The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ការរំលោភ ​សាច់ឈាម​ឯង

ការរំលោភ ​សាច់ឈាម​ឯង

Content image - Phnom Penh Post
ជនសង្ស័យក្រោយពេលសមត្ថកិច្ចខេត្តស្ទឹងត្រែង ចាប់ខ្លួនរឿងរំលោភកូនស្រីខ្លួនឯងកន្លងមក។ ហ្វេសប៊ុក

ការរំលោភ ​សាច់ឈាម​ឯង

សត្វ​តិរច្ឆាន​ទាំងឡាយ​សម្គាល់បាន​ដោយ​សញ្ញា ៣ គឺ១) ជិវ្ហា​សញ្ញា (ស៊ី) ២) កាម​សញ្ញា​ (បន្ត​ពូជ) និង ៣ )ជីវិន​សញ្ញា (ខ្លាច​ងាប់)។ សត្វ​កើត​មក​ដើម្បី​តែ​ធ្វើ​រឿង​នេះ​ប៉ុណ្ណោះ។ ដោយឡែក​មនុស្ស​លើសពី​សត្វ​ត្រង់​មាន​ធម្ម​សញ្ញា​គឺ​មនុ​ស្សមាន​វិចារណញ្ញាណ និង​មនោ​សញ្ចេតនា។មនុស្ស​ពិត​ប្រាកដ​ចេះ​ខ្មាស និង​ខ្ពើម​អំពើ​អាក្រក់។

ឯ​មនុស្ស​ដែលមាន​សញ្ញា​ត្រឹម​សញ្ញា ៣ របស់​សត្វ ជា​មនុស្ស​សត្វ​ដែល​មិន​ចេះ​ខ្ពើម​ខ្មាស​អ្វី​ឡើយ។ បើ​មនុស្ស​ណា​ប្រព្រឹត្ដ​ជីវិត​តែ​ក្នុង​សញ្ញា ៣ ខាង​លើ តើ​គេ​ខុស​ពី​សត្វ​តិរច្ឆាន​ត្រង់​ណា?

លើសពីនេះ​គឺ​ជន​នោះ​ថោកទាប​ជាង​តិរច្ឆាន​ទៅទៀត ព្រោះ​សត្វ​ធ្វើ​ទង្វើ​ទាំង​នោះ​ដោយ​សភា​វគតិ សត្វ​មិន​ចេះ​ពិចារណា សត្វ​មិន​យល់​ពី​តម្លៃ សត្វ​កើតមក​ស៊ី​អាហារ​ធំធាត់​បន្ដ​ពូជ។ បើ​មនុស្ស​មាន​ធម្ម​សញ្ញា តែ​បែរ​ជា​បណ្ដោយ​ខ្លួន​ឲ្យ​តណ្ហា​ដឹក​មុខ រស់​នៅ​ត្រឹម​តែ​ស៊ី​ដេក​រួមភេទ​បង្កើត​កូន តើ​គេ​នៅ​តែ​ជា​មនុស្ស​ទៀត​ទេ?​ បុគ្គល​នោះ​មាន​ត្រឹម​តែ​រូប​កាយ​ជា​មនុស្ស​ប៉ុណ្ណោះ។ បែប​នេះ​ហើយ​ទើប​បាន​ព្រះសម្មា​សម្ពុទ្ធ​ត្រាស់​ថា “កើត​ជា​មនុស្ស​កម្រ”។

ចំនួន​មនុស្ស​ដែល​កំពុង​មាន​ជីវិត​លើ​ផែនដី​សព្វថ្ងៃ​ជាង ៧ ពាន់​លាន​នាក់​នេះ​គឺ​ប្រហែល​តែ ៧% នៃ​ចំនួន​មនុស្ស​ដែល​បាន​ស្លាប់​ប៉ុណ្ណោះ​បើ​រាប់​ត្រឹម ៥ ម៉ឺន​ឆ្នាំ​មកនេះ គឺ​មាន​មនុស្ស​ប្រហែល ១០០ ពាន់​លាន​នាក់​ដែល​ធ្លាប់​កើត។ មនុស្ស​កើត​ច្រើន​រងោក​យ៉ាង​នេះ​តើ​ហេតុ​អ្វី​ទើប​ព្រះពុទ្ធ​ថា កើត​ជា​មនុស្ស​កម្រ?

