ឲ្យតែឮពាក្យថាដល់រដូវបោះឆ្នោតជាតិម្តងៗយុវជនដែលដល់អាយុបោះឆ្នោតមានលក្ខណៈស្វាហាប់ស្វែងយល់ពីការវិវត្តនយោបាយចូលរួមបោះឆ្នោតរីឯប្រជាពលរដ្ឋចាស់ៗមួយចំនួនហាក់បីដូចជាមានការធុញទ្រាន់ទៅនឹងការបោះឆ្នោតទៅវិញដោយសារស្ថានភាពនយោបាយរញ៉េរញ៉ៃទាំងមុន និងក្រោយការបោះឆ្នោតរាល់តែដងហើយក៏គ្មានឃើញអ្វីផ្លាស់ប្តូរដែរសម្រាប់ពួកគាត់។
នេះក៏ដោយសារតែការបរាជ័យនៃដំណើរការកសាងសន្តិភាពនៅកម្ពុជាចាប់តាំងពីការអនុវត្តកិច្ចព្រមព្រៀងសន្ធិសញ្ញាសន្តិភាពនៅទីក្រុងប៉ារីសថ្ងៃទី ២៣ ខែតុលា ឆ្នាំ ១៩៩១ រវាងភាគីខ្មែរទាំង ៤ ភាគីរដ្ឋកម្ពុជាភាគីហ្វុនស៊ិនប៉ិចភាគីរណសិរ្សរំដោះប្រជាពលរដ្ឋខ្មែរ និងភាគីខ្មែរក្រហមដើម្បីបញ្ឈប់ជម្លោះនៅកម្ពុជា។
នៅក្នុងកិច្ចព្រមព្រៀងនោះមានលក្ខខណ្ឌមួយចំនួនចាំបាច់តម្រូវឲ្យភាគីទាំងអស់ត្រូវតែគោរពដូចជាបទឈប់បាញ់គ្នានាំជនភៀសខ្លួនដែលរស់នៅតាមជំរំតាមព្រំដែនថៃវិលត្រឡប់មករស់នៅតាមស្រុកកំណើតរៀងៗខ្លួន ការអនុញ្ញាតឲ្យអង្គការសហប្រជាជាតិអ៊ុនតាក់ (UNTAC) ធ្វើការរៀបចំការបោះឆ្នោតលើកទី ១ នៅឆ្នាំ ១៩៩៣ និងរៀបចំសន្តិសុខដើម្បីមានស្ថិរភាពនយោបាយ។
បន្ទាប់ពីបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រលើកទី ១ រៀបចំឡើងនៅឆ្នាំ ១៩៩៣ ដែលមានគណបក្សហ្វុនស៊ីនប៉ិចឈ្នះអាសនៈច្រើនជាងគេតម្រូវឲ្យធ្វើជានាយរដ្ឋមន្ត្រីតែបែរជាគណបក្សប្រជាជនតវ៉ាមិនយល់ព្រមទទួលស្គាល់លទ្ធផលនេះមានតាំងពីការបង្កើតអបគមន៍ជាដើម។ តែក្រោយមកសម្តេចឪក៏រកដំណោះស្រាយដោយថាឲ្យអ៊ុនតាក់ត្រឡប់ទៅវិញទៅគាត់ចេះដោះស្រាយប្រទេសរបស់គាត់ហើយបន្ទាប់មកអ៊ុនតាក់ក៏ដកទាំងកងកម្លាំង ទាំងស៊ីវិលចេញពីស្រុកខ្មែរ។
នៅពេលដែលសម្តេចឪបានជ្រើសរើសការបែងចែកអំណាចឲ្យមាននាយករដ្ឋមន្ត្រី ២ នាក់គឺកាលនោះព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ នាយករដ្ឋមន្ត្រីទី ១ មកពីគណបក្សហ្វុនស៊ិនប៉ិចឈ្នះឆ្នោត និងលោក ហ៊ុន សែន នាយរដ្ឋមន្ត្រីទី ២ មកពីគណបក្សប្រជាជនឈ្នះឆ្នោតលំដាប់ទី ២ ហើយនៅពេលរៀបចំតាក់តែងរដ្ឋធម្មនុញ្ញជាតិបានកំណត់អាណត្តិនៃការបោះឆ្នោតរៀងរាល់ ៥ ឆ្នាំម្តងតែក៏មិនបានកំណត់អាណត្តិរបស់នាយករដ្ឋមន្ត្រីដែរគឺធ្វើមិនដឹងមិនឮដូចគ្នាចង់កេងចំណេញកាន់អំណាចបានយូរដូចគ្នា បើទោះបីជាដឹងថាវាផ្ទុយទៅនឹងប្រទេសកាន់របបប្រជាធិបតេយ្យក៏ដោយ។
