ក្នុងនាមមន្ត្រីរាជការរបស់រាជរដ្ឋាភិបាលចាប់ពីថ្នាក់អនុប្រធាននាយកដ្ឋានឡើងទៅគឺភ្ញាក់ពីដេកឡើងមិនទាន់ទេត្រូវគិតគូរតែពីរឿងចុះពង្រឹងមូលដ្ឋានច្រើនជាងការងាររាជការនៅក្នុងការិយាល័យរបស់ខ្លួនទៅទៀតអ្នកខ្លះចុះមូលដ្ឋានចុងសប្តាហ៍ហើយពេលខ្លះក្នុងសប្តាហ៍ក៏ចុះទៀតឡើងចង់ភ្លេចមុខប្រពន្ធ និងកូនទៅហើយ។ នេះគឺជាបញ្ជាពីថ្នាក់លើតៗគ្នាដោយយល់ឃើញថាវាជាសកម្មភាពពង្រឹងអំណាចបក្សចុះម្តងៗមានអ្នកហែហមយ៉ាងគគ្រឹកគគ្រេងដូចហែកឋិនទានអស់ថវិកាជាច្រើនទាំងចំណាយការហូបចុក ស្នាក់នៅ សាំងចាក់រថយន្តផង អំណោយផង រៀបចំបាយទឹកជូនអ្នកចូលរួមផង...។ល។
តើរដ្ឋាភិបាលធ្លាប់សាកល្បងសិក្សាវាយតម្លៃមើលថាតើការចុះពង្រឹងមូលដ្ឋានពីថ្នាក់ជាតិបែបនេះមានផលជាវិជ្ជមានបានដល់កម្រិតណា? បើធ្វើការប្រៀបធៀបមើលរវាងការចុះមូលដ្ឋានចែកអំណោយ និងការធ្វើវិមជ្ឈការហិរញ្ញវត្ថុមករដ្ឋបាលថ្នាក់ក្រោមជាតិជាពិសេសកម្រិតក្រុង-ស្រុក និងឃុំ-សង្កាត់ដែលនៅជិតនឹងប្រជាពលរដ្ឋកំពុងមានស្រាប់ថាតើមួយណាមានប្រសិទ្ធភាពជាង (Cost & Effect)?
ជារឿយៗមានការត្អូញត្អែរផងមានការជំរុញផងពីស្ថាប័ន គ.ជ.អ.ប (គណៈកម្មការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ) ដែលមានលោក ស ខេង ឧបនាយរដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាប្រធានស្ថាប័ននេះដើរតួជាអ្នកសម្របសម្រួលមានការព្រួយបារម្ភពីដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ (D&D) របស់រាជរដ្ឋាភិបាលមួយនេះថាបានដើរក្រោយផែនការអនុវត្តដែលមាន ៣ ដំណាក់កាល (ផអ៣) ឆ្នាំ ២០១០-ឆ្នាំ ២០១៩។
កាលពីសប្តាហ៍មុនលោកបានរិះគន់ខ្លាំងជាថ្មីម្តងទៀតចំពោះក្រសួងមួយចំនួនដែលត្រូវផ្ទេរអំណាច និងមុខងារទៅថ្នាក់ក្រោមជាតិនៅមានភាពរយីករយាកធ្វើឲ្យប៉ះពាល់ទៅនឹងស្នូលនៃកំណែទម្រង់ទាំងមូល។
តាំងពីឆ្នាំ ២០១៥ លោកនាយរដ្ឋមន្ត្រី ហ៊ុន សែនក៏ធ្លាប់បានជំរុញកិច្ចការផ្ទេរមុខងារនេះផងដែរថាយ៉ាងហោចណាស់ក៏មានមុខងារ ១ របស់ក្រសួងពាក់ព័ន្ធត្រូវបានផ្ទេរនៅដំណាច់ឆ្នាំ ២០១៥ នោះ។ តែរហូតមកទល់ពេលនេះនៅតែរខេករខាកដដែលក្នុងការអនុវត្តកិច្ចការផ្ទេរមុខងារនេះ។