“មនុស្ស” ដែល​ព្រះសម្មាសម្ពុទ្ធ​សំដៅ​ដល់​មិនមែន​ត្រឹមតែ​ជា​សត្វ​ម្យ៉ាង​ដែលមាន​ក្បាល​ដៃ​ជើង​ដង​ខ្លួន ដែល​យើង​សម្គាល់​ថា ជា​រូប​កាយ​មនុស្ស​ប៉ុណ្ណោះ​ទេ។ បើ​ជន​ណា​កើត​មក​ក្នុង​រូប​ជា​មនុស្ស​ហើយ តែ​ពួកគេ​មិន​បាន​ក្រោក​ដើរ​ចេញពី​ទង្វើ​សភាវ​គតិ​ទេ នោះ​មានន័យ​ថា គេ​នៅ​មិន​ទាន់​ជា​មនុស្ស​ពេញ​លេញ​នៅ​ឡើយ​តែ​ជា​មនុស្ស​សត្វ។​ការ​លើក​ឡើង​នេះ​គ្រាន់​តែ​ចង់​បង្ហាញ​ថា ទង្វើ​ជន​ខ្លះ​ប្រព្រឹត្ដ​ដូច​សត្វ​គឺ​គេ​ប្រើ​កំណើត​ជា​មនុស្ស​ត្រឹម​កម្រិត​សភា​វគតិ​ដែល​ដូច​សត្វ។ មនុស្ស​បែប​នោះ​រស់​នៅ​ត្រេត​ត្រតៗ​បើក​ភ្នែក​មកស៊ី​ដេក​រួម​ភេទ​បង្កើត​កូន​ដដែលៗ ដោយ​មួយ​ជីវិត​គ្មាន​ធ្វើ​កិច្ច​ការងារ​អ្វី​ជា​ប្រយោជន៍​ចំពោះ​មនុស្ស​ជាតិ​សោះ​ឬ​ជួន​កាល​បង្ក​ឲ្យ​អ្នក​ដទៃ​រង​ទុក្ខ​យំ​ស្រែក​ដោយសារ​ខ្លួន តាមរយៈ​ទង្វើ​ឥត​វិចារណ​ញ្ញាណ​គ្មាន​ធម៌​មេត្ដា​ដើម្បី​តែ​បាន​ប្រយោជន៍​ផ្ទាល់​ខ្លួន ដូចជា ពុក​រលួយ​កេង​ប្រវ័ញ្ច​រំលោភ​គាប​សង្កត់​គេ​ជាដើម។ សួរថា​ទង្វើ​ទាំង​នោះ​អាក្រក់​ជាង​សត្វ​ដែរ​ឬទេ?​អត្ថបទ​នេះ​សូម​លើក​យក​តែ​រឿង​សេព​កាម​របស់​មនុស្ស​មួយ​ចំនួន និង​សត្វ​មក​បង្ហាញ​ប៉ុណ្ណោះ មិន​បាន​លើក​យក​ទង្វើ​ដែល​នាំ​ឲ្យ​មនុស្ស​មាន​តម្លៃ​ជា​មនុស្ស​ពេញ​លេញ​មក​បង្ហាញ​ទេ។

