នេះ​ជា​លើក​ទី ៣ ហើយ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​ស្រុក​ខ្មែរ​ចាប់​តាំងពី​ខ្ញុំ​ចេះ​មើល​បាល់ទាត់​តាំងពី​ឆ្នាំ​ ១៩៨២ មក​ម្ល៉េះ គឺ​ការប្រកួត​បាល់ទាត់​លីក​កំពូល​កម្ពុជា​ (League) ​ផង និង​មើល​ការប្រកួត​ដេញ​វ៉ៃ​គ្នា​បែប​អនាធិបតេយ្យ​លក្ខណៈ​ទ្រង់ទ្រាយ​ធំ រត់​ពេញ​តារាង​បាល់ទាត់​ហាក់បី​ដូចជា​អត់​មាន​ច្បាប់​ទម្លាប់​កីឡា​នោះ​ទេ​កាលពី​ថ្ងៃ​អាទិត្យ​សប្តាហ៍​កន្លង​ទៅ​នេះ​រវាង​ក្លិប​ខេត្ត​ស្វាយរៀង និង​ក្លិប​ក្រសួង​ការពារ​ជាតិ​នៅ​ទឹកដី​ខេត្ត​ស្វាយរៀង និង​មាន​ការផ្សាយ​បន្ត​ផ្ទាល់​ផង​ដែរ​។

កាលពី​លើក​ទី​ ១ ​នោះ​គឺ​ការប្រកួត​រវាង​ក្លិប​ផ្សារ​ដើមថ្កូវ និង​ក្លិប​ច្រាំង​ចំរេះ​នៅ​ស្ដាត​អូឡាំពិក​កាលពី​ឆ្នាំ​ ១៩៨៤ ក្រុម​ផ្សារ​ដើមថ្កូវ​ខឹង​ចាញ់​ក្រុម​ច្រាំង​ចំរេះ កីឡាករ​ផ្សារ​ដើមថ្កូវ​ក៏​លេង​ដេញ​ធាក់ ហើយ​ដេញ​វ៉ៃ​យក​តែ​ម្តង​យ៉ាង​ប្រសាច​ពេញ​តារាង​ដែរ​មាន​ក្រុម​ផ្សារ​ដើមថ្កូវ​ហ្នឹង​ដក​យក​ទង់ជ័យ​នៅ​កន្លែង​ទាត់​បាល់​ជ្រុង ហើយ​ដេញ​វ៉ៃ​ក្រុម​ច្រាំង​ចំរេះ រត់​ផ្លោះ​របង​ទៀត​ក៏​មាន​។

លើក​ទី​ ២ នៅ​ឆ្នាំ​ ២០០៧ គឺ​ក្លិប​ក្រសួង​ការពារ​ជាតិ​ខឹង​លេង​ចាញ់​ក្លិប​សាកល​វិទ្យាល័យ​បៀលប្រាយ​ក៏​តាំង​ដេញ​វ៉ៃ​ប្រតាយ​ប្រតប់​គ្នា ទាំង​កីឡាករ​បរទេស ទាំង​កីឡាករ​ខ្មែរ រត់​ប្រសេច​ប្រសាច​ពេញ​តារាង​ដែរ​ប៉េអឹម​ឃាត់​ក៏​មិន​ទាន់​សភាពការណ៍​ដែរ ដោយសារ​កាលនោះ​គ្មាន​ទូរទស្សន៍​ផ្សាយ​បន្ត​ផ្ទាល់ អ្នក​ដែល​ឃើញ​ព្រឹត្តិការណ៍​នេះ ទាល់​តែ​អ្នក​ចូល​ទស្សនា​ផ្ទាល់​។ ចាប់ពី​ពេល​នោះ​មក សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ (FCC) បាន​ពង្រឹង​ស្ថាប័ន​របស់​ខ្លួន​បាន​ប្រសើរ​ឡើង​ផង​ដែរ​ក្នុង​ការ​បញ្ឈប់​ការដេញ​វ៉ៃ​គ្នា​ក្នុង​តារាង​យ៉ាង​អនាធិបតេយ្យ​នេះ និង​ដាក់​ពិន័យ​ជា​បន្តបន្ទាប់​ចំពោះ​កីឡាករ និង​ក្លិប​ផង​ដែរ​។

