
ក្រុមនិស្សិតនៅក្នុងពិធីទទួលសញ្ញាបត្រនាពេលកន្លងមក។ ហេង ជីវ័ន
បើទោះបីជាមិនមានច្បាប់ ឬក៏គោលនយោបាយជាក់លាក់ណាមួយពីក្រសួងអប់រំនៅបណ្តាប្រទេសផ្សេងៗ ដែលកំណត់តម្រូវឲ្យនិស្សិតរៀនតែ ១ មហាវិទ្យាល័យ ឬក៏ ១ មុខវិជ្ជានៅតាមសាកលវិទ្យាល័យអន្តរជាតិ ឬក៏នៅអាស៊ានក្តីក៏និស្សិតនៅស្រុកគេកំណត់ខ្លួនឯងរៀនតែ ១ មុខជំនាញនៅមហាវិទ្យាល័យតែ ១ ដែរ។
ពោលគឺកម្រណាស់ដែលនិស្សិតចង់រៀនមុខវិជ្ជា ២ ក្នុងពេលតែមួយឧទាហរណ៍ ដូចជារៀនមុខវិជ្ជាច្បាប់ផង និងមុខវិជ្ជាបច្ចេកទេសសំណង់ផង នៅថ្នាក់បរិញ្ញាបត្រ ករណីនេះទាល់តែនិស្សិតហ្នឹង រៀនពូកែណាស់ហើយសាកលវិទ្យាល័យជាអ្នកវាយតម្លៃថាអាចឲ្យរៀនបាន។ នេះជាការចែករំលែកបទពិសោធពីសាស្ត្រាចារ្យបង្រៀននៅក្នុងស្រុក និងនៅបរទេស។ មានន័យថា និស្សិតគាត់ធ្វើការ ២ ដងហើយសាលាព្រួយបារម្ភអំពីបរាជ័យ ជួនកាលទៅគាត់អាចបោះបង់ពាក់កណ្តាលទីម្យ៉ាងគាត់អាចខូចអនាគត ប្រសិនបើគាត់ទៅមុខមិនរួច។
ចំពោះលក្ខខណ្ឌនៅសាកលវិទ្យាល័យនៅប្រទេសអង់គ្លេសវិញ និស្សិតដែលប្រឡងជាប់ទទួលបានអាហារូបករណ៍គឺសាលាកំណត់ឲ្យរៀនតែ ១ មុខវិជ្ជាទេ ហើយបើនិស្សិតអាហារូបករណ៍នោះរៀនធ្លាក់វិញគឺសាលាតម្រូវឲ្យសងទៅតាមកិច្ចសន្យារវាងសាលា និងនិស្សិត។
និស្សិតខ្លះគាត់ខ្ចីលុយពីរដ្ឋពីសាលាឬក៏ធនាគារមកវិនិយោគការសិក្សារបស់គាត់គឺរឹតតែមិនហ៊ានរៀន ២ មហាវិទ្យាល័យទៀតហើយព្រោះគេកំណត់ឲ្យរៀនយកតែ ១ មុខវិជ្ជាទេ ហើយណាមួយអត់លុយបង់សាលាផង។ ម្យ៉ាងទៀតកិច្ចការសាលាក៏ច្រើនទៀត សម្រាប់និស្សិតនៅបរិញ្ញាបត្រ ឬក៏នៅបរិញ្ញាបត្រជាន់ខ្ពស់រៀនតែ ១ មុខធ្វើមិនចង់ទាន់ឲ្យគ្រូផង។
តែមានសាកលវិទ្យាល័យនៅអូស្ត្រាលីមួយចំនួនគឺអនុញ្ញាតឲ្យនិស្សិត រៀនចំណេញពេល ១ ឆ្នាំដែរ ប្រសិនបើគាត់មានបំណងចង់បន្តទៅថ្នាក់បណ្ឌិតតែម្តងគឺរៀនបរិញ្ញាបត្រ ៤ ឆ្នាំហើយរៀនសិក្សាស្រាវជ្រាវតែ ១ ឆ្នាំទេ (Bachelor of Letters-B.Litt.) រួចហើយឆ្លងទៅរៀនបណ្ឌិតតែម្តង។
