នៅលើ​ពិភពលោក​សព្វថ្ងៃ​នៅ​មាន​ការ​ប្រទាញ​ប្រទង់​គ្នា​រវាង​មហាអំណាច​ខាង​កើត​រួមមាន​ចិន និង​រុស្ស៊ី និង​ខាងលិច​មាន​អាមេរិក ជប៉ុន និង​សហគមន៍​អឺរ៉ុប​។

បើ​និយាយ​ពី​ស្ថាប័ន​អភិវឌ្ឍន៍​អន្តរជាតិ​ធំៗ​ដូចជា ធនាគារពិភពលោក​ (WB) ​គឺ​ប្រធាន​ភាគច្រើន​ត្រូវ​បាន​គេ​មើលឃើញ​ថា ជា​ជនជាតិ​មកពី​តំបន់​អាមេរិក​ ឬ​ក៏​អ្នក​ទទួល​ឥទ្ធិពល​ពី​អាមេរិក​ដែរ ខណៈ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ (IMF) ​ថ្នាក់ដឹកនាំ​មាន​និន្នាការ​ជា​ជនជាតិ​មកពី​ខាង​អឺរ៉ុប​ស្រប​ពេល​ដែល​ជប៉ុន​ក៏​ត្រូវ​បាន​កត់សម្គាល់​​ថា​មាន​ឥទ្ធិពល​ខ្លាំង​លើ​ធនាគារ​​អភិវឌ្ឍន៍​អាស៊ី​ (ADB)​។

នៅក្នុង​បរិបទ​នេះ​ចិន​ដែល​មិន​សូវ​មាន​ឥទ្ធិពល​អី​នឹង​គេ​ក៏​ខំ​នាំ​ប្រទេស​នៅ​អាស៊ី​មួយ​ចំនួន​ និង​នៅ​ជុំវិញ​ពិភពលោក​បាន​​សមាជិក​ ៦៨ ​ប្រទេស​ដោយ​បង្កើត​បាន​ស្ថាប័ន​មួយ​កាលពី​ចុង​ឆ្នាំ​ ២០១៦ ​ដែល​ស្រដៀង​គ្នា​នឹង​ធនាគារ​ពិភពលោក​ដែរ​តែ​នៅ​អាស៊ី​ពោល​គឺជា​ស្ថាប័ន​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​អាស៊ី​ (AIIB) ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉េកាំង​។

សម្រាប់​អាស៊ាន​ការ​ប្រឈមមុខ​នឹង​ការប្រកួត​ប្រជែង​រវាង​អាមេរិក និង​ចិន​ទាំង​ឥទ្ធិពល​នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម​ និង​សន្តិសុខ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។ សូម្បី​កិច្ចប្រជុំ​អាស៊ាន​ម្តងៗ​ក៏​មាន​ប្រទេស​មហាអំណាច​ចូលរួម ASEAN +3 មាន​ថែម​ទាំង​ចិន ជប៉ុន និង​កូរ៉េ​ខាង​ត្បូង និង​ ASEAN +6 បូក​នឹង​ឥណ្ឌា អូស្ត្រាលី និង​នូវែលសេឡង់​ក៏មាន ហើយ​មាន​ទាំង​កិច្ចប្រជុំ​ពិសេស​ផ្សេង​រវាង​អាស៊ាន​ និង​អាមេរិក​ទៀត​ផង​។

ទន្ទឹម​នឹង​នេះ​ដែរ​កាលពី​ថ្មីៗ​នេះ​ក៏​មាន​ការបង្កើត​យុទ្ធសាស្ត្រ​​ឈ្មោះ​កិច្ចប្រជុំ​ពិសេស​ដាច់​ដោយឡែក​ពី​គ្នា​ក្នុង​ការ​ទាញ​យក​ឥទ្ធិពល​ដូចជា ចិន​ផ្តួចផ្តើម​បង្កើត Lancang-Mekong Cooperation (LMC) សហប្រតិបត្តិការ​ឡាន​ឆាង និង​មេគង្គ​ដែល​មាន​ចិន​ និង​ប្រទេស​​អាស៊ាន​ ៥ ​ទៀត​ដែល​មាន​ផ្លូវទឹក​តភ្ជាប់​តែ​ ១ ​គឺ​មាន​ប្រទេស​​មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និង​វៀតណាម​។

