សម្រាប់​ប្រទេស​កម្ពុជា ក៏​ដូច​ជា​ពិភព​លោក​ ជំងឺ​រាត​ត្បាត​កូវីដ ​១៩​ បាន​បង្ក​ជា​បញ្ហា​ប្រឈម​ដ៏​ស្រួច​ស្រាល់​បំផុត​ចំពោះ​សិទ្ធិ​​មនុស្ស​ជា​មូលដ្ឋាន​ចាប់​ពី​សិទ្ធិ​រស់​រាន​មាន​ជីវិត សិទ្ធិ​ទទួល​បាន​ការងារ​សមរម្យ​ សិទ្ធិ​ទទួល​ការ​អប់រំ ម្ហូប​អាហារ និង​ទីជម្រក​។​ល​។ ការ​បាត់បង់​ប្រាក់​ចំណូល​ដោយ​ផ្ទាល់​ដោយសារ​តែ​ការ​រំខាន​ដល់​ចង្វាក់​ផលិតកម្ម​ និង​ផ្គត់ផ្គង់​ពិភព​លោក​បាន​បង្ខំ​ឱ្យ​រោងចក្រ​កាត់​ដេរ​សម្លៀក​បំពាក់​ ស្បែក​ជើង​ និង​រោងចក្រ​ទំនិញ​សម្រាប់​ធ្វើ​ដំណើរ​ជាង​ ៤០០ ​កន្លែង​នៅ​កម្ពុជា​ផ្អាក​ប្រតិបត្តិការ​របស់​ខ្លួន និង​ធ្វើ​ឱ្យ​កម្មករ​ជាង​ ១៥ ម៉ឺន​នាក់​ស្ថិត​ក្នុង​សភាព​គ្មាន​​ការងារ​ធ្វើ​​។

ប្រឈម​នឹង​វិបត្តិ​នេះ កាល​ពី​ពេលថ្មីៗ​នេះ​កម្ពុជា​បាន​ដាក់​ចេញ​នូវ «កម្មវិធី​ឧបត្ថម្ភ​សាច់​ប្រាក់​ជូន​គ្រួសារ​ក្រីក្រ​ និង​ងាយ​រង​គ្រោះ​ក្នុង​អំឡុង​ពេល​ជំងឺ​កូវីដ ​១៩» ដែល​នេះ​ប្រហែល​ជា​កម្មវិធី​ផ្ទេរ​សាច់​ប្រាក់​ទ្រង់ទ្រាយ​ធំបំផុត​មិន​ធ្លាប់​មាន​ពី​មុន​​មក ដើម្បី​ទ្រទ្រង់​ជីវភាព​គ្រួសារ​ក្រីក្រ​ និង​ងាយ​រងគ្រោះ។ ​រដ្ឋាភិបាល​ត្រូវ​ចំណាយ ​២៥ ​លាន​ដុល្លារ​អាមេរិក​ក្នុង ​១ ខែ ដែល​នឹង​ផ្តល់​ផល​ប្រយោជន៍​ដល់​គ្រួសារ​​ចំនួន​ ៥៦ ម៉ឺន​​គ្រួសារ ​ឬ​ប្រជាជន​កម្ពុជា​ចំនួន ​២,​៣ ​លាន​នាក់។

