀបនឹងឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់និងស្បែកជើងនៅកម្ពុជា។ ខ្ញុំយល់ថា ឧស្សាហកម្មថ្មីនេះជានិន្នាការមួយក្នុងចំណោមក្រុមហ៊ុនផលិតកម្មជប៉ុនផងដែរ។
តើអ្វីគឺជាវិស័យដ៏មានសក្ដានុពលដែលវិនិយោគិនជប៉ុនកំពុងវិនិយោគនៅពេលនេះ?
សម្រាប់ការនាំចេញឧស្សាហកម្មដែលមានការលើកទឹកចិត្តផ្នែកកម្លាំងពលកម្ម ដូចជាសម្លៀកបំពាក់និងស្បែកជើង និងគ្រឿងបន្លាស់អគ្គិសនីក៏មានការទាក់ទាញខ្លាំងសម្រាប់វិនិយោគិនជប៉ុន។ នៅក្នុង ប្រទេសចិន និង ថៃ ប្រាក់ឈ្នួលកម្លាំងពលកម្មកំពុងកើនឡើងកាន់តែខ្ពស់។ ប្រទេសសិង្ហបុរី និង ម៉ាឡេស៊ី មានប្រវត្តិនៃការកើនឡើងតាំងពី ៣០ ទៅ ៤០ ឆ្នាំមុនមកម៉្លេះ ហើយប្រាក់ឈ្នួលគឺខ្ពស់ធៀបនឹងកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា។ ហេតុនេះហើយបានជាពួកគេចង់ដឹងអំពីប្រាក់ឈ្នួលពលកម្មកម្ពុជា និងធ្វើឲ្យដាច់ពីគ្នានៅក្នុងការផលិត។ កម្ពុជា មានបញ្ហាផ្នែកអគ្គិសនីដោយវាមានតម្លៃខ្ពស់ធៀបនឹងបណ្ដាប្រទេសផ្សេងទៀត។ ប្រសិនបើរដ្ឋាភិបាលកម្ពុជាព្យាយាមកាត់បន្ថយតម្លៃអគ្គិសនីនិងការផ្គត់ផ្គង់អគ្គិសនីឲ្យបានកាន់តែច្រើនដល់វិស័យឧស្សាហកម្ម។
នៅក្នុងករណីនោះ ខ្ញុំគិតថា ឧស្សាហកម្មម៉ាស៊ីន និងឧស្សាហកម្មកែច្នៃកាន់តែច្រើនអាចចូលមកទីផ្សារកម្ពុជាផងដែរ ជាពិសេសតំបន់សេដ្ឋកិច្ចពិសេស។ សម្រាប់វិស័យកសិកម្មក៏មានការទាក់ទាញផងដែរ កម្ពុជា ត្រូវការការវិនិយោគខាងការកែច្នៃសម្រាប់វិស័យកសិកម្មកាន់តែច្រើន យើងផ្ដល់ព័ត៌មានដល់ក្រុមហ៊ុនជប៉ុនជាច្រើន ប៉ុន្តែមានបញ្ហាមួយគឺជនបរទេសមិនអាចទិញដីបានទេមានតែក្រុមហ៊ុនកម្ពុជាប៉ុណ្ណោះដែលអាចទិញដីបាន ដូច្នេះដំណើរការនិងនីតិវិធីក្នុងការវិនិយោគខាងកសិកម្មគឺមានភាពស្មុគស្មាញបន្តិចក្នុងចំណោមវិនិយោគិនជប៉ុន ខ្ញុំគិតថា អ៊ីចឹង។
តើអ្នកយល់ថា មានអ្វីខ្លះគួរតែធ្វើការផ្លាស់ប្តូរដើម្បីទាក់ទាញវិនិយោគិនកាន់តែច្រើន?
រដ្ឋាភិបាលកម្ពុជា បានផ្ដល់ការរឹតបន្តឹងតិចតួចបំផុតលើការវិនិយោគបរទេស។ ក្រុមហ៊ុនបរទេសអាចវិនិយោគយ៉ាងងាយស្រួលនៅកម្ពុជា។ មានបញ្ហាតែមួយគត់អំពីការកាន់កាប់ដីនៅពេលដែលវិនិយោគិនមិនអាចមានភាគហ៊ុន ១០០ ភាគរយនោះ។ មានបញ្ហាជាច្រើនផ្សេងទៀត ដូចជា បញ្ហាអគ្គិសនី កម្លាំងពលកម្មជំនាញកម្លាំងពលកម្មគ្មានជំនាញ។ ចំនួនភាគរយនោះមានចំនួនច្រើនបើធៀបនឹង ប្រទេសវៀតណាម ឡាវ និងមីយ៉ាន់ម៉ា។ ដូច្នេះការអប់រំជាមូលដ្ឋានដ៏មានសារៈសំខាន់ណាស់ចំពោះកម្មករនៅក្នុងក្រុមហ៊ុនជប៉ុន និងរោងចក្រផ្សេងទៀត។ ក្រុមហ៊ុនជប៉ុន ត្រូវតែផ្ដល់ជំនាញភាសាខ្មែរដល់កម្មករដែលធ្វើការនៅក្នុងរោងចក្រដោយសារតែបទបញ្ជាមួយចំនួននៅក្នុងរោងចក្រត្រូវសរសេរជាភាសាខ្មែរ។
ស្ថានទូតជប៉ុន និងសមាគមពាណិជ្ជជប៉ុនមានកិច្ចប្រជុំពីរដងក្នុងមួយឆ្នាំ ជាកិច្ចប្រជុំវិស័យសាធារណៈនិងវិស័យឯកជន យើងបានធ្វើចំនួន ១០ ដងរួចមកហើយ ជារៀងរាល់ពេលយើងលើកឡើងពីតម្លៃអគ្គិសនី នីតិវិធីពាណិជ្ជកម្ម កូដកម្ម យើងលើកឡើងបញ្ហាទាំងនោះទៅរដ្ឋាភិបាល។
កម្ពុជាមិនមានថវិកាជាតិច្រើនដើម្បីដោះស្រាយបញ្ហាទាំងអស់បានទេ ដូចជាហេដ្ឋារចនាសម្ព័ន្ធ ឬការអប់រំជាមូលដ្ឋានក្នុងពេលតែមួយបានឡើយ៕