កិច្ចប្រជុំ​ដំបូង​នៅ​ខែ​មីនា​ឆ្នាំ​ ២០១៦ ក្នុង​ប្រទេស​ឡាវ ដើម្បី​ដោះស្រាយ​បញ្ហា​នយោបាយ សន្តិសុខ ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ឲ្យ​មាន​ចីរភាព និង​ការផ្លាស់ប្តូរ​វប្បធម៌​សង្គម រវាង​ពលរដ្ឋ និង​ពលរដ្ឋ​ជាដើម​។

ជាង​នេះ​ទៀត​ប្រទេស​ចិន​មិន​សូវ​មាត់ក​ប៉ុន្មាន​ទេ តែ​ប្រឹងប្រែង​ធ្វើ​ច្រើន​ដើម្បី​ដណ្តើម​ឥទ្ធិពល​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ​អាស៊ី​បូព៌ា ​រហូត​ដល់​ទ្វីប​អាហ្វ្រិក​​តាមរយៈ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​មួយ និង​ផ្លូវ​មួយ​ (BRI) ​បញ្ជ្រាប​យ៉ាង​រឹងមាំ​ក្នុង​ប្រទេស​អាស៊ាន​ខ្លះ និង​អាច​មាន​ការគំរាមកំហែង​សន្តិសុខ​ទីតាំង​ភូមិសាស្ត្រ​ដល់​តំបន់​សមុទ្រ​ឥណ្ឌា​ទៀត​ដូច​ កាលពី​ឆ្នាំ​ទៅ ​រដ្ឋាភិបាល​ស្រីលង្កា​ បាន​ផ្ដល់​សិទ្ធិ​ផ្ដាច់មុខ​ឲ្យ​ចិន​គ្រប់គ្រង​កំពង់ផែ​មួយ​ ៩៩ ​ឆ្នាំ ខណៈ​ប្រទេស​នេះ​អត់​លុយ​ដោះ​បំណុល​​ទៅ​ចិន​នោះ​។ ​

នៅពេល​ចិន​បាន​ទីតាំង​កំពង់ផែ​ស្រីលង្កា​ហើយ​​ដំណើរការ​ខ្សែក្រវាត់​មួយ និង​ផ្លូវ​មួយ​របស់​ចិន​កាន់តែ​ប្រសើរ​​ឡើង​តាមរយៈ​ទីតាំង​កំពង់ផែ​​នោះ​ដែល​លយ​ចេញ​មក​ក្រៅ​ល្វឹងល្វើយ​ងាយស្រួល​នាវា​ចេញ​ចូល​ចត​ដោយ​សេរី​។

ឥឡូវ​នេះ​ចូល​ដល់​ការយក​យុទ្ធសាស្ត្រ​ចាស់​ដែល​ឥណ្ឌា​បង្កើតឡើង​តាំងពី​ឆ្នាំ​ ២០១១ ​គឺ​ Indo-Pacific មក​ពង្រឹង​ឲ្យ​ច្បាស់​គឺ​ប្រើ​ពាក្យ​ថា​គំនិត​ផ្តួចផ្តើម​ថ្មី​ «Free and Open Indo-Pacific (FOIP)» ដោយ​មាន​ប្រទេស​ ៤ ​ចូលរួម​ដំបូង​គឺ​ឥណ្ឌា ជប៉ុន អូស្ត្រាលី និង​អាមេរិក ដើម្បី​ទប់ទល់​ជាមួយ​នឹង​ការរីក​រាលដាល​នៃ​អំណាច​ចិន​តាមរយៈ​ខ្សែក្រវាត់​មួយ​ និង​ផ្លូវ​មួយ​ក្នុង​តំបន់​សមុទ្រ​​ចិន​ និង​សមុទ្រ​ឥណ្ឌា​។ ​

