មិន​ថា​ប្រទេស​អភិវឌ្ឍន៍ ឬ​ក៏​ប្រទេស​កំពុង​អភិវឌ្ឍន៍​នោះទេ​និន្នាការ​ជា​សកល​ទៅហើយ សម្រាប់​ការវិវត្ត​ពី​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ មក​ការបំបៅកូន​ដោយ​ទឹកដោះគោ​មក​ជំនួស​នោះ​។ ប្រទេស​ណា​ក៏​ជួប​បញ្ហា​ការបំបៅ​ដោះ​កូន​ដោយ​ទឹកដោះ​ម្តាយ​នេះ​ដូចគ្នា ដោយសារ​តែ​គម្លាត​ម្តាយ ដែលជា​អ្នក​បំបៅ​ដោយ​ទឹកដោះ​ធម្មជាតិ​សុទ្ធ​នោះ​តាមរយៈ​ស្វែងរក​ការងារ គោលនយោបាយ​នៅ​កន្លែង​ធ្វើការ​មិន​អំណោយផល​ការចំណាកស្រុក ការបញ្ចុះ​បញ្ចូល​ផ្សាយពាណិជ្ជកម្ម​ពី​ផលិតផល​ម្សៅ​ទឹកដោះគោ​របស់​ក្រុមហ៊ុន ជាដើម​។

តាមរយៈ​របាយការណ៍​អង្កេត​ថ្នាក់ជាតិ​ស្តីពី​ប្រជាសាស្ត្រ និង​សុខភាព​ឆ្នាំ​ ២០១៤ បាន​បង្ហាញថា មាន​ការធ្លាក់ចុះ​នូវ​អត្រា​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​តែមួយ​មុខ​គត់ សម្រាប់​ទារក​អាយុ ៦ ខែ​ដំបូង​មក ៦៥ ​ភាគរយ បើ​ប្រៀបធៀប​ជាមួយ​នឹង​ឆ្នាំ​ ២០១០ មាន​ដល់​ទៅ ៧៤ ​ភាគរយ​។

បើ​ទោះបី​ជា​គោលការណ៍​របស់​ក្រសួង​សុខាភិបាល​ឲ្យ​បន្ថែម​ទឹកដោះគោ និង​អាហារ​បំប៉ន​ក៏ដោយ​ក៏​ម្តាយ​នៅតែ​ត្រូវបាន​លើក​ទឹកចិត្ត​ឲ្យ​បំបៅ​ដោះ​កូន​ដោយ​ទឹកដោះ​ម្តាយ​ដដែល រហូត​ដល់​កុមារ​មាន​អាយុ​ ២ ​ឆ្នាំ​។ សេចក្តី​ណែនាំ​នេះ​គឺ​មាន​គោលបំណង​លើកទឹកចិត្ត​ម្តាយ​ឲ្យ​ស្វែងយល់​ពី​សុខភាព​ខ្លួនឯង​ផង​ និង​សុខភាព​របស់​កូនៗ​ផង ជាពិសេស​បង្ហាញ​ពី​សេចក្តី​ស្រឡាញ់​បន្ថែម​ទៀត​រវាង​ម្តាយ និង​ទារក និង​ការកាត់បន្ថយ​ការចំណាយ​មិន​ចាំបាច់​។

ជាក់ស្តែង​បច្ចុប្បន្ន​នេះ​ម្តាយ​ និង​ទារក ឬ​កុមារ​ចាប់ផ្តើម​មាន​គម្លាត​គ្នា​ក្នុង​ការបីបាច់​ថែរក្សា​កូនៗ មិន​ថា​អ្នកធូរធារ ឬ​អ្នកក្រ​ទេ នៅពេល​ម្តាយ​ទៅ​ធ្វើ​ការបាត់ៗ​ពី​ផ្ទះ​នៅ​សល់​តែ​យាយតា​ ឬ​ក៏​ពូមីង​អ៊ំ​ ឬ ក៏​ម៉ែ​ដោះ​ដែល​ជា​ឈ្នួល​មក​មើល​ថែទាំ​នោះ គឺ​ត្រូវ​ទទួល​បន្ទុក​ចំណាយ​បន្ថែម​ទៅលើ​ម្សៅ​ទឹកដោះគោ​ប្រមាណ ១០០ ​ដុល្លារ​អាមេរិក​សម្រាប់​ទារក​ក្រោម ៦ ​ខែ ហើយ​បើ​លោតែ​ថែម​ខោ​ទឹកនោម និង​លាមក​ទៀត​គឺ​ថែម​ ៥០ ​ដុល្លារ​អាមេរិក​ ទើប​បាន​គ្រាន់​ក្នុង​មួយខែៗ​។ អ៊ីចឹង​ហើយ​បាន​ម្តាយ​ខ្លះ​បាន​គិតគូរ​ឡើងវិញ​ថា​តើ​គាត់​គួរតែ​ទៅធ្វើការ​ក្រោយ​សម្រាកលំហែ​មាតុភាព​ ឬ​ក៏​បន្ត​សម្រាក​ឲ្យ​បាន​ពេញលេញ​ដើម្បី​មើលថែទាំ​ទារក​ដែល​ទើប​នឹង​កើត​របស់​គាត់​។