នៅពេលធ្វើការរកាំរកូសនឹងគ្នារវាងគណបក្សកាន់អំណាចទាំងពីរក៏ឈានដល់ការប្រយុទ្ធគ្នាដណ្តើមអំណាចបង្ហូរឈាមគ្នានៅថ្ងៃទី ៥-៦ ខែកក្កដា ឆ្នាំ ១៩៩៧ កាលនោះក៏គ្មានអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិណាមកជួយធ្វើអន្តរាគមន៍ដែរទេដោយសារតែខ្មែរប្រាប់គេថាខ្លួនចេះដោះស្រាយដោយខ្លួនឯងហើយ។
ក្រោយមកស្ថានការណ៍ស្រុកទេសប្រសើរឡើងបានតែមួយភ្លែតក៏អាប់អួទៅវិញពោលគឺឲ្យតែមុន និងក្រោយការបោះឆ្នោតម្តងៗសភាពការណ៍នយោបាយតែងតែបំពុលដោយអ្នកនយោបាយមានតាំងពីការគំរាមកំហែង ការប្រើអំពើហិង្សាកាប់ និងបាញ់សម្លាប់ ការមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត និងការជាប់គាំងផ្នែកនយោបាយតែរហូត។
ស្រដៀងគ្នានេះដែរឥឡូវនេះមកដល់មុនការរៀបចំការបោះឆ្នោតជាតិនៅអាណត្តិទី ៦ ឆ្នាំ ២០១៨ ខាងមុខនេះទៀតគឺវិបត្តិនយោបាយក៏នៅមានរូបភាពដូចមុនដដែលដោយមន្ត្រីគណបក្សប្រឆាំងត្រូវបានយាយីតាមរយៈតុលាការមានមេបក្សដាក់មេផាយទៅស្រុកបារាំងវិញបាត់អនុបក្សក៏ជាប់ក្រុងដូចមាន់នៅក្នុងទ្រុងនៅក្នុងស្នាក់ការបក្សរីឯមេឃុំនៅខេត្តកំពង់ចាម និងសកម្មជនបក្សក៏ត្រូវជាប់ឃុំ។
ថ្មីៗនេះមានការបាញ់សម្លាប់លោក កែម ឡី អ្នកវិភាគនយោបាយតាមសារព័ត៌មានដែលធ្វើឲ្យមានការជ្រួលច្របល់ពីមាត់មួយទៅមាត់មួយសម្តែងពីទុក្ខសោកដោយមើលឃើញពីសេរីភាពក្នុងការបញ្ចេញមតិ ត្រូវបានគេរឹតត្បិត។
ឥឡូវនេះគណបក្សជាប់ឆ្នោតទាំង ២ កំពុងតែលាបពណ៌ដាក់គ្នា និងកេងប្រវ័ញ្ចគ្នារឿងសពលោក កែម ឡី ទាក់ទាញការចាប់អារម្មណ៍រៀងៗខ្លួនហើយមេបក្សបានបោះសម្តីឌឺដងដាក់គ្នាដូចអាយ៉ៃឆ្លើយឆ្លង។
ជាផលវិបាកវិបត្តិនយោបាយដោយមានការអភិវឌ្ឍតិចតួចធ្វើឲ្យប្រជាពលរដ្ឋក្រីក្រធ្វើចំណាកស្រុកត្រឡប់ទៅរកស៊ីធ្វើខ្ញុំគេនៅស្រុកថៃ តាមព្រំដែនវិញដដែល ត្រូវគេប៉ាន់ប្រមាណថាមាន ៧០ ម៉ឺននាក់ធ្វើការខុសច្បាប់នៅថៃ (Central, 2016) ដូចកាលពីរត់ទៅរស់នៅជំរំជនភៀសខ្លួនដូចកាលពីមុនកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងប៉ារីសឆ្នាំ ១៩៩១ ដដែល។ តើសន្តិភាពមានន័យថាយ៉ាងដូចម្តេច?
