
(រូបតំណាង) ប្តីប្រពន្ធនៅក្នុងបន្ទប់គេង។ ឈឹម ស្រីនាង
នៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះស្ថានភាពក្នុងសង្គមរបស់យើងហាក់ដូចជាបានរំជើបរំជួល ដោយសារតែរឿងអាស្រូវផ្លូវភេទ ដែលបានកើតឡើងជាបន្តបន្ទាប់។
ជាក់ស្តែងយើងឃើញមានរឿងអាស្រូវដែលអតីតព្រះសង្ឃមួយអង្គត្រូវបានចោទប្រកាន់ថា បានរំលោភសេពសន្ថវៈទៅលើស្ត្រីវ័យក្មេងដែលជាអតីតគូស្នេហ៍ម្នាក់ ហើយក៏មានរឿងរ៉ាវរបស់ជនបរទេស ដែលមានទំនាក់ទំនងស្នេហាជាមួយស្ត្រីខ្មែរមួយរូប ខណៈគាត់កំពុងស្ថិតនៅក្នុងចំណងអាពាហ៍ពិពាណ៍ ហើយមានរឿងរ៉ាវរបស់បុរសដែលមានដៃគូស្នេហាច្រើននាក់រឿងរ៉ាវគូស្នេហ៍វ័យក្មេងដែលបានព្រមព្រៀងរួមភេទជាមួយគ្នាមុនពេលរៀបការ។ល។
បទអធិប្បាយភាគច្រើនហាក់បង្ហាញភាពភ្ញាក់ផ្អើលភាពខ្មាសអៀន ការខឹងសម្បា ដោយផ្តោតការរិះគន់ និងវិនិច្ឆ័យទៅលើភាគីជាស្ត្រីដែលបានព្រមព្រៀងរួមភេទជាមួយដៃគូរបស់ខ្លួន។
បុគ្គលខ្លះហាក់បានដើរតួជាអ្នកការពារដ៏មុតមាំ និងប្តូរផ្តាច់ដើម្បីថែរក្សាប្រពៃណី និងវប្បធម៌ដ៏ផូរផង់។ ការតាមដានស្តាប់កិច្ចសន្ទនា និងបទអត្ថាធិប្បាយនៅលើបណ្តាញផ្សព្វផ្សាយសង្គម ពេលខ្លះបង្កឲ្យមានភាពស្មុគស្មាញ និងតានតឹងអារម្មណ៍យ៉ាងខ្លាំង ពីព្រោះថាបុគ្គលខ្លះហាក់មិនញញើតកោតក្រែងក្នុងការជះកំហឹង និងជេរតិះដៀលដល់បុគ្គលដែលបង្ហាញមតិផ្ទុយពីខ្លួនឡើយ ស្ថានភាពនេះបង្កឲ្យមានការពិបាកក្នុងការសន្ទនាឲ្យមានន័យពេញលេញ និងមានការគោរពគ្នាទៅវិញទៅមកនៅពេលសន្ទនាអំពីប្រធានបទដ៏រសើបនេះ។
ជាលទ្ធផលយើងតែងតែមានសំណួរច្រើនជាងចម្លើយនៅក្នុងខួរក្បាលរបស់យើង។
តួយ៉ាងយើងតែងតែមិនយល់ថាហេតុអ្វីបានជាមនុស្សមួយចំនួនគិតថា ការរួមភេទគឺជាបុព្វសិទ្ធិរបស់បុរសដោយមិនចោទសួរថា តើផ្នត់គំនិតបែបនេះមានប្រភពមកពីណា? ហេតុអ្វីបានជាមនុស្សមួយចំនួននៅតែបន្តគាំទ្រការរឹតត្បិតទៅលើសិទ្ធិស្វ័យសម្រេចរបស់ស្ត្រីក្នុងការរួមភេទ?
យើងត្រូវតែនិយាយអំពីការរួមភេទដោយមានការព្រមព្រៀង និងសិទ្ធិស្វ័យសម្រេចរបស់ស្ត្រីក្នុងការរួមភេទ។
ការស្វ័យសម្រេចរបស់ស្ត្រីក្នុងការរួមភេទមិនមែនគ្រាន់តែជាសិទ្ធិដើម្បីរួចផុតអំពីហិង្សាផ្លូវភេទនោះទេ ប៉ុន្តែគឺជាសិទ្ធិធ្វើការសម្រេចចិត្តអំពីកាលវេលាភាពញឹកញាប់ និងការកំណត់អត្តសញ្ញាណរបស់បុគ្គលដែលយើងចង់រួមភេទជាមួយ។ សិទ្ធិស្វ័យសម្រេចរបស់ស្ត្រីក្នុងការរួមភេទគឺផ្អែកទៅលើទស្សនថា វាជារឿងធម្មតាសម្រាប់ស្ត្រីក្នុងការចង់មានការរួមភេទហើយវាជារឿងធម្មតាដែលស្ត្រីត្រូវទទួលបានការរីករាយ ក្នុងពេលរួមភេទ!
