ទំនាក់ទំនងការទូតផ្លូវការរវាងកម្ពុជា និងសហរដ្ឋអាមេរិក ត្រូវបានបង្កើតឡើងនៅខែកក្កដា ឆ្នាំ ១៩៥០។ បើគិតមកដល់ ពេលនេះទំនាក់ទំនងការទូតរវាងប្រទេសទាំង ២ មានរយៈពេលជាង ៧០ ឆ្នាំហើយ ប៉ុន្តែទំនាក់ទំនងនេះហាក់នៅមិនទាន់ពេញវ័យទៅតាមអាយុកាលរបស់វានៅឡើយ។ ទំនាក់ទំនងរវាងប្រទេសទាំង ២ មានភាពស្មុគស្មាញ និងពិបាកប៉ាន់ស្មានតាំងពីមុន និងក្រោយកម្ពុជាទទួល ឯករាជ្យមកម្ល៉េះ។
ក្នុងរយៈពេលជាង ៧០ ឆ្នាំកន្លងមកនេះ ទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិកមានភាពចម្រុះ គ្មានស្ថិរភាព ម្តងរះ ម្តងលិច ម្តងឡើង ម្តងចុះ ហើយប្រទេសទាំង ២ ក៏ធ្លាប់បានផ្តាច់ទំនាក់ទំនងការទូតជាមួយគ្នាម្តងជា ២ ដងផងដែរ។ ទោះបែបនេះក្តី ទំនាក់ទំនងរវាងប្រទេសទាំង ២ ហាក់មានការរីកចម្រើនលើវិស័យមួយចំនួននាទសវត្សរ៍ចុងក្រោយនេះ។ ក្រោមរដ្ឋបាលរបស់លោក បារ៉ាក់ អូបាម៉ា គោលនយោបាយរបស់សហរដ្ឋអាមេរិកបានផ្តោតការយកចិត្តទុកដាក់ខ្លាំងលើអាស៊ាន ក៏ដូចជាអាស៊ីទាំងមូល។ សហរដ្ឋអាមេរិកបានពង្រឹងភាពជាដៃគូរបស់ខ្លួនមានលក្ខណៈស៊ីជម្រៅជាមួយសមាជិកនានារបស់អាស៊ានក្នុងនោះរួមទាំងកម្ពុជាផងដែរ។
ទំនាក់ទំនងរបស់សហរដ្ឋអាមេរិកជាមួយកម្ពុជាត្រូវបានតាក់តែង និងរៀបចំដោយផ្អែកលើយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកឆ្ពោះមកកាន់អាស៊ី (Pivot to Asia Strategy) ដែលជាយុទ្ធសាស្ត្រមានលក្ខណៈជវភាព និងទូលំទូលាយ។ យុទ្ធសាស្ត្រនេះផ្តោតលើសកម្មភាពជាច្រើន រួមមាន ការពង្រឹងសម្ព័ន្ធភាពសន្តិសុខទ្វេភាគី ការបង្កើតវត្តមានយោធាដែលមានមូលដ្ឋានទូលំទូលាយ ការចូលរួមក្នុងយន្តការស្ថាប័នពហុភាគីក្នុងតំបន់ ការពង្រីកពាណិជ្ជកម្ម និងវិនិយោគ និងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សជាដើម។ ការណ៍នេះមិនត្រឹមតែដើម្បីសម្រេចផលប្រយោជន៍ជាយុទ្ធសាស្ត្រ និងគុណតម្លៃរបស់សហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ចិននៅអាស៊ីអាគ្នេយ៍ផងដែរ។
ក្រោយមកសហរដ្ឋអាមេរិកក្រោមរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ហាក់មិនសូវឱ្យតម្លៃចំពោះអាស៊ាន ហើយទំនាក់ទំនងរបស់សហរដ្ឋអាមេរិកជាមួយបណ្តាប្រទេសមួយចំនួននៅអាស៊ានហាក់ដូចជាមិនសូវជាល្អ។ ទំនាក់ទំនងរបស់សហរដ្ឋអាមេរិកជាមួយកម្ពុជាហាក់ដូចជាមានភាពរកាំរកូសច្រើន។ ប៉ុន្តែទោះជាបែបនេះក្តីនៅចុងអាណត្តិរបស់ខ្លួន នាឆ្នាំ ២០១៩ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានផ្ញើលិខិតចំនួន ២ ច្បាប់មកកាន់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលជាឥរិយាបថការទូតដ៏កម្រ។