អ្នក​ខ្លះ​រិះគន់​ថា ​របប​គាំពារ​សង្គម​​នេះ​គឺ «តិចតួច​ណាស់» ព្រោះ​វា​នឹង​មិន​អាច​ជួយ​អ្វី​ច្រើន​​ដល់​ការ​ចំណាយ​របស់​ប្រជាជន​​នោះ​ឡើយ ដោយ​កត់​សម្គាល់​​ថា​ ប្រជាជន​នៅ​រាជធានី​ភ្នំពេញ​ត្រូវ​ការ​យ៉ាង​ហោច​ណាស់ ​៣០០ ​ដុល្លារ ​ក្នុង​ ១ ​ខែ​ ខណៈ​ដែល​អ្នក​នៅ​តាម​ទីជន​បទ​ត្រូវ​ការ​យ៉ាង​ហោច​ណាស់ ​១៩០ ​ដុល្លារ ​​ដើម្បី​បំពេញ​តម្រូវ​ការ​របស់​ពួក​គេ​។ ក្នុង​ស្ថានភាព​លំបាក​បែប​នេះ ប្រទេស​កម្ពុជា​បាន​ទទួល​ទាំង​ការ​ដាក់​ទណ្ឌកម្ម​ផង និង​ជំនួយ​ផង​។

ខណៈ​ពេល​ដែល​ប្រទេស​កម្ពុជា ​កំពុង​ព្យាយាម​ដើម្បី​ទប់ទល់​នឹង​ជំងឺ​រាត​ត្បាត​នេះ រដ្ឋាភិបាល​ស៊ុយអ៊ែត​បាន​សម្រេច​ចិត្ត​បញ្ឈប់​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​បង្វែរ​ការ​គាំទ្រ​ផ្តោត​តែ​ទៅ​លើ​បញ្ហា​សិទ្ធិ​មនុស្ស​ ​និង​លទ្ធិប្រជាធិបតេយ្យ​។

កាល​ពី​ឆ្នាំ​មុន អតីត​ស្នងការ​ពាណិជ្ជកម្ម​អឺរ៉ុប​ លោកស្រី ​Cecilia Malmstrom ដែល​ជា​ជនជាតិ​ស៊ុយអែត​ដែរ​នោះ បាន​ចាប់​ផ្តើម​នីតិវិធី​ ដើម្បី​ព្យួរ​ជា​បណ្តោះ​អាសន្ន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​ក្រោម​ក្របខ័ណ្ឌ «អ្វីៗ​គ្រប់​យ៉ាង​លើកលែង​សព្វាវុធ (EBA)» ចំពោះ​​ប្រទេស​កម្ពុជា ​ដែល​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ឧស្សាហកម្ម​កាត់​ដេរ​ដែល​មាន​ទំហំ​រាប់​ពាន់​លាន​​ដុល្លារ​។ អ្វី​ដែល​គួរ​ឱ្យ​ហួស​ចិត្ត​នោះ ​គឺ​លោកស្រី​គឺ​​ជា​អ្នក​ដែល​បាន​មក​កាន់​​រដ្ឋធានី​ហាណូយ​ នៃ​ប្រទេស​វៀតណាម ​ដែល​​ជា​រដ្ឋ​កុម្មុយនីស្ត​ ដើម្បី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​សហភាព​អឺរ៉ុប​ និង​វៀតណាម​កាល​ពី​ខែ​មិថុនា ​ឆ្នាំ ​២០១៩​។ ផ្ទុយ​ទៅ​វិញ ក្រុមហ៊ុន​ឯកជន​របស់​ស៊ុយអែត ​Hennes & Mauritz (H&M) បែរ​ជា​បាន​សន្យា​បន្ត​ការ​បញ្ជា​ទិញ​ពី​កម្ពុជា ដើម្បី​កែ​លម្អ​ស្ថានភាព​ឧស្សាហកម្ម​កាត់​ដេរ។​ ភាព​ខុស​គ្នា​រវាង​រដ្ឋាភិបាល​ និង​វិស័យ​ឯកជន​ស៊ុយអែត ប្រហែល​ជា​បង្ហាញ​​អំពី​សំឡេង​ផ្សេងៗ​គ្នា​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​។

ទោះយ៉ាង​ណា​ក៏​ដោយ​វា​នៅ​តែ​ពិបាក​យល់​នៅ​ពេល​ដែល​យើង​ឃើញ​ថា ដៃ​ម្ខាង​កំពុង​ព្យាយាម​ជួយ​កម្ពុជា ប៉ុន្តែ​ដៃ​ម្ខាង​​ទៀត​បែរ​ជា​ធ្វើ​អ្វី​ផ្ទុយ​ពី​នេះ​​​។