សត្វ​រួមភេទ​នឹង​សត្វ​អម្បូរ​គ្នា​វា​ដោយ​សម្គាល់​ត្រឹម​ភេទ​ញី​ឈ្មោល​របស់​ដៃគូ​វា។ សត្វ​គ្មាន​សញ្ញា​ស្គាល់​ថា នេះ​ជា​ម្ដាយ ឪពុក កូន បងប្អូន រួម​ផ្ទៃ​វា​ឡើយ​ចំពោះមុខ​តម្រូវ​ការ​ភេទ​បើ​ទោះបី​ជា​សត្វ​ខ្លះ​ចេះ​ការពារ​កូន​វា​ក៏ដោយ ក៏​វា​នៅ​តែ​ចែក​មិន​ដាច់​ថា វា​មិន​ត្រូវ​រួមភេទ​នឹង​មេបា​កូន​បងប្អូន​វា​ឡើយ។ ផ្ទុយ​ទៅ​វិញ មនុស្ស​មាន​ធម្ម​សញ្ញា​ដែល​អាច​កំណត់​បាន​ថា ស្ដ្រី​នោះ​ជា​ជីដូន ជា​ម្ដាយ ជា​ប្រពន្ធ ជា​អ៊ំស្រី មីង​បងស្រី ប្អូនស្រី កូនស្រី ក្មួយ​ស្រី ចៅស្រី ជា​សាច់​ញាតិ​ស្រី​មិត្ដភក្ដិ​ស្រី អ្នក​ជិត​ខាង​ស្រី​របស់​ខ្លួន។ បុរស​មិន​អាច​ចេះ​តែនឹក​ឃើញ​ចង់​រួមភេទ​នឹង​ស្ដ្រី​ណា​ក៏​ចេះតែ​ពី​ប្រព្រឹត្ដ​តាម​តែ​ចំណង់​តណ្ហា​នោះ​ទេ។ មាន​បុរស​មិន​តិច​ទេ​ដែល​បើ​ទោះ​ជា​មាន​ប្រពន្ធ​ហើយ ក៏​គេ​នៅ​តែ​ស្រេក​ឃ្លាន​រួម​ភេទ​នឹង​ស្ដ្រី​ដទៃ​មិន​ឈប់​មិន​ឈរ​ដែល​មាន​ខ្លះ​អាយុ​លើស​ពី ៧០ ឆ្នាំ​ហើយ​ក៏​នៅ​តែ​វីវក់​នឹង​រឿង​នេះ។នោះ​គឺជា​ចាស់​ព្រើល។ថ្វី​ថា តម្រូវការ​ភេទ​របស់​មនុស្ស​មិន​ស្មើគ្នា តែ​តើ​បុរស​ដែល​មាន​តណ្ហា​ក្រាស់​ពេល​ដែល​តម្រេក​កើត​ឡើង ដឹង​តែ​ពី​រត់​ទៅ​បំពេញ​តម្រេក​ដែល​មិន​ចេះ​ស្កប់​ស្កល់​នោះ​ឬ?​កាម​តម្រេក​ជា​តម្រូវការ​របស់​រាង​កាយ​ដែល​អាច​គ្រប់គ្រង​បាន​ដោយ​បុគ្គល​ម្នាក់ៗ​ផ្ទាល់។ បើ​បុរស​ណា​មិន​អាច​គ្រប់គ្រង​តណ្ហា​របស់​ខ្លួន ហើយ​វក់​រហូត​ដល់​ទៅ​ប្រព្រឹត្ដ​កាម​គុណ​ទៅ​លើ​ប្អូនស្រី កូន​ស្រី ក្មួយ​ស្រី ចៅស្រី​ដែល​ជា​សាច់​ឈាម​ខ្លួន​ដែល​ភាគ​ច្រើន​ជន​រង​គ្រោះ ជា​អនីតិជន ខ្លះ​អាយុ​ទើប​តែ ៣​ឆ្នាំ ជន​នោះ​សម​ហៅថា​តិរច្ឆាន បើ​ទោះបី​ជា​រឿង​នោះ​កើត​ពី​ការ​ចាប់​រំលោភ​ឬ​ព្រមព្រៀង​ពី​ភាគី​ខាង​ស្រី​ក៏ដោយ។ មាន​តែ​សត្វ​ញី​ឈ្មោល​ប៉ុណ្ណោះ​ដែល​អាច​ប្រព្រឹត្ដ​កាម​គុណ​ក្នុង​សម្ព័ន្ធភាព​បែបនេះ​កើត។

