The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ការកេងបន្លំ​ដាក់​ជាតិ​មេតាណុល​ក្នុង​ស្រាស ធ្វើឲ្យ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​សុខភាព




ការកេងបន្លំ​ដាក់​ជាតិ​មេតាណុល​ក្នុង​ស្រាស ធ្វើឲ្យ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​សុខភាព

Content image - Phnom Penh Post
សមត្ថកិច្ច​ខេត្តកំពង់ឆ្នាំង​ប្រមូល​ស្រាស បន្ទាប់ពី​មាន​ពុល​ស្លាប់​។ រូបថត នគរបាល

ការកេងបន្លំ​ដាក់​ជាតិ​មេតាណុល​ក្នុង​ស្រាស ធ្វើឲ្យ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​សុខភាព

ខណៈ​ម្នាក់ៗ​ព្រួយបារម្ភ និង​មានការ​ភ័យខ្លាច​នូវ​ការឆ្លង​ជំងឺ​កូវីដ​ ១៩ ចូលក្នុង​សហគមន៍​នៃ​ព្រឹត្តិការណ៍​សហគមន៍​ថ្ងៃ​ ២៨ វិច្ឆិកា ហើយ​ក្រសួង​សុខាភិបាល​កោះហៅ​អ្នកពាក់ព័ន្ធ​ដែល​ប៉ះពាល់​ផ្ទាល់​ និង​មិនផ្ទាល់​នៃ​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩​ទាំងអស់ ដើម្បី​មក​ធ្វើតេស្ត​រក​មេរោគ​កូវីដ​ ១៩ និង​ធ្វើ​ចត្តាឡីស័ក​ ១៤ ​ថ្ងៃ ដើម្បី​ទប់ស្កាត់​ការរីករាលដាល​នៃ​ជំងឺ​នេះ​ឆ្លង​ចូល​សហគមន៍​។ មកទល់​ពេល​នេះ​លទ្ធផល​រកឃើញ​ ៤១ ​ករណី ​ឆ្លង​ជំងឺ​កូវីដ ​១៩ នៅក្នុង​ព្រឹតិ្តការណ៍​នេះ​។

ស្របពេល​ជាមួយ​គ្នា​នេះ​ដែរ ក៏​មាន​ព្រឹត្តិការណ៍​ផ្ទុះ​ករណី​ពុល​ស្រា​ «​ស​» ​នៅ​ថ្ងៃទី​ ២៨ ខែ​វិច្ឆិកា ​ដូចគ្នា​នៅ​ស្រុក​ទឹកផុស​ខេត្ត​កំពង់ឆ្នាំង​ដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ ៨ ​នាក់ ហើយ​ ១២០ ​នាក់​ផ្សេងទៀត​ធ្លាក់ខ្លួន​ឈឺ​ជា​ទម្ងន់​។ មន្ត្រី​ជំនាញ​ពី​ក្រសួង​ពាណិជ្ជកម្ម​បាន​ធ្វើ​តេស្ត​ស្រាស​នោះ​ឃើញ​មាន​កំហាប់​សារជាតិ​មេតាណុល​ខ្ពស់​ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​បាន ហើយ​សមត្ថកិច្ច​បាន​បិទ​ទីតាំង​ផលិត​ស្រាស​ទាំងអស់​នៅ​ស្រុក​ទឹកផុស​ជិត​ ៥១៧ ​កន្លែង និង​កន្លែង​លក់​ជាង​ ១ ​ពាន់​តូប ហើយ​ចាប់​បាន​មនុស្ស​ពាក់ព័ន្ធ​ក្នុង​ករណី​ពុល​ស្រា​នេះ​ចំនួន​ជាង​ ១០ ​នាក់ ហើយ​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដោយ​ចោទ​ពី​បទ​ករណី​ព្រហ្មទណ្ឌ​ការបំពុល​ចំណីអាហារ សម្លាប់​មនុស្ស​ដោយ​អចេតនា​។ នេះ​បើតាម​សារព័ត៌មាន​ក្នុង​ស្រុក​បាន​ចុះផ្សាយ​កន្លងមក​។