យើងនឹងមិនអាចបង្កើតឲ្យមានសង្គមមួយដែលមានសមភាព និងសុខដុមរមនាបានទេ ដរាបណាយើងនៅតែទទួលយក ទោះបីដោយបើកចំហ ឬដោយស្ងៀមស្ងាត់ក្តីថា ការរួមភេទគឺជាបុព្វសិទ្ធិរបស់បុរសហើយព្រមព្រៀងឲ្យបុរសមានអំណាចគ្រប់គ្រងស្ថានភាពនៅក្នុងបន្ទប់គេង។ អាកប្បកិរិយាបែបនេះជំរុញឲ្យស្ត្រីនៅតែជាភាគីដែលមិនអាចធ្វើសេចក្តីសម្រេចចិត្តបាន។ ចំណុចចម្បងនោះគឺថាយើងត្រូវគោរពសិទ្ធិ និងសេរីភាពក្នុងការជ្រើសរើសរបស់ស្ត្រី។
ជាដំបូងយើងត្រូវគោរពសិទ្ធិរបស់ស្ត្រីក្នុងការជ្រើសរើស និងធ្វើសេចក្តីសម្រេចចិត្ត។ ប្រសិនបើស្ត្រីណាម្នាក់ចង់រួមភេទដោយមានការព្រមព្រៀងជាមួយដៃគូរបស់នាង ទោះជាដៃគូនោះជាបុរស ឬជាស្ត្រីក៏ដោយ វាគឺជាការសម្រេចចិត្តរបស់នាង នាងមិនត្រូវការឲ្យអ្នកណាសម្រេចចិត្តជំនួសនាងនោះទេ។
រដ្ឋធម្មនុញ្ញរបស់យើងធានា និងការពារសិទ្ធិស្មើគ្នារវាងបុគ្គលគ្រប់រូបនេះ មានន័យថាស្ត្រីមានសិទ្ធិ និងកាតព្វកិច្ចស្មើគ្នាដូចនឹងបុរសដែរ នៅចំពោះមុខច្បាប់។ ចំណុចបន្ទាប់នោះគឺថា យើងត្រូវលុបបំបាត់រាល់គ្រប់ទម្រង់នៃភាពមិនស្មើភាពរវាងស្ត្រី និងបុរស ប្រសិនបើយើងពិតជាចង់ឃើញសមភាពយេនឌ័រប្រាកដនៅក្នុងសង្គម។
មនុស្សជំនាន់យើងមានសំណាងណាស់ដែលមានបងៗស្ត្រីជំនាន់មុនៗទាមទារសិទ្ធិ និងសេរីភាពសម្រាប់យើងទាំងអស់គ្នាដែលពួកយើងកំពុងតែប្រើប្រាស់សិទ្ធិដោយរួមទាំងសមភាពក្នុងការទទួលបានការអប់រំ និងសេវាសាធារណៈប៉ុន្តែសមភាពយេនឌ័រដ៏ប្រាកដមួយនៅមិនទាន់មាននៅឡើយទេ។
ពួកយើងត្រូវតែបន្តបេសកកម្មនេះដើម្បីបង្កើនលំហសម្រាប់មនុស្សជំនាន់ក្រោយពីព្រោះថាពួកគេគួរទទួលបានស្ថានភាពសង្គមមួយដែលប្រសើរជាងពួកយើងដូចជាការទទួលបាននូវព័ត៌មានពិតប្រាកដ និងស្មោះត្រង់ពាក់ព័ន្ធនឹងជម្រើសនៃវិធីសាស្ត្រក្នុងការពន្យារកំណើត និងការអប់រំអំពីការរួមភេទ។
យើងត្រូវផ្តល់ព័ត៌មាន និងមធ្យោបាយដល់យុវជនជំនាន់ក្រោយដើម្បីពួកគេអាចការពារខ្លួនគេ និងអាចបង្កើតជម្រើសនានាដែលពួកគេពេញចិត្ត និងប្រកបដោយសេចក្តីក្លាហាន។ ការព្យាយាមរារាំងត្រួតត្រាលើរាងកាយរបស់ស្ត្រី និងសិទ្ធិស្វ័យសម្រេចរបស់ស្ត្រីក្នុងការរួមភេទគឺជាទង្វើខុសឆ្គង។