សព្វថ្ងៃនេះ​មាន​ករណី​រំលោភ​សាច់ឈាម​ឯង​កើត​ឡើងជា​ញឹកញាប់ ពិសេស​ករណី​ឪពុក​រំលោភ​កូន​ស្រី​ខ្លួន​ឯង ជីតា​រំលោភ​ចៅស្រី ពូ​រំលោភ​ក្មួយ​ស្រី។ ទង្វើ​បែប​នោះ​ថោក​ទាប​ជាង​សត្វ​តិរច្ឆាន​ទៅ​ទៀត។​សត្វតិរច្ឆាន​គ្មាន​ធម្ម​សញ្ញា​ទើប​វា​ប្រព្រឹត្ដ​បែប​នោះ តែ​មនុស្ស​មាន​ធម្ម​សញ្ញា​បើ​នៅ​តែ​ប្រព្រឹត្ដ​ដូច​សត្វ​គឺ​ជន​នោះ​ថោក​ទាប​ជាង​សត្វ។ជន​នោះ​គ្មាន​លក្ខណៈ​ជា​មនុស្ស​ផង​កុំ​ថា អាច​មាន​ឈ្មោះ​ជា​ឪពុក​របស់​ក្មេង​ស្រី​រង​គ្រោះ​ដែល​គួរ​ឲ្យ​អាណិត​ទាំង​នោះ។ ប្រមាណ​ជា​ជិត ១ ខែ​មុន មាន​បុរស​ម្នាក់​ទើប​តែ​ចេញ​ពី​គុក ក្រោយ​ពី​ជាប់​គុក ២០ ឆ្នាំ​ពី​បទ​រំលោភ​សម្លាប់ តែ​មិន​ប៉ុន្មាន​ខែ​ក្រោយ បុរស​នោះ​ក៏​ចាប់​រំលោភ​ក្មួយ​ស្រី​ខ្លួន​ម្នាក់​តែ​មិន​សម្រេច គេ​ក៏​ទៅ​ចាប់​រំលោភ​ក្មួយ​ស្រី​ម្នាក់​ទៀត​អាយុ​ទើប​តែ ១០ ឆ្នាំ​រហូត​បាន​សម្រេច ៣ ដង​ទើប​ត្រូវ​បាន​ចាប់​ខ្លួន​ជា​ថ្មី។ ករណី​កូន​ពាល​អាយុ​ជាង ៤០ ចាប់​រំលោភ​ម្ដាយ​ចាស់​អាយុ​ជាង ៧០ ឆ្នាំ ដែល​ជា​អ្នក​បង្កើត​ក្បាល​របស់​គេ​ក៏​ធ្លាប់​មាន។ ករណី​រំលោភ​សម្លាប់​ក្មេង​ស្រី​អាយុ ៣ ឆ្នាំ​ក៏​ធ្លាប់​កើត​មាន​គឺ​ជន​ល្មើស​អត់​មាន​បើក​ភ្នែក​ឃើញ​ស្ដ្រី​ទូទៅ​ថា​ដូចជា​ជីដូន ដូច​ម្ដាយ អ៊ំស្រី មីង បងស្រី ប្អូនស្រី កូនស្រី ក្មួយ​ស្រី ចៅស្រី ខ្លួន​ឡើយ គឺ​ភ្នែក​របស់​គេ​មើល​ឃើញ​ត្រឹម​កម្រិត​ភ្នែក​សត្វ​តិរច្ឆាន​ដែល​មាន​តម្រេក​កើត​ឡើង​គឺ​ឲ្យ​តែ​ប្រទះ​ភេទ​ស្រី​ដឹង​តែ​រំលោភ​មិន​ថា​ស្ដ្រី​នោះ​ជា​នរណា។មិន​ត្រឹម​តែ​មិន​ត្រូវ​រំលោភ​សាច់​ឈាម​ខ្លួន​ទេ សូម្បី​តែ​ស្ដ្រី​នោះ​ខ្លួន​មិន​ស្គាល់​ក៏​វា​គ្មាន​ហេតុ​ផល​ជា​មនុស្ស​ឯណា​ដែល​ថា​ឲ្យ​តែមាន​តម្រេក​កើត​ឡើង​ដឹង​តែ​ពី​ចាប់​គេ​រំលោភ​នោះ​ដែរ។ បើ​ថា បុរស​ល្មោភ​កាម​ទាំង​នោះ​មើល​មិន​ឃើញ​ម្ដាយ​អ្នក​ដទៃ​ប្រៀប​ដូចជា ម្ដាយ​ខ្លួន​អ៊ីចឹង​ឲ្យ​តែ​គេ​មើល​ឲ្យ​ឃើញ​ម្ដាយ​ខ្លួន​គេ​ថា ជា​ស្ដ្រី​ដែល​គេ​ត្រូវ​គោរព​ក៏​អត់​ទៀត។គេ​មើល​មក​ស្ដ្រី​ឃើញត្រឹម​តែ​ជា​វត្ថុ​សម្រាប់​បំពេញ​តណ្ហា​ប៉ុណ្ណោះ។