ចំណុច​នេះ​ធ្វើឲ្យ​មាតា​មួយ​ចំនួន​ មាន​ការ​រារែក​ចិត្ត​រវាង​ការមើល​ថែទាំ​កូន​ ដោយ​បំបៅ​ទឹកដោះ​ម្តាយ​ពេញលេញ (Exclusive breastfeeding) និង​ការ​ទៅធ្វើ​ការងារ​ដោយ​ប្រើ​សារធាតុចិញ្ចឹម​ដោយ​ម្សៅ​ទឹកដោះគោ​ជំនួស​ទឹកដោះ​ម្តាយ បើ​ទោះបី​ជា​ដឹងថា​វា​ចំណេញ​ដល់​ទៅ ១០០ ​ដុល្លារ​ ក្នុង​ ១ ​ខែ​ក៏ដោយ ប្រសិន​បើ​បំបៅ​ដោះ​ម្តាយ​តែ ១ ​មុខ​។ ចុងក្រោយ​មាតា​មួយ​ចំនួន​នោះ​នៅ​តែ​យក​ជម្រើស​មក​ធ្វើការ​ឲ្យ​កូនបៅ​ម្សៅ​ទឹកដោះ​គោ​នៅ​ផ្ទះ ជាជាង​ទឹកដោះ​ម្តាយ បើ​ទោះបី​ជា​កន្លែង​ធ្វើការ​អនុញ្ញត​ឲ្យ​យក​កូន​ពី​ផ្ទះ​មក​បំបៅ​ដោះ​ម្តាយ​នៅ​ការិយាល័យ​ក៏ដោយ​។

ម្យ៉ាងវិញ​ទៀត​ក្រុមហ៊ុន​កាត់ដេរ​ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​ហើយ​ឆ្លើយតប​ទៅ​នឹង​ស្តង់ដា​របស់​ក្រសួង​ការងារ​គឺ​ក្រុមហ៊ុន​បាន​ផ្តល់​ជម្រើស​ដល់​កម្មការិនី​ដែល​តម្រូវ​ឲ្យ​ផ្តល់​ទឹកដោះ​ម្តាយ​ដល់​ទារក​របស់​ពួកគេ​។ ទី​១- បង្កើត​ទារកដ្ឋាន​សម្រាប់​ស្ត្រី​មាន​កូន​ខ្ចី​ដើម្បី​ឲ្យ​មាន​ពេលវេលា​បំបៅ​ដោះ​កូន​ហើយ​អនុញ្ញត​ឲ្យ​ម្តាយ​ចេញ​មុន​ ១ ​ម៉ោង​បាន​។ ទី​២- ​ផ្តល់​ម្សៅ​ទឹកដោះគោ​ឲ្យ​ម្តាយ ដើម្បី​ឲ្យ​អ្នកមើល​ថែទាំ​កូន​ជា​អ្នកផ្តល់​ទៅ​កូន​របស់គាត់​។ ទី​៣- ​ផ្តល់​លុយ ជំនួស​ថ្លៃ​ម្សៅ​ទឹកដោះគោ​តែម្តង​ហើយ​ម្តាយ​មក​ធ្វើការ​ដូច​ធម្មតា​បាន​។

ករណីនេះ កម្មការិនី​នៅតែ​មិន​យក​ជម្រើស​ទី​ ១ ​ដែល​តម្រូវ​ឲ្យ​ម្តាយ​បំបៅ​ដោះ​កូន​ដោយ​ទឹកដោះ​តែមួយ​មុខ​នោះទេ ព្រោះ​គាត់​បាត់បង់​ឱកាស​ធ្វើការ​បន្ថែម​ម៉ោង​។ នេះ​បើតាម​ការចែករំលែក​បទពិសោធ​របស់​អ្នក​គ្រូពេទ្យ ដែល​ធ្វើការ​ជាមួយ​រោងចក្រ​កាត់ដេរ​ជិត ២០ ​ឆ្នាំ​កន្លង​មក​។