ម្យ៉ាង​ទៀត​​សព្វ​ថ្ងៃនេះ​ក្នុង​ចំណោម​ថ្នាក់ដឹកនាំ​ប្រទេស​ទាំង​ ៤ ​នោះ​មាន​លោក​ប្រធានាធិបតី ដូណាល់ត្រាំ និង​លោក​នាយក​រដ្ឋមន្ត្រី ជប៉ុន អាបេ កំពុង​ខិតខំ​ខ្លាំង​ជាង​​គេ​ក្នុង​ការ​បញ្ចុះបញ្ចូល​ប្រទេស​​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​ជា​លក្ខណៈ​ប្រទេស​ និង ​ប្រទេស​ក្តី​ និង​ជាមួយ​​សមាជិក​អាស៊ាន​ក្តី​ដើម្បី​ពង្រឹង​យុទ្ធសាស្ត្រ​តាមរយៈ​កិច្ចប្រជុំ​ញឹកញាប់​ទាំង​ក្នុង​កម្រិត​រដ្ឋមន្ត្រី​ការបរទេស​ក៏មាន ហើយ​ឲ្យ​តែ​មាន​កិច្ចប្រជុំ​អាស៊ាន​ម្ដងៗ​​ប្រទេស​ទាំង ៤ ហ្នឹង​ក៏​លើក​ឡើង​ដែរ​ដើម្បី​រៀបចំ​យុទ្ធសាស្ត្រ​ទប់ទល់​នឹង​ភាពផ្ដាច់មុខ​ពី​ចិន​ក្នុង​ការរក្សា​សន្តិសុខ នយោបាយ ទំនាក់ទំនង​ពាណិជ្ជកម្ម​ឲ្យ​កាន់តែ​រឹងមាំ​។

ទាក់ទង​នឹង​ករណី​នេះ​សូម្បី​តែ​កម្ពុជា​ក៏​ត្រូវ​បាន​នាយរដ្ឋមន្ត្រី​ជប៉ុន​លោក​ ស៊ីនហ្សូ អាបេ បញ្ចុះបញ្ចូល​ជា​ទ្វេភាគី​ស្និទ្ធស្នាល​តាមរយៈ​ការអបអរ​សាទរ​ខួប​កំណើត​ដោយ​មាន​កាត់​នំ​ខួបកំណើត ហើយ​លោក អាបេ ថែម​ទាំង​បាន​ច្រៀង​ជូនពរ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​កាលពី​ឆ្នាំ​ទៅ​នៅ​ទីក្រុង​តូក្យូ​ផង​ (Kyodo,Aug8, 2017)​។

សកម្មភាព​លោក​ អាបេ ​ពេល​នោះ​គឺ​ទំនង​ជា​ចង់​ឲ្យ​កម្ពុជា​គាំទ្រ​​គំនិត​ផ្តួចផ្តើម Indo-Pacific នេះ​ផង​ដែរ​។

មិន​តែ​ប៉ុណ្ណោះ​ការប្រជុំ​ថ្នាក់​តំបន់​រវាង​អ្នកការទូត អ្នក​ស្រាវជ្រាវ សាស្ត្រាចារ្យ អ្នក​ជំនាញ​ខាង​ទំនាក់ទំនង​អន្តរជាតិ​ និង​អ្នកសារព័ត៌មាន​ជាន់ខ្ពស់​ដែល​​ជា​ក្រុមប្រឹក្សា​ផ្តល់​យោបល់​ទៅ​រដ្ឋាភិបាល​ (Think Tanks) ក៏​ត្រូវ​បាន​វេទិកា​ Indo-Pacific អញ្ជើញ​ញឹកញាប់​មក​ជជែក​វែកញែក​រក​យុទ្ធសាស្ត្រ និង​បញ្ហា​ប្រឈម​រឿង Indo-Pacific ហ្នឹង​ដែរ​។

ដូច​កាល​ពី​ខែ​មុន​នេះ​ខ្ញុំ​ចូលរួម​ប្រជុំ​ថ្នាក់​តំបន់​ស្តីពី តើ​យុទ្ធសាស្ត្រ Indo-Pacific នឹង​ទៅ​របត់​ណា​? ដែល​រៀបចំ​ដោយ​អង្គការ​ CICP នៅ​ភ្នំពេញ និង​កាលពី​សប្តាហ៍​មុន​ខ្ញុំ​ក៏​បាន​ចូលរួម​កិច្ចប្រជុំ​តុមូល​ជាមួយ​អ្នក​សារព័ត៌មាន​ជាន់​ខ្ពស់​លើក​ទី​ ៧ របស់​ស្ថាប័ន​ ERIA ​នៅ​ទីក្រុង​សិង្ហបុរី​ស្តីពី​ការ​​ប្រឈម​ចំពោះ​មុខ​សមាគម​​អាស៊ាន និង​ Indo-Pacific គឺ​បាន​លើក​ពី​កង្វល់​អាច​ប៉ះពាល់​​នឹង​បញ្ហា​សន្តិសុខ នយោបាយ​ និង​សេដ្ឋកិច្ច​ក្នុង​តំបន់​ផង​ដែរ​។