រីឯ​ក្លិប​ខ្លះ​បាន​កំណត់​ស្តង់ដារ​របស់​ខ្លួន​ល្អ​ប្រសើរ​បណ្តើរៗ​ហើយ សូម្បីតែ​កីឡាករ​របស់​ខ្លួន​ធ្វើ​ខុស​ក៏​ដាក់​ពិន័យ​បន្ថែម​ទៀត ឧទាហរណ៍ កីឡាករ ទូច បញ្ចរ៉ុង ខ្សែការពារ​របស់​ក្លិប​បឹងកេត​កាលពី​ឆ្នាំ​ទៅ​ខឹង​នឹង​អាជ្ញាកណ្តាល​ពិន័យ​គាត់ គាត់​បាន​យក​ក្បាល​បុក​ច្រមុះ​អាជ្ញាកណ្តាល​ភ្លាមៗ​អាជ្ញាកណ្តាល ក៏​ដក​កាត​ក្រហម​ដេញ​ចេញ​ពី​ទីលាន​ប្រកួត​ផងដែរ​។ បន្ទាប់មក​សហព័ន្ធ​ក៏​ដាក់​ទណ្ឌកម្ម​បញ្ឈរជើង​មិន​អនុញ្ញាត​ឲ្យ​ប្រកួត​រយៈពេល ៦ ​ខែ ហើយ​ថ្នាក់​ដឹកនាំ​ក្លិប​បឹងកេត​ក៏​បាន​ព្រមាន និង​សម្រេច​ពិន័យ​កាត់​ប្រាក់ខែ​របស់​បញ្ច​រ៉ុង​ផង​ដែរ​។

តែ​មក​ដល់​ពេល​នេះ​ក្លិប​ខ្លះ​នៅ​មិន​ទាន់​ពង្រឹង​ក្រម​សីលធម៌ និង​វិន័យ​របស់​កីឡាករ​របស់​ខ្លួន​នៅ​ឡើយ​ទេ ដូច​ករណី​កើតឡើង​នៅ​ស្តាត​របស់​ខេត្ត​ស្វាយរៀង​កាលពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ​មិន​គួរ​អនុញ្ញាត​ឲ្យ​កើតមានឡើង​នោះ​ទេ មើល​ទៅ​វា​អាក្រក់​មើល​ណាស់ ដែល​ជិត​ចប់​ការប្រកួត​ហើយ​បែរ​ជា​កីឡាករ​របស់​ក្លិប​ខេត្ត​ស្វាយរៀង​នាំ​គ្នា​ដេញ​វ៉ៃ​កីឡាករ​ជប៉ុន Yudai Ogawa ពាក់​លេខ «៦» របស់​ក្លិប​ក្រសួង​ការពារជាតិ​រត់​ចេញ​មក​ក្រៅ​ទីលាន​ទៀត មាន​ទាំង​ដំបង​ឈើ​ដេញ​វ៉ៃ​ទៀត​ក៏​មាន​ដែរ ប្រៀប​ដូច​ហ្វូង​តោ​ដេញ​ចាប់​សេះ​បង្កង់​ក្នុង​ព្រៃ​នៅក្នុង​កញ្ចក់​ទូរទស្សន៍ Discovery អ៊ីចឹង​។

ខណៈ​នោះ​ដែរ​អ្នក​គាំទ្រ​រត់​ចូល​តារាង​បាល់​យ៉ាង​ប្រសេច​ប្រសាច​ហើយ​សមត្ថកិច្ច​ប៉េអឹម​គ្រប់គ្រង​ស្ថានការណ៍​មិន​បាន​តាំងតែ​ពី​កើត​ហេតុ​ដំបូង​មក​ម្ល៉េះ ២ ​នាទី​ក្រោយ​មក​បាន​ស្ថានការណ៍​ត្រឡប់​មក​ដូច​ដើម​វិញ ហើយ​អាជ្ញាកណ្តាល​បាន​ពិន័យ​កាត​ក្រហម​បណ្តេញ​កីឡាករ ២ ​រូប​របស់​ក្លិប​កងទ័ព និង ២ ​រូប​របស់​ក្លិប​ខេត្ត​ស្វាយរៀង​ផង​ដែរ​។

