The Phnom Penh Post Search

Search form

ការ​លើក​កម្ពស់ ​SME ​រដ្ឋ​ចាំបាច់​បន្ថយ​ការិយាធិបតេយ្យ

Content image - Phnom Penh Post
ផលិតផល​សណ្តែក ផលិត​ក្នុង​ស្រុក​ដែល​ដាក់​លក់​នៅ​ទីផ្សារ​។ រូបថត តុង សុប្រាជ្ញ

ការ​លើក​កម្ពស់ ​SME ​រដ្ឋ​ចាំបាច់​បន្ថយ​ការិយាធិបតេយ្យ

ការ​លើក​កម្ពស់​សហគ្រាស​ធុន​តូច និង​មធ្យម​ SME ​កំពុង​តែ​ត្រូវ​បាន​រាជរដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ដូចជា ការ​ជំរុញ​ឲ្យ​​ SME ​ចាប់​យក​អាជីវកម្ម​ឌីជីថល​ដើម្បី​ប្រកួត​ប្រជែង​។

បើ​ចំពោះ​អាជីវកម្ម​ខ្នាត​តូច ឥឡូវ​គឺ​ត្រូវ​រត់​ការ​ត្រឹម​ច្រក​ចេញ​​ចូល​តែ​មួយ​នៅ​សាលាខណ្ឌ ឬ​ក៏​ក្រុង​ដែល​មាន​ស្រាប់​ដូចជា​ផ្ទះសំណាក់​ដែល​មាន​ក្រោម​ ៨ ​បន្ទប់​គឺ​សុំ​ត្រឹម​ខណ្ឌ​បាន​ហើយ​។

ដូច​គ្នា​នេះ​ដែរ​ការ​បើក​ហាង​គុយទាវ​តែ​ ៤ ​ទៅ​ ១០ ​តុ​ក៏​សុំ​ត្រឹម​​តែ​អាជ្ញាធរ​ខណ្ឌ​ដែល​មាន​មន្ត្រី​បច្ចេកទេស​ស្រាប់​ក៏​បាន​។ រីឯ​ផ្សារ​​មូលបត្រ​កម្ពុជា CSX ក៏​ទើប​បើក​ឲ្យ SME ជួញដូរ​មូលបត្រ​ដែរ។

កាលពី​សប្តាហ៍​មុន​នេះ ​លោក​​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​ថា រាជរដ្ឋាភិបាល​មាន​គម្រោង​ចង់​បង្កើត​ធនាគារ​ថ្មី​មួយ​ដែល​មាន​ទុន​សរុប​ ១០០ ​លាន​ដុល្លារ​ដើម្បី​ផ្តល់​កម្ចី​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​ SME ដែល​យក​អត្រា​ការប្រាក់​ទាប​ជាង​ធនាគារ​ ឬ​ក៏​មីក្រូហិរញ្ញវត្ថុ​។

ការ​លើក​កម្ពស់​នេះ​ត្រូវ​បាន​មជ្ឈដ្ឋាន​ទូទៅ​សាទរ​ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ប្រសើរ​ឡើង​នូវ​សហគ្រាស​ធុន​តូច​ និង​មធ្យម​តែ​នៅ​មាន​សំណួរ​សាមញ្ញ​មួយ​ថា​មូលហេតុ​អ្វី​បាន​​ជា​រដ្ឋ​បង្កើត​ធនាគារ​ថ្មី​មួយ​នេះ​?

ព្រោះ​រដ្ឋមាន​ធនាគារ​អភិវឌ្ឍន៍​ជនបទ​លក្ខណៈ​ស្វយ័ត​ដែល​កំពុង​ដំណើរការ​ផ្តល់​កម្ចី​បម្រើ​ឱ្យ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ជួយ​ទៅ​លើ​វិស័យ​កសិកម្ម សហគ្រាស​ធុន​តូច និង​មធ្យម និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ ឬ​ក៏​ការ​បង្កើត​ដើម្បី​ឲ្យ​កម្ចី​តែ​ ១ ​មុខ​សម្រាប់​ SME ​បែងចែក​ការ​គ្រប់គ្រង ឬ​មួយ​​បង្កើត​ឡើង​ដោយ​គ្រាន់តែ​ឲ្យ​មាន​ថ្មី និង​បាន​ត្រឹម​តែ​ល្អ​មើល​?

