«​ពុត​គ្រូ​កុំ​ត្រាប់ ច្បាប់​គ្រូ​សឹម​យក​!» នេះ​គឺជា​ចម្លើយ​ដោះសា​របស់​អ្នក​ដឹកនាំ​ស្ថាប័ន​ណា​មួយ ឬ​ក៏​គ្រូបង្រៀន ឬ​ក៏​គ្រូពេទ្យ​ណា​ម្នាក់ ដែល​ខ្លួន​បាន​ប្រព្រឹត្ត​អ្វី​ខុស​ទៅ​នឹង​ទ្រឹស្តី​ដែល​គាត់​ធ្លាប់​បង្រៀន ឬ​ក៏​ពន្យល់​ដល់​មនុស្ស​ទូទៅ​។ ដូចជា​គ្រូពេទ្យ​ពន្យល់​អ្នក​ជំងឺ​កុំ​ឲ្យ​ជក់បារី ប៉ះពាល់​សុខភាព តែ​គាត់​ខ្លួន​ឯង​បែរ​ជា​ជក់បារី​ក្នុង​មន្ទីរពេទ្យ​ក៏​មាន​ដែរ​។

ម្យ៉ាង​វិញ​ទៀត​បព្វជិត​អ្នកដឹកនាំ​សាសនា​គឺ​តែងតែ​ប្រដៅ​មនុស្ស​ទូទៅ​ឲ្យ​ទៅ​រក​ផ្លូវធម៌​ល្អ​ដូចជា​ព្រះសង្ឃ​តែងតែ​ដឹកនាំ​ប្រតិបត្តិ​តាម​សាសនា​ព្រះពុទ្ធ​តែងតែ​ទេសនា​ឲ្យ​ឧបាសក​ឧបាសិកា ចៀសវាង​ឲ្យ​ខាង​តែ​បាន​នូវ​អំពើ​អបាយមុខ​កាមកិលេស​តណ្ហា​ទាំង​ ៣ ​មាន «​ស្រី ស្រា និង​ល្បែងស៊ីសង​!»​។

កាលពី​ដើម​ឡើយ​បុគ្គល​ដែល​ធ្លាប់​បាន​បួស​រៀនសូត្រ​ជា​ព្រះសង្ឃ ជាទូទៅ​ត្រូវ​បាន​គេ​ឲ្យ​តម្លៃ​ខ្ពស់​ថា មាន​សីលធម៌​ល្អ​ដល់​ថ្នាក់​មាន​គេ​លើក​កូនស្រី​ឲ្យ​ទៀត​ក៏​មាន​។ ស្រាប់​តែ​មក​ដល់​សម័យ​ឌីជីថល (Digital) ​ទំនើប បែរ​ជា​ព្រះសង្ឃ​មួយ​ចំនួន​តូច​ដែល​ជា​អ្នក​ដឹកនាំ​អំពើ​ល្អ​ទាំង​នេះ​ទៅ​ជា​បែក​ស្លុយ មាន​ស្រី មាន​ស្រា មាន​ថ្នាំញៀន​យ៉ាម៉ា ទៅ​វិញ​?

នៅពេល​ដែល​បែកធ្លាយ​ចេញ​មក​នូវ​រឿង​អាស្រូវ​របស់​ព្រះសង្ឃ​ដែល​ប្រព្រឹត្ត​ផ្ទុយ​ទៅ​នឹង​វិន័យ​របស់​សាសនាព្រះពុទ្ធ​បាន​ធ្វើឲ្យ​មាន​ការ​លើកឡើង​ថា មាន​តែ​សង្ឃ​មួយ​អង្គ​ហ្នឹង​ទេ ដែល​ធ្វើ​ខុស ខណៈ​ដែល​កន្លង​មក​កើតឡើង​ជារឿយៗ​រឿង​ព្រះសង្ឃ​មាន​ស្រី​ញី​នេះ​។

ឧទាហរណ៍​តាំង​ពី​អន្ទិត នេត ខៃ ​វត្ត​ស្រះចក​លួច​ថតរូប​ស្ត្រី​ដែល​មក​ទស្សន៍ទាយ​ឲ្យ​ដោះ​សម្លៀកបំពាក់​ក្តី​ត្រូវ​បាន​គណៈសង្ឃ​ចាប់​ផ្សឹក ហើយ​អាជ្ញាធរ​ចាប់​ដាក់​គុក​ទៀត​ផង​។ រីឯ​ករណី​ព្រះគ្រូ​សូត្រស្ដាំ​ លន់ សុវណ្ណដា នៅ​វត្ត​ស្វាយជ្រំ ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល​ក៏​ត្រូវ​បាន​ទទួល​រង​ការចោទប្រកាន់​រឿង​ស្នេហា​កូនសិស្ស​ថ្នាក់​ទី ៧ តាំង​ពី​កុមារី​អាយុ​ ១៣ ​ឆ្នាំ​។

