The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ការចងចាំ​ក្រោយ​សង្គ្រាម និង​គម្លាត​នៃ​ជំនាន់​មនុស្ស




ការចងចាំ​ក្រោយ​សង្គ្រាម និង​គម្លាត​នៃ​ជំនាន់​មនុស្ស

Content image - Phnom Penh Post
ស្ត្រី​​បរទេស​ម្នាក់​ កំពុង​ពិនិត្យ​រូប​ថត​ជន​រង​គ្រោះ​ត្រូវគេសម្លាប់​នៅ​សារមន្ទីរ​ទួល​ស្លែង​​កន្លង​មក​​​។ ហុង មិនា

ការចងចាំ​ក្រោយ​សង្គ្រាម និង​គម្លាត​នៃ​ជំនាន់​មនុស្ស

នៅពេល​មើល​រឿង​ខ្មែរ​ទាក់ទង​នឹង​ការ​ប្រល័យ​ពូជ​សាសន៍ (ឬ​ប្រល័យ​ជាតិ​សាសន៍​ឯង) យើង​សង្កេត​ឃើញ​មាន​ប្រតិកម្ម​ផ្សេងៗ​គ្នា។ អ្នក​ខ្លះ​មិន​ចង់ ឬ​មិន​ហ៊ាន​មើល​កុន​នោះ ដោយ​សារ​តែ​ខ្លាច​រំឭក​ឡើង​វិញ​នូវ​ដំបៅ​ចិត្ត និង​ភាព​តក់​ស្លុត​បាក់​ស្បាត។ ពួកគេ​នឹង​មាន​ការ​ឈឺ​ចាប់​ក្រៃលែង ហើយ​ពួកគេ​អាច​យំ​ពី​ដើម ដល់​ចប់។​ មាន​អ្នក​ខ្លះ​ភ័យ​ខ្លាច​ចំពោះ​ភាព​ឃោរ​ឃៅ និង​ការ​កើត​ឡើង​វិញ​នូវ​ប្រវត្តិសាស្ត្រ​ច្រំ​ដែល។ មាន​អ្នក​ខ្លះ​មិន​យល់ ហើយ​គ្មាន​អារម្មណ៍​អ្វី​ទាំង​អស់​ចំពោះ​សាច់​រឿង។

មាន​អ្នកខ្លះ​បដិសេធ​កុន​នោះ ហើយ​ចោទ​សួរថា តើ​អំពើ​ប្រល័យពូជ​សាសន៍​ពិត​ជា​កើត​មាន​មែន​ឬ​យ៉ាង​ណា?

ភាពខុសគ្នា​ទាំងនេះ​កើតចេញពី​បទពិសោធ និង​បរិស្ថាន​ជុំវិញ​របស់​បុគ្គល​ម្នាក់។ ក្នុង​នាម​ជា​ជំនាន់​ក្រោយ​របប​ប្រល័យ​ពូជ​សាសន៍ ខ្ញុំ​ស្ថិត​នៅ​ក្នុង​ក្រុម​ដែល​ភ័យ​ខ្លាច​ចំពោះ​ភាព​ឃោរ​ឃៅ និង​ការ​កើត​ឡើង​វិញ​នូវ​ប្រវត្តិសាស្ត្រ​ច្រំ​ដែល។

កើត​ក្នុងអំឡុង​ទសវត្សរ៍​ឆ្នាំ ១៩៨០ បរិស្ថានភ្លាមៗក្រោយ​សង្គ្រាម​គឺជា​អ្វីដែល​ពូន​ផ្សំ​នូវ​គំនិត​របស់​ខ្ញុំ។ ឪពុក​របស់​ខ្ញុំ គឺជា​យោធា ដែល​ចេញ​ទៅ​សមរភូមិ​ប្រយុទ្ធ​ជាមួយ​នឹង​ពួក​ខ្មែរ​ក្រហម។ ពាក្យ​ថា “កូន​អត់​ឪ” គឺជា​ពាក្យ​ដែល​គេ​តែង​តែ​បង្អាប់​គ្នា​ក្នុង​សាលា ដែល​ខ្ញុំ​ភ័យ​ខ្លាច​បំផុត។