ឬ​ក៏​សកម្មភាព​របស់​ធនាគារ​អភិវឌ្ឍន៍​ជនបទ​មាន​ដំណើរការ​មិន​ល្អ​? ព្រោះ​កន្លង​មក​មាន​ការ​ត្អូញត្អែរ​អំពី​ការ​យក​អត្រា​ការប្រាក់​ពី​ធនាគា​អភិវឌ្ឍន៍​ជនបទ​នេះ​ដល់​ ៧ ​ភាគរយ​​សម្រាប់​កម្ចី​ដែល​កូន​បំណុល​ធ្លាប់​ដឹងថា​ម្ចាស់​ជំនួយ​ ឬ​ក៏​រដ្ឋ​បាន​ផ្តល់​កម្ចី​មក​ធនាគារ​នេះ​ប្រមាណ​​ ១ ​ភាគរយ​។

បើ​ផ្អែក​ទៅ​លើ​គោលការណ៍​របស់​ធនាគារ​នេះ​នៅ​លើ​វេបសាយ​របស់​​ខ្លួន​ (http://rdb.com.kh) ​ក៏​មិន​បាន​បញ្ជាក់​ឲ្យ​បាន​ច្បាស់​អំពី​អត្រា​ការប្រាក់​នេះ​ជាក់លាក់​នោះ​ទេ​។ ករណី​នេះ​ធ្វើឲ្យ​អ្នក​ប្រកបរបរ​រកស៊ី​នៅ​ក្នុង​សហគ្រាស​ធុន​តូច និង​មធ្យម​មាន​ការ​ញញើត​ញញើម​ក្នុង​ការ​​សម្រេច​ចិត្ត​ខ្ចី​លុយ​ពី​ធនាគារ​អភិវឌ្ឍន៍​នេះ​មក​វិនិយោគ​ទេ​។

ក្រៅ​ពី​នេះ​មាន​បញ្ហា​មួយ​ចំនួន​ដែល​មាន​លក្ខណៈ​សាំញ៉ាំ​ក្នុង​​ការ​ដំណើរការ​អភិវឌ្ឍន៍​ SME ​នេះ​ដូចជា រដ្ឋ​មាន​ការ​លើ​ទឹកចិត្ត​ឲ្យ​មាន​ប្រើ​ឌីជីថល​ ក្នុង​ការ​ទូទាត់​សាច់ប្រាក់​ដើម្បី​ប្រកួត​ប្រជែង​តែ​សេចក្តី​ព្រាង​ច្បាប់​ e-commerce នៅ​ជាប់​គាំង​មិន​ទាន់​អនុម័ត​ធ្វើឲ្យ​ជះ​ឥទ្ធិពល​ការ​បង្កើត​​របរ​រកស៊ី​ស្រប​ច្បាប់​ ​សម្រាប់​ក្រុមហ៊ុន​លក់​តាម​អនឡាញ​ ទាំង​ក្នុង​ស្រុក​ស្រប​ច្បាប់ និង​អន្តរជាតិ​។ ​

នៅ​ក្នុង​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​ (D&D) ​ដែល​បាន​ផ្ទេរ​សកម្មភាព និង​មុខងារ​តូចៗ​មក​ចេញ​លិខិត​បញ្ជាក់​ឲ្យ​បើក​ធ្វើ​អាជីវកម្ម​បាន​ត្រឹម​ច្រក​ចេញ​ចូល​តែ​មួយ​បាន តែ​នៅ​ពេល​អាជីវកម្ម​ខ្នាត​មធ្យម​គឺ​តម្រូវ​​ឲ្យ​ឆ្លង​តាម​ក្រសួង​ពាក់ព័ន្ធ​ដែល​អាជីវកម្ម​ ឬ​សហគ្រាស ឬ​ក៏​ការ​ផ្តល់​សេវា​របស់​ក្រុមហ៊ុន​ខ្លះ​នៅ​មិន​ទាន់​បែងចែក​ឲ្យ​ដាច់​ថា​ស្ថិត​នៅ​ក្រោម​ស្ថាប័ន​គ្រប់គ្រង​ណា​ឲ្យ​ដាច់​ស្រេច​នៅ​ឡើយ​ទេ​។ ព្រោះ​ក្រសួង​ពាក់ព័ន្ធ​ណា​ក៏​ទៅ​គោះ​រក​លុយ​​បាន​ដែរ​។ ​ឧទាហរណ៍​ពាក់ព័ន្ធ​ការ​អនុវត្ត​ច្បាប់​កម្មសិទ្ធិ​បញ្ញា​​ និង​ច្បាប់​ការ​ប្រកួត​ប្រជែង​មិន​ស្មោះត្រង់​រវាង​ក្រសួង​ពាណិជ្ជកម្ម និង​ក្រសួង​វប្បធម៌​។