រឿង​អាស្រូវ​ទំនាក់ទំនង​ស្នេហារ​វាង​ព្រះសង្ឃ និង​ស្ត្រី​នៅ​មិន​រសាយ​បាន​ប៉ុន្មាន​ផង​ក៏​លេច​ចេញ​នូវ​រឿង​អាស្រូវ​ថ្មី ១ ​ទៀត​គឺ​អន្ទិត ស្រិល វណ្ណា អតីត​ចៅអធិការ​វត្តភ្នំ​បាក់លើ នៅ​ខេត្ត​បន្ទាយមានជ័យ សុទ្ធតែ​លេង​ស្ទីល​តាម​បែប​រឿង​អាសអាភាស​ជាមួយ​នឹង​ពោត​ស្ងោរ​ទៀត​។ រឿង​អាស្រូវ​បៀតបៀន​ផ្លូវភេទ​របស់​អន្ទិត​វណ្ណា ចុង​ក្រោយ​នេះ​ត្រូវ​បាន​គេ​យក​មក​ផ្សព្វផ្សាយ​ពេញ​បណ្តាញ​សង្គម និង​សារព័ត៌មាន​ក្នុង​ស្រុក ហើយ​គាត់​ត្រូវ​បាន​ចាប់​ផ្សឹក​កាលពី​ដើម​ខែ​នេះ​។

ការ​ដែល​អ្នកដឹកនាំ​សាសនា​មួយ​ចំនួន​តូច បំផ្លាញ​សាសនា​ដែល​ជា​បាវចនា​កំពូល​របស់​រដ្ឋ ហើយ​ព្រះពុទ្ធសាសនា​គឺជា​សាសនា​ដែល​ពលរដ្ឋ​ខ្មែរ​គោរព និង​ប្រតិបត្តិ​ច្រើន​លើសលប់​នោះ​គឺ​ប៉ះពាល់​ទៅ​នឹង​មុខមាត់​នៃ​ប្រទេស​ជាតិ​ទាំង​មូល​តែ​ម្តង​។ តាមពិត​ទៅ​រឿងរ៉ាវ​ទំនាក់ទំនង​ផ្លូវភេទ​ស្នេហា និង​ការ​បៀតបៀន​ផ្លូវភេទ​រវាង​ព្រះសង្ឃ និង​ស្រី​នេះ​មិនមែន​មាន​តែ​ព្រះសង្ឃ​ដែល​បាន​ប្រព្រឹត្ត ហើយ​បែកធ្លាយ​ប៉ុន្មាន​អង្គ​នេះ​ទេ​អាច​នៅ​មាន​ព្រះសង្ឃ​ផ្សេង​ទៀត​ដែល​កំពុងតែ​ប្រព្រឹត្ត​នោះ​។

បើ​ទោះបី​ជា​ព្រះសង្ឃ​ខ្លះ​ខំ​ដោះសា​ថា ខ្លួន​ជា​អ្នក​ប្រព្រឹត្ត​អំពើ​ល្អ គោរព​វិន័យ​សង្ឃ​ក៏ដោយ ពេល​ខ្លះ​ក៏​នៅ​ចេញ​នូវ​ឯកសារ​ខ្លះៗ​ទាក់ទង​ទៅ​នឹង​រូបភាព និង​វីដេអូ​អាសអាភាស​ដែល​មាន​នៅក្នុង​កុំព្យូទ័រ​របស់​ព្រះសង្ឃ​ដែល​បាន​ដក​ចេញ​ពី​អ៊ីនធឺណិត និង​យូធូប ហើយ​នៅពេល​ដែល​កុំព្យូទ័រ​ខូច​ទៅ​ចូល​ជាង​ដើម្បី Backup ឯកសារ​ចេញ​គឺ​ឃើញ​មាន​ទាំងអស់​។

