ប្រធានបទ​នៃ​ទិវា​ជំងឺអេដស៍​ពិភពលោក​នៅ​ឆ្នាំនេះ​គឺ​ «​សហគមន៍​ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្តូរ​ល្អ​»​។ ប្រទេស ​កម្ពុជា គឺជា​គំរូ​ដ៏ច្បាស់​មួយ​ក្នុង​ការធ្វើឲ្យ​មាន​ការប្រែប្រួល​ល្អ នៅ​អាស៊ី​ដែល​ក្នុងនោះ រដ្ឋាភិបាល​កម្ពុជា និង​ម្ចាស់ជំនួយ​ធ្វើការ​ជាមួយ​គ្នា​តាម​សហគមន៍​នៃ​អ្នកមាន​មេរោគ​អេដស៍ ឬ​រងផលប៉ះពាល់​ដោយ​ជំងឺអេដស៍​ដើម្បី​ផ្តល់​សេវា​ផ្នែក​ជំងឺអេដស៍ ដោយ​សំអាង​លើ​ភ័ស្តុតាង​ជាក់ស្តែង​។

ការប្រើប្រាស់​សក្តានុពល​នៃ​ភាព​ជា​ដៃគូ​នេះ​ គឺជា​គន្លឹះ​សម្រាប់​ឲ្យ​ប្រទេស​កម្ពុជា​រក្សា​បាន​ជា​បន្ត​នូវ​ការបង្ក្រាប​ការរាតត្បាត​នូវ​មេរោគ​អេដស៍​ហើយ​ឈាន​ទៅ​រក​ការបញ្ចប់​នៃ​ជំងឺ​នេះ​នៅ​ត្រឹម​ឆ្នាំ​ ២០២៥​។

អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​ដែល​ប្រទេស​កម្ពុជា​បាន​ផ្តល់​សេវា​រួមគ្នា​ដោយ​សំអាង​លើ​ភ័ស្តុតាង​ជាក់ស្តែង​ផ្តោតលើ​ការការពារ ការថែទាំ​ និង​ការព្យាបាល​តាម​ភាព​ជាក់ស្តែង​។ អ្នកផ្តល់​សេវា​ថែទាំ​សុខភាព​បានធ្វើឲ្យ​មាន​បរិយាកាស​ល្អ​ដែល​ជួយ​ទ្រទ្រង់​គ្នា​នៅតាម​មណ្ឌល​សុខភាព និង​កន្លែង​នានា​តាម​សហគមន៍​។

ការធ្វើ​ដូច្នេះ​ធ្វើឲ្យ​សហគមន៍​ចូលរួម​ពេញលេញ​នៅក្នុង​ការរៀបចំ​ផែនការ និង​ផ្តល់​សេវា​ជំងឺអេដស៍​ដែល​ឆ្លើយតប​នឹង​សេចក្តី​ត្រូវការ​របស់​ជន​រងគ្រោះ​។ ​ទោះជា​យ៉ាងណាក្តី​យើង​នៅ​មាន​សេចក្តី​ត្រូវការ​បន្ទាន់​នៅឡើយ​លើ​ជម្រើស​នានា​ក្នុង​ការការពារ​ល្អ និង​ប្រកប​ដោយ​ប្រសិទ្ធភាព​ពិសេស​ក្នុង​ចំណោម​ក្រុម​ប្រឈមមុខ​ខ្ពស់​វ័យក្មេង​។

ជម្រើស​ថ្មី​មួយ​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត​ គឺ​ថ្នាំ​ការពារ​ការឆ្លង​ដែល​ប្រើ​ដោយ​លេប​នៅមុន​ពេល​ប្រឈម​ (PrEP) ​ដែល​ការពារ​កុំ​ឲ្យ​ឆ្លង​មេរោគ​នេះ​។ បើសិនជា​ត្រូវបាន​ប្រើ​បាន​ត្រឹមត្រូវ​ដោយ​រួម​ជាមួយ​នឹង​ការប្រើ​ស្រោមអនាម័យ PrEP ស្ទើរតែ​អាច​លុបបំបាត់បាន​ទាំងស្រុង​នូវ​ហានិភ័យ​នៃ​ការឆ្លង​មេរោគ​អេដស៍​។