ខ្ញុំ​ធ្លាប់ធ្វើ​ទស្សនកិច្ច​សិក្សា​ម្តង​ទៅ​គុក​ទួលស្លែង​នៅពេលនោះ ហើយ​វា​គឺជា​ការ​ចង​ចាំ​ដែល​ដិត​ជាប់​ក្នុង​ចិត្ត​ជា​រៀង​រហូត នៅ​ពេល​ដែល​ផ្នែក​ខ្លះ​នៃ​ជញ្ជាំង​នៅ​មាន​សល់​ស្នាម​ឈាម​ដែល​ហើរ​ពណ៌​មិន​ទាន់​​អស់។ ក្លិន និង​បរិយាកាស​ជុំវិញ ពី​អគារ​មួយ​ទៅ​អគារ​មួយ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា ព្រលឹង​ជាច្រើន​កំពុង​តែ​ដង្ហោយ​ហៅ​យើង។ ខ្ញុំ​មិន​ដែល​ហ៊ាន​ឡើង​ទៅ​ជាន់​ទី ២ នៃ​អគារ​គុក​នោះ​ទេ។ គុក​ដែល​ប្រែក្លាយ​ទៅ​ជា​សារមន្ទីរ​នា​ពេល​បច្ចុប្បន្ន មាន​សភាព​ស្អាត និង​មាន​អនាម័យ​ខុស​គ្នា​ឆ្ងាយ​ណាស់។

ជា​រៀងរាល់ឆ្នាំ នៅ​ថ្ងៃ៧ មករា ខ្ញុំ​ចាំ​ថា មានរឿង ៣ ដែល​គេ​តែងតែ​ចាក់​បញ្ចាំង លើ​ទូរទស្សន៍ នោះ​គឺ​រឿង “វាល​ពិឃាត” “នរក ៩ ជាន់” និង“ចិត្ត​ចង​ចាំ។ ទីក្រុង​ភ្នំពេញ​ងងឹត និង​ស្ងាត់ ក្រោយ​ពេល​មាន​បម្រាម​គោចរ។ ក្មេងៗ​នាំ​គ្នា​រត់​ដេញ​គ្នា​ពេញ​ផ្លូវ​ពេល​ល្ងាច។ តុក្កតា “ទន្សាយ និង​ចចក” របស់​សូវៀត​នា​ពេល​នោះ​គឺ​ប្រៀប​បាន​នឹង​រឿង “ឆ្មា និង​កណ្តុរ” នា​ពេល​បច្ចុប្បន្ន​នេះ​អ៊ីចឹង គ្រាន់​តែ​ថា ទូរទស្សន៍​មាន​បញ្ចាំង​តែ​ពេល​ល្ងាច​ប៉ុណ្ណោះ ហើយ​តុក្កតា​យូរៗ​មាន​បញ្ចាំង​ម្តង។ ពេល​យប់ ខ្ញុំ​តែង​តែ​ឮ​ភ្លេង​លន្លង់​លន្លោច​ពី​វិទ្យុ ដែល​អំពាវនាវ​ឲ្យ​ពួក​ខ្មែរ​ក្រហម​មក​រួម​រស់​ក្នុង​សង្គម​ជាតិ​វិញ។

ព័ត៌មាន​តែងតែ​និយាយ​អំពី​ការដណ្តើម​កាន់កាប់​តំបន់​ណាមួយ។ ពេលខ្លះ​ខាង​រដ្ឋាភិបាល​ឈ្នះ។ ពេល​ខ្លះ​ក៏​ឮ​ព័ត៌មាន​ថា រដ្ឋាភិបាល​កំពុង​វាយ​កាន់​កាប់​កន្លែង​ដដែល។ សំឡេង​កាំភ្លើង គឺជា​រឿង​សាមញ្ញ​ធម្មតា។ សូម្បី​តែ​ពេល​មាន​ភ្លៀង​ម្តងៗ ក៏​គេ​នាំគ្នា​យក​កាំភ្លើង​បាញ់​ឡើង​លើ​មេឃ​ដែរ។