នេះ​ហើយ​គឺ​ប្រព័ន្ធ​បច្ចេកវិទ្យា​សម័យ​ឌីជីថល គឺ​ធ្វើឲ្យ​ប៉ះពាល់​ឥរិយាបថ​របស់​បព្វជិត​ដែល​កំពុង​បម្រើ​សាសនា​នោះ ហើយ​ចាប់​ផ្តើម​មាន​ចំណង់​តណ្ហា​ផ្លូវភេទ​របស់​ព្រះសង្ឃ​ដែល​រូបភាព​ងាយ​ទទួល​យក​បាន​ដោយ​សេរី​តាមរយៈ​បច្ចេកវិទ្យា​ឌីជីថល​។

ម្យ៉ាង​វិញ​ទៀត​គ្មាន​ការសិក្សា​ស្រាវជ្រាវ​ទៅ​លើ​ឥវិយាបថ និង​ទំនាក់ទំនង​ផ្លូវភេទ​របស់​ព្រះសង្ឃ​ជាមួយ​នឹង​ពុទ្ធបរិស័ទ​ជា​ស្រី​នោះ​ដែរ​គឺ​អ្នក​ស្រាវជ្រាវ​ខំ​ស្រាវជ្រាវ​តែ​អំពើ​ល្អ​របស់​ព្រះសង្ឃ​ក្នុង​តួនាទី​បម្រើ​ព្រះពុទ្ធសាសនា​តែ​ប៉ុណ្ណោះ​។ អ្នកស្រាវជ្រាវ​នាំ​គ្នា​សិក្សា​តែ​ទំនាក់​ទំនង​ផ្លូវភេទ និង​ការ​បៀតបៀន​ផ្លូវភេទ​របស់​ឧបាសក និង​ឧបាសិកា​នៅ​កន្លែង​ធ្វើការ និង​កន្លែង​សាធារណៈ​ទេ​។ រីឯ​របាយការណ៍​ពី​ការប្រព្រឹត្ត​អំពើ​អបាយមុខ​របស់​ព្រះសង្ឃ​ក៏​គ្មាន​ចេញ​ទិន្នន័យ​ជា​សាធារណៈ​ផង​ដែរ​គឺ​បាន​ត្រឹម​តែ​ចេញ​ជា​ករណី​មួយៗ​ទៅ​តាម​បណ្តាញ​សង្គម និង​សារព័ត៌មាន​តែ​ប៉ុណ្ណោះ​។

ម្យ៉ាង​វិញ​ទៀត​ដោយសារ​តែ​ភាព​ជឿជាក់​ទៅ​លើ​ព្រះសង្ឃ​ថា​ជា​អ្នក​គោរព​ប្រតិបត្តិ​ទៅ​តាម​គន្លង​ព្រះពុទ្ធសាសនា​នេះ​ហើយ​បាន​ជា​មាន​គម្រោង​យេនឌ័រ​ជាច្រើន មិន​បញ្ជ្រាប​បញ្ហា​យេនឌ័រ​នៅ​ក្នុង​សង្គម​តាមរយៈ​ព្រះសង្ឃ មាន​ការយល់ដឹង​អំពី​អ្វី​ដែល​ជា​យេនឌ័រ ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ឥរិយាបថ​បុរស និង​ស្ត្រី​នេះ​ទេ​។ តែ​យ៉ាងណា​ក៏ដោយ ក៏​នៅ​មាន​សំណួរ​បែប​ចំអក​មក​វិញ​ថា ហេតុ​អ្វី​បាន​ជា​ម្នាក់ៗ​ផ្តោត​ការយកចិត្ត​ទុក​ដាក់​ចំពោះ​ព្រះសង្ឃ​ដែល​ប្រព្រឹត្ត​ខុស​វិន័យ​ម្ល៉េះ​? មិន​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​បុរស​ផ្សេង​ទៀត​ដែល​ប្រព្រឹត្ត​អំពើ​អបាយមុខ​ផង​ដែរ​?

ជាង​នេះ​ទៅ​ទៀត​អ្នក​បាន​លើក​ឡើង​ដោយ​ការពារ​ទៅ​នឹង​ការប្រព្រឹត្ត​របស់​ព្រះសង្ឃ​ដែល​មាន​ទំនាក់ទំនង​ផ្លូវភេទ​ជាមួយ​ស្ត្រី​ក្តី និង​បុរស​គ្នា​ឯង​ក្តី ថា​នៅ​សាសនា​អ៊ិស្លាម និង​កាតូលិក​ដទៃ​ទៀត​ក៏​កើត​មាន​បញ្ហា​ដូច​គ្នា​ដែរ​។