ក្រុមហ៊ុន​ខ្លះ​ទៀត ធ្វើ​កិច្ចការងារ​កសិកម្ម​ផង​ធ្វើ​ផលិតផល​សម្រេច​កសិឧស្សាហកម្ម​ផង​ដែរ រវាង​ក្រសួង​កសិកម្ម​ និង​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម រីឯ​ក្រសួង​បរិស្ថាន​វិញ ចុះ​ទៅ​មើល​បាន​ទាំងអស់​។

តាមរយៈ​របាយការណ៍​អង្គការ​តម្លាភាព​កម្ពុជា​មាន​សហគ្រាស​ ៤៧ ក្នុង​ចំណោម​ ១០០ ​សហគ្រាស​ខ្នាត​តូច និង​មធ្យម​បាន​រាយការណ៍​ថា​ធា្លប់​បាន​ដឹង​ ឬ​ក៏​ធ្លាប់​ពុករលួយ​ជាមួយ​ស្ថាប័នរដ្ឋ (TIC, 2017)​។

ម្យ៉ាង​វិញ​ទៀត​គោលនយោបាយ SME ក៏​នៅ​ជាប់​គាំង​រហូត​មក​ទល់​ពេល​នេះ​ដោយ​នៅ​មិន​ទាន់​ត្រូវ​បាន​អនុម័ត​នៅ​ឡើយ​ជា​ហេតុ​ធ្វើឲ្យ​ប៉ះពាល់​ទៅ​ដល់​ការ​កំណត់​អត្តសញ្ញាណ​របស់​ខ្លួនឯង​បាន​ក្នុង​ការ​ចូលរួម​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម និង​សិប្បកម្ម​ដែល​មាន​រយៈពេល​ ១០ ​ឆ្នាំ​ដោយ​គិត​ពី​ឆ្នាំ​ ២០១៥ ដល់​ ២០១៥ និង​ការ​កំណត់​ SME ​ខ្លួនឯង​ឲ្យ​កាន់​តែ​ច្បាស់​លាស់​ក្នុង​កម្ចី​ធនាគារ​ថ្មី​របស់​រដ្ឋ​នេះ​ផង​ និង​សម្រាប់​ធនាគារ​រៀបចំ​គោលការណ៍​ណែនាំ​ឲ្យ​ស្រប​ទៅ​នឹង​អត្តសញ្ញណ​ SME ​ផង​ដែរ​។

ក្នុង​ករណី​នេះ​ប្រសិន​បើ​​ធនាគារ​ថ្មី​មួយ​ចេញ​ឲ្យ​ដំណើរការ​សម្រាប់​តែ​សហគ្រាស​ធុន​តូច និង​មធ្យម​មែន​គឺ​មាន​ន័យ​​ថា​រដ្ឋ​កំពុង​តែ​លើក​ទឹក​ចិត្ត​និស្សិត​ដែល​កំពុង​សិក្សា​ឲ្យ​មាន​គំនិត​ផ្តួចផ្តើម​មាន​ភាព​ជា​ម្ចាស់​ធ្វើ​​ជា​សហគ្រិន​ដោយ​ខ្លួនឯង​ពោល​​គឺ​ចេះ​រៀបចំ​រចនាសម្ព័ន្ធ​របស់​ក្រុមហ៊ុន​តូច​ ឬ​ក៏​អង្គការ​តូច​​ និង​ការ​ធ្វើ​សំណើសុំ​ខ្ចី​ថវិកា​ពី​ធនាគារ​ត្រឹមត្រូវ​ដើម្បី​យក​មក​វិនិយោគ​ស្ថាប័ន​របស់​ខ្លួន​ទៅ​តាម​បច្ចេកទេស​ស្តង់ដារ​តាម​ទ្រឹស្តី​នៃ​ការ​ធ្វើ​អាជីវកម្ម​ខ្នាត​តូច និង​មធ្យម​បាន​ដើម្បី​ស្រប​ទៅ​នឹង​និន្នាការ​អភិវឌ្ឍន៍​នៅក្នុង​តំបន់​ផង​ដែរ​។

