រហូតមកទល់នឹងពេលនេះនៅមិនមាននរណាម្នាក់ត្រូវបានចាប់កំហុសអូសដំណើរ ឬក៏ផ្លាស់ប្ដូរពីតំណែងដោយសារតែករណីពុលទឹកព្រែក និងពុលនំប៉័ង ផ្ទួនៗនៅក្នុងខេត្តក្រចេះកាលពីដើមខែមុននោះទេបើទោះជាមានអ្នកស្លាប់ដល់ទៅជាង ១០ នាក់ និងជនរងគ្រោះប្រមាណជា ៣០០ នាក់ក៏ដោយ។
ដោយឡែកចំពោះការសុំលាលែងពីតំណែងដោយសារតែករណីទាក់ទងអាយុជីវិតនេះក៏គ្មានបង្ហាញពីភាពក្លាហានដែរ ដែលនេះហាក់ដូចមិនមែនជាទម្លាប់របស់ខ្មែរផងក៏មិនដឹង ខណៈដែលក្រោយកើតហេតុបានត្រឹមតែមានការព្រមានដកចេញពីតំណែង។
ចំណុចនេះបើប្រមើលមើលទៅពិភពខាងក្រៅគឺខុសពីប្រទេសខ្លះដែលមានការទទួលខុសត្រូវខ្ពស់គឺថ្នាក់ដឹកនាំគេហ៊ានលាលែងចេញពីតំណែងដូចជា លោក ជុង ហ៊ុងវ៉ុន (Chung Hong-won) អតីតនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងបានសុខចិត្ត ចុះចេញពីតំណែងដោយសារករណីខ្វះការទទួលខុសត្រូវចំពោះករណីលិចស្រឡាងដែលដឹកសិស្សានុសិស្សបណ្ដាលឲ្យស្លាប់កាលពីឆ្នាំ ២០១៤ កន្លងទៅ។
បើទោះណាជាមានការចុះអន្តរាគមន៍ដោយក្រសួងពាក់ព័ន្ធនៅលើទីតាំងកើតមានករណីពុលជាក់ស្តែងនៅខេត្តក្រចេះយ៉ាងគគ្រឹកគគ្រេងក៏ដោយ ក៏ហាក់មិនទាន់បានគ្រប់គ្រងស្ថានការណ៍ឲ្យបានគ្រប់ជ្រុងជ្រោយនៅឡើយទេ ហើយអ្នកដែលទទួលខុសត្រូវខ្ពស់នៅតាមស្ថាប័ននីមួយៗហាក់បានត្រឹមតែនិយាយយកត្រូវរៀងៗខ្លួនពីរឿងសារធាតុគីមីធ្វើឲ្យពុលប៉ុណ្ណោះ ខណៈដែលបន្ទុកខ្លាំងជាងគេគឺទំនងជាក្រសួងសុខាភិបាលតែម្ដង។
រឿងជួយសង្គ្រោះភ្លាមៗគឺជាបញ្ហាមួយ តែបញ្ហាដែលត្រូវដោះស្រាយបន្ត និងការធ្វើបច្ចុប្បន្នភាពនៃការវិវត្តលើការជួយពលរដ្ឋរងគ្រោះក៏ជាបញ្ហាចាំបាច់ផងដែរ ដើម្បីបង្ហាញពីតម្លាភាព និងគណនេយ្យភាពសង្គមជាជាងខំលាក់បាំងនូវអ្វីដែលអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធបានធ្វើនោះ។ កន្លងមកឃើញថាអាជ្ញាធរបានចុះជីកអណ្តូងអនាម័យដើម្បីជួយសង្គ្រោះជនរងគ្រោះភ្លាមៗ និងបានបិទក្រុមហ៊ុនជីករ៉ែមាសខុសច្បាប់មួយចំនួនដែលបានប្រើប្រាស់សារជាតិគីមីស្យានីដនៅខេត្តក្រចេះ ខេត្តមណ្ឌលគិរី និងខេត្តបាត់ដំបងផងដែរ។
ប៉ុន្តែផ្ទុយទៅវិញចំពោះការព្យាយាមបំបិទព័ត៌មានសឹងតែជាវប្បធម៌ដែលតែងតែកើតមាននៅកម្ពុជាទៅហើយចំពោះរឿងរ៉ាវដែលស្ថាប័នពាក់ព័ន្ធត្រូវធ្វើបន្ត ដើម្បីស្តារនីតិសម្បទាចំពោះអ្នកភូមិរងគ្រោះដូចនៅស្រុកចិត្របុរីជាទីដែលកើតមានករណីពុលនោះថា តើដល់ណាហើយ ខណៈព័ត៌មានបច្ចុប្បន្នភាពពីរឿងនេះក៏ដូចជាស្ងាត់ឈឹង? ដោយមិនដឹងថាអ្នកស្លាប់ទទួលបានការឧបត្ថម្ភពីរដ្ឋ និងសប្បុរសជនប៉ុន្មានហើយជនរងគ្រោះផ្សេងទៀតទទួលបានអ្វីខ្លះក្នុងការស្ដារស្ថានភាពឲ្យដូចដើមឡើងវិញនោះ? តែបើរឿងលេចធ្លោគឺច្រើនតែរំលេចឲ្យឃើញពីសកម្មភាពចុះមូលដ្ឋានទៅវិញ បើទោះបីជាមិនទាន់ដល់ថ្ងៃត្រូវចុះយុទ្ធនាការឃោសនារកសំឡេងឆ្នោតក៏ដោយ។
