ចាប់តាំងពីមានច្បាប់ប្រឆាំងនឹងអំពើពុករលួយគឺស្ថាប័ននីមួយៗចេះតែចង់កម្ចាត់អំពើពុករលួយ និងការលួចបន្លំដែលមាននៅទាំងស្ថាប័នរដ្ឋ ស្ថាប័នអង្គការ សមាគម និងស្ថាប័នឯកជនព្រោះអំពើពុករលួយធ្វើឲ្យខាតប្រយោជន៍ និងមុខមាត់។
រីឯការអនុវត្តច្បាប់ប្រឆាំងនឹងអំពើពុករលួយវិញត្រូវបានគេមើលឃើញថាសម្រាប់តែនៅក្នុងស្ថាប័នរដ្ឋាភិបាលប៉ុណ្ណោះតែធាតុពិតនៅក្នុងច្បាប់គេមិនបាននិយាយអំពីបទល្មើសពុករលួយសម្រាប់តែរដ្ឋាភិបាលនោះទេគឺមានលក្ខណៈទូទៅ។ ប៉ុន្តែនៅពេលដែលការអនុវត្តច្បាប់នោះធ្វើចំពោះមន្ត្រីអង្គការសិទ្ធិមនុស្ស និងមន្ត្រី គ.ជ.ប ថ្មីៗទើបបានភ្ញាក់ព្រើតអ៊ីចឹងមិនមែនសំដៅតែស្ថាប័នរដ្ឋទេគឺទាំងស្ថាប័នអង្គការសង្គមស៊ីវិល និងទាំងវិស័យឯកជនផងដែរដោយគ្រាន់តែសមត្ថភាពរបស់អង្គភាពប្រឆាំងនឹងអំពើពុករលួយ (ACU) នៅមានកម្រិតសល់សំណុំរឿងពាក្យបណ្តឹងដូចជាពាក្យបណ្តឹងឲ្យស៊ើបអង្កេតចំពោះមជ្ឈមណ្ឌលជំងឺគ្រុនចាញ់ (CMN) អ៊ីចឹងអង្គភាព ACU ផ្តោតលើមន្ត្រីរដ្ឋាភិបាលសិន។
ប៉ុន្តែទោះបីយ៉ាងណាក៏មានសកម្មភាពចុះអនុស្សរណៈយោគយល់ (MoU) ជាមួយបណ្តាក្រុមហ៊ុនធំៗដែលមានបំណងរៀបចំប្រព័ន្ធសុចរិតភាពរបស់ខ្លួនផងដែរដោយធ្វើបានចំនួន ២៣ ហើយមានដូចជា Coca-Cola, Manulife,Prudential,EuroCham,Phnom Penh SEZ ...ជាដើម ។
ការធ្វើដូចនេះដោយសារក្រុមហ៊ុនមានបំណងដោះស្រាយបញ្ហាកេងបន្លំ និងពុករលួយទាំងក្នុង និងក្រៅស្ថាប័នរបស់ខ្លួន។ ឧទាហរណ៍នៅក្រៅស្ថាប័នគឺនៅពេលក្រុមហ៊ុនជួបជាមួយស្ថាប័នរដ្ឋាភិបាលដូចជាអង្គភាពពន្ធដារ គយ ឬក៏សេវាសាធារណៈផ្សេងៗពួកគេអាចប្រាប់មន្ត្រីរដ្ឋាភិបាលថាបានចុះ M០U ជាមួយនឹងអង្គភាព ACU រួចហើយក្នុងការប្រឆាំងនឹងអំពើពុករលួយចង់មិនចង់ស្ថាប័នទាំងនោះក៏រាងញ៉ាកបន្តិចដែររឿងយកលុយសេវាទឹកតែ ឬក៏សេវាទារលុយឆៅនោះ។
ចំណែកនៅខាងក្នុងស្ថាប័នវិញគឺក្រុមហ៊ុនអាចបង្ហាញភាពស្មោះត្រង់ក្នុងការបង់ពន្ធជូនរដ្ឋដែរខណៈមានក្រុមហ៊ុនខ្លះបានកិបកេងការបង់ពន្ធដូចជាបុគ្គលិកប្រាក់ខែ ១០០០ ដុល្លារពេលបង់ពន្ធជូនរដ្ឋវិញថាត្រឹមតែ ៣០០ ដុល្លារជាដើម។
ម្យ៉ាងវិញទៀតក្រុមហ៊ុនអាចរឹតបន្តឹងទៅលើបុគ្គលិកខ្លួនឯងផងដែរដើម្បីឲ្យមានការអនុវត្តច្បាប់ (Zero-tolerance policy) នៅពេលពួកគេកេងបន្លំ និងពុករលួយនៅក្នុងក្រុមហ៊ុនរបស់ខ្លួន។
កន្លងមកមានក្រុមហ៊ុនវិនិយោគទុនអន្តរជាតិធំៗដែលមានស្តង់ដារគោរពទៅតាមច្បាប់នៅពេលមានការសូកប៉ាន់លុយក្រោមតុ ឬលុយទឹកតែមកមន្ត្រីរដ្ឋាភិបាលខ្មែរធ្វើឲ្យប៉ះពាល់នឹងច្បាប់ប្រទេសរបស់ខ្លួន និងបានដកខ្លួនចេញពីកម្ពុជា។