វា​លើសពី​ឆ្កែឆ្កួត​ដើររក​ខាំ​មនុស្ស វា​លើសពី​សត្វ​តិរច្ឆាន តែ​នោះ​ជា​ទង្វើ​មនុស្ស​នរក​ដែល​គួរ​ឲ្យ​ស្អប់​ខ្ពើមខ្លាំង​ជាទី​បំផុត។

ខ្មែរ​ហាក់ដូចជា​នៅ​តោះតើយ​ចំពោះ​ចំណាត់ការ​លើ​បទល្មើស​រំលោភ។និយាយ​នេះ​មិន​បាន​ន័យថា ទោស​ចំពោះ​ករណី​រំលោភ​តិច​ពេក ហើយ​ត្រូវ​ពិចារណា​បង្កើន​ទោស​ប្រហារ​ជីវិត​ជន​ដែល​រំលោភ​សាច់​ឈាម​ខ្លួន​បង្កើត​ទេ តែ​សំដៅ​ដល់​វិធានការ​ក្នុង​ការ​មិន​ឲ្យ​វា​កើត​ឡើង។​ច្បាស់​ណាស់​ថា​ចំណាត់​ការ​ព្រហ្មទណ្ឌ​ត្រូវ​តែ​មាន​ដោយ​ខាន​មិន​បាន ប៉ុន្ដែ​ទង្វើ​នេះ​ជា​ទង្វើ​មួយ​ក្នុង​ចំណោម​ទង្វើ​ដែល​បែង​ចែក​រវាង​ភាព​ជា​មនុស្សនិង​សត្វ តែ​យើង​ហាក់​ដូចជា​មិន​សូវ​យក​ចិត្ដ​ទុក​ដាក់​ទប់​ស្កាត់​សោះ​គឺ​រង់ចាំ​ដល់​មាន​ករណី​ណាមួយ​កើត​ឡើង​ទើប​មហាជន​តាម​បណ្ដាញ​សង្គម​នាំគ្នា​លើក​ទ័ព​ទៅ​ថ្កោល​ទោស​ជន​ល្មើស ហើយ​បញ្ចេញ​យោបល់​ដោយ​ខ្លះ​ថា គួរតែ​ប្រហារ​ជីវិត ខ្លះ​ថា​គួរតែ​ជាប់​គុក ១ ជីវិត និង​ផ្ដន្ទា​ទោស​តាម​បែប​ផ្សេងៗ តាម​កំហឹង។​ករណី​តុលាការ​មហាជន​ក៏​ទើបតែ​រាង​ស្ងាត់ ព្រោះ​ខ្លាច​មាន​ទោស​ដល់​ខ្លួន។ទម្រង់​នៃ​ការ​ឆ្លើយតប​ចំពោះ​អំពើ​កម្រោល​តាម​រូបភាព​បែប​នេះ​ជា​ទម្រង់​នៃ​ការ​ប្រើ​ហិង្សា​តប​ហិង្សា​ដែល​បង្ហាញ​ថា យើង​គ្មាន​ចំណាត់ការ​សម​ស្រប​ក្នុង​ការ​ឈាន​ទៅ​លុប​បំបាត់​បទ​ល្មើស​ប្រភេទ​នេះ។​យើង​ដូចជា​ចាំតែ​តប​ដោយ​ហិង្សា តែ​មិន​សិក្សា​ដល់​ឫសគល់ ហើយ​ធ្វើ​សកម្មភាព​បញ្ឈប់​បង្អាក់​មិន​ឲ្យ​បទ​ល្មើស​កើត​ឡើង។​និយាយ​ចំពោះ​ជន​ដែល​គ្មាន​វិចារណ​ញ្ញាណ​ដែល​មាន​ត្រឹម​តែ​សញ្ញា ៣ ខាង​លើ​កុំ​ថា​ប្រាប់​ឲ្យ​គេ​គោរព​តម្លៃ​កុំ​បំពាន​ស្ដ្រី សូម្បីតែ​តម្លៃ​រូបគេ​ផ្ទាល់​ជា​មនុស្ស​ក៏​គេ​មិន​ស្គាល់​ផង។ដូច្នេះ​តើ​គេ​អាច​គោរព​នរណា​កើត?​គេ​មាន​តែ​សើច​ចំអក​ពេល​ឮថា គោរព​ស្ដ្រី ព្រោះ​ចំពោះ​គេ ស្ដ្រី​មិន​មែន​ជា​របស់​អ្វី​ក្រៅ​តែ​ពី​​គ្រាន់​តែ​ជា​វត្ថុ​សម្រាប់​សេព​កាម​ប៉ុណ្ណោះ​នោះ​ទេ។

