ថ្មីៗ​កន្លង​មក​នេះ​មាន​ការឆ្លើយឆ្លង​គ្នា​ក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក សារព័ត៌មាន និង​នៅ​​លើ​កញ្ចក់​ទូរទស្សន៍​ក្តី​រវាង​ករណី​ ២ ដែល​ទើប​តែ​កើត​មាន​កាលពី​ខែ​មុន ចំពោះ​ការ​ព្រួត​វ៉ៃ​ (Mob killing) ​លើ​ស្ត្រី​ម្នាក់​ដែល​ត្រូវ​បាន​អ្នក​ផ្សារ​ព្រៃទា​នៅក្នុង​សង្កាត់​ចោមចៅ រាជធានី​ភ្នំពេញ​ចោទ​គាត់​ថា បាន​លួច​ទូរស័ព្ទ​ចំនួន ១ ​គ្រឿង​។

ការ​ព្រួត​វ៉ៃ​ទៅ​លើ​ស្ត្រី​ដែល​​គេ​ចោទ​ថា ចោរ​នោះ​មើល​ទៅ​អាក្រក់​មើល​ណាស់​ដោយ​បុរសៗ​ជា​ជនដៃដល់​ហ្នឹង​ថែម​​ទាំង​ថតរូប​បង្ហោះ​បន្ត​ផ្ទាល់​តាម​ហ្វេសប៊ុក​របស់​គាត់​ទៀត​ផង​។

​ការ​វ៉ៃ​ដំ​គាត់​ប៉ុណ្ណឹង​ហើយ​​នៅតែ​មិន​អស់​ចិត្ត ក៏​ស្រាប់តែ​នាំគ្នា​ចាប់​កោរសក់​ស្ត្រី​នោះ​ទៀត ដែល​មើល​ទៅ​មាន​លក្ខណៈ​ហួសហេតុ មិន​សម​ទៅ​ហ្នឹង​តម្លៃ​ទូរស័ព្ទ​កញ្ចាស់​ដែល​គាត់​លួច​នោះ​ទេ​ដែល​តាម​ស្មាន​តម្លៃ​លក់​យ៉ាង​ច្រើន​បាន​ ១០ ​ម៉ឺន​រៀល​ប៉ុណ្ណោះ​។

ប៉ុន្តែ​ការព្រួត​គ្នា​វាយដំ​នេះ​បាន​ក្លាយ​ទៅ​ជា​អំពើ​ព្រៃផ្សៃ​មួយ​ដែល​មិន​ខុស​អ្វី​នឹង​ការប្រឆាំង​មនុស្ស​ជាតិ​ឡើយ ហើយ​ប្រសិន​បើ​គាត់​មាន​ផ្ទៃពោះ​ផង​គឺ​ដឹង​តែ​រលូត​គភ៌​មិន​ខាន ព្រោះ​ធាក់​ផង ជាន់​ផង បើ​ទោះ​ជា​ស្ត្រី​ដែល​គេ​ចោទ​ថា​ចោរ​នោះ​ប្រឹង​សំពះ​សុំ​អង្វរ និង​មាន​អ្នកដើរ​ផ្សារ​ប្រាប់​ថា​ប៉ុណ្ណឹង​បាន​ហើយ​​ក៏ដោយ ក៏​បុរសៗ និង​ស្ត្រី​ដៃដល់​ទាំង​នោះ​នៅ​តែ​នាំ​គ្នា​ធាក់​ថែម​ដោយ​ឌឺ​ដាក់​អ្នក​ថា​នោះ​ទៀត​ផង​។

មិន​តែ​ប៉ុណ្ណោះ អ្នក​ដែល​ចូលរួម​ព្រួត​វ៉ៃ​គាត់​នោះ​បន្ថែម​ថា ការ​ចាប់ចោរ​ស្ត្រី​លួច​ទូរស័ព្ទ​លើក​នេះ​គឺ​ទូរស័ព្ទ​បាត់​ពី​លើក​មុនៗ​​ក៏​វា​ហ្នឹង​លួច​ដែរ​។

