«​ព្រះពុទ្ធសាសនា​ជា​សាសនា​របស់​រដ្ឋ​» គឺ​ស្ថិត​នៅក្នុង​ចំណោម​បាវចនា​ទាំង​ ៣ គឺ​ជាតិ សាសនា ព្រះមហាក្សត្រ​ហើយ​រូប​ព្រះពុទ្ធ​ត្រូវ​បាន​គេ​យក​មក​គូរ​នៅលើ​ជញ្ជាំង​ព្រះវិហារ និង​ចម្លាក់​គ្រប់​រូបភាព​នៅ​តាម​ទីវត្តអារាម ឬ​ក៏​អាស្រម​សម្រាប់​ពុទ្ធសាសនិក​គោរព​ជា​ទីសក្ការៈ​ ឬ​ក៏​នៅតាម​ទីសាធារណៈ​។

ជាក់ស្តែង​នៅក្នុង​វត្ត​ខ្លះ​មាន​រូប​ព្រះពុទ្ធគង់​ដូច​តួកុន​កូរ៉េ ឬ​ក៏​ចិន​ ឬ​ក៏​វៀតណាម​ទៅវិញ ហើយ​រូប​ទាំងនោះ​ត្រូវ​បាន​មជ្ឈដ្ឋាន​នានា​រិះគន់​ជាទូទៅ​ថា ហេតុអ្វី​បាន​ជា​នៅ​វត្ត​ខ្មែរ​សោះ បែរ​ជា​រូបព្រះពុទ្ធ​ទៅ​ចេញ​ជា​រូប​តួកុន​កូរ៉េ ឬ​ក៏​ដូច​រូប​អុងឌឿ លោត​ដើរ​រៃអង្គាស​លុយ​តាម​ភូមិ​ទៅវិញ​?

ទស្សនៈ​ខុសៗ​គ្នា​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ខ្លះ​ថា រូប​ទាំងនេះ​បណ្តាល​មកពី​ជាង​មិនមាន​សមត្ថភាព បាន​ជា​ទៅជា​ចេញ​រូបភាព​បែបនេះ រីឯ​មតិ​ខ្លះទៀត​ព្រួយបារម្ភ​ទៅលើ​ការបញ្ជ្រាប​ចូល​នូវ​សាសនា ឬ​ក៏​វប្បធម៌​ប្រពៃណី​របស់​ជនជាតិ​គេ​មក​សាបព្រោះ​នៅលើ​ទឹកដី​ខ្មែរ​ទៅវិញ​។

មតិ​ខ្លះ​យល់ឃើញ​ថា​បើ​ឃើញ​ជាង​ធ្វើ​ខុស ហេតុអ្វី​បាន​ជា​អ្នក​ជាវ កុម្ម៉ង់​ទទួល​យក​រូបភាព​បែប​នេះ​ទៀត​? ចំណុច​នេះ​មាន​ការជជែក​គ្នា​ដែរ រវាង​អ្នក​ជាវ ជាង និង​គណៈកម្មការ​វត្ត​តែម្តង តែ​នៅ​តែ​ឲ្យ​ដាក់​នៅក្នុង​វត្តអារាម​ដដែល​។ កន្លង​មក​មាន​ការណែនាំ​ដោយ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​ខ្លះ​បាន​កោះហៅ​ជាងគំនូរ និង​ជាង​ចម្លាក់​ដែល​រូបភាព​មិន​ប្រក្រតី​បែប​នេះ កើតឡើង​ស្ទើរតែ​គ្រប់​ខេត្ត​ក្រុង​។ តែ​មន្ទីរ​វប្បធម៌​ខេត្ត​មិន​មាន​ឯកសារ​ផ្លូវច្បាប់ ឬ​ក៏​គោលការណ៍​ណែនាំ​ណាមួយ​ផ្តល់​ជូន ដើម្បី​ព្រមាន​ពួកគេ​នោះ​ទេ អ៊ីចឹង​ហើយ​បាន​ជាងគំនូរ​ក៏​ដូច​ជាងចម្លាក់​នៅតែ​ផ្គើន​ទៅនឹង​ការណែនាំ​របស់​ក្រសួង​វប្បធម៌​ដដែល​។