តែ​ប៉ុណ្ណឹង​មិន​ទាន់​គ្រប់គ្រាន់​នោះ​ទេ សហព័ន្ធ​បាល់ទាត់​ត្រូវ​ពិនិត្យ​មើល​វីដេអូ​ឃ្លីប​ឡើង​វិញ​ដើម្បី​ដាក់​ទណ្ឌកម្ម​ដល់​អ្នក​ដែល​ពាក់ព័ន្ធ​ទាំងអស់ ទាំង​គ្រូ ទាំង​សិស្ស និង​ទស្សនិកជន​ផង​ដែរ ដើម្បី​បង្ហាញ​ភាព​យុតិ្តធម៌​ដល់​គូប្រកួត និង​មហាជន​ដែល​កំពុង​ទស្សនា​នៅ​ទីលាន​ក្តី និង​នៅ​គេហដ្ឋាន​ក្តី កុំ​ឲ្យ​មាន​អំពើ​ហិង្សា​ដេញ​វ៉ៃ​គ្នា​ធ្ងន់ធ្ងរ​បែប​នេះ​ទៀត​អី​។

ករណី​នេះ​លោក រិទ្ធ ឌីកា ក្នុង​នាម​ជា​ថ្នាក់ដឹកនាំ​ក្លិប​ខេត្ត​ស្វាយរៀង ១ ​រូប​បាន​សរសេរ​សុំទោស​ដល់​ទស្សនិកជន​ជា​សាធារណៈ ចំពោះ​ព្រឹត្តិការណ៍​ដែល​កើតឡើង​មក​ដល់​សម័យ​នេះ​ហើយ​នៅ​កើត​ទៀត​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​ហើយ​នឹង​ចាត់​វិធានការ និង​ដាក់ពិន័យ​ចំពោះ​ក្រុម​របស់​លោក​។ តែ​លោក​មិន​ទាន់​បាន​បញ្ជាក់​ថា​ការដាក់​ទណ្ឌកម្ម និង​ពិន័យ​ចំពោះ​កូន​ក្រុម​របស់​លោក​នោះ​កម្រិត​ណា​នៅ​ឡើយ​ទេ ព្រោះ​កន្លង​មក​ថ្មីៗ​នេះ​នៅ​ស្តាត​ទឹកដី​ខេត្ត​ស្វាយរៀង​នេះ​មាន​ទំនាស់​ចុងមាត់​ចុងក​ជាមួយ​នឹង​ក្លិប​ភ្នំពេញ​ក្រោន​ផង និង​ក្លិប​ណាហ្គាវើល​ផង​ដែរ​។

ម្យ៉ាង​វិញ​ទៀត​បើ​ម្នាក់ៗ​នៅ​តែ​មាន​ទស្សនៈ​មួយ​ថា ការ​វ៉ៃ​ប្រតាយប្រតប់​គ្នា​ដូច​ក្មេង​ទំនើង​បែប​នេះ​នៅ​ស្រុក​គេ​ក៏​កើត​មាន​ដូច​តែ​គ្នា​ដែរ​នោះ​គឺ​មិន​អាច​ដោះស្រាយ​បញ្ហា​វិបត្តិ​បាល់ទាត់​នៅ​ប្រទេស​កម្ពុជា​បាន​ទេ មាន​ន័យ​ថា​បើ​គេ​ធ្វើ​ខុស យើង​ខំ​ធ្វើ​ត្រាប់​នូវ​កំហុស​ដូច​គេ​ផង​ដែរ មិន​ទទួល​ស្គាល់​នូវ​កំហុស​របស់​ខ្លួន​ហើយ​ក៏​គ្មាន​ការកែប្រែ​ផង​ដែរ គំនុំ​នៅ​តែ​កើត​មាន​នៅ​ពេល​ដែល​ទៅ​លេង​នៅ​ទឹកដី​របស់​ក្លិប​ការពារ​ជាតិ​វិញ​ម្តង​នោះ​។ ហេតុ​ដូច្នេះ​ហើយ​ដំណោះស្រាយ​ដែល​អាច​ធ្វើ​ទៅ​បាន​នោះ​គឺ​ដោះស្រាយ​នូវ​មូលហេតុ​ចម្បង​​តាំងតែ​ពី​តូចៗ​ទៅ កុំ​ឡើង​ដល់​ទុំ​ជោរ​ចូល​ជា​លក្ខណៈ​ជម្លោះ​ទៅ​ហើយ​នោះ ដូចជា ៖