ដោយសារ​ Indo-Pacific នៅ​មិន​ទាន់​មាន​រចនាសម្ព័ន្ធ និង​យុទ្ធសាស្ត្រ​ច្បាស់លាស់​នៅ​ឡើយ​នោះ ជាហេតុ​ធ្វើឲ្យ​ប្រទេស​ជា​សមាជិក​អាស៊ាន​មួយ​ចំនួន​រួម​ទាំង​កម្ពុជា ឡាវ មីយាន់ម៉ា ម៉ាឡេស៊ី ថៃ វៀតណាម​​ និង​ហ្វីលីពីន​ជាដើម​នៅ​មិន​ទាន់​​ជ្រះស្រឡះ​ថា តើ​ការចូលរួម​​ជាមួយ​នឹង Indo-Pacific អាច​ធ្វើ​បាន​កម្រិត​ណា​?

ជា​ការ​កត់សម្គាល់​ប្រទេស​អាស៊ាន​ទាំងនោះ​ភាគច្រើន​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​ពី​ចិន​ជាពិសេស​កម្ពុជា​ដែល​មាន​ទំនាក់​ទំនង​ស្អិតល្មួត​ជាមួយ​នឹង​មហា​យក្ស​ចិន​ខ្លាំង​ដូចជា ការ​ខកខាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​ (Joint Communique) រឿង​សមុទ្រ​ចិន​ខាង​ត្បូង​កាលពី​ប្រជុំ​អាស៊ាន​ក្នុង​ឆ្នាំ​ ២០១២ នៅ​រាជធានី​ភ្នំពេញ​ជាដើម​។

តែ​ផ្ទុយ​ទៅ​វិញ​ប្រទេស​ដែល​មាន​ទំនាស់​ជាមួយ​ចិន​ធ្លាប់​បាន​ចំអក​ឲ្យ​កម្ពុជា​កាល​នោះ​ដូចជា វៀតណាម ហ្វីលីពីន និង​ម៉ាឡេស៊ី​ក៏​បែរ​ទៅ​ជា​មាន​ទំនាក់ទំនង​រកស៊ី​ល្អ​ជាមួយ​ចិន​ទៅ​វិញ បើ​ទោះបី​ជា​ចិន​ពង្រីក​លេណដ្ឋាន​កងទ័ព​នៅ​​លើ​ដែន​កោះ​ដែល​មាន​ទំនាស់​ក៏ដោយ​។

ម្យ៉ាង​វិញ​ទៀត​ការបោះឆ្នោត​នៅ​កម្ពុជា​ថ្មីៗ​នេះ​​ក៏​ត្រូវ​បាន​ប្រទេស​ចិន​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​លទ្ធផល​ការបោះឆ្នោត​ពី​ គ.ជ.ប ដែល​បក្ស​កាន់​អំណាច​បន្ត​ការដឹកនាំ​ប្រទេស​តទៅ​ទៀត​។

តាមរយៈ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ (IMF) ​បាន​ចេញ​របាយការណ៍​ឆ្នាំ​​ ២០១៧ ​អំពី​បំណុល​របស់​កម្ពុជា​ជំពាក់​ប្រទេស​ចិន​ដែល​យក​មក​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ស្ពាន​ទំនប់​វារីអគ្គិសនី​នោះ​គឺ​មាន​​ទំហំ​ទឹកប្រាក់​បំណុល​ប្រមាណ​ជា​ ៧០ ​ភាគរយ​នៃ​បំណុល​សរុប​ ៦,៨ ​ពាន់​លាន​ដុល្លារ​ដែល​នេះ​ក៏​ស្រប​ទៅ​នឹង​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​មួយ និង​ផ្លូវ​មួយ​របស់​ចិន​ផង​ដែរ​។

