ជារៀងរាល់ឆ្នាំរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋតែងតែរៀបចំប្រារព្ធពិធី និងចូលរួមបុណ្យទន្លេ បុណ្យសមុទ្រ និងបុណ្យអុំទូក បើអ្នកកូនកាត់ចិនវិញ គេធ្វើដល់ទៅសែនក្បាលទឹកទៀតផង។
សកម្មភាពទាំងនេះ ក្នុងទស្សនទានចម្បង គឺការធ្វើបុណ្យឲ្យទឹកការសម្តែងនូវការថ្លែងអំណរគុណដល់ទឹកដែលបានផ្តល់នូវសេចក្តីសុខ និងសុខភាពដល់មនុស្សជាតិ សត្វ និងជីវចម្រុះ ដោយគ្រាន់តែប្តូរប្រធានបទខុសៗគ្នា ដើម្បីថែរក្សាបរិស្ថាន និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
កាលពីចុងសប្តាហ៍កន្លងទៅបុណ្យសមុទ្រត្រូវបានធ្វើនៅខេត្តកំពត ក្រោមប្រធានបទ «ទីក្រុងស្អាត ឆ្នេរល្អ ទេសចរណ៍រុងរឿង» និងបុណ្យទន្លេត្រូវបានធ្វើឡើងនៅខេត្តកំពង់ឆ្នាំងកាលពីខែមីនា ឆ្នាំ ២០១៩ ក្រោមប្រធានបទ «ទន្លេនៃជីវិតសុភមង្គល និងកំណើនទេសចរណ៍»។ មិនថាតែប្រទេស កម្ពុជា ទេ ដោយសារនៅលើពិភពលោកពី ១ ឆ្នាំ ទៅ ១ ឆ្នាំ មានប្រជាជនចេះតែកើនឡើងជាលំដាប់មកទល់ពេលនេះ គឺមានចំនួនដល់ទៅ ៧,៧ ពាន់លាននាក់ (UNFPA, 2019) ឯការប្រើប្រាស់ធនធានធម្មជាតិ ក៏ចេះតែមានការកើនឡើងដែរ ជាពិសេសទឹកដែលជាតម្រូវការចាំបាច់បំផុតសម្រាប់មនុស្សម្នាក់ៗ។
អ៊ីចឹងហើយបានជាមានការរៀបចំពិធីបុណ្យទឹកបួងសួងតាមប្រពៃណី សាសនា និងវប្បធម៌ ដើម្បីឲ្យមានទឹកប្រើប្រាស់គ្រប់គ្រាន់។ ការធ្វើបុណ្យបែបនេះមិនគ្រាន់តែជាវិធីសាស្ត្រ ដើម្បីលើកគុណប្រយោជន៍របស់ទឹកនោះទេ តែជាក់ស្តែងវិញ តើកម្ពុជាត្រូវធ្វើដូចម្តេច ដើម្បីចូលរួមចំណែករក្សាតុល្យភាពនៃទឹក និងការប្រើប្រាស់ដោយចេះសន្សំសំចៃទឹក?
