«​ការឈប់​ជក់បារី អំឡុងពេល​ជំងឺ​កូវីដ​ ១៩ ជា​ឱកាស​នៃ​ការសម្រេចចិត្ត​ដ៏ត្រឹមត្រូវ​របស់​អ្នក​!» ​នេះ​គឺ​សារ​ ១ ​ចំណោម​សារសំខាន់ៗ​សម្រាប់​ទិវា​ពិភពលោក​គ្មាន​ថ្នាំជក់​ថ្ងៃទី​ ៣១ ខែ​​ ឧសភា ឆ្នាំ​ ២០២០ ​ថ្មីៗ​នេះ​ដោយ​អង្គការ​សុខភាព​ពិភពលោក​ (www.who.int/covid-19/smoking)​។

រីឯ​រង្វាន់​ទិវា​ពិភពលោក​គ្មាន​ថ្នាំជក់​ឆ្នាំនេះ ឬ​ក៏​ឆ្នាំក្រោយ​ក៏​គួរតែ​បាន​ទៅ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដែល​ធ្លាប់​បានប្រកាស​ជា​សាធារណៈ​តាំងពី​មុន​ឆ្នាំ​ ២០១៥ ជា​ពេល​ដែល​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់​ត្រូវ​បាន​អនុម័ត​ដោយ​រដ្ឋសភាជាតិ​។ ​លោក​ថា​​លោក​បាន​ឈប់​ជក់បារី​ទាំងស្រុង​ហើយ ដោយហេតុ​ថា​ចៅៗ​របស់​លោក​ធុំក្លិន​ស្អុយ​បារី​នៅ​មាត់​តា​ពេល​លោក​លើក​​ចៅ​ព និង​ថើប​ចៅ​ម្ដងៗ​។ ​ជាង​នេះ​ទៅ​ទៀត​លោក ហ៊ុន សែន ក៏​តែងតែ​បង្ហោះ​រូបភាព​លើ​​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​ពី​សកម្ម​ការធ្វើ​លំហាត់ប្រាណ​ការជិះកង់ ឬ​ក៏​លេង​វាយ​កូនហ្គោល​ ដើម្បី​ថែទាំ​សុខភាព​ជា​គំរូ​ដល់​សាធារណជន​ទៅវិញ​។

រហូត​មក​ទល់​ពេលនេះ មិនទាន់​មាន​នរណា​ម្នាក់​ត្រូវ​បាន​គេ​ផាក​ដោយសារ​តែ​ជក់បារី​បង្ហុយ​លើ​គេឯង​នៅឡើយ​ទេ​​តែ​អ្នក​ជក់​ខ្លះ ធ្លាប់​ត្រូវបាន​អ្នក​អង្គុយ​ក្បែរ​ដេញចេញ ឬក៏​ស្នើ​ឲ្យ​ជក់​នៅ​ឆ្ងាយ​ ឬ​ក៏​អ្នក​ជិតខាង​នោះ​សម្រេចចិត្ត​ដើរចេញ​​ពី​អ្នក​ជក់​នោះ នៅពេល​គេ​ជក់​ក្នុង​បន្ទប់​បិទ​ជិត ឬ​បន្ទប់​មាន​ម៉ាស៊ីនត្រជាក់ ជាដើម ថ្វីបើ​មាន​អនុក្រឹត្យ​ស្តីពី​ការហាម​ជក់បារី​នៅ​ទីសាធារណៈ​តាំងពី​ឆ្នាំ​ ២០១៦ ​មក​ក៏ដោយ​។

ចំពោះ​​នៅ​តាម​អគារ​ធ្វើការ​សាធារណៈ​ដូចជា សាលារៀន មន្ទីរពេទ្យ មណ្ឌល​សុខភាព បណ្តា​ក្រសួង​មន្ទីរ​នានា ទី​វត្ត​អារាម រួមទាំង​កន្លែង​កងកម្លាំង​ប្រដាប់អាវុធ​ឃើញ​ថា បាន​ប្រសើរ​ឡើង​​ច្រើន​ដោយសារ​តែ​មាន​ច្បាប់​ហាមឃាត់ រឹតបន្តឹង ឬ​ក៏​ខ្លាច​ប្រធាន​ស្ថាប័ន​ស្តីបន្ទោស​។ ​

