រឿងសុខាភិបាលមិនខុសអ្វីពីរឿងវប្បធម៌ទេខណៈដែលរោងកុន រោងល្ខោន មហោស្រពត្រូវបានរដ្ឋាភិបាលលក់នៅទូទាំងប្រទេសខ្ទេចខ្ទីជិតអស់ហើយលុយក៏មិនដឹងជាទៅទីណាដែរ។
រីឯរោងកុនខ្លះទៀតទុកចោលមិនដំណើរការរង់ចាំម៉ូយក្រែងបានថ្លៃកប់ក្តោងនេះសុទ្ធតែស្នាដៃមនុស្សចាស់ៗជាអ្នកលក់ដូចលក់វប្បធម៌ខ្លួនឯងអ៊ីចឹងតែបែរទៅជាបង្វែរឲ្យយុវជនខំប្រឹងកសាងវប្បធម៌ឡើងវិញក្រោមស្លាក «យុវជនជាសសរទ្រូងនៃខឿនវប្បធម៌ជាតិ» កាលពីថ្ងៃទី ៣ ខែមីនាកន្លងទៅនេះ។
ធ្វើអ៊ីចឹងៗស្រស់ៗពេក តើឲ្យយុវជនបច្ចុប្បន្ននេះមានជំនឿយ៉ាងម៉េចទៅបើអត់ឃើញដាក់បញ្ចូលយុវជនថាត្រូវធ្វើអ្វីផងក្នុងការអភិវឌ្ឍវប្បធម៌? មើលទៅដូចជាមិនសម?
ដូចគ្នានេះដែរ រឿងសុខាភិបាលក៏មានករណីលក់ដូរនេះដែរដោយលក់តាំងពីពេទ្យតំបន់ ៣ នៅផ្លូវហ្សាលឌឺហ្គោលមន្ទីរពេទ្យ ១ ឧសភា (ពេទ្យនគរបាលនៅជិតវត្តកោះ) មន្ទីរពេទ្យចិន មជ្ឃមណ្ឌលជំងឺសើស្បែក និងជំងឺអេដស៍កម្មវិធីលើកកម្ពស់សុខភាព (អគារ ៤២ ជាន់-Prime Location) រហូតដល់លក់ក្រសួងខ្លួនឯងទៅឲ្យសេដ្ឋីយកលុយចែកគ្នាអស់កាលពីឆ្នាំទៅហើយថ្មីៗនេះលក់ពេទ្យបង្អែកកាកបាទក្រហមនៅក្បែរវិមានឯករាជ្យទៅឲ្យធនាគារឯកជនបាត់ទៀតខាងមន្ដ្រីនៅស្ថាប័នកាកបាទក្រហមកម្ពុជាក៏គ្មានឮមាត់ឮកដែរនៅត្រជាក់ល្ហឹមធ្វើមិនដឹងមិនឮទោះបីបាត់ឈ្មោះមន្ទីរពេទ្យកាកបាទក្រហមក៏ដោយ។
រីឯពេទ្យបង្អែកក្រុងកុំតែបាតុកម្មទាន់កុំអីស៊ីដាច់បាត់ទៀត។ ករណីលក់មិនមែនកម្រិតត្រឹមរដ្ឋមន្ត្រីជាអ្នកចុះហត្ថលេខាលក់បាននោះទេ។ ចុះបើលក់ភ្លូកទឹកភ្លូកដីយ៉ាងហ្នឹងៗប្រាក់ខែគ្រូពេទ្យនៅតែទាបដដែលថ្នាក់លើចេះតែគាបតៗគ្នាឲ្យគ្រូពេទ្យកុំយកលុយក្រៅ កុំប្រើពាក្យសម្តីអសុរោះ ឬក៏ធ្វើមិនដឹងមិនឮចំពោះអ្នកជំងីដដែលៗតាំងពីឆ្នាំ ៨០ មកតែការកែប្រែនោះមិនបានទៅតាមអ្វីដែលអតិថិជនចង់បាននោះទេ។
ថ្នាក់ដឹកនាំចេះតែចង់កែទម្រង់នេះកែទម្រង់នោះដូចលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានត្រឹមតែជំរុញស្ថាប័នពាក់ព័ន្ធឲ្យខិតខំប្រឹងប្រែងកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ (D&D) ក្នុងឆ្នាំ ២០១៦ ទៅលើការផ្ទេរមុខងារ និងធនធានទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។