ឧទាហរណ៍​នៅ​ពេល​សហភាព​អឺរ៉ុប​កំពុង​ចលនា​ធនធាន​បាន​ប្រមាណ ​៥០៤ ​លាន​ដុល្លារ​ ​ដើម្បី​គាំទ្រ​ដល់​ប្រទេស​កម្ពុជា ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាត​ត្បាត​ និង​កាត់​បន្ថយ​ផល​ប៉ះ​ពាល់​សេដ្ឋកិច្ច​សង្គម​ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ​សហភាព​អឺរ៉ុប​កំពុង​តែ​ត្រៀម​ខ្លួន ​ដើម្បី​​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​ពី​កម្ពុជា ​ដែល​អាច​នឹង​កាត់​ផ្តាច់​ប្រាក់​ចំណូល​រាប់​ពាន់​លាន​ដុល្លារ ចំពោះ​កម្មករ​កាត់​ដេរ​ និង​អ្នក​ពឹង​អាស្រ័យ​របស់​ពួក​គេ​ចំនួន​ ២-៣ ​លាន​នាក់​ទៅ​វិញ​។

នេះ​មិនមែន​បាន​ន័យ​ថា យើង​មិន​ឱ្យ​តម្លៃ​ដល់​ជំនួយ​អភិវឌ្ឍន៍​របស់​សហភាព​អឺរ៉ុប​ដែល​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ដល់​ប្រទេស​កម្ពុជា ​នោះ​ទេ។ ​ប៉ុន្តែ​សំណួរ​ដែល​សំខាន់​ដែល​ត្រូវ​ជជែក​ដេញ​ដោល​នោះ ​គឺ​ពាក់ព័ន្ធ​នឹង​គោល​គំនិត ​«ពាណិជ្ជកម្ម ប្រសើរ​ជាង​ជំនួយ​» (trade-​not-aid)។

សម្រាប់​ប្រទេស​កម្ពុជា ​ការ​ជំរុញ​ពាណិជ្ជកម្ម ​គឺ​ស្មើ​នឹង​ការ​ផ្តល់​ប្រាក់​ចំណូល​ដោយ​ផ្ទាល់​ដល់​ប្រជាជន។​ នៅ​ពេល​ដែល​ពាណិជ្ជកម្ម​កាន់​តែ​សម្បូរ​បែប​ ប្រាក់​ចំណូល​នឹង​ជ្រៀត​ចូល​កាន់​​តែ​ទូលំទូលាយ​ដល់​គ្រប់​​ស្រទាប់​នៃ​ប្រជាពលរដ្ឋ​ដោយ​ផ្ទាល់​។ សម្រាប់​ប្រទេស​កម្ពុជា ​ពាណិជ្ជកម្ម​នឹង​ផ្តល់​ឱកាស​កាន់​តែ​ខ្លាំង​ក្នុង​ការ​ពង្រឹង​ឯករាជភាព​ផ្នែក​សេដ្ឋកិច្ច​ និង​ការ​ពឹង​​ផ្អែក​លើ​ខ្លួន​​ឯង។ យ៉ាង​ណា​ក្តី​ចំណុច​ខ្សោយ​​​របស់​ប្រទេស​កម្ពុជា គឺ​នៅ​ត្រង់​ថា ​ទីផ្សារ​មាន​ទំហំ​តូច ​និង​សមត្ថភាព​ផលិត​នៅ​ខ្សោយ​​ បើ​ប្រៀប​ធៀប​ជាមួយ​ប្រទេស​ជិត​ខាង​ធំៗ ​២ គឺ​ថៃ និង​​វៀតណាម​។