ប្រទេសមួយ​ដែល​អះអាងថា​ខ្លួន​កាន់​ព្រះពុទ្ធសាសនា​នេះ​មាន​ហិង្សា​ក្នុង​ចិត្ដ​មិន​ធម្មតា​ពេល​មាន​បញ្ហា​កើត​ឡើង​ដោយ​ច្រើន​តែ​អាង​កម្លាំង​បាយ​កម្រ​ឃើញ​យក​ទ្រឹស្ដី​ពុទ្ធសាសនា​អហិង្សា​មក​ប្រើ​ជា​ប្រយោជន៍​ក្នុង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​ណាស់ តែ​គេ​ទុក​ព្រះធម៌​គ្រាន់​តែ​សម្រាប់​សូត្រ​ចាំមាត់​ទុក​បាន​បុណ្យ​ឡើង​ឋានសួគ៌​ប៉ុណ្ណោះ។ សិក្ខាបទ​សីល ៥ របស់​ពុទ្ធសាស​និក​គឺ ១) មិន​សម្លាប់​សត្វ​មាន​ជីវិត ២) មិន​លួច​ទ្រព្យ​គេ ៣) មិន​ប្រព្រឹត្ដ​ខុស​ក្នុង​កាម ៤) មិន​ពោល​កុហក​មុសា និង៥) មិន​ផឹកទឹក​ស្រវឹង​ទាំង​ឡាយ។​ មនុស្ស​ជាង ៩០% អួត​ថា ខ្លួន​ជា​ពុទ្ធសាស​និក តែ​មនុស្ស​ក្នុង​ប្រទេស​នេះ​លើស​ពី ៥០% ប្រព្រឹត្ដ​ប្រាស​ចាក​សិក្ខាបទ​សីល​ទាំង ៥ ខាង​លើ។

គេ​នាំគ្នា​សប្បាយ​នឹង​រឿង​ផឹកស្រា​ដូច​ផឹកទឹក មិន​ថា​នៅតាម​ទីក្រុង​ឬ​តាម​ជនបទ។​ទីជន​បទ​ខ្លះ​គ្មាន​ទឹក​ស្អាត​ប្រើ​គ្រប់​ទេ​តែ​ទៅ​ដល់​ចុង​កាត់​មាត់​ញក​ណា​ក៏ដោយ​បើ​ចង់​សួររក​ស្រា​ប៉ុន្មាន​ប៉ោត​មក​មុជ​ក៏​មិន​ខ្វះ​ដែរ។ស្រា​នាំ​ឲ្យ​អ្នក​ផឹក​លើស​កម្រិត​ខូច​ខួរ​បាត់​សតិ​លែង​អាច​គ្រប់គ្រង​តណ្ហា​ខ្លួន​បាន និង​ខូច​សុខភាព។

ស្រា​ជា​មូលហេតុ​ចម្បង​មួយ​នៃ​បទល្មើស​នានា​រួមទាំង​បទ​ល្មើស​រំលោភ តែ​ខ្មែរ​បែ​រជា​មិន​យក​សិក្ខាបទ​សីល​ដែល​គេ​សូត្រ​ជាប់​មាត់​ថា ពុទ្ធបរិស័ទ​មិន​ផឹកទឹក​ស្រវឹង​ទាំង​ឡាយ​មក​ប្រើ​សោះ។ ថ្ងៃៗ​នាំគ្នា​ផឹក​ស្រវឹង​អួទីនួ ហើយ​ពេល​ស្រវឹង​ខ្លះ​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​ខ្លះ​ស្រវឹង​ចេញ​ប្លន់​រំលោភ​សម្លាប់​ខ្លះ​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​វ៉ៃ​ប្រពន្ធ​កូន​បោក​ចាន​ឆ្នាំង។ស្រីញី​ក៏​គេ​ប្រព្រឹត្ដ​យ៉ាង​ឥត​ខ្មាស រហូត​ដល់​បើ​មាន​បុរស​ណា​មិន​ទៅ​រក​ស្រី​ខាង​ក្រៅ​ត្រូវ​បាន​បន​ភឿន​ចំអក​ថា​អា​ត្រឹមត្រូវ។ឯ​ល្បែង​ស៊ីសង​បៀរ​អាប៉ោង​ឆ្នោត​ក៏​លេង​យ៉ាង​រំភើយ​ពេញ​ប្រទេស។