គ្រាន់តែ​ក្នុងពេល​ប៉ុន្មាន​ខែ​កន្លង​ទៅ​នេះ​មណ្ឌល​សុខភាព​ឈូកស​នៅ​ភ្នំពេញ​ដែល​ស្ថិត​នៅ​ក្រោម​ការដឹកនាំ​របស់​ក្រសួង​សុខាភិបាល​ដោយ​ធ្វើជា​ដៃគូ​ជាមួយ​អង្គការ​ធ្វើការ​នៅតាម​សហគមន៍ និង​ដោយ​មាន​ការជួយ​ពី​កម្មវិធី​ផែនការ​បន្ទាន់​សម្រាប់​បន្ធូរបន្ថយ​ជំងឺអេដស៍​របស់​ប្រធានាធិបតី​អាមេរិក​ (PEPFAR) មូលនិធិ​សកល​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេដស៍ ជំងឺរបេង និង​ជំងឺគ្រុនចាញ់​ និង​កម្មវិធី​រួមគ្នា​របស់​អង្គការ​សហប្រជាជាតិ​ស្តីពី​ជម្ងឺអេដស៍​ (UNAIDS)​ ​បាន​ចាប់ផ្តើម​ផ្តល់​សេវា​ការពារ PrEP​។

ពាក្យ​ថា​ឈូកស ​ចង់​សំដៅលើ​ឈូកស​ដែល​លូតលាស់​ល្អ​ទោះ​ក្នុង​សភាព​ភក់ជ្រាំ​ក្តី​។ នេះ​គឺជា​ពាក្យប្រៀបធៀប​មួយ​ដ៏ខ្លាំង​សម្រាប់​អង្គការ​សហគមន៍​ជាច្រើន​ដែល​ខិតខំ​តស៊ូ​នៅក្នុង​បរិយាកាស​លំបាកៗ​។

ផានិត​ដែល​ជា​យុវជន​ម្នាក់ (​អាយុ​ជាង​ ២០ ​ឆ្នាំ​) ហើយ​បាន​រួមភេទ​ជាមួយ​បុរស​គឺជា​អតិថិជន​ម្នាក់​ក្នុង​ចំណោម​អតិថិជន​ដំបូងៗ​ដែល​បាននិង​កំពុង​ធ្វើការ​ការពារ​តាមបែប PrEP​។ ​គាត់​ចូលចិត្ត​ត្រង់​ថា គាត់​អាច​សុំ​ការធ្វើ​តេស្ត​រក​មេរោគ​អេដស៍​ហើយ​អាច​សុំ​ការការពារ​តាមបែប PrEP ពី​មណ្ឌល​សុខភាព​តាម​សហគមន៍​ដោយ​អ្នកផ្តល់​សេវា​នេះ​ដែល​មិន​ធ្វើការ​វិនិច្ឆ័យ​លើ​ជម្រើស​ជីវិត​របស់គាត់​។

អ្នកផ្តល់​ប្រឹក្សា​នៅ​មណ្ឌល​សុខភាព​ឈូកស​ជឿថា PrEP ​គឺជា​កត្តា​សម្រេច​ពីព្រោះ​វា​ជា​ផ្នែក​មួយ​ចុងក្រោយ​នៅក្នុង​ដំណើរការ​នៃ​ការការពារ​មេរោគ​អេដស៍​។ “​យើង​បាន​បង្កើន​ការធ្វើតេស្ត​ធម្មតា​បាន​លើក​ទឹកចិត្ត​ដល់​ការប្រើ​ស្រោមអនាម័យ​កាន់តែ​ច្រើន​ឡើង​ហើយ​ជំរុញ​ឲ្យ​គេ​ធ្វើការ​ព្យាបាល​ឲ្យ​បាន​ឆាប់​បំផុត​។ PrEP បំពេញ​រូបភាព​រួម​នៃ​ការការពារ​នេះ​”​។