បើ​និយាយ​រឿង​ជំនួយ​វិញ ទោះបី​ជា​ប្រទេស​ចិន​ និង​ជប៉ុន ​ជាម្ចាស់​ជំនួយ​ធំបំ​ផុត​របស់​កម្ពុជា​ក៏​ដោយ ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​កាន់​ប្រទេស​ទាំង ​២ ​នៅ​មាន​ទំហំ​តូច​បើ​ប្រៀប​ធៀប​ទៅ​នឹង​សហរដ្ឋ​អាមេរិក​ និង​សហភាព​អឺរ៉ុប។ ជាក់​ស្តែង ប្រទេស​កម្ពុជា ​បាន​នាំចេញ​ទំនិញ​មាន​តម្លៃ​ត្រឹម​តែ ​១,៣ ពាន់​លាន​​ដុល្លារ​ទៅ​កាន់​ប្រទេស​ចិន ​ក្នុង​ឆ្នាំ ​២០១៨​ និង ១,៧ ​ពាន់​លាន​ដុល្លារ ​ទៅ​កាន់​ប្រទេស​ជប៉ុន​ ​នៅ​ឆ្នាំ​ ២០១៩ ​បើ​ប្រៀប​ធៀប​នឹង ​៣,៨ ​ពាន់​លាន​ដុល្លារ ​ទៅ​កាន់​សហរដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ ​២០១៨ ​និង ​៦ ​ពាន់​លាន​ដុល្លារ ​ទៅ​កាន់​សហភាព​អឺរ៉ុប​នៅ​ឆ្នាំ ​២០១៨។

ឥឡូវ​នេះ​ប្រទេស​កម្ពុជា ​កំពុង​​ព្យាយាម​ចរចា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​ចិន​ និង​កូរ៉េ​ខាង​ត្បូង ​ខណៈ​ពេល​​ដែល​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​ជប៉ុន ​ហាក់​ដូច​ជា​នៅ​ឆ្ងាយ។​ ប្រទេស​ខ្លះ​ផ្តល់​ភាព​អនុគ្រោះ​ពាណិជ្ជកម្ម​ដល់​កម្ពុជា​ច្រើន​ ប៉ុន្តែ​ពួក​គេ​ផ្តល់​ឱ្យ​តែ​លើ​មុខ​ទំនិញ​ដែល​កម្ពុជា​គ្មាន​សមត្ថភាព​ផលិត​ប៉ុណ្ណោះ។ ​វិធានការ​មិនមែន​ពន្ធ​ក៏​ត្រូវ​បាន​ប្រើប្រាស់ ​ដើម្បី​កាត់​បន្ថយ​លទ្ធភាព​នាំចេញ​របស់​កម្ពុជា​។ បើ​មើល​ពី​សម្បក​ខាង​ក្រៅ​ ហាក់​បី​ដូច​ជា​ប្រទេស​​ទាំង​នោះ​បាន​ផ្តល់​សម្បទាន​ច្រើន​ខ្លាំង​ណាស់​ដល់​កម្ពុជា​។

ចំពោះ​ការ​ពិភាក្សា​លើ​ប្រធានបទ «ពាណិជ្ជកម្ម​ ប្រសើរ​ជាង​ជំនួយ» អត្ថបទ​របស់​អតីត​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក ​កូហ្វី​ អាណាន់ កាល​ពី​ឆ្នាំ​ ១៩៩៩​ នៅ​តែ​មាន​សារៈសំខាន់​រហូត​ទល់​សព្វ​ថ្ងៃ​។

