នៅពេល​ដែល​ពិភពលោក​ពោរពេញ​ទៅដោយ​ព័ត៌មាន​សោកសៅ​ទាក់ទង​នឹង​ការផ្ទុះ​វីរុស​កូរ៉ូណា ឬ Covid-19 បទចម្រៀង​របស់​ជប៉ុន​ដែល​មាន​ចំណងជើង​ថា​ “Ue oMuite Arukou” (​ឬ​ប្រែ​ថា​យើង​នាំគ្នា​ដើរ​ងើយ​ទៅលើ​) ​ច្រៀង​ដោយ​លោក គ្យូ សាកាម៉ូតូ កាលពី​ឆ្នាំ​ ១៩៦១ បាន​បន្លឺ​ឮរណ្តំ​នៅក្នុង​អារម្មណ៍​របស់ខ្ញុំ​។ នៅ​គ្រា​លំបាក សិល្បៈ និង​បទចម្រៀង​អាច​ជា​វិធី​សណ្តំ​អារម្មណ៍​មួយ​។

“​ខ្ញុំ​សម្លឹង​មើល​ទៅលើ ពេល​ដែល​ខ្ញុំ​ដើរ ដើម្បី​កុំឱ្យ​ទឹកភ្នែក​ខ្ញុំ​ស្រក់ ខ្ញុំ​នឹកឃើញ​ដល់​រដូវ​ផ្កា​រីក​ដ៏ស្រស់បំព្រង​...​ក្តីសប្បាយ​ទាំងឡាយ​គឺ​នៅលើ​ពពក​នោះឯង ក្តីសប្បាយ​ទាំងឡាយ​គឺ​នៅលើ​មេឃ​នោះឯង​...​ក្តី​សោកសៅ​សូម​ដាក់​នៅក្រោយ​ស្រមោល​តារា ក្តី​សោកសៅ​សូម​ដាក់​នៅក្រោយ​ស្រមោល​ព្រះចន្ទ​”​។

តើ​យើង​ពង្រឹងស្មារតី​យើង​របៀប​ម៉េច​នៅពេល​ជួប​កាលៈទេសៈ​សោកសៅ និង​ទាន់ហន់​?

នៅពេល​ដែល​មាន​រឿង​ពាក់ព័ន្ធ​នឹង​អាយុជីវិត​មនុស្ស យើង​មិន​អាច​គេចវេះ​ពី​មនោសញ្ចេតនា​បានទេ​។ ពិភពលោក​យើង​កំពុង​តែ​ប្រយុទ្ធ​នឹង​វីរុស​ថ្មី​មួយ​ដែល​យើង​ទាំងអស់​គ្នា​ពុំបាន​ដឹងឮ​ពីមុនមក​។ ការភ័យខ្លាច ភាពតក់ស្លុត ហានិភ័យ​សុខភាព ហានិភ័យ​សេដ្ឋកិច្ច វិធានការ​ទប់ស្កាត់​ការរីក​រាលដាល ជំនឿ​ទុកចិត្ត​លើ​អាជ្ញាធរ​ទាំងអស់​នេះ​គឺ​សុទ្ធតែ​ជា​បញ្ហា​ស្មុគស្មាញ​ដែល​យើង​ត្រូវធ្វើ​ចំណាត់ការ​។ ការធ្វើ​ចំណាត់ការ​ប្រកប​ដោយ​ភាពនឹងនរ និង​ទទួល​ការជឿ​ទុកចិត្ត ពិតជា​មិនមែន​ជា​ការងារ​ងាយស្រួល​នោះទេ ហើយ​ទាមទារ​ឱ្យ​មាន​ស្មារតី​រឹងប៉ឹង​ខ្លាំងណាស់​នៅ​ចំពោះមុខ​វិបត្តិ​បែបនេះ​។

នៅក្រោម​ព្រិល​ធ្លាក់ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន និង​ប្រតិភូ​បាន​ធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃទី​ ៥ ខែ​កុម្ភៈ​ ដោយ​មិន​ពាក់​ម៉ាស់​។ កម្ពុជា​បាន​ផ្តល់​ការគាំទ្រ​ផ្នែក​ស្មារតី​តាមរយៈ​ការបង្ហាញ​វត្តមាន​ជាក់ស្តែង​ដោយ​ថ្នាក់ដឹកនាំ​កំពូល​ដែល​ជា​ថ្នាក់ដឹកនាំ​ដំបូង ហើយ​មកទល់​ពេល​នេះ​គឺ​នៅតែ​ជា​ថ្នាក់ដឹកនាំ​តែ​ ១ ​គត់​ដែល​បាន​ធ្វើ​ទស្សនកិច្ច​នៅ​ចិន​ បន្ទាប់ពី​ការផ្ទុះ​វីរុស នៅពេល​ដែល​ប្រទេស​ជាច្រើន​មិន​ហ៊ាន​យក​ខ្លួន​ទៅ​បៀត​ជាមួយ​ចិន និង​ដាក់​បម្រាម​ធ្វើ​ដំណើរ​ទៅ​ចិន ឬ​ទទួល​ជនជាតិ​ចិន​។​ល​។

ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទ​សម្តេច​ព្រះបរមនាថ​នរោត្តម សីហមុនី និង​សម្តេចព្រះ​មហាក្សត្រី​នរោត្តម មុនិនាថ​សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ថែមទាំង​បាន​ថ្វាយ​នូវ​ព្រះរាជទ្រព្យ​ផ្ទាល់​របស់​ព្រះអង្គ​ដល់​ប្រទេស​ចិន​ទៀតផង​។