ជាងនេះទៅទៀតរាល់ថ្ងៃនេះវិស័យសុខាភិបាលទាំងមូលដើរបានមួយភាគធំដោយសារជំនួយមិនត្រឹមតែប៉ុណ្ណឹងទេយកលុយជំនួយពុករលួយទៀតដូចអង្គការ Global Fund រកឃើញរឿងតម្លៃទិញមុងការពារមូស។ តែពេលខ្លះរឿងបញ្ហាសុខភាពនេះគឺប៉ះពាល់បណ្តាលមកពីការបណ្តែតបណ្តោយស្ថាប័នពិនិត្យគុណភាពទំនិញនាំចូលដូចជាកាំកុងត្រូល គយ និងប៉ូលិសសេដ្ឋកិច្ចជាដើមដែលគ្មានសមត្ថភាព ឬក៏ពុករលួយចេះតែឲ្យទំនិញខូចគុណភាពចូល និងថ្នាំក្លែងក្លាយ ឬក៏ការពិនិត្យម្ហូបអាហារក្នុងស្រុកគ្មានគុណភាពតែដល់ពេលពុលស្លាប់ចេះតែនាំគ្នាទម្លាក់កំហុសតែពេទ្យហើយជាពិសេសផលប៉ះពាល់ពីការលក់ដូរពេទ្យបង្អែកនេះទៀតសោតគឺខុសទៅនឹងប្រព័ន្ធសុខាភិបាលដែលតម្រូវឲ្យមានពេទ្យបង្អែកមួយគ្របដណ្តប់ប្រជាពលរដ្ឋ ១០ ម៉ឺននាក់ដែលនៅក្បែរអ៊ីចឹងហើយបានជាចេះតែមានគម្លាតកាន់តែធំទៅៗសន្លឹកឆ្នោត ២០១៧-២០១៨ ក៏ចេះតែឆ្ងាយទៅៗដែរ។
ម្យ៉ាងវិញទៀតថ្មីៗនេះលោកនាយករដ្ឋមន្ត្រីបានអនុម័តឲ្យនិស្សិតពេទ្យដែលប្រឡងធ្លាក់មធ្យមភាគទាំងអស់ និងបានធ្វើបាតុកម្មតវ៉ានោះឲ្យជាប់ទាំងអស់ចំនួន ២ លើករួចមកហើយ។
ទាំងនេះសុទ្ធតែជាបញ្ហាផលប៉ះពាល់ពីខាងក្រៅមកលើវិស័យសុខាភិបាល។
រីឯផលប៉ះពាល់ពីខាងក្នុងវិញម្តងបើប្រៀបធៀបរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង ជាមួយនឹងលោកបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំវិញដែលការងារលោកទាំង ២ នៅកៀកនឹងប្រជាពលរដ្ឋឃើញសកម្មភាពខុសគ្នាច្រើនណាស់។ ក្រៅតែពីការប្រជុំការចុះកាត់ខ្សែបូសម្ពោធមណ្ឌលសុខភាព និងការចែកអំណោយតើលោករដ្ឋមន្ត្រីសុខាភិបាលធ្វើអ្វីខ្លះ?
គ្រាន់តែរឿងផ្ទុះការរីករាលដាលជំងឺអេដស៍នៅឃុំរកា ខេត្តបាត់ដំបងឥឡូវនេះកើនជាង ២៨០ នាក់ និងមានអ្នកស្លាប់ជាង ១០ នាក់ទៅហើយនេះក៏មកតែពីការខ្វះសមត្ថភាពការគ្រប់គ្រងគ្រូពេទ្យខុសច្បាប់ដើរចាក់ថ្នាំតាមភូមិ និងអ្នកលក់ឱសថខុសច្បាប់។
គ្រាន់តែករណីនៅឃុំរកានេះខ្មាសគេពេញពិភពលោកទៅហើយគូទនៅកណ្តាលវាលដែលខំអួតប្រាប់គេថាអត្រាប្រេវ៉ាឡង់នៃអ្នកផ្ទុកមេរោគអេដស៍ធ្លាក់ចុះមកដល់ ០,៦ ភាគរយហើយនៅឆ្នាំ ២០១៣ បើនៅស្រុកគេជឿនលឿនរដ្ឋមន្ត្រីសុខាភិបាលគេចុះចេញពីតំណែងទៅហើយ។
បើនិយាយពីឥរិយាបថ និងការប្រើពាក្យសម្តីរបស់គ្រូពេទ្យហ្នឹងរហូតដល់ចាស់ៗគាត់ថា៖ «បើស្អប់មនុស្សម្នាក់គឺគាត់ស្អប់ដល់ឆ្មបបង្កើតមកទៅទៀត!» ឮតែរំឭកការកែប្រែនេះតាំងតែពីយូរមកហើយដដែលៗដូចជាមិនឃើញផ្លាស់ប្តូរគួរកត់សម្គាល់សោះគឺធ្វើបានដោយកន្លែងដុំៗ។