«ពិត​ហើយ​ថា ពួក​គេ​ត្រូវ​ព្រួយ​បារម្ភ​អំពី​ការងារ​អំពី​សិទ្ធិ​​មនុស្ស​ អំពី​ពលកម្ម​កុមារ​ អំពី​បរិស្ថាន ​អំពីការ​ធ្វើ​អាជីវកម្ម​លើ​ការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ ​និង​វេជ្ជសាស្រ្ត។​ល។ ប៉ុន្តែ វា​មិន​ត្រឹមត្រូវ​ទាល់​តែ​សោះ​ដែល​ត្រូវ​ដាក់​កម្រិត​លើ​ការ​ធ្វើ​ពាណិជ្ជកម្ម ដើម្បី​ដោះ​ស្រាយ​បញ្ហា​គោល​នយោបាយ​ផ្សេង​ដែល​មិន​ពាក់ព័ន្ធ​នឹង​ពាណិជ្ជកម្ម​នោះ​​។​ ការ​ដាក់​បន្ទុក​បន្ថែម​លើ​​ភាព​ក្រីក្រ និង​រារាំង​ការ​អភិវឌ្ឍ តាមរយៈ​ការ​ដាក់​កម្រិត​លើ​ពាណិជ្ជកម្ម​បែប​នេះ ជា​ទូទៅ​តែងតែ​ធ្វើ​ឱ្យ​បញ្ហា​កាន់​តែ​ដុនដាប ពោល​គឺ​មិន​បាន​ជួយ​​ដោះ​ស្រាយ​បញ្ហា​នោះ​ទេ​» «ដូច្នេះ​វា​មិន​មែន​ជា​រឿង​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ទេ ដែល​ប្រទេស​កំពុង​អភិវឌ្ឍន៍​មាន​មន្ទិល​សង្ស័យ​ចំពោះ​អ្នក​ដែល​អះអាង​ថា​ កំពុង​តែ​ជួយ​ពួក​គេ​នៅ​ពេល​ដែល​អ្នក​ទាំង​នោះ​បែរ​ជា​ដាក់​លក្ខខណ្ឌ​ ឬ​ការ​រឹត​ត្បិត​បន្ថែម​ទៀត​ទៅ​លើ​ពាណិជ្ជកម្ម។ ប្រទេស​កំពុង​អភិវឌ្ឍន៍​ត្រូវ​បាន​គេ​ប្រាប់​ម្តង​ហើយ​ម្តង​ទៀត​ថា ពាណិជ្ជកម្ម​សេរី​គឺ​សំខាន់​ណាស់​ ហើយ​ពួក​គេ​ត្រូវ​បើក​ចំហ​សេដ្ឋកិច្ច​របស់​ពួក​គេ។ ជាក់​ស្តែង ប្រទេស​កំពុង​អភិវឌ្ឍន៍​បាន​បើក​សេដ្ឋកិច្ច​របស់​គេ​រួច​ទៅ​​ហើយ​ទោះបី​ជា​ត្រូវ​ខាតបង់​​​ច្រើន​ក៏​ដោយ​»។

នៅ​ពេល​ដែល​ប្រទេស​កម្ពុជា​ ​កំពុង​ឈាន​ទៅ​មុខ​នៅ​លើ​​ជណ្តើរ​នៃ​ការ​អភិវឌ្ឍ​គោល​គំនិត​ “ពាណិជ្ជកម្ម​ ប្រសើរ​ជាង​ជំនួយ​” ប្រហែល​ជា​នឹង​ត្រូវ​ក្លាយ​ជា​ប្រធាន​បទ​សំខាន់​ក្នុង​ទំនាក់ទំនង​រវាង​កម្ពុជា ជាមួយ​នឹង​ប្រទេស​ដៃ​គូ ប្រសិន​បើ​ប្រទេស​ដៃគូ​ទាំង​នោះ ពិត​ជា​មាន​ឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ការ​គាំទ្រ​ដល់​​ការ​ពង្រឹង​ការ​ពឹង​ផ្អែក​លើ​ខ្លួន​ឯង ​និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​របស់​ប្រទេស​កម្ពុជា មែន​នោះ​​៕

ស៊ឹម វីរៈ ទីប្រឹក្សា​យុទ្ធសាស្ត្រ​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី (AV​I)