ទី​ ១) សមត្ថភាព​របស់​អាជ្ញាកណ្តាល​ដូច​ករណី​កាលពី​ថ្ងៃ​អាទិត្យ​រវាង​ស្វាយរៀង និង​កងទ័ព​នោះ​គឺ​នៅពេល​ដែល​កីឡាករ​ស្វាយរៀង​ស្លាយ​ជើង​ ២ ​មក​កីឡាករ​កងទ័ព​ដួល​លើ​គ្នា​ភ្លាម គឺ​អាជ្ញា​កណ្តាល ផ្លុំ​កញ្ជែ​ហើយ​ពិន័យ​កាត​លឿង​ ឬ​កាត​ក្រហម​ភ្លាមៗ​ទៅ​កីឡាករ​ស្វាយរៀង​ផង​ដែរ ហើយ​អាជ្ញាកណ្តាល ខ្សែ​បន្ទាត់​រត់​មក​អន្តរាគមន៍​ភ្លាម​គឺ​ចប់​ហើយ​រឿង​លែង​កើត​ឡើង​បន្ត​ទៀត​ហើយ​។

ទី​ ២) ​ចរិត​របស់​កីឡាករ​ដែល​ទម្លាប់​លេង​កាច និង​ដើរ​ខ្សែ​លើ​មិន​មាន​ការអត់ឱន​ឲ្យ​គ្នា​ដូច​កីឡា​ករលេខ ១២ ដែល​ជា​ប្រធាន​ក្រុម​របស់​ស្វាយរៀង ពាក់​ប្រឡង់​ដៃ​ពណ៌​លឿង «Fair Play» ​លេង​ដោយ​យុត្តិធម៌​ផង មិន​ពាក់ព័ន្ធ​ការប៉ះទង្គិច​គ្នា​ផង​ទៅ​ជា​វ៉ៃ​ក្បាល​កីឡាករ​កងទ័ព ដែល​កំពុង​ពាក់ព័ន្ធ​ទៅ​នឹង​កំហុស​ទៅ​វិញ​ក៏​ផ្ទុះ​ចេញ​ជា​រឿង​បែក​ធំ​បណ្តោយ​។ បើ​គាត់​មក​ឃាត់​កុំ​ឲ្យ​ឈ្លោះ​គ្នា​ទៅ​ចប់​ហើយ​ព្រោះ​គាត់​ជា​ប្រធាន​ក្រុម​ដែល​មាន​ឥទ្ធិពល​មក​លើ​កូនក្រុម​នៅ​លើ​ទីលាន​។

ទី​ ៣) ក្នុង​នាម​ជា​គ្រូបង្វឹក ឬ​ក៏​ថ្នាក់ដឹកនាំ​ក្លិប​មិន​គួរ​ពន្យុះ​ឲ្យ​កូន​ក្រុម​លេង​ធាក់​គ្នា ឬ​ក៏​វ៉ៃ​គ្នា​នោះ​ទេ​។ ក៏​មិន​ត្រូវ​ចូល​ខ្លួន​មក​ឡូកឡំ​ប្រតាយប្រតប់​នឹង​គេ​នោះ​ដែរ ដូច​ម្សិលម្ង៉ៃ​គឺ​គ្រូ​ជំនួយ​របស់​ខេត្ត​ស្វាយរៀង​ចូល​ប្រវាយប្រតប់​ហ្នឹង​គេ​ដែរ​។ ចុះ​បើ​គាត់​ចូល​ទៅ​ឃាត់​ទៅ​ចប់​បាត់ គ្មាន​រឿង​អី​កើតឡើង​បន្ត​ទៀត​នោះ​ទេ​។

