ដោយសារតែនិន្នាការនៃការប្រើប្រាស់គ្រឿងសម្អាងកើនឡើងខ្ពស់នៅលើពិភពលោក មិនថាអ្នកមានសម្បុរស ឬខ្មៅនោះទេ អ្នកស្បែកសចង់បានឲ្យស្បែកម៉ដ្ឋរលោងបន្ថែមទៀត ឯអ្នកសម្បុរខ្មៅវិញ ចង់ឲ្យសស្រអែម និងស្បែករលោងបន្ថែមទៀតដែរ។
ខ្លះប្រញាប់ចង់សលឿនពេកទៅបកស្បែកយកតែម្តងដោយមិនគិតពីថវិកាចំណាយប៉ុន្មាននោះទេ ដូចតារាចម្រៀងប៉ុប ម៉ៃឃើល ជេកសុន (Michael Jackson) បានបកស្បែកខ្មៅឲ្យទៅជាសដោយប្រើផលិតផលសម្អាង (Cosmetics) បន្ថែមទៀតដើម្បីទ្រទ្រង់ការកែសម្ផស្សស្បែកពណ៌ស ក្រោយមកលោកក៏បានស្លាប់ ដោយសារតែមហារីកស្បែកកាលពីឆ្នាំ ២០០៩។
បើទោះបីជាមានគ្រឿងសម្អាងមួយចំនួនធ្វើឲ្យប៉ះពាល់សុខភាពធ្ងន់ធ្ងរអាចឲ្យស្លាប់បានក៏ដោយ ក៏មនុស្សនៅតែព្យាយាមប្រើផលិតផលសម្អាងទាំងនោះដែរ។ កាលពីឆ្នាំ ២០១១ អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា គ្រាន់តែប្រទេសនីហ្សេរីយ៉ាតែមួយស្ត្រីប្រហែល ៧៧ ភាគរយមានជាង ៦០ លាននាក់កំពុងប្រើប្រាស់ផលិតផលធ្វើឲ្យស្បែកសជាទៀងទាត់។
ប៉ុន្តែបច្ចុប្បន្ននេះអ្នកជំនាញវេជ្ជសាស្ត្រថ្លែងថា នៅអាហ្វ្រិកជាទ្វីបដែលមានច្បាប់ធូររលុងទំនោរខុសទំនងលាបឡេខាត់ស្បែកនេះប្រឈមនឹងហានិភ័យខ្ពស់ចំពោះសុខភាពទៅវិញ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AFP ចេញផ្សាយដើមខែនេះ។
មិនខុសពីប្រជាពលរដ្ឋអាហ្វ្រិកនោះទេ ស្ត្រីនៅស្រុកខ្មែរបច្ចុប្បន្ននេះភាគច្រើនក៏កំពុងឈ្លក់វង្វេងទៅនឹងការកែសម្ផស្ស ប្រើឡេលាបស្បែកឲ្យស និងឲ្យរលោង អ្នកខ្លះទៀតរហូតដល់ចង់ឲ្យប្តី ឬក៏ដៃគូរួមភេទពេញចិត្តទៀតនោះ គឺប្រើថ្នាំលេប ឬក៏លាបលើប្រដាប់ភេទដើម្បីឲ្យតឹងណែនល្អ។
តែផលិតផលសម្អាងខ្លះដែលមានលក់នៅក្នុងហាងដែលបានចុះបញ្ជីត្រឹមត្រូវ ដែលមានតម្លៃថ្លៃសម្រាប់អ្នកមាន និងអ្នកធូរធារមានលទ្ធភាពអាចទិញបាន។ សម្រាប់អ្នកក្រវិញមិនបានទិញគ្រឿងសម្អាងដែលមានគុណភាពចុះបញ្ជិកាត្រឹមត្រូវនោះទេគឺទិញតាមអនឡាញ (Online) ដែលមិនបានចុះបញ្ជិកាជាមួយក្រសួងពាណិជ្ជកម្មត្រឹមត្រូវ និងថ្នាំដែលលក់នោះទៀតសោតមិនត្រូវបានអនុញ្ញាតឲ្យលក់ដោយក្រសួងសុខាភិបាលនោះទេ។
ជារឿយៗក្រសួងសុខាភិបាល និងក្រសួងព័ត៌មានតែងតែចេញសេចក្តីប្រកាសរួមក្នុងការបញ្ឈប់ការផ្សាយពាណិជ្ជកម្មនៅលើកញ្ជាក់ទូរទស្សន៍ជាប្រភេទគ្រឿងសម្អាងការបោកប្រាស់ពលរដ្ឋ មិនមានលក្ខណៈចុះបញ្ជិកាត្រឹមត្រូវ។
កាលពីសប្តាហ៍មុនក្រសួងសុខាភិបាលបានចេញបម្រាមទៅលើប្រភេទឡេលាបស្បែកផលិតផល Glutaone 600 និង Firmax ដែលកំពុងដាក់លក់តាម Facebook ព្រោះផលិតផលសម្អាងនេះមិនចុះបញ្ជិកាត្រឹមត្រូវនោះទេ។ ក្រសួងបានបញ្ជាក់ពីផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ធ្ងន់ធ្ងរពីការប្រើថ្នាំលាបខុសច្បាប់នេះ និងបង្ហាញពីគណនី Facebook របស់អ្នកលក់ចែកចាយទៀត។
បើតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថរបស់ក្រសួងសុខាភិបាលឲ្យថ្នាំពេទ្យដែលមិនមានចុះបញ្ជិកាដែលចេញដោយក្រសួងឱសថហួសកាលបរិច្ឆេទ និងឱសថដែលមិនបានបង់ពន្ធជូនរដ្ឋ គឺមានន័យថាជាឱសថខុសច្បាប់ទាំងអស់គឺក្រសួង និងអាជ្ញាធរពាក់ព័ន្ធមានសិទ្ធិរឹបអូសយកកម្ទេចចោលទាំងអស់។
ដូចកាលពីថ្មីៗនេះគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយបានកម្ទេចផលិតផលក្លែងក្លាយជាង ១០០ តោនដូចជាថ្នាំពេទ្យគ្រឿងសម្អាង ចំណីអាហារមានគីមី ឬក៏ហួសកាលកំណត់ និងផលិតផលខុសច្បាប់ផ្សេងៗទៀត។ កាលពីឆ្នាំទៅសមត្ថកិច្ចបានចូលឆ្មក់ទីតាំងស្តុកទុក និងផលិតគ្រឿងសម្អាងក្លែងក្លាយដោយរឹបអូសបានសម្ភាររាប់សិបតោនក្នុងសង្កាត់ទួលស្វាយព្រៃទី ១ ខណ្ឌចំការមន។
ស្របពេលម្នាក់ៗកំពុងតែយកចិត្តទុកដាក់គិតគូរពីរឿងស្ថិរភាពនយោបាយ បន្ទាប់ពីការបោះឆ្នោតនេះផង អ្នករកស៊ីខុសច្បាប់ និងអ្នកប្រព្រឹត្តបទល្មើសក៏ចេះតែប្រឹងឆ្លៀតឱកាសក្នុងការលក់ដូរ ឬក៏គេចពន្ធខុសច្បាប់ផងដែរ។
ជាពិសេសគឺការចន្លោះប្រហោងនៃការលក់ផលិតផលខុសច្បាប់តាមអនឡាញដែលច្បាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-commerce) មិនទាន់អនុម័តនៅឡើយផង គឺអ្នកលក់ចេះតែលក់ម៉ាសេរីនៅលើហ្វេសប៊ុកដោយគ្មានអ្នកត្រួតពិនិត្យ និងបង្ក្រាបទាល់តែសោះ។ អ៊ីចឹងហើយបានជាពេលខ្លះនៅពេលទិញរបស់របរពីផលិតផលតាមអនឡាញនេះគឺនៅពេលគ្រោះថ្នាក់ដល់អាយុជីវិត និងសុខភាពមិនដឹងទៅរកមុខអ្នកលក់នៅឯណានោះទេ ហើយក៏មិនដឹងថាផលិតផលនោះសុទ្ធ ឬក៏មិនសុទ្ធផងដែរ ព្រោះមិនដឹងទីតាំងពិតប្រាកដ និងយកមកឲ្យដល់ផ្ទះទៀតផងកាន់តែស្រួលរីឯអ្នកផ្សាយពីផលិតផលសម្អាងវិញគឺយកសុទ្ធតែមនុស្សស្រីស្អាតៗយកមកបញ្ចុះបញ្ចូលអ្នកទិញផលិតផលរបស់ពួកគេ។
សំណួរសាមញ្ញថា បើពួកគេផ្សព្វផ្សាយពីផលិតផលក្លែងក្លាយ និងប៉ះពាល់សុខភាពដាក់លក់តាម Facebook គឺសមត្ថកិច្ចហាក់បីដូចជាធ្វើមិនដឹងមិនឮ? ផ្ទុយទៅវិញ ប្រសិនបើមានគណនីណាមួយធ្វើឲ្យប៉ះពាល់មុខមាត់បក្ស ឬក៏រាជរដ្ឋាភិបាលគឺរកឃើញភ្លាម? ហេតុអ្វីក៏មិនធ្វើអន្តរាគមន៍ឲ្យដូចគ្នាតែម្តងទៅ? ព្រោះការលក់តាមអនឡាញទាំងនេះមិនត្រឹមតែលក់ផលិតផលក្លែងក្លាយនោះទេ គឺថែមទាំងធ្វើឲ្យគ្រោះថ្នាក់ដល់សុខភាព និងអាយុជីវិត និងគេចវេះមិនបង់ពន្ធជូនរដ្ឋទៀតផង។
ហេតុដូចនេះហើយរដ្ឋាភិបាលគួរតែប្រើប្រព័ន្ធបច្ចេកវិទ្យាទំនើបគ្រប់គ្រងលើការលក់ផលិតផលដែលខុសច្បាប់ និងធ្វើឲ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋ។ ចំណែកប្រជាពលរដ្ឋវិញមិនត្រូវទិញផលិតផលសម្អាងណា ដែលមិនមានទីតាំង និងម៉ាកផលិតផលនាំចូលចុះបញ្ជិកាត្រឹមត្រូវនោះទេ៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com