ខេត្ត​កំពង់ឆ្នាំង​មាន​ការស្លាប់​ដោយសារ​តែ​ផឹក​ស្រាស​ហ្នឹង​មិនមែន​កើត​ឡើងជា​លើក​ទី​១ ​នោះ​ទេ​ហើយ​ខេត្ត​ដែល​កើតឡើង​ញឹកញាប់​ជាងគេ​ដោយសារតែ​ពុលស្រា និង​ស្លាប់​ដោយសារ​ផឹកស្រា គឺ​នៅ​ខេត្ត​ក្រចេះ​ម្តងៗ​ពី​ ១០ ទៅ​ជាង​ ១០ ​នាក់ ​រហូត​ដល់​មន្ត្រី​មកពី​ក្រសួង​ឧស្សាហកម្ម​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​ចុះទៅ​បង្រៀន​ប្រជាពលរដ្ឋ​ដែល​ប្រកប​មុខរបរ​បិតស្រា​ស តាម​ស្រុក​ចំនួន​ ៥ ​នៅ​ខេត្តក្រចេះ​កាលពី​ឆ្នាំ​ ២០១៨​។

ការដែល​អ្នកលក់ ឬ​ក៏​អ្នក​ផលិត​ចេះតែ​នាំគ្នា​លួច​បន្ថែម​សារធាតុ​គីមី​មេតាណុល​នៅក្នុង​ស្រាស​ធ្វើឱ្យ​អ្នក​ផឹក​ស្រាស​ឆាប់​ស្រវឹង ហើយ​ស្រវឹង​ខ្លាំង​ងំ​ល្អ ដែលជា​តម្រូវការ​របស់​អ្នកទិញ​យក​ទៅ​ផឹក អ៊ីចឹង​ហើយ​បាន​ជាមាន​ទំនាក់ទំនង​គ្នា​រវាង អ្នក​តម្រូវការ និង​អ្នកផ្គត់ផ្គង់ ព្រោះ​អ្នក​តម្រូវការ​ចង់​បាន​ស្រាស​ខ្លាំង​ផឹក​ឆាប់​ស្រវឹង​។ តាមពិត​ទៅ​បើ​ទទួលទាន​ស្រាស​ដែល​បិត​ទៅតាម​មេដំបែ​តាម​ប្រពៃណី​តាំងពី​ដើម​មក កម្រ​មាន​បញ្ហា​ពុល​ណាស់ ព្រោះ​បិត​យកតែ​ចំហាយ​ស្រា​សមាន​បំពង់​បង្ហូរ​ចំហាយ​មក​ចេញ​ជា​ស្រាស​នោះ តែ​ការធ្វើ​ដូច្នេះ​គឺ​ទិន្នផល​តិច​ណាស់ យឺត មិន​គ្រប់គ្រាន់​ទៅ​នឹង​តម្រូវការ​ទីផ្សារ​របស់​អ្នក​ផឹក​។

ដូច្នេះ​ហើយ​ដើម្បី​បម្រើ​បាន​ទៅ​តាម​តម្រូវការ​ទីផ្សារ គឺ​អ្នកលក់​អាច​ច្នៃ​លួច​លាយ​ជាមួយ​ហ្នឹង​មេតាណុល ដើម្បី​ឱ្យមាន​សារជាតិ​ខ្លាំង​។ បើ​មិន​ដូច្នេះ​ទេ មាន​តែ​លាយ​ជាមួយ​ស្រាស​នាំ​ចូល​ពី​ប្រទេស​ជិតខាង​ទាំង​កានៗ ១ ​កាន​ស្មើ​ ៣០ ​លីត្រ​ ដើម្បី​យក​មក​លាយ​ជាមួយ​ស្រាស​ដែល​ខ្លួន​បាន​ផលិត​ដើម្បី​យក​ក្លិន​ដំបែ​ខ្លះ រួចហើយ​ចាក់​លាយ​ជាមួយ​ស្រាស​នាំចូល​ពី​ប្រទេសជិតខាង ហើយ​ថែម​សារធាតុ​មេតាណុល​ទៀត ដើម្បី​ឱ្យបាន​ចំណុះ​ច្រើន​ចំណេញ​ច្រើន ហើយ​ខ្លាំង​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​អ្នក​ផឹក​បាន​ទាន់ពេល ហើយ​ត្រូវចិត្ត​ទៀត​។