កាលពី ២ ​ទសវត្សរ៍​មុន​ប្រទេស​ កម្ពុជា​ មាន​ការរាលដាល​យ៉ាង​លឿន​នៃ​មេរោគ​អេដស៍​។ មកដល់​ត្រឹម​ឆ្នាំ​ ២០១៧ កម្ពុជា​គឺជា​ប្រទេសមួយ ក្នុង​ចំណោម​ប្រទេស​ចំនួន ៧ ​នៅក្នុង​ពិភពលោក​ដែល​បានសម្រេច​គោលដៅ ៩០៩០៩០ (​មាន​ន័យថា​ ៩០% នៃ​ប្រជាជន​ដឹងថា តើ​គេ​មាន​មេរោគ​អេដស៍​ឬ​អត់​ ៩០ ​នៃ​ប្រជាជន​ដែល​ដឹងថា គេ​មាន​មេរោគ​អេដស៍​ទទួល​បាន​ការព្យាបាល​ដោយ​ប្រើ​ថ្នាំ​ប្រឆាំង​ជំងឺអេដស៍​ហើយ​ ៩០% ​នៃ​ប្រជាជន​ដែល​ទទួល​ការព្យាបាល​អាច​ទប់​កុំ​ឲ្យ​មេរោគ​កើនឡើង​បាន​)​។

ប្រទេស ​កម្ពុជា​ ថែមទាំង​បាន​ប្រកាស​ផែនការ​ប្រកប​ដោយ​មហិច្ឆតា​របស់ខ្លួន​នៅក្នុង​ការលុបបំបាត់​ការឆ្លង​មេរោគ​អេដស៍​ថ្មី​ទាំងអស់​ដោយ​ឈានដល់​កម្រិត ៩៥៩ ៥៩៥ នាក់ ​ត្រឹម​ឆ្នាំ​ ២០២៥ ហើយ​ធ្វើ​ឲ្យ​មនុស្ស​មួយ​ជំនាន់​នេះ​គ្មាន​ជំងឺអេដស៍​។ ​ពី​ឆ្នាំ​ ២០១០ ​ដល់​ឆ្នាំ​ ២០១៨ ​ការឆ្លង​ថ្មី​បាន​ធ្លាក់ចុះ​ចំនួន​ ៦២% ហើយ​ការស្លាប់​ទាក់ទង​នឹង​ជំងឺអេដស៍​បាន​ធ្លាក់ចុះ​ចំនួន​ ៤៨%​។ ប្រទេស​ កម្ពុជា​ បាន​ទប់​បាន​នូវ​ការ​រាលដាល​នៃ​ជំងឺ​នេះ​ដោយ​ផ្តោត​គោលនយោបាយ និង​កម្មវិធី​របស់ខ្លួន​ទៅលើ​ក្រុម​ប្រឈមមុខ​ខ្ពស់​។

សព្វថ្ងៃនេះ​មាន​អ្នក​ផ្ទុកមេរោគ​អេដស៍​ប្រមាណ ៧៣ ០០០ ​នាក់​ នៅ​កម្ពុជា​ដោយ ៨១% នៃ​ពួកគេ​កំពុង​ធ្វើការ​ព្យាបាល​សង្គ្រោះ​ជីវិត​ហើយ ៧៨% ទប់​បាន​នូវ​ការកើនឡើង​នៃ​មេរោគ​នេះ​នៅក្នុង​ខ្លួន​។ អ្នកមាន​ផ្ទុកមេរោគ​អេដស៍​មិនអាច​ចម្លង​មេរោគ​នេះ​ទៅ​អ្នកដទៃ​បាន​ទេ​បើ​គេ​បន្ត​ការព្យាបាល​ហើយ​មេរោគ​អេដស៍​ធ្លាក់​ក្នុង​កម្រិត​ដែល​មិនអាច​ត្រូវបាន​គេ​មើលឃើញ​។