រីឯសហគមន៍អន្តរជាតិដែលមានតំណាងស្ថានទូតបានត្រឹមតែអំពាវនាវឲ្យបន្តវប្បធម៌សន្ទនាគ្នាឡើងវិញរវាងគណបក្សទាំង ២ ហើយម្យ៉ាងវិញទៀតលោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិបានទូរសព្ទ័ផ្ទាល់មកលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសឲ្យរដ្ឋាភិបាលឈប់យាយីមន្ត្រីសិទ្ធិមនុស្ស និងមន្ត្រីគណបក្សប្រឆាំងតែដូចជាគ្មានឃើញអ្វីប្រែប្រួលទេ។
កន្លងមកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បណ្តេញចេញអង្គការ Global Witness និងគំរាមបណ្តេញចេញការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សផងដែរហើយជាទូទៅលោកតែងតែប្រកាសថារឿងស្រុកខ្មែរទុកឲ្យខ្មែរដោះស្រាយដោយខ្លួនឯងមិនចាំបាច់មានបរទេសនោះទេ។
តែនៅពេលដែលកម្ពុជាមានទំនាស់គ្នាជាមួយប្រទេសថៃរឿងព្រំដែននៅប្រាសាទព្រះវិហារ កាលពីឆ្នាំ ២០០៨ រដ្ឋាភិបាលកម្ពុជាស្នើឲ្យអង្គការសហប្រជាជាតិជួយធ្វើអន្តរាគមន៍រឿងទំនាស់ជាមួយថៃនេះ ដើម្បីឲ្យជួយដឹងឮផងតែអង្គការសហប្រជាជាតិមិនរវល់ទេបានត្រឹមតែឲ្យប្រទេសទាំង ២ រកដំណោះស្រាយជាមួយគ្នាទៅហើយរដ្ឋាភិបាលថៃដែលឃើញក្រឡាស៊ីលើខ្មែរក៏តែងតែលើកថាប្រជុំតែទ្វេភាគីបានហើយ។
សម្រាប់អ្នកមានអំណាចដូចគ្នាអ៊ីចឹងដែរគណបក្សប្រឆាំងចេះតែខំប្រឹងដើររុករកការចូលរួមរកដំណោះស្រាយពីសហគមន៍អន្តរជាតិផងតែត្រូវបានបក្សកាន់អំណាចសព្វថ្ងៃនេះដែលកំពុងដាក់សម្ពាធមកលើបក្សប្រឆាំងតាមដែលអាចធ្វើទៅបានទៅវិញដូចលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែវាយបកចំអកទៅសហគមន៍អន្តរជាតិដែលជាម្ចាស់ជំនួយថារឿងកម្ពុជាទុកឲ្យកម្ពុជាដោះស្រាយខ្លួនឯងព្រោះកម្ពុជាកាលពីមុនរស់គ្មានជំនួយឯណាម៉េចរស់បាន។
មេរៀនបរាជ័យនៃការស្វែងរកដំណោះស្រាយទំនាស់ជាតិសាសន៍ខ្លួនឯងនេះមានឃ្លាដែលភាគីរដ្ឋាភិបាលកំពុងមានអំណាច ឬក៏កងទ័ពខ្លាំងជាងភាគីតូចៗជាទូទៅថា៖ «ប្រទេសខ្ញុំទុកឲ្យខ្ញុំដោះស្រាយបានហើយមិនចាំបាច់ត្រូវការអន្តរាគមន៍អន្តរជាតិទេ» ត្រូវបានសាស្ត្រាចារ្យអន្តរជាតិផ្នែកខាងការកសាងសន្តិភាពយកមកតាក់តែងរឿងនៅក្នុងមេរៀនដើម្បីជាបទពិសោធសម្រាប់ប្រទេសដែលដើរតួ និងអ្នកជំនាញធ្វើជាអ្នកសម្របសម្រួល (Mediator) ឲ្យស្វែងយល់បន្ថែមនូវឃ្លាគន្លឹះក្នុងការដំណើរការស្វែងរកសន្តិភាពជានិរន្តរភាពផងដែរ។
ដូចជាបច្ចុប្បន្ននេះគឺប្រទេស និងអ្នកជំនាញទាំងនោះកំពុងតែធ្វើការយ៉ាងហ្មត់ចត់នឹងការតាមដានក្នុងដំណើរការសន្តិភាពពិតប្រាកដទៅមុខជានិច្ចនៅប្រទេសទីម័រខាងកើតរដ្ឋអាចេស និងប្រទេសមីយ៉ាន់ម៉ាដោយយកឃ្លាសំខាន់ៗទាំងនេះមកគិតគូរពិចារណាដើម្បីកុំឲ្យដើរជាន់ដានភាពបរាជ័យនេះ។
ជាងនេះទៅទៀតពួកគេតែងតែងដាក់សំណួរថាតើពួកគេនឹងធ្វើអ្វីបន្ទាប់ពីទំនាស់ក៏ដូចជាសង្គ្រាមត្រូវបានបញ្ចប់?
ហេតុអ្វីបានជាដំណើរការសន្តិភាពនៅប្រទេសកម្ពុជាយើងចេះតែដើរថយក្រោយវិញអ៊ីចឹង? បើទោះបីជាអង្គការសហប្រជាជាតិខំចំណាយពេលវេលា និងថវិកាជាង ២ កោដិលានដុល្លារសម្រាប់ការបោះឆ្នោតដើម្បីបញ្ចប់ទំនាស់នៅកម្ពុជាផងហើយអ៊ុនតាក់ទុកឡានឡង់គ្រីស័រឲ្យប្រើផងទីបំផុតកញ្ជើធ្លុះបាត់ឡានឡង់គ្រីស័រស្ទើរតែទាំងអស់ពីស្រុកខ្មែរទៀត៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com