បច្ចុប្បន្នរបបទឹកទន្លេមេគង្គ មានលក្ខណៈកាន់តែប្រែប្រួលខ្លាំងពេលទឹកឡើងជន់លិចទប់មិនឈ្នះ ដល់ស្រកសឹងតែដល់បាតក្រោម នៅតាមដងទន្លេ ដោយសារតែប្រទេសដែលនៅខាងលើៗ ដូចជា ចិន និងឡាវ មានការប្រើប្រាស់ខ្លាំងទៅលើទំនប់វារីអគ្គិសនី ចំណែកឯកម្ពុជា និងវៀតណាមក៏មានចំណែកខ្លះដែរ ធ្វើទំនប់វារីអគ្គិសនី នៅទន្លេសេសាន និងស្រែពក ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងទៅលើរបបទឹកទន្លេមេគង្គនៅក្នុងស្រុកផងដែរ។
បើទោះបីមានការប្រជុំនៅក្នុងតំបន់ប្រទេសដែលនៅជាប់ដងទន្លេមេគង្គ ចំពោះបញ្ហាទំនប់វារីអគ្គិសនីនេះក៏ដោយ ក៏នៅតែដោះស្រាយមិនចេញឲ្យជ្រះស្រឡះនៅឡើយទេ។ តែផលនៃការប៉ះពាល់នៅទន្លេមេគង្គ គឺមានកាន់តែច្រើនទៅៗ នេះបើតាមការសិក្សាស្រាវជ្រាវ របស់សាស្ត្រាចារ្យ Stephen Darby នៃសាកលវិទ្យាល័យសៅថាំតុន នៃប្រទេស អង់គ្លេស ពីឆ្នាំ ២០១៣-២០១៩។
ម្យ៉ាងទៀតផលប៉ះពាល់មកលើរបបទឹកទន្លេមេគង្គនេះ ក៏មកពីការកាប់បំផ្លាញព្រៃឈើដោយឈ្មួញទុច្ចរិត គឺកាប់មិនត្រឹមត្រូវទៅតាមស្តង់ដាបច្ចេកទេសរបស់ (REDD+) ដែលគម្របព្រៃឈើ ដើរតួនាទីសំខាន់ក្នុងការកាត់បន្ថយនូវឧស្ម័នកាបូនិចផង និងទាក់ទាញទឹកភ្លៀងផង ដើម្បីធ្វើឲ្យមានតុល្យភាពនៃទឹកផងដែរ។
ជាងនេះទៅទៀត គឺកម្ពុជាមានបឹងទន្លេសាប ១ ដ៏ធំមហិមា ហើយល្បីនៅលើពិភពលោក ដោយសារទឹកបឹងនេះ អាចហូរចូលទប់ទឹកជំនន់ពីទន្លេមេគង្គផង និងទឹកមកពីដៃព្រែក និងស្ទឹងនានា ដែលហូរចាក់ចូលក្នុងទន្លេទៅតាមធម្មជាតិផង។
តែនៅឆ្នាំខ្លះ ក៏ទប់មិនជាប់ជន់លិចនៅខេត្តជាប់នឹងបឹងទន្លេសាបនេះដែរ ហើយឥឡូវនេះនៅខែប្រាំងវិញ កន្លែងខ្លះគឺគោក ធ្វើដំណើរតាមទឹកមិនបានផង ជាពិសេសនៅឆ្នុកទ្រូ ដែលជាកន្លែងភ្ជាប់ចូលទឹកបឹងទន្លេសាប និងកន្លែងគោកខ្លះ គឺបណ្តាលមកពីប្រជាពលរដ្ឋដែលរស់នៅលើទឹកបោះចោលកាកសំណល់រឹងចូលទៅក្នុងទឹកទន្លេ និងបណ្តាលមកពីការហូរតាមទឹកនូវសំណល់ប្លាស្ទិកពីទឹកស្ទឹង ព្រែក និងតាមដៃទន្លេនៅកកកុញបាតបឹងទន្លេសាប ធ្វើឲ្យទឹកបឹងទន្លេសាបកាន់តែរាក់ទៅៗ។ បញ្ហាទឹករាក់នេះ គឺមិនមែនបណ្តាលមកពីការប្រែប្រួលអាកាសធាតុនោះទេ បណ្តាលមកពីទង្វើរបស់មនុស្ស ដែលធ្វើឲ្យប៉ះពាល់បរិស្ថាន និងធម្មជាតិ។