ទោះបី​មាន​ជោគជ័យ​ធំៗ​ទាំងនេះ​ក្តី ជំងឺអេដស៍​ដែល​រាលដាល​នៅ​កម្ពុជា​មិនទាន់​ត្រូវបាន​លុបបំបាត់​អស់ទាំង​ស្រុង​នៅឡើយ​ទេ​។ ​មេរោគ​អេដស៍​នៅ​បន្ត​មាន​ និង​ឆ្លង​ក្នុងចំណោម​ក្រុមមនុស្ស​ខ្លះ​ដែល​គេ​ស្គាល់​ថា ជា​ក្រុម​ប្រឈមមុខ​ខ្ពស់​ច្រើន​ជាង​ក្រុមមនុស្ស​ផ្សេងទៀត​។

ក្រុមមនុស្ស​ប្រឈមមុខ​ខ្ពស់​ទាំងនេះ ​រួមមាន​នារី​ធ្វើការ​នៅ​តាម​កន្លែង​កម្សាន្ត បុរស​ដែល​រួមភេទ​ជាមួយ​បុរស​គ្នាឯង អ្នក​ប្រើ​គ្រឿងញៀន​ដោយ​ចាក់​តាម​ម្ជុល និង​នារី​កែ​ភេទ​។ នៅក្នុង​ឆ្នាំ​ ២០១៨ ​មាន ២៥% នៃ​ករណី​ឆ្លង​ថ្មី​នៃ​មេរោគ​អេដស៍​មាន​នៅ​ក្នុង​ចំណោម​បុរស​ដែល​រួមភេទ​ជាមួយ​បុរស​គ្នាឯង​។ ចំនួន​នេះ​កើនឡើង​ជាង ៣ ​ដង​ លើស​ចំនួន​ក្នុង​ឆ្នាំ​ ២០១០ ​ដែល​កាលនោះ​មានតែ ៧% ទេ​។ សម្រាប់​ករណី​ឆ្លង​ថ្មីៗ​ក្នុងចំណោម​ករណី​ឆ្លង​ថ្មី​ចំនួន​ ៣ ​មាន​ ១ ​គឺ​នៅ​ភ្នំពេញ​។ ខេត្ត​ចំនួន​ ៦ (​ភ្នំពេញ​បាត់ដំបង សៀមរាប កំពង់ចាម​បន្ទាយមានជ័យ និង​តាកែវ​) ​មាន​ករណី​ឆ្លង​ថ្មី​ចំនួន ៧០% នៅ​កម្ពុជា​។

ការដឹកនាំ​រឹងមាំ​នៃ​អ្នក​ធ្វើ​គោលនយោបាយ​ដោយ​ធ្វើជា​ដៃគូ​ជាមួយ​ក្រុម​មនុស្ស​ដែល​មាន​ផ្ទុកមេរោគ​អេដស៍​ហើយ និង​ក្រុម​ប្រឈមមុខ​ខ្ពស់​គឺជា​វិធី​តែមួយគត់​ដើម្បី​លុបបំបាត់​ជំងឺអេដស៍​ក្នុង​សកលលោក​។ ​សហគមន៍​របស់​យើង​គឺជា​ប្រភព​នៃ​ភាពខ្លាំង​ហើយ​ជា​សក្តានុពល​ដ៏ធំ​ដែល​គេ​មិនទាន់​ទាញ​យក​ប្រយោជន៍​។ តាមរយៈ​ឆន្ទៈ​រឹងមាំ​ការប្តេជ្ញាចិត្ត និង​បណ្តាញ​ដ៏ទូលំទូលាយ​របស់​គេ គេ​អាចជួយ​បាន​ច្រើន​ក្នុងការ​រកឃើញ​មនុស្ស​ដែល​មាន​ផ្ទុកមេរោគ​អេដស៍​ហើយ​នាំ​គេ​ឲ្យ​ធ្វើការ​ព្យាបាល​៕

នេះ​ជា​វិចារណកថា​រួម​របស់​លោកស្រី VladankaAndreeva នាយិកា​អង្គការ​សហប្រជាជាតិ ប្រយុទ្ធ​ជំងឺអេដស៍​ UNAIDS នៅ​កម្ពុជា និង​លោក​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក W. Patrick Murphy ក្នុង​ឱកាស​ទិវា​ពិភពលោក​ប្រយុទ្ធ​ជំងឺអេដស៍​ថ្ងៃ​ ១ ខែ ធ្នូ ឆ្នាំ​ ២០១៩​។