លិខិតទី១ គឺអញ្ជើញសម្តេចតេជោទៅចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អាមេរិក នៅឆ្នាំ ២០២០ និងលិខិតទី២ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃចំណងទាក់ទងទ្វេភាគីដោយបញ្ជាក់ថា សហរដ្ឋអាមេរិកចង់បង្កើនទំនាក់ទំនងចំណងមិត្តភាពទ្វេភាគីកាន់តែល្អប្រសើរថែមទៀតជាមួយកម្ពុជាដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក។ នៅក្នុងខ្លឹមសារលិខិតទី ២ នោះផងដែរ លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា សហរដ្ឋអាមេរិកគោរពអធិបតេយ្យភាពរបស់កម្ពុជា ហើយមិនគាំទ្រចំពោះការផ្លាស់ប្តូររបបម្តងណាឡើយ ព្រមទាំងស្នើសុំឱ្យក្រុមការងារកិច្ចការបរទេសនៃប្រទេសទាំង ២ កម្ពុជា-សហរដ្ឋអាមេរិក ធ្វើកិច្ចការជាមួយគ្នាដើម្បីស្តារចំណងមិត្តភាពរវាងប្រទេសទាំង ២ ឡើងវិញ។
ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសាទរចំពោះគំនិតផ្តួចផ្តើមជំនួបកំពូលរបស់លោក ដូណាល់ ត្រាំ ដោយកត់សម្គាល់ថា កិច្ចប្រជុំនេះនឹងលើកកម្ពស់ចំណងទាក់ទងរវាងអាស៊ាន និងសហរដ្ឋអាមេរិក។ គោលជំហររបស់សម្ដេចតេជោ ហ៊ុន សែន គឺច្បាស់លាស់ និងគាំទ្រធ្វើយ៉ាងណាឱ្យដៃគូយុទ្ធសាស្ត្រអាស៊ាន-សហរដ្ឋអាមេរិកបន្តរីកចម្រើន និងផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានគាំទ្រគំនិតផ្តួចផ្តើមនៃការបង្កើតក្រុមការងារដើម្បីស្តារ «ជំនឿទុកចិត្ត» រវាងប្រទេសទាំង ២។ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានយល់ព្រមឱ្យក្រុមការងារកិច្ចការបរទេសនៃប្រទេសទាំង ២ ធ្វើកិច្ចការជាមួយគ្នា ដើម្បីស្តារទំនុកចិត្ត និងភាពជឿជាក់ឡើងវិញ និងកសាងឡើងវិញនូវចំណងមិត្តភាពរវាងប្រទេស និងប្រជាជនយើងទាំង ២។
ទោះយ៉ាងណាក្តី គេនៅតែមានមន្ទិលថា តើប្រទេសទាំង ២ អាចជួសជុលទំនាក់ទំនង ដើម្បីស្តារឡើងវិញនូវអ្វីដែលបានបាត់បង់ពីអតីតកាលក្នុងរយៈពេលដ៏ខ្លីបែបនេះបានដែរឬយ៉ាងណា។ សំណួរសួរថា តើអ្វីជាផលប្រយោជន៍ដែលប្រទេសទាំង ២ សម្លឹងឃើញក្នុងទំនាក់ទំនងទ្វេភាគីរបស់ពួកគេ?