បើតាមទ្រឹស្តីនៃការធ្វើវិមជ្ឈការដើម្បីផ្តល់អំណាចមកថ្នាក់ក្រោមជាតិនេះមិនមែនត្រឹមតែផ្ទេរមុខងារ និងធនធានមនុស្សទេគឺថែមទាំងធនធានថវិកាផងដែរ ដែលមានសារៈសំខាន់នោះដូចមានចែងនៅក្នុងច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្ត ក្រុង-ស្រុក-ខណ្ឌ៖ «ការធ្វើវិមជ្ឈការមានន័យថារាជរដ្ឋាភិបាលប្រគល់ឲ្យក្រុមប្រឹក្សានូវភាពជាម្ចាស់លើមុខងារសិទ្ធិអំណាច និងធនធានដើម្បីឆ្លើយតបតាមសេចក្តីត្រូវការរបស់មូលដ្ឋាន។ ក្រុមប្រឹក្សាត្រូវមានគណនេយ្យភាពចំពោះប្រជាពលរដ្ឋមូលដ្ឋានលើបញ្ហាទាំងនេះ»។
មកដល់ពេលនេះគឺរដ្ឋបាល ក្រុង-ស្រុក ដែលដើរតួនាទីជាអ្នកអនុវត្តជំនួសមុខក្រុមប្រឹក្សាក្រុង-ស្រុកកំពុងស្ថិតក្នុងគោលដៅនៃកំណែទម្រង់នេះដែរនោះទើបតែទទួលថវិកា ក្រុង-ស្រុក របស់ខ្លួនដើម្បីយកមកអនុវត្តក្នុងប្រតិបត្តិការរដ្ឋបាលទូទៅ និងអភិវឌ្ឍតែប៉ុណ្ណោះចំណែកឯថវិកាមុខងារ និងធនធានមនុស្សដែលត្រូវទទួលពីក្រសួងដែលត្រូវផ្ទេរអំណាចនោះគឺមិនទាន់ចេញជារូបរាងនៅឡើយទេពោលគឺបានត្រឹមតែថវិកាសាកល្បងគ្រប់គ្រងលឹបលៗបន្តិចបន្តួចលើវិស័យសុខាភិបាល អប់រំ និង បរិស្ថាន តែប៉ុណ្ណោះ។
ផ្អែកតាមអនុក្រឹត្យលេខ ៣៦ ឆ្នាំ ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃមូលនិធិក្រុង-ស្រុកគឺទទួលបានតែ ០,៨ ភាគរយនៃចំណូលចរន្តឆ្នាំមុនដែលមានការប្រែប្រួលតាមកំណើនសេដ្ឋកិច្ច (នៅឆ្នាំ ២០១២) គឺប្រហែលជា ១៧ លានដុល្លារនៅឆ្នាំ ២០១៣ តែសម្រាប់ឆ្នាំ ២០១៧ ខាងមុខនេះថវិកាក្រុង-ស្រុកនេះកើនឡើងប្រមាណជា ៣៣,៥ លានដុល្លារដែលត្រូវបែងចែកទៅតាមសមាមាត្រប្រជាពលរដ្ឋ (MoEF,2016)។ ចំពោះកំណើននេះក្រុង-ស្រុកទូទាំងប្រទេសសព្វថ្ងៃនេះគឺជារឿយៗរដ្ឋបាលស្រុកតែងតែត្អូញត្អែរថានៅមានថវិកាតិចតួចណាស់សម្រាប់ការអនុវត្តនៅដែនដីសមត្ថកិច្ចរបស់ខ្លួនដោយរកចំណូលក្នុងស្រុកបានតិចតួចបំផុត។