ដូចជាកាលពីឆ្នាំ ២០១៣ ក្រុមហ៊ុនវិនិយោគទុនរ៉ែ BHP Billiton របស់ប្រទេសអូស្ត្រាលីបានពាក់ព័ន្ធទៅនឹងលុយទឹកតែចំនួនទឹកប្រាក់ ២,៥ លានដុល្លារ។ រីឯ ក្រុមហ៊ុនធនាគារ ANZ Royal ធ្លាប់ឲ្យទុនទៅក្រុមហ៊ុន ស្ករអំពៅ លីយ៉ុងផាត់ នៅខេត្តកំពង់ស្ពឺពាក់ព័ន្ធទំនាស់ដីធ្លីជាមួយប្រជាពលរដ្ឋ និងពលកម្មកុមារធ្វើឲ្យប៉ះពាល់ឈ្មោះក្រុមហ៊ុន ANZ បណ្តាលឲ្យក្រុមហ៊ុនដែលមានស្នាក់ការធំបានសម្រេចដកកម្ចីចេញវិញ។
ទាំងនេះគឺសុទ្ធតែនៅក្នុងផ្នែកនៃការលាងសម្អាតផ្នែកសាជីវកម្ម (Clear Business) ដើម្បីឲ្យមានតម្លាភាពរបស់ក្រុមហ៊ុនស្តង់ដារអន្តរជាតិដែលគោរពតាមច្បាប់ទម្លាប់ត្រឹមត្រូវ។
កាលពីឆ្នាំទៅអង្គការតម្លាភាពកម្ពុជាបានចេញរបាយការណ៍នៃការសិក្សាស្រាវជ្រាវស្តីអំពីផលប៉ះពាល់ពីអំពើពុករលួយក្នុងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាក្នុងនោះចំពោះនាយកប្រតិបត្តិ និងអ្នកគ្រប់គ្រងទូទៅនៃស្ថាប័នទាំងនោះចំនួន ១០០ នាក់បានបង្ហាញថា៖«លុយទឹកតែ» គឺជាតថភាពមួយមិនអាចចៀសរួចបានសម្រាប់ពួកគេ។ ៥៥ ភាគរយនៃអ្នកផ្តល់ចម្លើយឆ្លើយថាអំពើពុករលួយធ្វើឲ្យប៉ះពាល់ផ្នែកខ្លះនៃការរកស៊ីរបស់ពួកគាត់ និង ៤៧ ភាគរយនៃពួកគេឆ្លើយថាពួកគេបានដឹងឮឬក៏ធ្លាប់ពុករលួយ។ រីឯ ៦៣ ភាគរយនៃពួកគាត់មិនដែលបានពិភាក្សាគ្នាពីបញ្ហាសុចរិតភាពនៅក្នុងក្រុមហ៊ុនរបស់ពួកគេឡើយ។
លទ្ធផលទាំងនេះក៏ធ្វើប៉ះពាល់ទៅនឹងការដាក់ពិន្ទុក្នុងការវាស់វែងអំពើពុករលួយនៅកម្ពុជាដែលមិនមានការប្រែប្រួលចំណាត់ថ្នាក់គួរឲ្យកត់សម្គាល់នៅឡើយទេគឺចំណាត់ថ្នាក់ពុករលួយនៅវិស័យសាធារណៈ ១៥០ ក្នុងចំណោម ១៦៨ ប្រទេសឆ្នាំ ២០១៥។
ហេតុដូច្នេះស្ថាប័នឯកជន ស្ថាប័នអង្គការ និងស្ថាប័នរដ្ឋផ្សេងទៀតគួរចាប់ផ្តើមរៀបចំប្រព័ន្ធសុចរិតភាពរបស់ខ្លួនទាំងក្នុង និងក្រៅស្ថាប័នដូចដែលក្រុមហ៊ុនបានចុះ MOU ជាមួយនឹងអង្គភាព ACU ដែលជាផ្នែកមួយនៃប្រព័ន្ធសុចរិតភាព។
រីឯស្ថាប័នផ្តល់សេវាសាធារណៈច្រកចេញចូលតែមួយក៏ជាផ្នែកមួយដែរហើយការពង្រឹងទៅលើការអនុវត្តនីតិវិធីលទ្ធកម្មក៏ជាការចូលរួមចំណែកដ៏សំខាន់ក្នុងការបោសសម្អាតនូវអំពើលួចបន្លំ និងពុករលួយផងដែរ។
ជាងនេះទៅទៀតអង្គភាព ACU កំពុងតែរៀបចំតាក់តែងច្បាប់ការពារសាក្សី និងអ្នករាយការណ៍ពីអំពើពុករលួយដើម្បីជួយពង្រឹងនូវប្រព័ន្ធសុចរិតភាពផងដែរ។ ចំណុចដែលគួរសិក្សាដូចនៅប្រទេស ម៉ាឡេស៊ី គឺគេមានក្រុមហ៊ុន CISM សម្រាប់ជួយតាក់តែងរៀបចំប្រព័ន្ធសុចរិតភាពទាំងនៅក្នុងគោលនយោបាយស្ថាប័ននានា តាំងពីឆ្នាំ ២០១១ មកម្ល៉េះ៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com