ចំណែកឯរឿងកំណែទម្រង់ D&D វិញ (www.ncdd.gov.kh) គឺក្រសួងអប់រំក៏បានផ្ទេរអំណាចការគ្រប់គ្រងកម្រិតបឋមសិក្សាចុះមកក្រុង-ស្រុកជាអ្នកគ្រប់គ្រងដោយឲ្យខេត្តបាត់ដំបងមុនគេរីឯក្រសួងសុខាភិបាលនៅអេះអុញៗត្រិមតុមៗក្នុងការផ្ទេរមុខងារគ្រប់គ្រងមណ្ឌលសុខភាពដែលនៅក្រោមឱវាទស្រុកប្រតិបត្តិសុខាភិបាលចំនួន ៤ តូចៗនៅឡើយទេមើលទៅហាក់បីដូចជានៅយឺតយ៉ាវជាងគេ។
ដោយសារតែភាពស្ពឹកស្រពន់របស់រដ្ឋមន្ត្រីសុខាភិបាលនេះហើយធ្វើឲ្យកំណើនថវិកាឆ្នាំ ២០១៦ នេះរបស់វិស័យសុខាភិបាលតិចជាងអប់រំដល់ទៅ ៣ ដងគឺសុខាភិបាលមានកំណើនតែ ៨ ភាគរយទេរីឯអប់រំបានដល់ទៅ ២៨ ភាគរយ (MoEF, 2016) បើទោះបីជាវិស័យទាំង ២ នេះជាវិស័យអាទិភាពរបស់រដ្ឋាភិបាលក៏ដោយ។
តាមរយៈការសិក្សាស្រាវជ្រាវវាយតម្លៃដែលមានលក្ខណៈលឿនដោយក្រុមប្រឹក្សាទាំង ៥ របស់វិស័យសុខាភិបាលមានចំណងជើងថា៖ «ការពង្រឹងច្បាប់គ្រប់គ្រងវិជ្ជាជីវៈសុខាភិបាលនៅក្នុងប្រទេសកម្ពុជា» ដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី ១០ ខែមីនាកន្លងទៅនេះបង្ហាញថា៖ «គ្រូពេទ្យដែលរកស៊ីចាក់ថ្នាំជាងពាក់កណ្តាលមិនបានចុះបញ្ជីទេហើយទន្តពេទ្យ និងគិលានុបដ្ឋាកតែ ២ ភាគ ៣ ប៉ុណ្ណោះបានចុះបញ្ជីត្រឹមត្រូវស្របច្បាប់»។ នេះមិនទាន់គិតពេទ្យដើរចាក់ថ្នាំតាមភូមិគ្មានសញ្ញាបត្រដែលធ្វើឲ្យខូចប្រព័ន្ធសុខាភិបាលផងទេ។
នេះមកពីចំណុចខ្វះខាតនៃកិច្ចសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចក្នុងការជួយដោះស្រាយនិយាយភាសាបច្ចេកទេសគឺមកពីស្ថាប័ននេះមិនបានផ្ទេរអំណាចមករដ្ឋបាលថ្នាក់ក្រោមជាតិជាអ្នកគ្រប់គ្រងក្នុងការលុបបំបាត់សេវាឯកជនខុសច្បាប់ និងការកែប្រែឥរិយាបថគ្រូពេទ្យបើទោះបីជាស្ថាប័នខ្លួនឯងមិនមានសមត្ថភាពគ្រប់គ្រងហើយនៅឱបអំណាច និងការងារមិនទម្លាក់ឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិជាអ្នកគ្រប់គ្រងឲ្យស្របទៅនឹងកំណែទម្រង់ D&D ក៏ដោយ។