រីឯការចាត់ចែងចំណាយមើលទៅហាក់ដូចជាក៏នៅមិនទាន់មានតម្លាភាពរវាងក្រុមប្រឹក្សា និងគណៈអភិបាលដែលទទួលភារកិច្ចពីក្រុមប្រឹក្សាអនុវត្តនោះពេលខ្លះក្រុមប្រឹក្សាស្រុកគាត់មិនបានដឹងថា គណៈអភិបាលស្រុកចំណាយលើអ្វីខ្លះនោះទេហាក់បីដូចជាមិនមានការបែងចែកតួនាទី និងភារកិច្ចរបស់ពួកគាត់ជាក់លាក់ឡើយ។ ជាទូទៅមានការរើសអើងគ្នារវាងគណបក្សកាន់អំណាច និងបក្សប្រឆាំង។
លោក កែវ សារឿន សមាជិកក្រុមប្រឹក្សាស្រុកអង្គរជ័យ ខេត្តកំពតមកពីគណបក្សសង្គ្រោះជាតិបច្ចុប្បន្នបានថ្លែងថា៖ «ខ្ញុំធ្វើជាក្រុមប្រឹក្សាស្រុកនេះមិនបានដឹងពីព័ត៌មានលម្អិតគេធ្វើអីខ្លះទេអំពីសកម្មភាពនៃការចាយវាយរបស់គណៈអភិបាលស្រុកគឺដឹងតែសរុបៗទេ និងចូលរួមអនុម័តជាមួយនឹងគេហើយក៏មិនដែលទទួលថវិកាពីគណៈអភិបាលយកមកចុះបេសកកម្មនៅតាមមូលដ្ឋានដែរ។ សូម្បីតែកន្លែងការិយាល័យអង្គុយក៏រកមិនបានផង»។
ដូចគ្នានេះដែរលោក រិទ្ធ ហុក សមាជិកក្រុមប្រឹក្សាស្រុកសំរោងទង ខេត្តកំពង់ស្ពឺមកពីបក្សសង្គ្រោះជាតិក៏បានថ្លែងដែរថា៖ «ក្នុងនាមជាក្រុមប្រឹក្សាខ្ញុំហាក់បីដូចជាគេមិនបានឲ្យដឹងអំពីតួនាទី និងភារកិច្ចរបស់ខ្ញុំធ្វើអ្វីនោះទេហើយគេ (ក្រុមប្រឹក្សា និងរដ្ឋបាលស្រុករបស់បក្សកាន់អំណាច) ធ្វើអីតែគ្នាគេទៅ។ គេមិនឲ្យខ្ញុំដឹងពីការយកថវិកាទៅចាយវាយនោះទេមើលទៅរើសអើងគណបក្សដូចបែងចែកគ្នារវាងមាន់ស និងមាន់ខ្មៅអ៊ីចឹងពេលប្រជុំនៅម្តុំៗគ្នារៀងៗខ្លួន»។
នេះគឺជាបញ្ហាមួយផ្នែកនៅក្នុងកំណែទម្រង់ហិរញ្ញវត្ថុរវាងរដ្ឋបាល ក្រុង-ស្រុក ត្រូវមានគណនេយ្យភាពចំពោះក្រុមប្រឹក្សា និងមានការរើសអើងគណបក្សនយោបាយនៅឡើយ។
លក្ខណៈវិមជ្ឈការថ្នាក់ស្រុកខុសប្លែកពីវិមជ្ឈការឃុំ-សង្កាត់ ដែលមានក្រុមប្រឹក្សាជាអ្នកអនុវត្តផ្ទាល់តែម្តងគឺមានលក្ខណៈងាយជាង។