បើសាកលវិទ្យាល័យរៀនតាមក្រេឌីត (Credits) គឺនិស្សិត គេរៀននៅបរិញ្ញាបត្រ ៤ ឆ្នាំធម្មតា តែដល់ពេលរៀនបរិញ្ញាបត្រជាន់ខ្ពស់ ២ ភ្ជាប់តគ្នាបានដោយសាលាកាត់ក្រេឌីតឲ្យបានច្រើនបើមុខវិជ្ជាប្រហាក់ប្រហែលគ្នា ឧទាហរណ៍ថា និស្សិតរៀនមុខវិជ្ជាសុខភាពសាធារណៈថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ២ ឆ្នាំចប់ហើយបន្តយកមុខវិជ្ជាកិច្ចការសង្គមគឺសាលាអាចកាត់សល់តែ ១ ឆ្នាំទេ មានន័យថារៀន ៣ ឆ្នាំបានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ដល់ទៅ ២ តែមិនមែនមានន័យថានិស្សិតរៀនក្នុងពេលតែ ១ ទេ។
ករណីរៀនតាមក្រេឌីតនេះនៅស្រុកខ្មែរគឺខ្ញុំកំពុងរៀននៅសាកលវិទ្យាល័យកម្ពុជាកំពុងតែអនុវត្ត ហើយអាចកាត់ក្រេឌីតបានទៅតាមមេរៀនដែលបានរៀនរួចហើយចំណេញពេលទៀត និងមានគុណភាពល្អ។
តែផ្ទុយទៅវិញនៅស្រុកខ្មែរ សព្វថ្ងៃនៅមាននិស្សិតដែលនិយមរៀន ២ ទៅ ៣ មុខវិជ្ជា ឬក៏មហាវិទ្យាល័យ ជាពិសេសនៅថ្នាក់បរិញ្ញាបត្រគឺមានច្រើន តែមិនមានទិន្នន័យជាក់លាក់នោះទេ។ ឧទាហរណ៍ និស្សិតខ្លះ រៀនមុខវិជ្ជាច្បាប់នៅសាកលវិទ្យាល័យភូមិន្ទច្បាប់ និងសេដ្ឋកិច្ច (RULE) ផងរៀនមុខវិជ្ជាភាសាអង់គ្លេស នៅសាលាភាសាបរទេស (IFL) ហើយពេលយប់ ឆ្លៀតរៀនមុខវិជ្ជាគ្រប់គ្រង នៅសាកលវិទ្យាល័យកម្ពុជាទៀត។
រីឯនិស្សិតខ្លះទៀតរៀនផ្នែកហិរញ្ញវត្ថុនៅសាកលវិទ្យាល័យន័រតុនផង ទៅរៀននៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលទៀត ចំណែកឯខ្លះរៀនមុខវិជ្ជា ២ ហើយឆ្លៀតទៅធ្វើការក្រៅម៉ោងទៀត។ នៅពេលដែលរៀនច្រើនមុខវិជ្ជា ហើយធ្វើការទៀតគឺនឿយហត់ ហើយថ្ងូរឈឺក្បាល គេងមិនលក់ស៊ប់ ធ្វើកិច្ចការសាលាមិនទាន់។
តែក៏មាននិស្សិតតិចតួចដែលរៀន ២ ឬក៏ ៣ មុខវិជ្ជា នៅពេលតែ ១ គឺគាត់រៀនពូកែផងដែរ តែចេះតែទៅហើយឈប់ខ្លះទៅសាលាខ្លះចាំដល់ពេលប្រឡងម្តងៗចេញពី ១ ទៅ ១ មិនដឹងជារៀនអ្វីទុកអ្វីនោះទេ។
កន្លងមកក៏មាននិស្សិតខ្លះរត់អត់រួចចោល ១ មុខវិជ្ជាពាក់កណ្តាលផ្លូវឆ្នាំទី ២ ព្រោះរៀនមិនទាន់រៀនតិចណូ (ITC) ផង រៀននៅ RULE ផង។ ឯណាទៅគុណភាពអប់រំនៅថ្នាក់ឧត្តមសិក្សា?