ការចោទប្រកាន់​មក​លើ​ស្ត្រី​ដែល​ជា​ចោរ​នេះ​គឺ​ប្រៀប​ដូចជា​ការឆ្លើយតប​ទៅ​នឹង​ទ្រឹស្តី​របស់​ទស្សនវិទូ​សូក្រាត​នៅក្នុង​សៀវភៅ​ទស្សនវិជ្ជា​ថ្នាក់​វិទ្យាល័យ​ដែល​បាន​លើកឡើង​ថា​៖ «​ម្ចាស់​ហាល​ខោអាវ បាត់​ម្តង​ខោ ម្តង​អាវ សឹងតែ​រាល់​ដង តែ​មាន​ថ្ងៃមួយ​គាត់​ចាប់​ចោរលួច​ខោអាវ​របស់​គាត់ ហើយ​ទស្សនវិទូ​រូប​នោះ​លើក​ឡើង​ថា តើ​ការបាត់​ខោអាវ​របស់​គាត់​ដែល​ហាល​មុនៗ​ហ្នឹង​គឺជា​ចោរ​តែ​ម្នាក់​​ហ្នឹង​ដែរ​ ឬ​ជា​អ្នក​លួច​នោះ​?»​។ នេះ​ហើយ​គឺជា​បញ្ហា​ដែល​មាន​លក្ខណៈ​ស្រពេច​ស្រពិល​រួច​នាំ​​គ្នា​ចោទ ហើយ​ក៏​សន្មត​ដោយ​ពន្យុះ​បន្ថែម​ថា ទូរស័ព្ទ​ដែល​បាត់​ពី​មុន​មក​គឺ​ចោរ​ស្ត្រី​ហ្នឹង​ជា​អ្នក​លួច​ដែរ ហើយ​ក៏​ព្រួត​គ្នា​​វ៉ៃ​តាម​របៀប​សម្រេច​ក្ដី​ដោយ​តុលាការ​មហាជន​ដែល​នេះ​​គឺ​ពិតជា​គ្រោះថ្នាក់​បំផុត​។

ក្រោយ​មក​បាន​ ១ ​ថ្ងៃ​សមត្ថកិច្ច​បាន​ចាប់​អ្នក​ដៃដល់​ ៤ ​នាក់​មាន​​បុរស និង​ស្ត្រី​ម្នាក់​ផង​ដែរ តែ​ក្រោយ​មក​បាន​ដោះលែង​វិញ​។

ការធ្វើ​ទារុណកម្ម​លើ​ស្ត្រី​ជា​ចោរ​ដោយ​បុរសៗ​ ១ ​ក្រុម​ដែល​​ពេញ​កម្លាំង​បែប​នេះ​គឺ​មាន​លក្ខណៈ​មិន​ស័ក្តិសម​នឹង​ទោស​របស់​គាត់​នោះ​ទេ ផ្ទុយ​ទៅ​វិញ​វា​បាន​ជះឥទ្ធិពល​ចំពោះ​សង្គម​ខ្លាំង​ណាស់​នៅពេល​មាន​ការផ្សាយ​បន្ត​ផ្ទាល់​ដោយ​បុរស​ដែល​ចូល​វាយដំ​លើ​ស្ត្រី និង​កោរសក់​នេះ​ត្រូវ​បាន​គេ​យក​ទៅ​មើល​តាម​ហ្វេសប៊ុក​ពេញ​ពិភពលោក​នោះ​។ ​គេ​អាច​បកស្រាយ​បាន​ថា ប្រទេស​កម្ពុជា​ហាក់​ដូចជា​គ្មាន​ការអនុវត្ត​ច្បាប់​ទម្លាប់​នោះ​ទេ​? ហើយ​ក៏​គ្មាន​ស្ថាប័ន​ទាំង​រដ្ឋ ទាំង​អង្គការ និង​ទាំង​ឯកជន​ដែល​ធ្វើការ​ជាមួយ​នឹង​យេនឌ័រ និង​លើកស្ទួយ​ដល់​សិទ្ធិ​ស្ត្រី​ណា​មួយ​ហ៊ាន​ចេញ​មុខ​មក​ថ្កោលទោស​ចំពោះ​អំពើ​ឃោរឃៅ​របស់​បុរស​ដៃដល់​មក​លើ​ស្ត្រី​ដែល​គេ​ចោទ​​ថា​បាន​លួច​ទូរស័ព្ទ​នេះ​ដែរ​។