ករណី​គ្រឿងញៀនក៏​ហូរហៀរ​គួរ​ឲ្យ​ភ័យខ្លាច។ រឿង​កុហក​បោកប្រាស់​កិបកេង​ប្រវ័ញ្ច​គ្នា​ក៏មាន​គរគោក ។ តើ​នេះ​ឬ​ប្រទេស​ដែល​កាន់​ព្រះពុទ្ធ​សាសនា​ជាង ៩០%? តើ​ព្រះធម៌​គ្មាន​ជ្រាប​ចូល​ក្នុង​ចិត្ដ​ខ្មែរ​សោះ​ឬ​ទើប​ចេះតែ​មាន​ការ​ប្រព្រឹត្ដទ​ង្វើ​ថោក​ទាប​ប្រាស​ចាក​សីល​បាន​ដោយ​ឥត​អៀន​ខ្មាស?​តើ​ខ្មែរ​ស្គាល់​ធម៌​ហិរិ និង​ឱត្ដប្បៈ​ដែល​ជា​លោក​បាល​ធម៌ ជា​ធម៌​ទ្រទ្រង់​លោក​ឲ្យ​ចម្រើន​ដែរ​ទេ?

ខ្មែរ​ដូចជា​និយាយ​តែ​មាត់​ថា​ខ្លួន​ជា​ពុទ្ធសាសនិក ប្រឹង​ធ្វើ​តែ​ពិធី​សាសនា​នានា ប្រឹង​តែ​កាន់​សីល​នឹង​មាត់ តែ​ហាក់​ដូច​មើល​រំលង​ពីរ​បៀប​បដិបត្ដិ​ធម៌​ក្នុង​ជីវិត​ប្រចាំថ្ងៃ។

សិក្ខាបទ​សីល​ទាំង ៥ គឺ​សម្រាប់​ឲ្យ​បរិស័ទ​ប​ដិ​ប​ត្ដិ​ដើម្បី​អាច​រស់នៅ​ជុំគ្នា​ដោយ​សុខុមរ​មនា មិន​មែន​ទុក​សម្រាប់​សូត្រ​យក​បុណ្យ​ទេ។ បើ​សូត្រ​តែ​ក្នុង​រោងបុណ្យ ហើយ​មិន​អប់រំចិ​ត្ដ ផ្ទុយទៅវិញ​គិតតែ​ពី​ប្រ​ព្រឹ​ត្ដទៅ​តាមតែ​ភាព​ពាលា​របស់​ចិត្ដ នោះ​មិន​មែន​ជា​បរិស័ទ​ល្អ​ឡើយ។ សីលធម៌​សង្គម​ខ្មែរ​យើង​ធ្លាក់​ចុះ ទៅ​តាម​អំពើ​ពាលា​អាវ៉ាសែ​ដែល​ចេះ​តែ​ប្រព្រឹត្ដ​តាម​គ្នា​នេះ។

​សព្វ​ថ្ងៃ​នេះ​ពលរដ្ឋ​យើង​នាំគ្នា​និយម​ផឹក​ស្រា​គ្រប់​ទីកន្លែង​គ្រប់​ពេល​វេលា។ ពេល​មាន​ពិធី​បុណ្យ​ក៏​ផឹក​ស្រា ពេល​គ្មាន​ពិធី​បុណ្យ​ក៏​ផឹក​ស្រា។ រៀបការ​ក៏​ផឹកស្រា បុណ្យ​សព​ក៏​ផឹក​ស្រា។ ភាគ​ច្រើន​រាល់​ការ​ជួបជុំ​បងប្អូន​មិត្ដភក្ដិ គេ​ហាក់​ដូចជា ជួបជុំ​គ្នា​ហូប​អាហារ​ពិសា​ទឹក​សាប ដោយ​គ្មាន​ស្រា​លែង​កើត។ ចម្រៀង​ដែល​ច្រៀង​ថា មក​ធ្វើ​អី​បើ​មក​មិន​ផឹក? មក​មិន​ផឹកៗ​តើ​មក​ធ្វើ​អី?​នៅ​តែ​ឮ​គេ​ចាក់​តាម​វិទ្យុ។ បន្ដិច​ម្ដងៗ​ការ​ប្រព្រឹត្ដ​បែប​នេះ​ក៏​ក្លាយជា​ទម្លាប់​មួយ​ដ៏​អាក្រក់​របស់​ខ្មែរ​ទូទៅ ដែល​អត់​ទឹកស្អាត​ផឹក​បាន តែ​អត់​ស្រា​គឺ​មិន​បាន។