វិធីសាស្ត្រ​លាយ​នេះ​កន្លងមក​សមត្ថកិច្ច​ធ្លាប់​រឹបអូស​យក​ទាំង​កានៗ​ស្តុក​ទុក​លាយ​បែប​នេះ​របស់​ទីតាំង​ផលិត​ស្រាស ពេល​ករណី​ពុល ឬ​ក៏​ស្លាប់​កើតឡើង​ហ្នឹងហើយ​ដើម្បី​ឱ្យគេ​ជឿថា ខ្លួន​រកស៊ី​លក់​ស្រាស ទាល់តែ​បង្កើត​កន្លែង​បិត​ស្រាស តែ​ជាក់ស្តែង​គ្រាន់តែ​យក​លេស​មក​លាយ​ស្រាស​ច្រើនជាង​ដោយ​មិន​ខ្វល់​ពី​សុខភាព​របស់​អ្នកប្រើប្រាស់​នោះទេ​។ អ្វីដែល​ទទួលផល​ពី​ស្រាស​នាំចូល​មែនទែន​នោះ គឺ​មន្ត្រី​នៅ​ប្រចាំការ​នៅ​ច្រកព្រំដែន​ដែល​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ស្រាស​ចូលមក​ទាំង​កានៗ ចែកចាយ​ពេញ​ទី​ផ្សារ​ប្រទេស​កម្ពុជា​។

សម័យ​នេះហើយ​មិន​គួរឱ្យ​មនុស្ស​ស្លាប់​ងាយៗ​ពេក​ទេ​ជាពិសេស​រឿង​មិនគួរ​កើត​តែម្តង​ដោយសារ​តែ​ឥរិយាបថ​របស់​អ្នក​ផលិត​ស្រាស​មានចិត្ត​លោភលន់ ដោយ​មិន​គិតពី​សុខភាព​របស់​អ្នកប្រើប្រាស់​។ នៅពេល​ដែល​អ្នក​ផលិត​ស្រាស ដែល​មាន​ជាតិ​អាល់កុល​ហើយ​នាំគ្នា​លាយ​មេតាណុល​ទៀត​វា​ក៏​ធ្វើឱ្យប៉ះពាល់​សុខភាព​អ្នកប្រើប្រាស់​ផ្សេងៗ​ទៀត​ក្រៅពី​អ្នក​ផឹក អ្នកលក់​ខ្លះ​នៅតែមាន​ចរិត​កេងប្រវ័ញ្ច​យក​ស្រា​ដែល​មាន​ជាតិ​មេតាណុល​មក​លក់​ធ្វើជា​អាល់កុល​សម្រាប់​លាងដៃ​កុំឱ្យ​ឆ្លង​មេរោគ​កូវីដ ​១៩​។

នៅពេល​អ្នកលក់​អាល់កុល​នាំគ្នា​យក​ស្រាស​មក​លក់​ជំនួស​អាល់កុល​ធ្វើ​ក្លែងក្លាយ​បែប​នេះ គឺអាច​ធ្វើទុក្ខ​ទោស​ពុល​ដល់​កុមារ ឬ​ក៏​អ្នក​ដែលមាន​សុខភាព​ខ្សោយ​នៅពេល​ពួកគេ​លាងដៃ​នឹង​ស្រាស​ដែលមាន​ជាតិ​មេតាណុល ដើម្បី​កម្ចាត់​កូវីដ ​១៩​។ កន្លងមក​សមត្ថកិច្ច​ចាប់​ផាកពិន័យ និង​រឹបអូស​យក​អាល់កុល​ក្លែងក្លាយ​ដែល​មាន​ជាតិ​មេតាណុល​បែបនេះ​ច្រើន​គួរសម​ដែរ តែ​បញ្ហា​នេះ​នៅតែ​មិន​រាងចាល​សោះ​។