ប្រទេសកម្ពុជាថ្វីបើមានទំហំតូច ប្រជាជនតិច និងសេដ្ឋកិច្ចនៅទន់ខ្សោយក៏ពិតមែន ប៉ុន្តែទីតាំងភូមិសាស្ត្រ និងតួនាទីរបស់ខ្លួននៅក្នុងតំបន់ ប្រទេសកម្ពុជាពិតជាមានសារៈសំខាន់ជាយុទ្ធសាស្ត្រសម្រាប់សហរដ្ឋអាមេរិក។
ផលប្រយោជន៍របស់សហរដ្ឋអាមេរិកនៅកម្ពុជារួមមានការជំរុញការអភិវឌ្ឍ ពាណិជ្ជកម្ម ការវិនិយោគ បញ្ហាសន្តិសុខក្នុងតំបន់ ការពង្រឹងតួនាទីសង្គមស៊ីវិល គោលការណ៍លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ជាពិសេសគឺផលប្រយោជន៍ខាងភូមិសាស្ត្រនយោបាយ ដែលសហរដ្ឋអាមេរិកកំពុងប្រកួតប្រជែងយ៉ាងស្រួចស្រាល់ជាមួយចិន។ ការធ្វើឱ្យមានទំនាក់ទំនងល្អជាមួយកម្ពុជា សហរដ្ឋអាមេរិក មិនត្រឹមតែសម្រេចបាននូវផលប្រយោជន៍ និងគុណតម្លៃរបស់សហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចទប់ទល់នឹងឥទ្ធិពលរបស់ចិននៅអាស៊ីអាគ្នេយ៍ទៀតផង។
ចំពោះប្រទេសកម្ពុជាវិញ អាទិភាពរបស់ខ្លួនក្នុងទំនាក់ទំនងទ្វេភាគីជាមួយសហរដ្ឋអាមេរិក គឺដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រតាមរយៈជំនួយសហរដ្ឋអាមេរិក ពាណិជ្ជកម្មទ្វេភាគី ការវិនិយោគ និងកិច្ចសហប្រតិបត្តិការដើម្បីសន្តិភាព និងស្ថិរភាពតំបន់។ កម្ពុជាតែងផ្តល់សារៈសំខាន់ និងអាទិភាពខ្លាំងទៅលើសន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងប្រទេស និងនៅក្នុងតំបន់។
បើយើងសម្លឹងមើលពីផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ប្រទេសទាំង ២ ក្នុងទំនាក់ទំនងទ្វេភាគី គឺពិតណាស់ថា ប្រទេសទាំង ២ ត្រូវការគ្នាទៅវិញទៅមក។ ចុះហេតុអ្វីបានជាទំនាក់ទំនងរវាងប្រទេសទាំង ២ ចេះតែមានភាពរកាំរកូសនឹងគ្នា និងមិនមានភាពចាស់ទុំទៅតាមវ័យ? តើអ្វីជាឧបសគ្គរារាំងមិនឱ្យទំនាក់ទំនងរវាងប្រទេសទាំង ២ មានការរីកចម្រើន?
ក្នុងទិដ្ឋភាពនៃនយោបាយការបរទេស ប្រទេសទាំង ២ មានគោលដៅខុសគ្នា។ ក្នុងអំឡុងសតវត្សរ៍ទី ២០ ជាពិសេសក្នុងអំឡុងសង្គ្រាមត្រជាក់ គោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកត្រូវបានតាក់តែងឡើងជាពិសេសដើម្បីទប់ទល់នឹងកំណើនឥទ្ធិពលនៃលទ្ធិកុម្មុយនីស្តតែប៉ុណ្ណោះ ហើយអ្វីផ្សេងទៀតគឺជារឿងបន្ទាប់បន្សំ។ សហរដ្ឋអាមេរិកមិនដែលមានគោលនយោបាយការបរទេសច្បាស់លាស់ចំពោះតំបន់អាស៊ីអាគ្នេយ៍នោះទេនិយាយជារួម និងចំពោះកម្ពុជា និយាយដោយឡែក។
ចំណែកឯគោលដៅចម្បងនៃនយោបាយការបរទេសរបស់ប្រទេសកម្ពុជា គឺធ្វើយ៉ាងណា ដើម្បីឱ្យខ្លួនអាចរស់ក្នុងនាមជាប្រជាជាតិ និងជារដ្ឋអធិបតេយ្យមួយតាមមធ្យោបាយដែលអាចធ្វើទៅបាន។ កម្ពុជាមិនរើសអើងថា ជាលោកសេរី ឬលោកកុម្មុយនីស្តនោះឡើយ។