រឿង​ចូល​ចិ​ត្ដ​នាំគ្នា​ផឹកស្រា​ស្រវឹង​បាត់​សតិ​ស្មារតី​លែង​ដឹង​ធ្វើ​ការងារ​ត្រឹមត្រូវ ហើយ​ទៅ​ប្រព្រឹ​ត្ដ​អំពើ​ពាលា​អាវា​សែ រាប់​ទាំង​រឿង​រំលោភ​សាច់​ឈាម​ខ្លួន​បង្កើត​នេះ​មិន​មែន​ជា​រឿង​ដាច់​ដោយ​ឡែក​របស់​ក្មេង​ស្រី​រង​គ្រោះ​ឡើយ តែ​ជា​រឿង​មុខ​មាត់​ជាតិ​ទាំង​មូល។

មនុស្ស​ភាគច្រើន​រាង​ពូកែ​ខាង​ស្រែកថា គេ​មាន​មោទនភាព​ជាតិ​សម្បើម​ណាស់​គឺ​មោទនភាព​ជាតិ​ផឹក​ស្រា​មាន​រូប​សញ្ញា​ជាតិ។ ខ្លះ​ស្រវឹង​អួទីនួ​ភ្នែក​បើក​មិន​រួច​ក៏​ចេញ​មក​ស្រែក​ថា មោទន​ភាព​ជាតិ​នឹង​គេ​ដែរ ហើយ​បើ​ប៉ះ​បន្ដិច​គឺ​ព្រួត​គ្នា​វ៉ៃ​ប្រាវ​ហើយ​រត់​អស់។ តែ​រឿង​ធ្វើ​ម្ដេច​ឲ្យ​ជាតិ​ថ្លៃថ្នូរ​មិន​សូវ​អើពើ​សោះ​ចូល​ចិត្ដ​តែ​ខាង​អួត​អឿ និង​រាង​ជោរៗ​តាម​គ្នា។ តើ​ជាតិ​មួយ​ថ្លៃថ្នូរ​ម្ដេច​កើត បើ​ពលរដ្ឋ​ច្រើន​តែ​ជោក​ជាំ​ដោយ​ស្រី ស្រា ល្បែង ពាលា​អាវាសែ ខ្លះ​ឈាន​ដល់​រំលោភ​ទាំង​សាច់​ឈាម​ខ្លួន​បង្កើត?​ជាតិ​មួយ​ថ្លៃថ្នូរ​ទៅ​បាន​ដាច់​ខាត​ត្រូវ​តែ​ផ្ដើម​ពី​មាន​ពលរដ្ឋ​ថ្លៃថ្នូរ​ដែល​ជា​មនុស្ស​ពិត​ប្រាកដ មិន​មែន​មាន​ត្រឹម​តែ​រាងកាយ​មនុស្ស​មាន​វិចារណ​ញ្ញាណ​មាន​មនោ​សញ្ចេតនា​ដែល​វា​ខុស​ពី​មាន​តណ្ហា​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ទង្វើ​របស់​ខ្លួន​ជាមុន​សិន។​គ្មាន​បុគ្គល​ណា​ម្នាក់​អាច​ស្វែង​រក​ភាព​ថ្លៃថ្នូរ​ដាច់​ដោយ​ឡែក​ចំពោះ​មុខ​ភាព​អន់​ថយ​មិន​ថ្លៃថ្នូរ​ជារួម​របស់​ជាតិ​សាសន៍​ខ្លួន​បាន​ឡើយ៕

ប៉ាង វ៉ាន់​ថោ​ន អ៊ី​មែ​លៈ vanthownpang@yahoo.com

អត្ថបទគួរចាប់អារម្មណ៍