ជា​ផលវិបាក​រយៈពេល​វែង បើកាលណា​អ្នក​ផឹក​ស្រាស ដែលមាន​សារធាតុ​មេតាណុល​រាល់ថ្ងៃ ចាស់ខែ​ឆ្នាំទៅ​ក៏​ក្លាយទៅជា​ជំងឺ​រ៉ាំរ៉ៃ​ដូចជា​រលាក​ថ្លើម រលាក​ក្រពះ​ទឹកនោមផ្អែម ឡើង​សម្ពាធ​ឈាម លើសឈាម​មហារីក​ និង​សុខភាព​ទ្រុឌទ្រោម​ស្លាប់​មុន​អាយុ​។ ហេតុ​ដូច្នេះហើយ​សមត្ថកិច្ច​ដែល​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ (​គ.ប.ផ.ក ) ​ថ្នាក់​រាជធានី​-​ខេត្ត គួរតែ​ផ្លាស់ប្តូរ​យុទ្ធសាស្ត្រ​ក្នុង​ការរឹតបន្តឹង​ការអនុវត្ត​ចំពោះ​បញ្ហា​ស្រាស​ទៅលើ​គុណភាព​ដែល​មាន​សារធាតុ​មេតាណុល ជាពិសេស​ចំពោះ​ការនាំ​ចូល​ស្រាស​ទាំង​កានៗ​តាម​ច្រកព្រំដែន ដែល​គ្មាន​គុណភាព​មិនត្រូវ​អនុញ្ញាត​ឱ្យ​នាំចូល​ទេ​។

ប្រសិន​បើ​នៅតែ​មាន​កើតឡើង​ករណី​ពុល​ស្រាស​រប៉េះរប៉ោះ​គឺ​បិទ​ទីតាំង​កន្លែង​ផលិត​ស្រាស​ទូទាំង​ប្រទេស​បណ្តោះអាសន្ន​សិន ដើម្បី​ជាការ​ព្រមាន​នូវ​ការ​ក្លែងបន្លំ​ដាក់​បន្ថែម​សារធាតុ​មេតាណុល​នៅក្នុង​ស្រាស​នោះ គឺ​មិន​ត្រឹមតែ​ប៉ះពាល់​អ្នក​ផឹក​ទេ គឺ​ប៉ះពាល់​ដល់​អ្នកប្រើប្រាស់​ដែល​អ្នកលក់​បន្លំ​ធ្វើជា​អាល់កុល​យកមក​លាងដៃ​កម្ចាត់​មេរោគ​កូវីដ​ ១៩​ ផងដែរ​។ ចំណុច​ដែល​សំខាន់​នោះ​គឺ​តម្រូវ​ឱ្យ​ទីតាំង​កន្លែង​បើក​ផលិត​ស្រា ត្រូវ​តែ​ចុះបញ្ជី​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម និង​មន្ទីរ​ឧស្សាហកម្ម​រាជធានី-ខេត្ត ត្រឹមត្រូវ ហើយ​ទទួល​ខុសត្រូវ​ចំពោះមុខ​ច្បាប់ ប្រសិន​បើ​ក្លែងក្លាយ​លាយ​សារធាតុ​មេតាណុល​ក្នុង​ស្រាស​៕

ចូលរួម​ផ្តល់​យោបល់​តាមរយៈ soprach.tong@phnompenhpost.com

អត្ថបទគួរចាប់អារម្មណ៍