គោលដៅជាយុទ្ធសាស្ត្រនៃនយោបាយការបរទេសរបស់កម្ពុជា គឺដើម្បីរក្សាសន្តិភាព ស្ថិរភាព មិត្តភាព វិបុលភាព និងការអភិវឌ្ឍ និងដណ្តើមត្រឡប់មកវិញនូវកិត្យានុភាពជាតិដែលបាត់បង់ពីអតីតកាល។ ភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់កម្ពុជាជាមួយចិនត្រូវបានគេមើលឃើញថា នៅតែជាស្រមោលមួយដែលបិទបាំងការរីកលូតលាស់នៃទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក។ ដូច្នេះ ទំនាក់ទំនងរបស់កម្ពុជាជាមួយសហរដ្ឋអាមេរិកនៅតែស្មុគស្មាញ និងពិបាកប៉ាន់ស្មាន។ ចំពោះមុខ សហរដ្ឋអាមេរិកប្រហែលជាមិនចាប់យកកម្ពុជាជាដៃគូយុទ្ធសាស្ត្រទេ។
ក្នុងទស្សនៈរបស់ខ្លួន សហរដ្ឋអាមេរិកចាត់ទុកកម្ពុជាជាស្ត្រីដែលរៀបការរួចជាមួយនឹងប្រទេសចិន។ ទស្សនៈនេះធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំង ២ ហាក់ដូចជាជាប់សោជាមួយនឹងស្រមោលចិន។ ប៉ុន្តែជាក់ស្តែង កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសពហុវ៉ិចទ័រដែលជាផ្កាចម្រុះពណ៌ដោយមិនប្រកាន់លោកសេរី ឬលោកកុម្មុយនីស្តនោះឡើយ។
ម្យ៉ាងវិញទៀត បញ្ហានយោបាយផ្ទៃក្នុងកម្ពុជា ហាក់ដូចជាត្រូវបានសហរដ្ឋអាមេរិកប្រើប្រាស់ ដើម្បីជាថ្នូរក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយកម្ពុជា។ ដូច្នេះ នាំឱ្យមានគេមើលឃើញថា សហរដ្ឋអាមេរិកបានជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជា ដោយផ្តល់ការគាំទ្រដល់គណបក្សប្រឆាំង និងលើកទឹកចិត្តដល់ក្រុមសង្គមស៊ីវិលក្នុងស្រុក និងអន្តរជាតិ ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ដើម្បីបង្កើតរូបភាព «អវិជ្ជមាន» ចំពោះប្រទេសកម្ពុជា ដែលធ្វើឱ្យខូចមុខមាត់កម្ពុជានៅលើឆាកអន្តរជាតិ។
ទន្ទឹមនឹងនោះ ការយល់ឃើញខុសគ្នាទៅលើបញ្ហាលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា និងកង្វះភាពជឿជាក់ និងទំនុកចិត្តខាងនយោបាយ បានក្លាយជាបញ្ហាប្រឈមដ៏ធំមួយធ្វើឱ្យប្រេះស្រាំទំនាក់ទំនងរវាងប្រទេសទាំង ២។
ឥរិយាបថ អ្នកការទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាកន្លងមក ក៏ជះឥទ្ធិពលអវិជ្ជមាន ចំពោះទំនាក់ទំនងរវាងប្រទេសទាំង ២ ដែរ។ ពួកគេហាក់ដូចជាមិនសូវយល់ ឬមិនយកចិត្តទុកដាក់ពីតម្លៃអាស៊ី តម្លៃវប្បធម៌ និងអរិយធម៌ខ្មែរ ជាពិសេសរបត់ប្រវត្តិសាស្ត្រខ្មែរ។ ប៉ុន្តែ បន្ទាប់ពីមានវត្តមានរបស់ឯកអគ្គរដ្ឋទូតបច្ចុប្បន្នរបស់សហរដ្ឋអាមេរិក លោក Patrick Murphy ដែលជាអ្នកការទូតជើងចាស់ប្រកបដោយវិជ្ជាជីវៈ និងចំណេះដឹងពីសង្គម និងវប្បធម៌អាស៊ី និងកម្ពុជាច្រើន គេកត់សម្គាល់ឃើញថា ទំនាក់ទំនងរវាងប្រទេសទាំង ២ ហាក់មានស្ថិរភាព និងមានភាពប្រសើរឡើងជាងមុន។