បច្ចុប្បន្ននៅពេលដែលមានការប្រើប្រាស់ទឹកកាន់តែច្រើនតម្លៃទឹកក៏កាន់តែឡើងថ្លៃផងដែរ។ ហេតុដូចនេះ ដើម្បីឲ្យមានតុល្យភាពក្នុងការប្រើប្រាស់ និងតម្រូវការទឹកនេះ និងបញ្ចៀសទឹកជំនន់ រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋទាំងអស់គ្នា គួរតែគិតគូររកដំណោះស្រាយនូវការសន្សំសំចៃទឹក ជាជាងចោទប្រកាន់គ្នាទៅវិញទៅមក។
សម្រាប់រដ្ឋាភិបាលវិញ មានក្រសួងដែលធ្វើការជាមួយនឹងទឹកមានដល់ទៅ ៧ ក្រសួង ហើយពេលខ្លះ ធ្វើការជាន់គ្នាក៏មានដែរ ដូចជាប្រឡាយទឹកម្តងថា ក្រសួងធនធានទឹកជាអ្នកគ្រប់គ្រងខ្លះថា ការងាររបស់ក្រសួងអភិវឌ្ឍន៍ជនបទ។ តែទឹកនៅតែមានបញ្ហា ដែលខ្លះមានច្រើនជ្រុល និងពេលខ្លះខ្វះជ្រុលទៅវិញ ដែលបញ្ហានេះសាមីក្រសួងទទួលខុសត្រូវនៅដែនសមត្ថកិច្ចរបស់ខ្លួនគួរណាស់តែមានទិសដៅផ្លាស់ប្តូរយុទ្ធសាស្រ្តរបស់ខ្លួន ដើម្បីដោះស្រាយបញ្ហាទឹកនេះ។
ឧទាហរណ៍បញ្ហារបបទឹកទន្លេមេគង្គ បើអនុញ្ញាតឲ្យក្រុមហ៊ុនបូមខ្សាច់ គឺត្រូវត្រួតពិនិត្យ និងកំណត់ទីតាំងកន្លែងដែលត្រូវបូមឲ្យបានច្បាស់លាស់ ហើយកន្លែងខ្លះត្រូវស្តារចេញ និងការបង្វែរទឹកឲ្យហូរចូលទៅតាមដៃព្រែក ដើម្បីស្តុកទឹកយកទៅប្រើប្រាស់ពេលទឹកស្រកទៅវិញ នឹងត្រូវបិទទ្វារទឹកទប់យកទុកប្រើប្រាស់។
លើសពីនេះគឺត្រូវធ្វើការស្តារឡើងវិញ នូវស្ទឹងបឹងបួ និងប្រឡាយចាស់ៗព្រមទាំងសង់ទំនប់ ទប់ទឹកទុកសម្រាប់ស្រោចស្រព និងប្រើប្រាស់ឲ្យបានគ្រប់រដូវ។ រីឯទឹកទន្លេសាបវិញ គឺមានតែធ្វើយុទ្ធនាការស្តារអាងបឹងទន្លេសាបយក ដើម្បីស្តុកទឹកប្រើឲ្យបានច្រើន និងយកដីល្បាប់មកធ្វើជីសម្រាប់ពលរដ្ឋនៅជុំវិញទន្លេសាបផង ហើយប្រមូលសំរាមសំណល់រឹងចេញវិញផង។ ជាពិសេសកងវិស្វកម្ម និងកម្លាំងកងទ័ព ដែលសល់ពេលច្រើន ក៏អាចចូលរួមចំណែកស្តារទន្លេនេះដែរ ជាជាងនៅតែបន្ទាយហាត់ហើយសម្រាក។
សម្រាប់ប្រជាពលរដ្ឋវិញ ក៏មានតួនាទីថែរក្សា និងសន្សំសំចៃផងដែរ គឺកាត់បន្ថយការប្រើប្រាស់ទឹកដោយខ្ជះខ្ជាយ បញ្ឈប់ការបោះសំណល់រឹងចូលទៅក្នុងទឹកស្ទឹង ទន្លេ បឹងបួ និងសមុទ្រជាដើម៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com