ទី​ ៤) ក្នុង​នាម​ជា​កីឡាករ​បម្រុង​មិន​មាន​សិទ្ធិ​ចូល​ទៅ​ក្នុង​ទីលាន​ និង​ដេញ​វ៉ៃ​គេ​នោះ​ទេ ដូច​អ្នក​ចាំទី​បម្រុង​របស់​ខេត្ត​ស្វាយរៀង​ដេញ​វ៉ៃ​កីឡាករ​លេខ​ ៦ ​របស់​កងទ័ព​បើ​ទោះបី​ជា​គ្នា​ខំប្រឹង​រត់​ចេញ​ក្រៅ​ឲ្យ​គេ​ជួយ​ហើយ ក៏​នៅ​តែ​ដេញ​វ៉ៃ​ទាល់​តែ​បាន ហើយ​មិន​ទទួល​បាន​កាត​ក្រហម​ទៀត​។ ចុះ​បើ​គាត់​ចូល​ទៅ​ជួយ​ទប់​កំហឹង​គ្នា​ទៅ​ចប់​រឿង​បាត់​ទៅ​ហើយ​។

ទី​ ៥) ក្នុង​នាម​ជា​អ្នក​គាំទ្រ​អង្គុយ​មើល​បាន​ហើយ​សូម​កុំ​ពន្យុះ​ឲ្យ​កីឡាករ​វ៉ៃ​គ្នា ចោល​របស់របរ​ចូល​ក្នុង​ទីលាន ឬ​ក៏​ខ្លួន​រត់​ចូល​ទីលាន​ប្រកួត​ឲ្យ​ប្រសាច​ដូច​នៅ​ស្តាត​ស្វាយរៀង​កាលពី​ថ្ងៃ​អាទិត្យ​នោះ​ទេ​។

ទី​ ៦) ​ការអន្តរាគមន៍​របស់​កងកម្លាំង​សមត្ថកិច្ច​តែងតែ​ចូលរួម​យឺតយ៉ាវ​រាល់​តែ​ដង ហាក់បី​ដូចជា​ពុំ​សូវ​យក​ចិត្ត​ទុក​ដាក់​សោះ​។ ចុះ​ពួកគាត់​ចុះ​ចាប់​ភ្លាមៗ ទៅ​រួច​គ្នា​បាត់​ហើយ ព្រោះ​ពួកគាត់​ឈរ​នៅ​ក្បែរ​ទីលាន​ស្រាប់​។ ចំណុច​នោះ​គួរ​មើល​អន្តរាគមន៍​ល្អៗ​ដូច​នៅ​ការប្រកួត​ប្រឺមីញ៉េលីក​នៅ​ប្រទេស​អង់គ្លេស​ជាដើម​។

ទី​ ៧) កីឡាករ​គួរ​បញ្ឈប់​ការ​អាង​ខ្នង​របស់​ម្ចាស់​ក្លិប​ដែល​មាន​តំណែង​ធំៗ នៅ​ក្នុង​ស្ថាប័នរដ្ឋ និង​កងកម្លាំង​នោះ​។

បើ​ពុំ​ដូច្នេះ​ទេ​ជា​លទ្ធផល គឺ​បាត់បង់​ប្រជាប្រិយភាព​ការប្រកួត​បាល់ទាត់​មិត្តហ្វូនលីក​អ្នក​ដែល​តែងតែ​ទៅ​គាំទ្រ​ទស្សនា​ផ្ទាល់​ចំណាយ​ពេល​ក៏​លែង​ចង់​ទៅ​មើល​ផង​ដែរ​៕

ចូលរួម​ផ្តល់​យោបល់​តាមរយៈ soprach.tong@phnompenhpost.com