ទោះបីជាបញ្ហាប្រឈមខាងលើត្រូវបានដឹង និងទទួលស្គាល់ដោយប្រទេសទាំង ២ ក៏ដោយ ប៉ុន្តែសំណួរដែលសួរថាតើកម្ពុជា និងសហរដ្ឋអាមេរិកត្រូវជួសជុលទំនាក់ទំនង និងស្តារទំនុកចិត្តគ្នាឡើងវិញដោយរបៀបណា នៅតែជាសំណួរដែលចោទឡើងជាញឹកញាប់ និងគេត្រូវការចម្លើយបំផុត។
ជាការយល់ឃើញទូទៅ ដើម្បីជួសជុលទំនាក់ទំនងដែលប្រេះស្រាំ និងបិទភ្ជិតគម្លាតនៃទំនុកចិត្ត ជាបឋម និងសំខាន់បំផុត ប្រទេសទាំង ២ គួរតែគោរពយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងផងគ្នា ដូចមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងការគោរពអធិបតេយ្យភាព និងបូរណភាពដែនដីគ្នាទៅវិញទៅមក។
ការស្ដារឡើងវិញនូវទំនុកចិត្ត និងការជឿជាក់គ្នាទៅវិញទៅមក ដូចដែលបានសន្យាដោយមេដឹកនាំនៃប្រទេសទាំង ២ គួរតែត្រូវបានដឹងតាមរយៈយន្តការចម្រុះ និងការទូតពហុបទ ដោយគោរពទស្សនៈផ្សេងគ្នា និងធ្វើការវាយតម្លៃដោយផ្អែកលើការពិត។ ភាពខុសគ្នាលើជ្រុងណាមួយ ឬទិដ្ឋភាពណាមួយ មិនគួរត្រូវបានអនុញ្ញាតឱ្យគ្របដណ្តប់លើទិដ្ឋភាពទូទៅនៃទំនាក់ទំនងទាំងមូលរវាងប្រទេសទាំង ២ ឡើយ។
ការសន្ទនាទ្វេភាគីឱ្យញឹកញាប់ និងត្រង់ទៅត្រង់មក គឺពិតជាមានសារៈសំខាន់ណាស់ដើម្បីកសាងទំនុកចិត្ត និងពូនជ្រំទំនាក់ទំនង និងមិត្តភាពរវាងប្រទេសទាំង ២ ឱ្យមានភាពចាស់ទុំសមនឹងវ័យ។ ជាមួយគ្នានេះដែរ ប្រទេសទាំង ២ គួរសម្របសម្រួលជំហររបស់ខ្លួនដោយបើកចិត្ត និងបេះដូងទទួលយកនូវភាពខុសគ្នា និងចេះធ្វើការជាមួយគ្នាឆ្ពោះទៅអនាគត។
ការផ្លាស់ប្តូរដំណើរទស្សនកិច្ចថ្នាក់ដឹកនាំជាន់ខ្ពស់រវាងប្រទេសទាំង ២ គួរតែធ្វើឡើងជាប្រចាំ និងញឹកញាប់ ដើម្បីចូលរួមចំណែកលើកកម្ពស់ការយល់ដឹងគ្នាទៅវិញទៅមក តាមរយៈការយល់ឃើញត្រឹមត្រូវពីគ្នា ដើម្បីពង្រឹង និងពង្រីកមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២ និងដើម្បីដោះស្រាយបញ្ហាក្នុងតំបន់ និងពិភពលោកដែលមានផលប្រយោជន៍រួមគ្នា។ ជាការកត់សម្គាល់ ការផ្លាស់ប្តូរដំណើរទស្សនកិច្ចថ្នាក់ដឹកនាំជាន់ខ្ពស់រវាងកម្ពុជា និងសហរដ្ឋអាមេរិក គឺកម្រកើតមានណាស់ ដែលការណ៍នេះធ្វើឱ្យមានគម្លាតធំក្នុងជំនឿទុកចិត្តគ្នា។
ក្នុងការលើកកម្ពស់ការយល់គ្នា និងការទុកចិត្តគ្នាទៅវិញទៅមក ប្រទេសទាំង ២ គួរតែស្វែងយល់ពីផលប្រយោជន៍ជាតិជាយុទ្ធសាស្ត្ររបស់គ្នាទៅវិញទៅមក និងគោលដៅ និងយុទ្ធសាស្ត្រនៃគោលនយោបាយការបរទេសរៀងៗខ្លួន ព្រមទាំងគោរពផលប្រយោជន៍គ្នាទៅវិញទៅមក និងស្វែងយល់ពីកង្វល់របស់គ្នាទៅវិញទៅមកផងដែរ។
ទន្ទឹមនឹងនោះដែរ វិធីសាស្ត្រមួយដែលមានប្រសិទ្ធភាពក្នុងការពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយកម្ពុជា សហរដ្ឋអាមេរិកគួរតែស្វែងយល់កាន់តែជ្រៅពីប្រវត្តិសាស្ត្រ ប្រព័ន្ធសង្គមវប្បធម៌ លក្ខខណ្ឌនយោបាយ សេដ្ឋកិច្ច និងភាពស្មុគស្មាញនៃនយោបាយអំណាច និងការផ្លាស់ប្តូរនៅកម្ពុជា។
សហរដ្ឋអាមេរិកគួរជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របស់ខ្លួនជាមួយកម្ពុជាតាមរយៈយុទ្ធសាស្ត្រការ៉ុតជាជាងដំបង។ ក្នុងបរិបទនៃការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយ ការប្រើប្រាស់យុទ្ធសាស្ត្រដំបង គឺមិនសូវមានប្រសិទ្ធភាពនោះទេ។ ទន្ទឹមនឹងនោះសហរដ្ឋអាមេរិកគួរតែពិចារណាលើកទឹកចិត្តដល់វិនិយោគិនរបស់ខ្លួន ឱ្យមកវិនិយោគនៅក្នុងប្រទេសកម្ពុជាឱ្យបានច្រើន ដូចដែលប្រទេសចិនកំពុងធ្វើ។
វាគួរតែដល់ពេលដែលសហរដ្ឋអាមេរិក និងកម្ពុជាចាកចេញពីស្រមោលចិន ដើម្បីជួសជុលទំនាក់ទំនងដែលប្រេះស្រាំនេះឡើងវិញ។ កម្ពុជាត្រូវបន្តគោរពដោយខ្ជាប់ខ្ជួននូវគោលការណ៍គ្រឹះនៃនយោបាយការបរទេសរបស់ខ្លួន ដូចដែលបានកំណត់ក្នុងរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ មាត្រា ៥៣ ដែលកំណត់ថា «ព្រះរាជាណាចក្រកម្ពុជាប្រកាន់ខ្ជាប់ជានិច្ចនូវនយោបាយអព្យាក្រឹតអចិន្រៃ្តយ៍ និងមិនចូលបក្សសម្ព័ន្ធ។ ព្រះរាជាណាចក្រកម្ពុជារួមរស់ដោយសន្តិសហវិជ្ជមានជាមួយប្រទេសជិតខាង និងប្រទេសដទៃទៀតទាំងអស់នៅលើសកលលោក»។
ទោះជាបែបនេះក្តី កម្ពុជាគួរអនុវត្តនយោបាយការបរទេសពហុវ៉ិចទ័រជាមួយបណ្តាប្រទេសទាំងអស់ដោយមិនប្រកាន់ថាលោកសេរី ឬលោកកុម្មុយនីស្ត ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន ដូចដែលពួកមហាអំណាចបានធ្វើដើម្បីផលប្រយោជន៍របស់ពួកគេ។ ផលប្រយោជន៍គ្មានពណ៌ ឬក្លិនលោកសេរី ឬលោកកុម្មុយនីស្តនោះទេ។
ប្រទេសចិនក្តី សហរដ្ឋអាមេរិកក្តីសុទ្ធតែបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។ ប្រទេសកម្ពុជាចាំបាច់ត្រូវរកមធ្យោបាយធ្វើឱ្យមានតុល្យភាពទំនាក់ទំនងរវាងមហាអំណាចទាំង ២ ដើម្បីទទួលបាននូវផលប្រយោជន៍ជាអតិបរមាលើវិស័យនយោបាយ សេដ្ឋកិច្ច និងការទូត។ កម្ពុជាមិនត្រូវជ្រើសរើសយកប្រទេសមហាអំណាចណាមួយមកជំនួសឱ្យប្រទេសមហាអំណាចមួយនោះទេ។
ជារួមទៅ កម្ពុជា និងសហរដ្ឋអាមេរិកនៅមានឱកាសច្រើន និងមានលម្ហទូលំទូលាយក្នុងការជួសជុលទំនាក់ទំនងដែលប្រេះស្រាំ និងការបិទភ្ជិតគម្លាតនៃទំនុកចិត្តរវាងគ្នា និងគ្នា។ យើងសង្ឃឹមថា មេរៀននៃទំនាក់ទំនងរវាងប្រទេសទាំង ២ រយៈពេល ៧០ ឆ្នាំមកនេះ វាគ្រប់គ្រាន់សម្រាប់ប្រទេសទាំង ២ ប្រើប្រាស់ ដើម្បីពូនជ្រំទំនាក់ទំនងរបស់ខ្លួនឱ្យមានស្ថិរភាព ស៊ីជម្រៅ គ្រប់ជ្រុងជ្រោយ និងរឹងមាំសម្រាប់រយៈពេល ៧០ ឆ្នាំទៅមុខ និងយូរអង្វែងទៅអនាគតទៀត៕
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា, រាជបណ្ឌិត្យសភាកម្ពុជា
(ទស្សនៈក្នុងអត្ថបទនេះជាទស្សនៈផ្ទាល់ខ្លួនរបស់អ្នកនិពន្ធ មិនឆ្លុះបញ្ចាំងជំហររបស់ទំនាក់ទំនងអន្តរជាតិនៃកម្ពុជា ឬរាជបណ្ឌិត្យសភាកម្ពុជានោះទេ)