ព្រឹត្តិការណ៍​ថ្មី​មួយទៀត​បាន​ធ្វើឱ្យ​ពិភពលោក​ក្រឡាប់ចាក់​។ ប្រទេស​តូច​មួយ​ដែល​តែងតែ​លេចឮ​ព័ត៌មាន​អវិជ្ជមាន បាន​ធ្វើឱ្យ​ពិភពលោក​ភ្ញាក់ផ្អើល​។

កម្ពុជា​មាន​សេចក្តី​ក្លាហាន​ក្នុង​ការទទួល​អ្នក​ដំណើរ និង​នាវិក​លើក​ប៉ាល់​កម្សាន្ត វេស្ទ័រដាម (Westerdam) ​ឱ្យ​ចូល​ចត​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ បន្ទាប់ពី​បាន​ពិនិត្យឃើញ​ថា​ពុំមាន​នរណា​ម្នាក់​មាន​ផ្ទុក​វីរុស​កូរ៉ូណា​។ កប៉ាល់​នេះ​ត្រូវ​បាន​ប្រទេស ៥ បដិសេធ​ការសុំ​ចត​ដោយ​មាន​ភ្ញៀវ​ ១៤៥៥ នាក់ និង​នាវិក​ ៨០២ ​នាក់​មកពី​ប្រទេស​ ៤១​។

ពួកគេ​ត្រូវ​បាន​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ជាមួយ​នឹង ​“​ក្រមា​ខ្មែរ​”​ និង​ផ្កា​កុលាប​នៅ​ចំ​ថ្ងៃ​វ៉ាលែនថាញ​ ឬ​ “​ទិវា​នៃ​ក្តី​ស្រឡាញ់​”​។

លោក​បណ្ឌិត​ Tedros Adhanom Ghebreyesus អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក​បាន​សរសេរ​លើ​ Twitter របស់លោក​ថា “​កម្ពុជា​គឺជា​គំរូ​នៃ​សាមគ្គីភាព​អន្តរជាតិ​ដែល​ពិភពលោក​ទាំងមូល​កំពុង​តែ​ខិតខំ​អំពាវនាវ​ស្វែងរក​។ ខ្ញុំ​ពិតជា​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​រដ្ឋាភិបាល ជាពិសេស​លោក នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ដែល​បាន​ទទួល​កប៉ាល់​ Westerdam ​និង​អ្នកដំណើរ​។ នេះ​គឺជា​ពេល​ដែល​ត្រូវ​សម្តែង​សាមគ្គីភាព មិនមែន​ជា​ពេល​ដែល​ត្រូវ​មាក់ងាយ​រើសអើង​នោះទេ​។”

ឯកអគ្គរដ្ឋទូត​អាមេរិក Patrick Murphy បាន​សរសេរ​នៅលើ Twitter របស់លោក​ថា​ “​យើង​អរគុណ​យ៉ាង​ធំធេង​ចំពោះ​ការគាំទ្រ​របស់​អាជ្ញាធរ និង​ប្រជាជន​កម្ពុជា​ក្នុង​ការជួយ​ដល់​អ្នកដំណើរ​ទាំងអស់​នៅលើ​កប៉ាល់ Westerdam” ហើយ​សរសេរ​ទៀតថា “​ទិដ្ឋភាព​ដ៏សែន​កក់ក្តៅ​នៅ​ក្រុងព្រះសីហនុ នៅពេល​ដែល​អ្នកដំណើរ​ចាប់ផ្តើម​ចុះ​ពី​កប៉ាល់ Westerdam ជាមួយ​នឹង​ការសម្តែង​យ៉ាង​ពេញលេញ​នូវ​បដិសណ្ឋារកិច្ច​បែប​ខ្មែរ​។”

ស្ថានទូត​នៃ​ប្រតិភូ​សហភាព​អឺរ៉ុប​នៅ​កម្ពុជា​ក៏បាន​សរសេរ​នៅលើ Facebook របស់​ខ្លួន​ថា​ «​ប្រតិភូ​សហភាព​អឺរ៉ុប​នៅ​កម្ពុជា​សូម​សម្តែង​អំណរគុណ​ចំពោះ​អាជ្ញាធរ​កម្ពុជា​ដែល​បាន​អនុញ្ញាត​ឱ្យ​កប៉ាល់ Westerdam ចូល​ចត និង​បាន​សម្តែង​នូវ​មនោសញ្ចេតនា​អាណិតអាសូរ​ដល់​អ្នកដំណើរ និង​នាវិក​ទាំងអស់​នៅលើ​កប៉ាល់​។ យើង​សង្ឃឹម​ថា ពួកគេ​នឹង​ធ្វើ​មាតុភូមិនិវត្តន៍​ប្រកប​ដោយ​សុវត្ថិភាព​»​។

តើ​ពាក្យ​ថា “​សិទ្ធិមនុស្ស​” មិន​ផ្តើមចេញ​ពី​ “​ជីវិត​មនុស្ស​” ​ទេ​ឬ​?

ភាពមេត្តាធម៌ មនុស្សធម៌ និង​មនោសញ្ចេតនា អាណិតអាសូរ ត្រូវ​បាន​សម្តែង​ចេញ​យ៉ាង​ឱឡារិក​ពី​ប្រទេស​កម្ពុជា​។ «​កម្ពុជាៈប្រទេស​តូច បេះដូង​ធំ​»​។ នេះ​គឺជា “​បេះដូង​អង្គរ​” ​ដែល​ជា​បេះដូង​ធំធេង​ដូច​មហាសាគរ ប្រកប​ដោយ​ភាពមេត្តា​ករុណា​នៃ​ប្រជាជន​ខ្មែរ​។ ពិភពលោក​ពេញ​ដោយ​ក្តីស្រឡាញ់​៕ ស៊ឹម វីរៈ ទីប្រឹក្សា​យុទ្ធសាស្ត្រ​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​ (AVI) ​