ដូច​ថ្មីៗ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ ប្រធានាធិបតី​នៃ​ប្រទេស​​នេះ​ក៏​ជំរុញ​យុវជន​ឲ្យ​អភិវឌ្ឍ​ខ្លួន​ជា​សហគ្រិន កុំ​ធ្វើឲ្យ​មាន​គំនិត​តែ​ចេញពី​សាលា​ទៅ​ធ្វើការ​ឲ្យ​គេ​រហូត​នោះ​។ សូម្បី​តែ​កូនប្រុស​លោក​ក៏​ធ្វើ​ជា​ម្ចាស់​ក្រុមហ៊ុន​មួយ​ដែរ​មិន​ដូច​កូន​មន្ត្រី​ជាន់​ខ្ពស់​ខ្មែរ​បើក​ភ្នែក​ឡើង​​ចង់​ធ្វើ​តែ​កុងសី​នោះ​ទេ​។

ហេតុ​ដូច្នេះ​ហើយ​បើ​រាជរដ្ឋាភិបាល​មាន​បំណង​លើក​ស្ទួយ​ផ្នែក​សហគ្រាស​ធុន​តូច និង​មធ្យម​ SME នេះ​ពិត​មែន​គួរ​តែ​កាត់​បន្ថយ​ឲ្យ​បាន​ច្រើន​នូវ​របៀបរបប​ការិយាធិបតេយ្យ​សាំញ៉ាំ​នាំ​ស៊ីពេល​យូរ ឬ​ក៏​បែងចែក​ការ​គ្រប់គ្រង​លើ​សហគ្រាស​ឲ្យ​បាន​ច្បាស់លាស់​។

ជាពិសេស​ ទៅ​លើ​ការ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់ e-commerce និង​គោលនយោបាយ​ SME ​ឲ្យ​បាន​កាន់​តែ​ឆាប់​កាន់​ប្រសើរ​។ ​

ជាង​នេះ​ទៅ​ទៀត ​បង្ក​បរិយាកាស​ទំនាក់​ទំនង​អន្តរជាតិ​ ឬ​ក៏​សមាជិក​អាស៊ាន​ដឹកនាំ​ម្ចាស់​សហគ្រាស​ SME ​​ទៅ​ធ្វើ​ទស្សនកិច្ច​សិក្សា​ដោយ​ទៅ​មើល​​ការ​ច្នៃ​ប្រឌិត​នៅ​តាម​ក្រុមហ៊ុន​​ ឬ​ក៏​សិប្បកម្ម​របស់​គេ​ដែល​មាន​ស្តង់ដារ​យក​ចំណេះដឹង​​នោះ​មក​អភិវឌ្ឍ​សហគ្រាស​របស់​ខ្លួន​នៅ​ក្នុង​ស្រុក​វិញ​ជា​​ជាង​ចាំ​តែ​ធ្វើ​តាម​គេ ចម្លង​តាម​​តែ​គ្នា​ដដែលៗ​ក្នុង​ស្រុក ឃើញ​គេ​ធ្វើ​អី​ក៏​ធ្វើ​តាម​ត្រាប់​ដោយ​​គ្មាន​គំនិត​ច្នៃប្រឌិត​ខ្លួនឯង​។

ការ​ធ្វើ​អាជីវកម្ម​ខ្លួនឯង​នេះ​គឺ​អាច​កាត់​បន្ថយ​បាន​ច្រើន​នូវ​​ការ​ផលិត​ទំនិញ​ក្លែងក្លាយ​ក្នុង​ស្រុក​ផង និង​អាច​ប្រកួត​នឹង​​ទំនិញ​នាំ​ចូល​ផង ហើយ​ក៏​អាច​មាន​លទ្ធភាព​លក់​ទំនិញ​ចេញ​ក្រៅ​បាន​ផង​ដែរ​៕

ចូលរួម​ផ្តល់​យោបល់​តាមរយៈ soprach.tong@phnompenhpost.com

អត្ថបទគួរចាប់អារម្មណ៍