ជាទូទៅស្ថាប័ននីមួយៗ និងអាជ្ញាធរហាក់ដូចជាព្យាយាមធ្វើមិនដឹងមិនឮចំពោះករណីពុលនេះដែលជាហេតុនាំឲ្យមានការដាក់ជាសំណួរថា តើ ឯណាទៅពាក្យគណនេយ្យភាពសង្គមនោះ? ម្យ៉ាងវិញទៀតគ្រូពេទ្យខ្លះដូចជាត្រូវបានបែងចែកឲ្យទៅជួយទាញប្រជាប្រិយជាមួយនឹងបេក្ខភាពតំណាងរាស្ត្រនៅមណ្ឌលឈរឈ្មោះតាមរយៈការពិនិត្យសុខភាព ឬព្យាបាលដោយមិនយកលុយជាដើម។ តាមពិតទៅការងារនេះគឺធ្វើជាន់គ្នាជាមួយស្ថាប័នសុខាភិបាលដែលមានមន្ត្រីមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុកកំពុងធ្វើការផ្ទាល់ជាមួយពលរដ្ឋរួចហើយ។
ម្យ៉ាងការងារនេះហាក់ដូចជាបន្ទាប់បន្សំទេ តែអ្វីដែលសំខាន់នោះគឺការជួយសង្គ្រោះ និងស្តារឡើងវិញនូវនីតិសម្បទាដើម្បីបន្សាំទៅនឹងការរស់នៅរបស់ជនរងគ្រោះពីការពុលក្នុងតំបន់រងផលប៉ះពាល់ដោយសារជាតិគីមី ហើយក្នុងនាមជាស្ថាប័នអាណាព្យាបាលគួរដោះស្រាយបញ្ហានេះជាអាទិភាពជាជាងជិតបោះឆ្នោតចូលរួមចែកអំណោយដើម្បីសុំការគាំទ្រពីពលរដ្ឋនោះ។
ម្យ៉ាងវិញទៀតការលាក់បាំងនូវព័ត៌មានករណីដូចពុលនៅខេត្តក្រចេះនេះបានធ្វើឲ្យមានការបកស្រាយផ្សេងៗគ្នាដែលអាចធ្វើឲ្យមានការយល់ច្រឡំ ឬមួយក៏អាជ្ញាធរពាក់ព័ន្ធមិនបានធ្វើអ្វីទាល់តែសោះ? ឬក៏គ្មានការស្រាវជ្រាវស៊ើបអង្កេតត្រឹមត្រូវ? បើដូច្នោះមែនអ្នកស្លាប់បានត្រឹមតែស្លាប់ ហើយអ្នករងគ្រោះពីការពុលនោះបានត្រឹមតែឈឺខាតពេលវេលា។ ទីបញ្ចប់បើកន្លែងកើតហេតុនោះសល់អ្វីដែលហូបមិនបាន ប្រើមិនកើត ហើយបើនៅក្នុងស្រុកជួបវិបត្តិនោះគឺមានតែសម្រេចចិត្តធ្វើចំណាកស្រុកទៅក្រៅប្រទេសធ្វើការនៅស្រុកគេដើម្បីឲ្យបានត្រឹមតែបានរស់ តែខ្វះគុណភាពជីវិត។
សរុបមកវិញបញ្ហាពុលនៅខេត្តក្រចេះនេះមិនមែនមកពីប៉ះពាល់ដោយការប្រែប្រួលអាកាសធាតុនោះទេ គឺវាពាក់ព័ន្ធទៅនឹងការបំពុលនៃបរិស្ថាន និងសុខភាពសាធារណៈ។
ហេតុដូច្នេះរដ្ឋគួរតែបង្ហាញសមិទ្ធផលជាសាធារណៈទាក់ទងនឹងការដោះស្រាយទៅតាមបញ្ហាដែលកើតមានឡើងដោយផ្អែកទៅលើលទ្ធផលនៃការសិក្សាស្រាវជ្រាវជាក់ស្ដែងថា តើចេញមកទឹកមានជាតិពុលកម្រិតណា? និងស្រាកម្រិតណា? សារជាតិគីមីណាខ្លះ? ហើយមន្ត្រីជំនាញត្រូវតែព្យាបាលទឹកព្រែកហ្នឹង ឲ្យបានស្អាតសម្រាប់ការប្រើប្រាស់វិញក្នុងលក្ខខណ្ឌដែលការជីកអណ្តូងហើយប្រើទឹកមិនបាន ឬក៏ទឹកមិនចេញនោះ៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com