ដូចគ្នា​នេះ​ដែរ​ការឆ្លាក់​រូប​បដិមា ព្រះបាទ​ជ័យវរ្ម័ន​ទី​ ៧ គឺ​ចម្លាក់​ស្ពាន់​មុខ​ទៅ​ផ្សេង​ពី​រូប​ដើម​របស់​ព្រះអង្គ​ទៅវិញ​។ ម្យ៉ាងវិញទៀត​រូប​កវី​ក្រម​ង៉ុយ និង​រូប​សម្តេចព្រះសង្ឃរាជ ជួន ណាត ទៅ​ដូច​តាជូជក ជា​ថ្ម​ចម្លាក់​នៅ​តាម​សាលារៀន​ទៅវិញ​។ ម្យ៉ាង​វិញ​ទៀត​រូប​អុងឌឿ លោត​រៃអង្គាស​លុយ​តាម​ភូមិ​ក៏​មុខ​ដូច​តួកុន​កូរ៉េ ដូច​តួ​ឥណ្ឌា ដូច​ប៉ាវ​ចិន ដូច​ថាំង​ចេង និង​ដូច​យក្ស​ទៅវិញ ហើយ​ខ្លះ​រាំឌីស្កូ​ក៏មាន មិន​ដឹង​ថា តើ​ស្ថាប័ន​ណា​ណែនាំ​ឲ្យ​ធ្វើ​ដូច្នេះ​?

លោក ជា យុទ្ធា ជាងចម្លាក់​ក្បាច់បុរាណ​ល្បី​មួយរូប​នៅ​ស្រុក​ពញាឮ ខេត្ត​កណ្តាល​បាន​មាន​ប្រសាសន៍​ថា​៖ «​ចំពោះ​ចម្លាក់​សង់​រូប​ព្រះពុទ្ធ រូប​ឥស្សរជន ដែល​មិន​ដូច​នោះ ខ្ញុំ​ក៏​ធ្លាប់​ឃើញ​ដែរ គឺ​បញ្ហា​មកពី​ចំណេះដឹង​ជំនាញ​ផ្ទាល់ខ្លួន ដែល​ជាង​រៀន​តៗ​គ្នា​មិន​ច្បាស់លាស់​នៅ​មាន​កម្រិត​គឺ​ធ្វើឲ្យ​គាត់​ធ្វើ​ចម្លាក់​មិន​ដូច​ទៅនឹង​​រូប​ដើម​។ ម្យ៉ាង​វិញទៀត​ជាង​ចម្លាក់​សម័យ​ទំនើប​នេះ​គឺ​ធ្វើ​ការងារ​ខ្វះ​ការយក​ចិត្ត​ទុកដាក់ អត់​បាន​គិត​ពិចារណា និង​អត់​បាន​គិតដល់​នូវ​បញ្ហា​សិល្បៈ​គឺ​ធ្វើឲ្យ​តែ​បានៗ​»​។

លោក​ យុទ្ធា បន្ត​ទៀត​ថា​៖ «​ឧទាហរណ៍​ថា គាត់​ជា​ជាង​អាច​ធ្វើ​ចម្លាក់​រូប​ក្បាល​ហនុមាន​សម្រាប់​លោត​ឆៃយ៉ាំ​បាន រឿង​អ្វី​ដែល​គាត់​មិន​អាច​ឆ្លាក់ រូប​អុងឌឿ​មុខ​ខ្មែរ​បាន​? បែរ​ជា​ចម្លាក់​ចេញ​រូប​អុងឌឿ​មុខ​កូរ៉េ ឬ​ក៏​មុខ​ឥណ្ឌា​ទៅវិញ​? ​អ៊ីចឹង​មានន័យថា គាត់​ធ្វើ​ទៅ​តាម​ទស្សនៈ​របស់​គាត់​ទៅ​តាម​អ្វីដែល​គាត់​ឃើញ ហើយ​ពេញ​និយម​មិន​បាន​គិត​ដល់​ពី​សិល្បៈ​បុរាណ​ដែល​ស្រឡាញ់​ខ្មែរ​»​។ ទោះបី​ជា​យ៉ាងណា​លោក ជា យុទ្ធា បាន​មាន​យោបល់​ថា ចំណុច​នេះ​គួរតែ​កែតម្រូវ ហើយ​សម្រាប់​លោក​វិញ​គឺ​លោក​តែងតែ​បើក​ឲ្យ​មាន​ការរិះគន់​នូវ​ចម្លាក់​បុរាណ​របស់​លោក​។

ករណី​ចម្លាក់​មិន​ដូចដើម គឺ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​ដឹងឮ​ហើយ​តែ​កន្លងមក​ក្រសួង​បាន​ត្រឹម​តែ​ចេញ​ប្រកាស សេចក្តី​ណែនាំ​ចំពោះ​សិល្បៈ​សូន​រូប និង​សិល្បៈ​សិប្បកម្ម កុំឲ្យ​ធ្វើ​ដូចនេះ តែ​មិន​បាន​លទ្ធផល​ល្អ​នៅឡើយ​ទេ​។ អ៊ីចឹង​ហើយ​បាន​ជា​ក្រសួង​វប្បធម៌​កំពុងតែ​រៀបចំ​តាក់តែង អនុក្រឹត្យ​វិញ​ម្តង​ដើម្បី​ថែរក្សា​នូវ​សិល្បៈ​ចម្លាក់​ទម្រង់​ដើម​តាម​ប្រពៃណី​ខ្មែរ ដូច​រូប​បដិមា រូប​ឥស្សរជន ព្រះសង្ឃរាជ​ជាដើម ហើយ​ក៏មាន​លក្ខណៈ​អភិវឌ្ឍន៍​ផងដែរ​។ នេះ​បើ​តាម​ប្រសាសន៍​លោក ឈឹម សុធី ប្រធាន​នាយកដ្ឋាន​សិល្បៈ​សូន​រូប និង​សិល្បៈ​សិប្បកម្ម​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ និង​ជា​វិចិត្រករ​ផងដែរ​។