ការរារាំងស្ត្រីមិនឲ្យទទួលការអប់រំអំពីការរួមភេទ និងមិនផ្តល់ព័ត៌មាន ដែលមានគុណភាពអំពីរបៀបការពារខ្លួនក្នុងពេលរួមភេទ និងការថែទាំសុខភាពបន្តពូជ ឬការបង្រៀនស្ត្រីមិនឲ្យរួមភេទមុនការរៀបការតែម្យ៉ាងនោះគឺជាការខ្វះការទទួលខុសត្រូវរបស់សង្គម។ ការអប់រំស្ត្រីមិនឲ្យរួមភេទមុនរៀបការជាទូទៅតែងតែផ្តល់ព័ត៌មានមិនពិត ដូចជាការបំផ្លើសអំពីភាពគ្មានប្រសិទ្ធភាពនៃការប្រើប្រាស់ស្រោមអនាម័យ ការតិះដៀលដល់ស្ត្រីដែលសកម្មក្នុងការស្វ័យសម្រេចអំពីការរួមភេទ និងតែងតែពង្រឹងអំពីរឿងរ៉ាវមិនពិតនៃតួនាទីយេនឌ័រហើយមិនទទួលយកយុវជនយុវនារីដែលស្រឡាញ់ភេទដូចគ្នា។
ខណៈដែលមានក្រុមអ្នកសារព័ត៌មានព្រមទាំងអ្នកតស៊ូមតិផ្នែកសិទ្ធិស្ត្រីជាច្រើនបាននិងកំពុងធ្វើការយ៉ាងសកម្មដើម្បីបង្កើនការយល់ដឹងចំពោះបញ្ហាសិទ្ធិស្វ័យភាពរបស់ស្ត្រីក្នុងការរួមភេទ (សិទ្ធិក្នុងការធ្វើការសម្រេចចិត្តអំពីកាលវេលា ភាពញឹកញាប់ និងការកំណត់អត្តសញ្ញាណរបស់បុគ្គលដែលយើងចង់រួមភេទជាមួយ) វាគួរតែដល់ពេលដែលយើងទាំងអស់គ្នាត្រូវនិយាយអំពីរឿងនេះ។
យើងត្រូវនិយាយអំពីការរួមភេទដោយមានការព្រមព្រៀងការរួមភេទដោយមានការពារ និងភាពស្វ័យសម្រេចរបស់ស្ត្រីក្នុងការរួមភេទដើម្បីឲ្យស្ត្រី និងបុរសវ័យក្មេងបានយល់ដឹងអំពីវិធីសាស្ត្រក្នុងការការពារខ្លួនអំពីជំងឺកាមរោគ ជំងឺអេដស៍ និងទប់ស្កាត់អំពើហិង្សាផ្លូវភេទពីសំណាក់ដៃគូស្និទ្ធស្នាល។
ការលើកកម្ពស់សិទ្ធិស្វ័យសម្រេចរបស់ស្ត្រីក្នុងការរួមភេទរួមបញ្ចូលទាំងការផ្លាស់ប្តូរអំណាចផ្នត់គំនិតបែបបិតាធិបតេយ្យទាំងក្នុងបន្ទប់គេង និងក្នុងសង្គមជាតិទាំងមូល។
ជាចុងក្រោយយើងស្នើឲ្យមានការយោគយល់ និងការចូលរួមនិយាយអំពីបញ្ហានេះ។ ប្រសិនបើអ្នកមិនទាន់ត្រៀមខ្លួនរួចរាល់ក្នុងការនិយាយអំពីបញ្ហានេះទេ សូមកុំរារាំង និងតិះដៀលបុគ្គលទាំងឡាយដែលកំពុងតែធ្វើការយ៉ាងសកម្មក្នុងបញ្ហានេះពីព្រោះយើងគប្បីដឹងថា ការអប់រំដោយប្រើវិធីសាស្ត្រឃាឃាំង មិនឲ្យយុវវ័យរួមភេទតែម្យ៉ាងនោះគឺមិនសូវមានប្រសិទ្ធភាពឡើយសម្រាប់យុគសម័យបច្ចេកវិទ្យាដ៏ទំនើបនេះ។
ល្មមដល់ពេលដែលស្ត្រីវ័យក្មេងរបស់យើងទទួលបានព័ត៌មានពិតអំពីការអប់រំផ្លូវភេទហើយល្មមដល់ពេលដែលយើងគ្រប់គ្នា បង្កើតនូវបរិយាកាសសង្គមមួយដែលស្ត្រីអាចរស់នៅប្រកបដោយភាពសុខដុមរមនា និងអាចប្រើប្រាស់រាងកាយរបស់គេតាមតែការពេញចិត្តរបស់ពួកគេ។ ការរួមភេទមិនមែនជាបុព្វសិទ្ធិរបស់បុរស ប៉ុន្តែជាបុព្វសិទ្ធិរបស់យើងទាំងអស់គ្នា៕
បុណ្យ រចនា និងឃួន ច័ន្ទទេវី ប្រជាពលរដ្ឋនៅភ្នំពេញ
អ៊ីមែលៈ rachanabunn@gmail.com