ទោះជាយ៉ាងណាក៏ដោយក្នុងការគ្រប់គ្រងនៅថ្នាក់ស្រុកប្រតិបត្តិសុខាភិបាល (OD) ក៏មានស្រុកប្រតិបត្តិខ្លះធ្វើបានល្អសឹងតែឥតខ្ចោះនោះដែរដូចស្រុកប្រតិបត្តិអង្គរជុំ ខេត្តសៀមរាបកុំថាឡើយមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលសូម្បីតែអង្គការដៃគូ ឬក៏ម្ចាស់ជំនួយធំៗដែលធ្វើការជាមួយក៏សុំសរសើរស្រុកប្រតិបត្តិមួយនេះអនុវត្តបានល្អដែរ។ តាមរយៈការសិក្សាចងក្រងឯកសាររបស់អង្គការ URC កាលពីឆ្នាំ ២០០៩ បានបង្ហាញពីសមិទ្ធផល ៥ ឆ្នាំពីឆ្នាំ ២០០៥-២០០៩ ឃើញថាស្រុកប្រតិបត្តិបានបញ្ឈប់ឆ្មបបុរាណ និងលុបបំបាត់សេវាសុខាភិបាលខុសច្បាប់ដូចជាពេទ្យដើរចាក់ថ្នាំតាមភូមិ និងអ្នកលក់ថ្នាំពេទ្យតាមភូមិជាដើមដើម្បីឲ្យអតិថិជន និងអ្នកជំងឺមកបម្រើសេវាពេទ្យរដ្ឋវិញម្តងធ្វើឲ្យប្រាក់ចំណូលហិរញ្ញប្បទានកំណើនកើនឡើង ៥ ដងផងដែរ»។
ទាំងនេះត្រូវបានលោក ម៉ក់ សំអឿន ប្រធានស្រុកប្រតិបត្តិអង្គរជុំបានថ្លែងថា៖ «ការធ្វើបានកិច្ចការនេះមកពីមានកិច្ចសហការល្អជាមួយរដ្ឋបាលស្រុក និងឃុំជាពិសេសសេវា ២៤ ម៉ោងរបស់យើងឲ្យរួចសិនហើយលោកក៏មានផែនការធ្វើវិមជ្ឈការសាកល្បងគឺផ្ទេរមុខងារគ្រប់គ្រងមណ្ឌលសុខភាពទៅរដ្ឋបាលស្រុកឲ្យស្របទៅនឹងកំណែទម្រង់ D&D របស់រាជរដ្ឋាភិបាល»។
ម្យ៉ាងវិញទៀតលោកដោះស្រាយបញ្ហាការអនុវត្តជាន់គ្នា (double practice) របស់គ្រូពេទ្យដែលធ្វើការងាររដ្ឋផង និងការងារគ្លិនិក ឬនៅបន្ទប់ពិគ្រោះយោបល់របស់ខ្លួននៅពេលជាមួយគ្នាផងដែលជាហេតុធ្វើឲ្យប៉ះពាល់ប្រព័ន្ធសុខាភិបាល និងពាក្យសម្តីគំរោះគំរើយដាក់អ្នកជំងឺ។ អ៊ីចឹងហើយបានជាលោកស្នើសុំឲ្យគាត់ជ្រើសរើសតែមួយទេ។
មកទល់ពេលនេះគ្រូពេទ្យស្ថិតនៅក្រោមការគ្រប់គ្រងស្រុកប្រតិបត្តិអង្គរជុំទទួលបានផលលាភចំណូលក្រៅពីប្រាក់ខែដោយផ្អែកទៅតាមតារាងប្រាក់បៀវត្សរ៍យ៉ាងតិចក៏ ៣៥០ ដុល្លារដែរសម្រាប់បុគ្គលិកធ្វើការនៅទីនោះ។
បើតាមរយៈអ្នកជំនាញខាងធ្វើវិមជ្ឈការកាលពីឆ្នាំទៅបានចែករំលែកបទពិសោធយុទ្ធសាស្ត្រការធ្វើវិមជ្ឈការនៅប្រទេសហ្វីលីពីន និងប្រទេសឥណ្ឌូនេស៊ីដែលគេដើរទៅលឿន (Big bang) នោះគឺគេផ្ទេរមុខងារជាកាតព្វកិច្ចទាំងស្រុងពីថ្នាក់ជាតិទៅរដ្ឋបាលថ្នាក់ក្រោមជាតិជាអ្នកគ្រប់គ្រង និងតាមរយៈការដំឡើងប្រាក់ខែឲ្យមន្ត្រីនៅរដ្ឋបាលថ្នាក់ក្រោមជាតិខ្ពស់ដូចថ្នាក់ជាតិដែរហើយមានប្រាក់លើកទឹកចិត្តដល់មន្ត្រីទាំងនោះទៀត។
ហេតុដូចនេះហើយបានជាមន្ត្រីគេចូលចិត្តទៅធ្វើការនៅថ្នាក់ក្រោមជាតិជាពិសេសលើកទឹកចិត្តមន្ត្រីដែលមានស្រុកកំណើតរបស់ខ្លួនឯងអភិវឌ្ឍនៅនឹងកន្លែងផ្ទាល់តែម្តង។