តាមរយៈការវាយតម្លៃពាក់កណ្តាលកម្មវិធីអភិវឌ្ឍន៍ផែនការយុទ្ធសាស្ត្រជាតិរបស់ក្រសួងផែនការឆ្នាំ ២០០៩-២០១៣ រកឃើញថា ការធ្វើកំណែទម្រង់អនុវត្តវិមជ្ឈការ និងវិសហមជ្ឈការនេះមូលនិធិឃុំ-សង្កាត់ ធ្វើឲ្យប្រសើរឡើងនូវសុខុមាលភាពប្រជាពលរដ្ឋដែរតាមរយៈការសាងសង់ផ្លូវតាមជនបទពោលគឺបានចូលរួមកាត់បន្ថយភាពក្រីក្រប្រមាណជា ១០ ភាគរយនៃភាគរយសរុបដែលរដ្ឋាភិបាលបានកំណត់ប្រចាំឆ្នាំ [ឧ. ១ ភាគរយ] (នី បូរ៉េត,២០១១)។
ទោះបីជាយ៉ាងណាក៏ដោយការធ្វើវិមជ្ឈការថវិកាក្រុង-ស្រុកនៅតែដើរតួនាទីសំខាន់ដូចឃុំ-សង្កាត់ដដែលសម្រាប់រាជរដ្ឋាភិបាលដែលជាបក្សកាន់អំណាចគួរតែកាត់បន្ថយការចំណាយថវិកាចុះមូលដ្ឋានជួបជាមួយប្រជាពលរដ្ឋដដែលៗធ្វើត្រាប់តាមតាំងពីយូរយារណាស់មកហើយ។
បញ្ហានេះទុកថវិកាទាំងនោះដំឡើង ឬក៏ផ្ទេរមកឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិក្រុង-ស្រុក និងឃុំ-សង្កាត់ដោយមិនប្រកាន់គណបក្សនយោបាយគឺតាមរយៈការផ្ទេរមុខងារ និងធនធានថវិកាពីថ្នាក់ក្រសួងដែលត្រូវផ្ទេរអំណាចនោះមកអភិវឌ្ឍវិញឲ្យស្របទៅនឹងកំណែទម្រង់ D&D ជាជាងចំណាយពេលវេលា និងថវិការបស់ថ្នាក់ជាតិនោះ។ លើសពីនោះក៏ជាការផ្តល់ឱកាសបន្ថែមក្នុងការរកប្រាក់ចំណូលជាលក្ខណៈស្វយ័តនៅក្នុងដែនដីរបស់ខ្លួនទៀតផងដូចការអនុវត្តច្រកចេញចូលតែមួយនៅតាមខណ្ឌនៅរាជធានីភ្នំពេញ និងក្រុងសំខាន់ៗមួយចំនួន។ បើការអនុវត្តរដ្ឋបាលថ្នាក់ក្រោមជាតិធ្វើបានល្អនោះសន្លឹកឆ្នោតនឹងបានដោយស្រួលៗ។
បើពុំដូច្នេះទេកំណែទម្រង់ D&D នៅស្រុកខ្មែរនៅតែត្រូវបានគេមើលឃើញថាគ្រាន់តែជាការបំភាន់ភ្នែកម្ចាស់ជំនួយទេគឺមិនបានបង្ហាញគោលជំហរ និងការអនុវត្តឲ្យបានទៅតាម (ផអ៣) នោះឡើយ។
ការយកលេសថាកំណែទម្រង់នេះវាត្រូវពេលវេលាដដែលៗនោះមើលទៅហាក់បីដូចជាហួសសម័យទៅហើយបើយើងធ្វើការប្រៀបធៀបជាមួយនឹងការធ្វើវិមជ្ឈការនៅប្រទេសជិតខាងយើងវិញគឺយើងហាក់បីដូចជានៅយឺតយ៉ាវជាងគេខ្លាំងណាស់ដូចនៅប្រទេសឥណ្ឌូនេស៊ី (ឆ្នាំ ១៩៩៨-២០០០) ហ្វីលីពីន (ឆ្នាំ ១៩៩០-១៩៩១) និងប៉ាគីស្ថាន (ឆ្នាំ ២០១៤-២០១៥) ក៏យើងនៅមានការយឺតយ៉ាវជាងគេឆ្ងាយដែរ (OSI, 2015)។
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com