លក្ខខណ្ឌ​របាំង​ដ៏ចម្បង​មួយទៀត​សម្រាប់​អ្នកមាន​ការងារ​ធ្វើ​ពី​កម្រិត​ល្អ​បង្គួរ ដល់​ល្អ មាន​ការិយាល័យ​អង្គុយ​ធ្វើការ​ត្រឹមត្រូវ​នៅ​ស្ថាប័ន​មួយ​ដែល​មាន​ឱកាស​ផ្តល់​ការបំបៅ​ដោះ​កូន ដោយ​ទឹកដោះ​ម្តាយ​ក៏ដោយ មិន​ថា​ការិយាល័យ​របស់​រដ្ឋ ឬ​ក៏​អង្គការ​សហប្រជាជាតិ អង្គការ​អន្តរជាតិ អង្គការ​ជាតិ ឬ​ក៏​ក្រុមហ៊ុន​ធំៗ​នោះទេ​គឺ​ភាគច្រើន​នៅ​មិនទាន់​មាន​បន្ទប់​ជាក់លាក់​មួយ សម្រាប់​ការ​បំបៅ​ដោះ​កូន​ដោយ​ទឹកដោះ​ម្តាយ​នៅ​ឡើយ​ទេ​។

រីឯ​ការធ្វើ​ចំណាកស្រុក មិន​ថា​នៅ​ក្រៅ​ស្រុក ឬ​ក៏​ក្នុងស្រុក​ទេ​គឺ​ដឹង​តែ​បរាជ័យ​ក្នុង​ការផ្តល់​ទឹកដោះ​ម្តាយ​តែមួយ​មុខ​ហ្នឹង​ហើយ​។ តែ​អ្វីដែល​នៅ​សេសសល់ ក្នុង​ការលើក​ទឹកចិត្ត​ម្តាយ​ឲ្យ​បំបៅ​ដោះ​កូន​នោះ​គឺ​ដោយសារ​តែ​បញ្ហា​ផ្សាយពាណិជ្ជកម្ម និង​ការបញ្ចុះ​បញ្ចូល​ពី​ក្រុមហ៊ុន​គ្រប់​រូបភាព បើ​នៅ​តាម​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​គឺ​គេ​បញ្ជ្រាប​បញ្ចូល​ទៅតាម​រយៈ​គ្រូពេទ្យ​ឆ្មប​ហ្នឹង​តែម្តង ដើម្បី​សម្របសម្រួល​ផ្តល់​ឱកាស​ឲ្យ​ភ្នាក់ងារ​ភ្ជាប់​ជាមួយ​ម្តាយ​ទារក​តែម្តង​។

រីឯ​នៅ​តាម​គ្លីនិក​ឯកជន​វិញ​គឺ​ងាយ​នឹង​ទទួលផល​ប្រយោជន៍​ពី​ក្រុមហ៊ុន​ម្សៅ​ទឹកដោះគោ​ណាស់ ព្រោះ​ក្រុមហ៊ុន​ឲ្យ​សម្ភារ ឬ​ក៏​សេវា​លើក​ទឹកចិត្ត​ដល់​ម្ចាស់​គ្លីនិក​ ឬ​ក៏​បុគ្គលិក​សកម្ម​ឲ្យ​ជួយ​ទាក់ទាញ​ស្ត្រី​ដែល​ទើប​តែ​ឆ្លងទន្លេ​ហើយ ដូចជា​ផ្តល់​ទូរទស្សន៍​ទំនើប កុំព្យូទ័រ​យួរដៃ អាយផេត (iPad) ​ទូរស័ព្ទ​ស្មាតហ្វូន សំបុត្រ​យន្តហោះ​ទៅ​លេង​នៅ​អឺរ៉ុប ប្រទេស​អូស្ត្រាលី ជប៉ុន និង​កូរ៉េ​ជាដើម​។ សកម្មភាព​ទាំងនេះ​គឺ​ខុសច្បាប់​ទាំង​ស្រុង​នឹង​អនុក្រឹត្យ​លេខ​ ១៣៣ ស្តីពី​ការផ្សព្វផ្សាយ​លក់​ផលិតផល​សម្រាប់​ចិញ្ចឹម​ទារក និង​កុមារ​។

តាមរយៈ​របាយការណ៍​ការស្រាវជ្រាវ​របស់​អង្គការ Helen Keller/ARCH នៅ​រាជធានី​ភ្នំពេញ​ឆ្នាំ​ ២០១៤ បាន​រកឃើញ​ថា ៨៦ ​ភាគរយ​នៃ​ម្ដាយ រាយការណ៍​អំពី​ការសម្រុះសម្រួល​ពាណិជ្ជកម្ម​សម្រាប់​ការជំនួស​ទឹកដោះ​ម្តាយ​ និង​ ១៨ ភាគរយ​រាយការណ៍​ថា ទទួល​បាន​ការណែនាំ​ពី​គ្រូពេទ្យ​វិជ្ជាជីវៈ​ឲ្យ​ប្រើ​ម្សៅ​ទឹកដោះគោ​ជំនួស​ (Breast-milk substitutes)​។