អ៊ីចឹង​ហើយ​បាន​ជា​កិច្ចប្រជុំ​​លើក​យក​បញ្ហា​រៀបចំ​យុទ្ធសាស្ត្រ​ Indo-Pacific ឡោមព័ទ្ធ​ដើម្បី​កាត់​បន្ថយ​អំណាច​របស់​ប្រទេស​ចិន​ពោល​គឺ​មិន​ចង់​ឲ្យ​មាន​ប្រទេស​ណា​មួយ​ធ្វើ​ជា​ម្ចាស់​ (Dominate) ​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នោះ​ទេ​។

រីឯ​រដ្ឋ​សមាជិក​អាស៊ាន​ដែល​ទទួល​ផលប្រយោជន៍​ច្រើន​ពី​ប្រទេស​ចិន​ក៏​ញញើត​ញញើម​ក្នុង​ការចូលរួម​ជាមួយ​នឹង​យុទ្ធសាស្ត្រ Indo-Pacific នេះ​ដែរ គឺអាច​ប្រឈម​នឹង​គ្រោះថ្នាក់​រវាង​យុទ្ធសាស្ត្រ​ទាំង​ ២ ​គឺ​ខ្សែក្រវាត់​មួយ និង​ផ្លូវ​មួយ​របស់​ចិន និង​យុទ្ធសាស្ត្រ Indo-Pacific ប្រសិន​បើ​ភាព​តានតឹង​ប្រទាញប្រទង់​អំណាច​គ្នា​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នេះ ឬ​ក៏​អាច​ធ្លាក់​ទៅ​សង្គ្រាម​ត្រជាក់​ (Cold War) ​ក៏​ថា​បាន​។

ទោះបី​ជា​យ៉ាង​ណា​ក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ទាំង​ ២ ​កម្រិត​អ្នក​ជំនាញ​ទំនាក់ទំនង​អន្តរជាតិ​ និង​អ្នកសារព័ត៌មាន​ជាន់ខ្ពស់​នេះ​ក៏​បាន​លើកឡើង​ពី​អត្ថន័យ​នៃ​ពាក្យ​ដែល​ប្រើ​​នៅក្នុង​យុទ្ធសាស្ត្រ Indo-Pacific​គឺ​ «​សេរី Free» មាន​ន័យ​ថា​សេរីភាព​គ្មាន​ការ​បង្ខិតបង្ខំ​ពី​ប្រទេស​ណា​មួយ និង​ប្រជាពលរដ្ឋ​មាន​សេរីភាព​។

រីឯ​ពាក្យ​ថា​ «​ការបើក​ទូលាយ​ Open» គឺ​ការបើក​ទូលាយ​ទូទៅ ការបើក​ទូលាយ​ឲ្យ​នាំ​ទំនិញ​ចេញចូល ការបើក​ទូលាយ​វិនិយោគ និង​ពាណិជ្ជកម្ម​។ ​កិច្ចប្រជុំ​ចង់​ឲ្យ​មាន​យុទ្ធសាស្ត្រ Free and Open Indo-Pacific ជាក់លាក់ និង​មាន​យន្តការ​ច្បាស់លាស់ និង​ដំណើរការ​អនុវត្ត​យុទ្ធសាស្ត្រ​។

ការព្រួយបារម្ភ​គឺ​សមាជិក​អាស៊ាន​គួរ​តែ​ស្ថិត​នៅ​កណ្តាល​សិន​ (Centralization) និង​ធ្វើ​ទំនាក់ទំនង​រវាង​ប្រទេស​ និង​ប្រទេស និង​សមាជិក​រដ្ឋ​អាស៊ាន​ និង​ Indo-Pacific​។

មាន​ការ​លើក​ឡើង​មក​ជជែក​ដោយ​ឲ្យ​បន្ត​មាន​ការតភ្ជាប់​គ្នា​(Connectivity) រវាង​សមាជិក​​អាស៊ាន​ជាមួយ​នឹង​ប្រទេស​ចិន និង​សមាជិក​អាស៊ាន ជាមួយ Indo-Pacific ដោយ​​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​សន្តិសុខ នយោបាយ សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​នៅក្នុង​តំបន់​៕

ចូលរួម​ផ្តល់​យោបល់​តាមរយៈ soprach.tong@phnompenhpost.com