ប៉ុន្តែ​បើ​នឹកភ្នក​ទៅ​ដល់​ករណី​ស្ត្រី​ចិន​ម្នាក់​ដែល​បើក​រថយន្ត​ម៉ាក​ឡិចស៊ីស​ ៣០០ ទៅ​បំបុក​បុរស ​២ ​នាក់​ដែល​ស្ត្រី​នោះ​ចោទ​ពួកគេ​ថា​បាន​ឆក់​ទូរស័ព្ទ​គាត់​ដោយ​គាត់​ថា​មាន​ភ័ស្តុតាង​លើ​ប្រព័ន្ធ GPS ក្នុង​ទូរស័ព្ទ​គឺ​នៅ​ពេល​បុក​ភ្លាម​ស្ត្រី​ជនជាតិ​ចិន​នោះ​គ្មាន​រត់​ទៅ​ណា​ទេ ហើយ​ពេល​តុលាការ​កោះ​ហៅ​ក៏​គាត់​ចូលខ្លួន​ទៅ​ដែរ តែ​អ្វី​ដែល​ចម្លែក​នោះ​គឺ​បុរស​ម្នាក់​ក្នុង​ចំណោម​ ២ ​នាក់​ដែល​ស្ត្រី​ចិន​នោះ​ចោទ​ថា​ចោរ​បាន​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​សង្គ្រោះបន្ទាន់​។

រីឯ​ តុលាការ​មហាជន​គឺ​គ្មាន​ឃើញ​ហ៊ាន​ប្រើ​ហិង្សា​ទេ ដោយ​គ្រាន់តែ​ទៅ​ឈរ​ក្បែរ​ស្ត្រី​ចិន​នោះ​ក៏​មិន​ហ៊ាន​ផង​? មិន​ត្រឹម​តែ​ប៉ុណ្ណោះ​គឺ​ពួកគេ​ថែម​ទាំង​ចោទ​បុរស​ ២ ​នាក់​នោះ​ទៅ​វិញ​ថា ស័ក្ដិសម​ហើយ​គេ​បុក​ឆក់​ខ្សែក ទូរស័ព្ទ និង​កាបូប​គេ​ដួល​ស្លាប់​ក៏​មាន របួស​ក៏​មាន​ហើយ​អ្នក​ខ្លះ​ទៅ​ជា​សរសេរ​សរសើរ​ស្ត្រី​ចិន​នោះ​ថា ហ៊ាន​តាម​បុក​បុរស​ជា​ចោរ​នោះ​ទៀត​ផង​។

ករណី​នេះ​ សុទ្ធតែ​មិន​ទាន់​ច្បាស់លាស់​ដោយ​នៅ​ស្រពេចស្រពិល​ដូចគ្នា ចុះ​ហេតុអ្វី​បាន​ជា​មិន​ហ៊ាន​ទៅ​ចាប់​វាយដំ​លើ​ស្ត្រី​ចិន​ដូច​ស្ត្រី​ចោរលួច​ទូរស័ព្ទ​នៅ​ផ្សារ​ព្រៃទា​? ​ឬ​ក៏​ខ្លាច​គេ​ថា រើសអើង​ជាតិ​សាសន៍​? តម្លៃ​ទូរស័ព្ទ​ដែល​ត្រូវ​បាន​ចោរឆក់​នេះ​មាន​ប្រមាណ​តែ​​ ២០០០ ​ដុល្លារ​សោះ តែ​បែរ​ជា​មិន​ស័ក្តិសម​ទៅ​នឹង​អាយុ​ជីវិត​របស់​បុរស​ជា​ជនជាតិ​ខ្មែរ​ម្នាក់​ស្លាប់​​ និង​ម្នាក់​ទៀត​របួស​ធ្ងន់ធ្ងរ​ទៅវិញ​។