ក្រៅពី​នេះ​ក៏មាន​ចំណុច​ខ្វះខាត​ទៅលើ​បច្ចេកទេស​របស់​បុគ្គលិក​ពេទ្យឆ្មប​តែម្តង​ក្នុង​ការធ្វើ​យ៉ាងណា​ឲ្យ​ម្តាយ​មាន​ទឹកដោះ​ពេញលេញ​ និង​ការដាក់​ទីតាំង​ឲ្យ​កុមារ​បៅដោះ​ឲ្យ​បាន​ត្រឹមត្រូវ និង​ជំនឿ​របស់​ម្តាយ​ទៅលើ​ការបំបៅ​ដោះ​ម្តង​ខាងឆ្វេង បាន​បន្តិច​ត្រូវ​ដូរ​ខាងស្តាំ​ដើម្បី​កុំ​ឲ្យ​ដោះ​រីក​ម្ខាង​ធំ​ម្ខាង​តូច​។ ការជឿ​បែប​នេះ​គឺ​ខុស​ទៅ​នឹង​ទ្រឹស្តី​បច្ចេកទេស​ក្នុង​ការបំបៅ​ដោះ​កូន​ដោយ​ទឹកដោះ​ម្តាយ ដែល​ខ្ញុំ​បាន​រៀន​គឺ​តម្រូវ​ឲ្យ​ម្តាយ​បំបៅ​ដោះ​ឲ្យ​អស់​ម្ខាងៗ​ដើម្បី​ឲ្យ​ទារក​ទទួល​បាន​ទឹកដោះខាប់​ពេញលេញ​។

ម្យ៉ាងវិញទៀត​ការរៀបចំ​ប្រព័ន្ធ​តាមដាន​ថា តើ​ម្តាយ​គាត់​បំបៅ​ដោះ​កូន​គាត់​តែមួយគត់​ក្នុង​រយៈពេល​ ៦ ​ខែ​ដំបូង​យ៉ាង​ដូចម្តេច​? នៅពេល​ដែល​ចេញពី​ពេទ្យ​ទៅផ្ទះ យាយ​លួច​បន្តក់​ទឹក​ឲ្យ​ផឹក ពេល​ម្តាយ​មិន​នៅ​? ឬ​ពេល​កើតមក​ភ្លាម យាយ​លួច​ឲ្យ​ទឹក​ចៅ​ផឹក​ភ្លាម ឃើញ​ចៅ​យំ​ស្រេកទឹក ខ្លាច​ចៅ​ស្លាប់​នោះ​? បើ​កើត​មាន​ដូចនេះ​មែន តាម​ទ្រឹស្តី​គេ​មិន​ហៅថា ការបំបៅ​ដោះ​ដោយ​ទឹកដោះ​ម្តាយ​សុទ្ធតែ​ ១ ​មុខ​នោះទេ​។

ហេតុ​ដូច្នេះហើយ រាជរដ្ឋាភិបាល​ក៏ដូចជា​ស្ថាប័ន​អង្គការ​មិនមែន​រដ្ឋាភិបាល និង​ក្រុមហ៊ុន​ឯកជន​ទាំងអស់​គួរតែ​គិតគូរ​រួមគ្នា​រក​យន្តការ​លើកកម្ពស់​សុខភាព​ថ្មី​លើ​កម្មវិធី​ដែល​មាន​បង្ហាញ​ខាងលើ​ស្រាប់ ដើម្បី​លើកទឹកចិត្ត​ម្តាយ និង​ក្រុមគ្រួសារ​ឲ្យ​យល់ថា ការ​បំបៅដោះ​កូន​ដោយ​ទឹកដោះ​ម្តាយ​សុទ្ធ​ពិតជា​បាន​ចូលរួម​ចំណែក​ក្នុង​ការជួយ​ជីវភាព​គ្រួសារ​បាន​ប្រសើរ​ឡើង​មែន ប្រសិន​បើ​មិន​យកលុយ​ទិញ​ម្សៅ​ទឹកដោះគោ គឺ​លុយ​ហ្នឹង​សល់​សម្រាប់​ធ្វើ​អ្វី​ផ្សេង​បាន​នៅ​ក្នុង​គ្រួសារ​។ ដូច​ថ្មីៗ​នេះ​នៅ​ទិវា​ជាតិ​អាហារូបត្ថម្ភ​លើក​ទី​ ៦ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ដល់​គ្រប់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​ប្រជាពលរដ្ឋ​គ្រប់រូប​ត្រូវ​បន្ថែម​ការយកចិត្ត​ទុកដាក់​ឲ្យ​បាន​ខ្ពស់​លើ​ការបំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​៕

ចូលរួម​ផ្តល់​យោបល់​តាមរយៈ soprach.tong@phnompenhpost.com