នេះក៏ដោយសារតែពួកគេប្រឡងជាប់ច្រើនមុខហើយស្តាយមិនចង់ឈប់ អ៊ីចឹងក៏ចេះតែទៅរៀនទាំង ២ ទាំង ៣ ទៅរីឯនិស្សិតខ្លះទៀតគ្រួសារមានលុយ ឲ្យរៀនថ្នាក់បរិញ្ញាបត្រ ២ មហាវិទ្យាល័យក្នុងពេលតែមួយ។
ការដែលនិស្សិតរៀនថ្នាក់បរិញ្ញាបត្រពី ២ ទៅ ៣ មហាវិទ្យាល័យនេះមិនត្រឹមតែប៉ះពាល់គុណភាពអប់រំប៉ុណ្ណោះទេ គឺប៉ះពាល់ដល់និស្សិតដែលជាប់បម្រុង ឬក៏អាចត្រូវប្រឡងជាប់មានឱកាសរៀនហើយ បែរជាមិនបានរៀនទៅវិញ ដោយសារតែអ្នកប្រឡងជាប់ ២ ទៅ ៣ មុខវិជ្ជារៀនតែម្នាក់ឯងមិនផ្តល់ឱកាសឲ្យនិស្សិតដទៃទៀត ហើយទីបំផុតទៅបោះបង់នៅឆ្នាំទី ២ ឬទី ៣ ចោលកន្លែងទទេ។
ករណីដែលនិស្សិតរៀន ២ ទៅ ៣ មុខវិជ្ជានេះធ្វើឲ្យប៉ះពាល់ទៅនឹងទិន្នន័យរបស់និស្សិតរៀននៅឧត្តមសិក្សាផងដែរ ឧទាហរណ៍នៅឆ្នាំសិក្សា ២០១៥-១៦ មាននិស្សិតថ្នាក់បរិញ្ញាបត្រកំពុងសិក្សាចំនួន ១៧៧ ១៤២ នាក់ តើចំនួននេះពិតជាចំនួននិស្សិតសរុបមែនទេ? នៅឆ្នាំដដែលហ្នឹងមាននិស្សិតបានទទួលសញ្ញាបត្របរិញ្ញាបត្រសរុប ៤៤ ៦០០ នាក់ធាតុពិតមាននិស្សិតពិតប្រាកដ ដែលទទួលសញ្ញាបត្រតែ ៤ ម៉ឺននាក់ទេ? ព្រោះ ៤៦០០ នាក់គឺនិស្សិតដែលរៀន ២ ឬ ៣ មុខវិជ្ជាមាននៅក្នុង ៤ ម៉ឺននាក់រួចហើយ។ ទិន្នន័យនេះធ្វើឲ្យប៉ះពាល់អ្នកធ្វើគោលនយោបាយ និងផែនការនៅតាមស្ថាប័នពាក់ព័ន្ធ ព្រោះតួលេខមិនពិតប្រាកដ។
ហេតុដូចនេះហើយក្រសួងអប់រំ និងគណៈកម្មការទទួលស្គាល់គុណភាពអប់រំកម្ពុជាគួរតែគិតគូរពិចារណាចំពោះផលប៉ះពាល់ពីការសិក្សារបស់និស្សិតដែលរៀន ២ ឬក៏ ៣ មហាវិទ្យាល័យ ដើម្បីពង្រឹងគុណភាពអប់រំនៅថ្នាក់ឧត្តមសិក្សា។
កន្លងមកក្រសួងបានធ្វើកំណែទម្រង់ជាច្រើនហើយនៅកម្រិតវិទ្យាល័យចុះក្រោម តែថ្នាក់ឧត្តមសិក្សានៅមិនទាន់បានចេញគួរឲ្យកត់សម្គាល់នៅឡើយទេ៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com