ចំណុចកន្លែងនេះខុសពីស្រុកខ្មែរគឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានត្រឹមតែលើកទឹកចិត្តនិស្សិតឲ្យរៀនធ្វើជាគ្រូពេទ្យហើយឲ្យទៅធ្វើការនៅថ្នាក់ក្រោមនៅកន្លែងស្រុកកំណើតខ្លួនឯងដដែលតែមិនបានលើកឡើងអំពីការដំឡើងប្រាក់ខែ និងប្រាក់លើកទឹកចិត្តឲ្យបានច្រើននោះទេក៏មិនប្រាប់ថារដ្ឋាភិបាលឈប់លក់ ឬក៏ដោះដូរមន្ទីរពេទ្យ ឬក៏មណ្ឌលសុខភាពនោះដែរ។
សរុបមកវិញមិនលំបាកដូចទៅសុំភ្លើងយក្សនោះទេចំពោះការធ្វើវិមជ្ឈការសុខាភិបាលនោះគឺយកផែនការគោលនយោបាយ គោលការណែនាំ និងលិខិតបទដ្ឋានគតិយុត្ដិក្នុងការផ្ទេរមុខងារជាកាត្វកិច្ចដែលរៀបចំដោយលេខាធិការដ្ឋាន គ.ជ.អ.ប មកអនុវត្តគួបផ្សំទៅនឹងបទពិសោធដែលបានអនុវត្តល្អនៅស្រុកប្រតិបត្តិសុខាភិបាលអង្គរជុំជាពិសេសនោះគឺការផ្លាស់ប្តូរឥរិយាបថគ្រូពេទ្យឲ្យវិជ្ជមាននោះមានតែធ្វើវេទិកាសាធារណៈដែលមានថ្នាក់ស្រុក ថ្នាក់ឃុំ ហើយអញ្ជើញគ្រូពេទ្យទាំងអស់មកចូលរួមស្តាំមតិរបស់ប្រជាពលរដ្ឋដែលជាអ្នកទទួលសេវាផ្ទាល់ដោយធ្វើយ៉ាងណាឲ្យស្របទៅនឹងគោលការណែនាំប្រតិបត្តិរបស់សិទ្ធិរបស់អតិថិជន និងសិទ្ធិកាតព្វកិច្ចរបស់អ្នកផ្តល់សេវាសុខភាព (MOH/GIZ, 2007)។
រួមជាមួយនឹងការដកពិសោធនៅប្រទេសឥណ្ឌូនេស៊ី និងហ្វីលីពីនដើម្បីឲ្យឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងទៅតាមការគ្រប់គ្រងរដ្ឋបាលស្រុកនីមួយៗសំខាន់ការផ្តល់អំណាចមករដ្ឋបាលថ្នាក់ក្រោមជាតិឲ្យគោរពទៅតាមគំនិតជាគោលរបស់វិមជ្ឈការគឺការផ្ទេរទាំងមុខងារ ទាំងធនធានថវិកា និងធនធានមនុស្សតែរដ្ឋបាលថ្នាក់ក្រោមជាតិមានតួនាទីជាអ្នករកថវិកាកៀរគរទាំងរដ្ឋាភិបាល ទាំងម្ចាស់ជំនួយសម្រាប់ការអភិវឌ្ឍវិស័យសុខាភិបាលនៅស្រុកប្រតិបត្តិផងដែរមិនមែនគ្រាន់តែគ្រប់គ្រងរួចខ្លួននោះទេ។
ហេតុអ្វីបានជាក្រសួងបរិស្ថានបានផ្ទេរមុខងារជាកាតព្វកិច្ចការគ្រប់គ្រងសំរាមសំណល់រឹងមករដ្ឋបាលថ្នាក់ក្រោមជាតិតាំងពីឆ្នាំទៅមកម្លេះគេធ្វើបាន? រីឯក្រសួងសុខាភិបាលធ្វើមិនបាន? ឬមួយទាល់តែរដ្ឋមន្ត្រីវ័យក្មេងដូចលោក សាយ សំអាល់ បានធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការបាន?
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com