ការសិក្សា​ក្នុង​សាលា​មានការ​បង្រៀន​ពី​លទ្ធិ​ម៉ាក្ស​លេនីន ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ចក្រពត្តិ​និយម មូល​ធន​និយម និង​ខ្មែរ​ក្រហម។ នៅ​សាលា​បឋម​សិក្សា​បាក់​ទូក ខ្ញុំ​ធ្លាប់​ទទួល​បាន​ទឹក​ដោះ​គោ​ក្តៅ​របស់​សូវៀត​តែ​ម្តង​គត់ ហើយ​រស​ជាតិ​ឆ្ងាញ់​សែន​ឆ្ងាញ់​ហួស​ប្រមាណ។ យើង​រស់​នៅ​រំពឹង​ទៅ​លើ​ជំនួយ​ម្ហូប​អាហារ​ពី​សូវៀត និង​វៀតណាម។ បាយ​មាន​កម្រិត ឯ​សាច់​គឺ​កម្រ។ យើង​តែង​តែ​ឆែក​មើល​បរិមាណ​បាយ និង​ម្ហូប​មុន​នឹង​យើង​ញ៉ាំ។ កង្វះ​ជីវ​ជាតិ និង​កង្វះ​ម្ហូប​អាហារ​បាន​រំលេច​យ៉ាង​ច្បាស់​នៅ​លើ​ការ​វិវឌ្ឍ​នៃ​សារ​ពាង្គកាយ​នៃ​មនុស្ស​ក្នុង​ជំនាន់​របស់​យើង។ ស្ករ និង​ថ្នាំ​ពេទ្យ​របស់​គុយបា គឺជា​អ្វី​ដែល​យើង​ចង់​បាន។ “សាប៊ូ​ឆ្អាប” របស់​សូវៀត​មាន​តួនាទី​ជា​សាប៊ូ​ដុស​ខ្លួន​ផង កក់​សក់​ផង និង​គក់​សម្លៀក​បំពាក់​ផង។ អាហា​រូបករណ៍​ទៅ​ស​វៀត និង​អឺរ៉ុប​ខាង​កើត​គឺជា​ឱកាស​ដ៏​កម្រ​ដើម្បី​ទៅ​ក្រៅ​ប្រទេស និង​គេច​ចេញ​ពី​ទិដ្ឋភាព​ខ្មៅ​ងងឹត​ក្នុង​ស្រុក។

ការធ្វើ​ទេសចរណ៍​ឆ្លងខេត្ត​គឺជា​ជម្រើស​ដែលមាន​ហា​និភ័យ។ ខេត្ត​កោះកុង និង​កំពង់សោម (ខេត្ត​ព្រះសីហនុ​សព្វថ្ងៃ) ប្រៀប​ដូចជា​នៅ​ឆ្ងាយ​សែន​ឆ្ងាយ និង​ជា​ខេត្ត​សម្រាប់​តែ​អ្នក​រត់​ពន្ធ​ទំនិញ​ដែល​ហ៊ាន​ប្រថុយ​ជីវិត។ អម​លាំង​នៅ​កំពង់ស្ពឺ ភ្នំ​វល្លិ៍​នៅ​កំពត ដែល​នៅ​មិន​ឆ្ងាយ​ពី​ភ្នំពេញ គឺជា​សមរភូមិ​ប្រយុទ្ធ​ដែល​ខ្ញុំ​តែង​តែ​ឮ​ល្បី។ ប៉ៃលិន បន្ទាយ​មានជ័យ កំពង់ធំ ជាដើម ស្តាប់​ទៅ​ហាក់​ដូចជា​ខេត្ត​ដែល​មិន​នៅ​ជាប់​ជាមួយ​កម្ពុជា។ ការ​ចង​ចាំ​ទាំង​អស់​នេះ​ហើយ​ដែល​បង្កើត​នូវ​ទស្សនៈ​របស់​ខ្ញុំ​ចំពោះ​ប្រវត្តិសាស្ត្រ​ប្រល័យ​ពូជ​សាសន៍។ ខ្ញុំ​អាច​មាន​អារម្មណ៍​ផ្ទាល់​ខ្លួន​មួយ​កម្រិត​ចំពោះ​ការ​ចង​ចាំ​នេះ​ប៉ុន្តែ​ខ្ញុំ​មិន​អាច​ស្រមៃ​ឃើញ​នូវ​កម្រិត​នៃ​ភាព​តក់​ស្លុត​បាក់​ស្បាត​របស់​អ្នក​ដែល​បាន​ឆ្លង​កាត់​របប​នេះ​ឡើយ។