យ៉ាង​ណា​ក្ដី​ស្ត្រី​ចិន​នោះ​កំពុង​តែ​កា្លយ​ទៅជា​ជន​ជាប់ចោទ​ដោយ​ត្រូវ​ប្រឈមមុខ​នឹង​ជាប់​ពន្ធនាគា​រហូត​ដល់​ ២០ ​ឆ្នាំ ប្រសិន​បើ​តុលាការ​រកឃើញ​ថា​គាត់​មាន​ចេតនា​ប៉ុនប៉ង​មនុស្ស​ឃាត​នោះ​។

ការលើក​ឡើង​នេះ​មិនមែន​មាន​ន័យ​ថា​ជា​ការ​លើក​ទឹកចិត្ត​ឲ្យ​មនុស្ស​បញ្ចេញ​កំហឹង​វាយដំ​ឲ្យ​ដូចគ្នា​ទេ​គឺ​គ្រាន់តែ​ចង់​បង្ហាញ​លក្ខណៈ​ករណី​ស្ត្រី​ ២ ​នាក់​ដែល​ត្រូវ​បាន​គេ​ឲ្យ​តម្លៃ​ខុសគ្នា ជា​រួម​មាន​ន័យ​ថា​បើ​ខ្លាស៊ីគោ​បាត់​គេ​មើល​មិន​ឃើញ​ទេ តែ​បើ​ឆ្មា​លួច​ត្រីអាំង​តែ​ ១ ​កន្ទុយ គេ​ចាប់​​បាន​វាយ​គ្នា​ចង់​ងាប់​ចង់​រស់​។

សរុប​មក​វិញ​ដើម្បី​កុំ​ឲ្យ​ជនជាប់ចោទ​ក្លាយ​ជា​ដើមចោទ រីឯ​ជន​ដើមចោទ​ហ្នឹង​ក្លាយ​ទៅ​​ជា​ជនរងគ្រោះ ដោយសារ​ការចោទប្រកាន់​ហើយ​នាំ​គ្នា​ប្រើ​ហិង្សា ពិសេស​ប្រព្រឹត្ត​ចំពោះ​ស្ត្រី​ដែល​គេ​ចោទ​ថា ចោរ​ដែល​ការប្រព្រឹត្ត​របស់​គាត់​មាន​តម្លៃ​មិន​ស័ក្ដិសម​នឹង​ការធ្វើ​ទារុណកម្ម​ពី​មហាជន​នោះ គួរ​ចៀសវាង​ឲ្យ​ខាង​តែ​បាន​នូវ​អំពើ​ឃោរឃៅ​បែប​នេះ​ដែល​អ្នក​នាំ​គ្នា​វ៉ៃ​ដំ​ទាំង​នោះ​បាន​ក្លាយ​ជា​ជនរងគ្រោះ​ទៅ​វិញ​។

ជាក់ស្តែង​ដូចជា​ករណី​លោក បណ្ឌិត ស៊ុយ សារ៉េត ដែល​ត្រូវ​គេ​នាំ​គ្នា​ព្រួត​វ៉ៃ​យ៉ាង​ដំណំ​ដោយ​ចោទ​ថា បាន​បើក​រថយន្តបុក​គេ​ហើយ​បើក​គេច​ជាដើម​គឺ​ជនដៃដល់​ដែល​វាយដំ​បន្លំ​លួច​របស់​ជនរងគ្រោះ​នេះ​បាន​ក្លាយ​ទៅ​ជា​ជនជាប់ចោទ​ដោយ​ពួកគេ​ត្រូវ​បាន​សមត្ថកិច្ច​តាម​ចាប់​បញ្ជូន​ទៅ​តុលាការ​ទាំងអស់​៕

ចូលរួម​ផ្តល់​យោបល់​តាមរយៈ soprach.tong@phnompenhpost.com