ចម្លើយ​យ៉ាង​សាមញ្ញ​មួយ​កុំ​ភ្លេច​ថា​យើង​ជា​អ្នក​អប់រំ​អំពើ​ល្អ​ដល់​គេ​ផង ជា​អ្នក​ប្រតិបត្តិ​គោរព​ទៅ​តាម​ព្រះពុទ្ធសាសនា​ផង​។ មិនមែន​មាន​ន័យ​ថា ឃើញ​គេ​ខុស ធ្វើ​ខុស​តាម​គេ​ក៏​បាន​ដែរ និង​យក​លេស​ថា ពុត​គ្រូ​កុំ​ត្រាប់ ច្បាប់​គ្រូ​សឹម​យក​នោះ​ទេ​។ បើ​អ៊ីចឹង​តើ​ការគោរព និង​ប្រតិបត្តិ​ព្រះពុទ្ធសាសនា​មាន​ន័យ​យ៉ាង​ដូចម្តេច​? ការ​ដែល​ធ្វើឲ្យ​ជះ​ឥទ្ធិពល​ដល់​សាសនា​អាប់ឱន​នេះ​ចង់​មិន​ចង់​ក៏​ធ្វើ​ឲ្យ​ស្អុយ​ឈ្មោះ​ស្ថាប័ន វត្ត​អារាម​ផង​ដែរ បើ​ទោះបី​ជា​ខំ​កែតម្រូវ​យ៉ាងម៉េច​ក៏ដោយ​។ ឧទារណ៍​អ្នកដឹកនាំ​សាសនា​កាតូលិក​ខ្លះ​បាន​រួមភេទ​ជាមួយ​កុមារ ក៏​ត្រូវ​បាន​សារព័ត៌មាន​ចុះ​ផ្សាយ​ខ្មាស​គេ​ពេញ​ពិភពលោក​ផង​ដែរ​។

រីឯ​អង្គការ​អុកស្វាម​ (Oxfam) ក៏​ត្រូវ​បាន​អាម៉ាស់មុខ និង​ត្រូវ​គេ​កាត់​ជំនួយ​ដោយសារ​តែ​បុគ្គល​លោក Roland Van Hauwermeiren អតីត​នាយក​ប្រតិបត្តិ​នៅ​ប្រទេស​ឆាដ និង​ប្រទេស​ហៃ​ទី​ថ្មីៗ​នេះ​ត្រូវ​បាន​បែកធ្លាយ​ថា អតីត​នាយក​រូប​នេះ​បាន​ទិញ​សេវា​ផ្លូវភេទ​ស្រី​ជនជាតិ​ហៃទី​ដែល​ជា​ជនរងគ្រោះ បន្ទាប់ពី​គ្រោះ​រញ្ជួយ​ដី​តាំងពី​ឆ្នាំ​ ២០១០ បើ​ទោះបី​ជា​ប្រធាន​អង្គការ​អុកស្វាម​ប្រកាស​ថា​ជា​រឿង​បុគ្គល​ក៏ដោយ​។

សរុប​មក​វិញ​កុំ​ឲ្យ​រឿង​អាស្រូវ​ផ្លូវភេទ​របស់​បុគ្គល​ខ្លួនឯង​សោះ​ធ្វើឲ្យ​ប៉ះពាល់​ស្ថាប័ន និង​សាសនា​ជាតិ​ទាំង​មូល ជាពិសេស​បព្វជិត​សាសនា​ដែល​ជា​អ្នក​ប្រតិបត្តិ​ត្រូវ​តែ​ពង្រឹង​ខ្លួន ហើយ​ឲ្យ​ច្បាស់​ខ្លួន​ឯង​ក្នុង​ភាព​ជា​អ្នក​ដឹកនាំ​ល្អ​ជា​គំរូ​គេ​នោះ​។

ហេតុ​ដូច្នេះ​ការបញ្ជ្រាប​យេនឌ័រ​ក្នុង​វិស័យ​សាសនា​នានា​នៅ​តែ​ជា​អាទិភាព និង​បើក​ការសិក្សា​ស្រាវជ្រាវ​ទៅ​លើ​ឥរិយាបថ​របស់​បព្វជិត និង​ទំនាក់ទំនង​ផ្លូវភេទ​ផង​ដែរ​ដើម្បី​ចៀសវាង​ការ​ធ្វើឲ្យ​អាប់ឱន​សាសនា​៕

ចូលរួម​ផ្តល់​យោបល់​តាមរយៈ soprach.tong@phnompenhpost.com