ការពិត​ដែល​ក្រុមគ្រួសារ​សាច់ញាតិ​របស់​ខ្ញុំ​ត្រូវបាន​សម្លាប់ ហើយ​ឪពុកម្តាយ​របស់​ខ្ញុំ​ក៏​ប៊ិះ​តែ​នឹង​ត្រូវ​គេ​សម្លាប់ បើ​កងទ័ព​វៀតណាម​មិន​បាន​មក​ជួយ​សង្គ្រោះ​ទាន់​ពេល​វេលា គឺ​ស្ថិត​ជ្រៅ​ក្នុង​បេះដូង​ខ្ញុំ។ បទពិសោធ​ផ្នែក​សតិ​អារម្មណ៍ មិន​អាច​ឲ្យ​ខ្ញុំ​ជឿ​អ្វី​ផ្សេង​ពីនេះ​បាន។ តើ​មនុស្ស​នៅ​មុន​ពេល​ត្រូវ​បាន​គេ​សម្លាប់​អាច​ចងចាំ​អ្វី​ផ្សេង​ដែរ​ទៅ? ប្រសិន​បើ​គ្មាន​អ្នក​រស់​រាន​មាន​ជីវិត​កម្ពុជា​នឹង​បាត់បង់​ទាំង​ស្រុង​នូវ​រាល់​លក្ខណ​សម្បត្តិ​នៃ​ប្រជាជាតិ​មួយ។

នៅពេលដែល​ខ្ញុំ​ឮថា អ្នកស្រករ​ក្រោយ​ជំនាន់​ទសវត្សរ៍​ឆ្នាំ ១៩៩០ មាន​អារម្មណ៍​តិចតួច​ជាមួយ​នឹង​រឿង​ប្រល័យ​ពូជសាសន៍ ដំបូង​ខ្ញុំ​មាន​អារម្មណ៍​ភ្ញាក់​ផ្អើល​ដែរ ប៉ុន្តែ​បើ​ខ្ញុំ​ប្រៀប​ធៀប​អារម្មណ៍​របស់​ខ្ញុំ​នៅ​ពេល​ដែល​ខ្ញុំ​មើល​រឿង​ពួក​ណាហ្ស៊ី សម្លាប់​ជន​ជាតិ​ជ្វីហ្វ ខ្ញុំ​ក៏មាន​គម្លាត​សតិ​អារម្មណ៍​ខ្លះ​ដែរ។ ទោះបី​ជា​មាន​គម្លាត​សតិ​អារម្មណ៍​ក្តី ខ្ញុំ​ពិត​ជា​អាច​ទទួល​យក​បាន​ថា ការ​សម្លាប់​រង្គាល​ពូជ​សាសន៍​ពិត​ជា​បាន​កើត​មាន​ឡើង ហើយ​កងទ័ព​អាមេរិក និង​សូវៀត គឺជា​អ្នក​ចូលរួម “រំដោះ។ ការ​ភ្ជាប់​សតិ​អារម្មណ៍​ទៅ​អតីត​កាល អាច​ប្រែប្រួល​ទៅ​តាម​ជំនាន់​មនុស្ស ជាមួយ​នឹង​ការ​ទទួល​យក និង​ការ​គិត​ផ្សេងៗ។ នេះ​ប្រហែល​ជាត​ថភាព​សង្គម​នាពេល​បច្ចុប្បន្ន​ទាក់​ទង​នឹង​ការ​សន្ទនា​ស្តីពី​របប​ប្រល័យ​ពូជ​សាសន៍​នៅ​កម្ពុជា៕

ដោយ ស៊ឹម វីរៈ
រាជធានី ភ្នំពេញ

អត្ថបទគួរចាប់អារម្មណ៍