លោក​ សុធី បាន​បញ្ជាក់ថា​៖ «​បញ្ហា​ដែល​ជាងចម្លាក់​ចេះតែ​នាំគ្នា​ធ្វើ​រូប​ទៅតាម​មុខ​បរទេស​នោះ គឺ​ដោយសារ​តែ​ចលនា​សកលភាវូនីយកម្ម ជ្រួតជ្រាប​នៅក្នុង​វិស័យ​សិល្បៈ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ហើយ​សង្គម​គេ​និយម​បែបនេះ​ផង ធ្វើឲ្យ​ជាងចម្លាក់​ខ្លះ​ចេះតែ​មាន​និន្នាការ​ធ្វើ​ចម្លាក់​ចេញទៅ​ជា​រូប​តួ​កូរ៉េ តួ​ចិន តួ​ឥណ្ឌា​ទៅវិញ​ដោយ​មិនដឹង​ខ្លួន​»​។

សរុប​មកវិញ​ចំពោះ​បញ្ហា​ការច្នៃ​ចម្លាក់​ដែល​ធ្វើឲ្យ​បាត់បង់​អត្តសញ្ញាណ​​វប្បធម៌ អរិយធម៌​ជាតិខ្មែរ​របស់​ខ្លួន​ដែល​កាន់តែ​កើនឡើង​បែប​នេះ​គឺ​សមត្ថកិច្ច​អាជ្ញាធរ​ដែនដី គួរតែ​ចាត់​វិធានការ​បណ្តើរៗ​មិន​រង់ចាំ​ទាល់តែ​មាន​ការអនុម័ត​អនុក្រឹត្យ​ស្តីពី​ការកំណត់​សិល្បៈ​សូន​រូប និង​សិល្បៈ​សិប្បកម្ម​នោះទេ​។ ព្រោះ​វា​ជា​កត្តាចាំបាច់ ដើម្បី​ដោះស្រាយ​ទាន់​នៅ​តិចៗ​នៅឡើយ ជាពិសេស​អ្នក​ជាវ​កុម្ម៉ង់​ទិញ ប្រសិនបើ​ជាង​ធ្វើ​មិន​បាន​ដូច​រូប​ដើម យ៉ាង​ហោចណាស់​ ៩០ ទៅ​ ៩៥ ​ភាគរយ​ទេ មិនគួរ​យក​ទេ ហើយ​ប្រសិន​ជាវ​រូប​ចម្លាក់​ព្រះ ឬ​ក៏​រូប​បដិមា​ព្រះបាទ​ជ័យវរ្ម័នទី​ ៧ ដែល​មិនមាន​លក្ខណៈ​ខ្មែរ​គ្រប់គ្រាន់​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត​សម្រាប់​រូប​នៅ​វត្ត គឺ​ព្រះសង្ឃ​មិន​គួរ​ទទួល​យកមក​តាំង​នៅតាម​វត្ត​អារាម​ទេ​។

ដូចគ្នា​នេះ​ដែរ​រូប​ឥស្សរជន​ដូចជា ព្រះបាទ​ជ័យវរ្ម័ន​ទី​ ៧ រូប​ភិរម្យ​ក្រមង៉ុយ រូប​សម្តេចព្រះសង្ឃរាជ ជួន ណាត ដែល​មិន​ដូច​ទៅនឹង​ទ្រង់ទ្រាយ​ដើម​គឺ​មិន​គួរ​ទទួល​យក​ទេ ហើយ​ឲ្យ​ជាង​ហ្នឹង​កែ​ឡើង​វិញ​ឲ្យ​ដូច​រូប​ដើម​។ រីឯ ក្រសួង​ធម្មការ និង​សាសនា​ក៏​គួរ​ចូលរួម​ចំណែក​សហការ​ជាមួយ​ក្រសួង​វប្បធម៌ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ និង​កែ​រូប​ដែល​មិន​ដូច​ចេញពី​វត្ត​អារាម សាលារៀន ឬក៏​រូបចម្លាក់​នៅ​តាម​ទីសាធារណៈ​៕

ចូលរួម​ផ្តល់យោបល់​តាមរយៈ soprach.tong@phnompenhpost.com