តែ​នៅ​ភោជនីយដ្ឋាន​បិទ​ជិត​ខ្លះ​នៅ​មាន​អ្នក​ជក់​នៅឡើយ​ទេ រីឯ​ក្លិប​កម្សាន្ត និង​ខារ៉ាអូខេ​មួយណា​ក៏មាន​អ្នក​ជក់​ក្នុង​ម៉ាស៊ីនត្រជាក់​ស្អុយ​ពេញ​បន្ទប់​ដែរ​​ហើយ​គ្មាន​ម្ចាស់​ក្លិប ឬ​ក៏​ខារ៉ាអូខេណា​អាច​ហាម​បាន​ឡើយ ដោយសារ​ខ្លាចចិត្ត​ភ្ញៀវ​ ឬ​ក៏​ខ្លាច​ដាច់​ម៉ូយ​។ ចំណែក​អាជ្ញាធរ​ក៏​មិន​ហ៊ាន​ហាម​ដែរ​ព្រោះ​ម្ចាស់​ក្លិប​ភាគច្រើន​មាន​សែស្រឡាយ​អ្នកធំ​ ឬ​ក៏​របស់​កូន​អ្នកធំ​តែម្តង​ដែល​ប៉ះ​មិន​បាន​ទេ បើទោះ​ជា​ភ្ញៀវ​ខ្លះ​ត្អូញត្អែរ​ពី​ក្លិនស្អុយ​បារី​​ និង​មជ្ឈមណ្ឌល​ជាតិ​លើកកម្ពស់​សុខភាព​នៃ​ក្រសួង​សុខាភិបាល​បាន​ផលិត​សារ​អប់រំ​ទៅតាម​ច្បាប់​គ្រប់​រូបភាព​ស្តីពី​ផលប៉ះពាល់​ក៏ដោយ​។

យ៉ាងណាក្ដី​បើ​ងាក​មក​មើល​ឥរិយាបថ​របស់​អ្នក​ជក់​ទូទៅ​ហាក់បី​ដូចជា មានការ​ខ្មាសអៀន​ជាង​មុន ឬ​ក៏​ជក់​របៀប​លួចលាក់ ជាពិសេស​យុវជន​​ដូចជា​ខ្លាច​មិត្តស្រី​ឈប់​ស្រឡាញ់ ឬក៏​មាន​អ្នក​រិះគន់​តាម​បណ្តាញ​សង្គម​ច្រើន​។ តែ​អ្វី​​ដែល​នៅ​សេសសល់​ចម្បង និង​​ពិបាក​កែប្រែ​ឥរិយាបថ​នោះ​គឺ​មនុស្ស​ចាស់ ព្រះសង្ឃ អាចារ្យ​ ឬ​ក៏​គ្រូ​ទស្សន៍ទាយ​ស្តោះផ្លុំ​ដែល​សុទ្ធតែ​កុម្ម៉ង់​ម៉ាក​បារី​គាត់​​ចូលចិត្ត​ឲ្យ​ជក់ ហើយ​នេះ​ក៏​ជា​មូលហេតុ​ធ្វើឲ្យ​ទិន្នន័យ​នៃ​អ្នក​ជក់បារី ឬ​ប្រើប្រាស់​ថ្នាំជក់​ធ្លាក់ចុះ​យឺតៗ​ពី​ ១ ​ឆ្នាំ​ទៅ​ ១ ​ឆ្នាំ​ផងដែរ​។

ម្យ៉ាងទៀត ការរឹតបន្តឹង​ច្បាប់​ដែល​កំណត់​ឲ្យ​មាន​សារ​ព្រមាន​ពី​គ្រោះថ្នាក់​នៅលើ​កញ្ចប់​បារី​មាន​ទំហំ ៥៥ ​ភាគរយ និង​ការដំឡើង​ពន្ធ​បន្ថែម​លើ​តម្លៃ​ (VAT) ១៥ ​ភាគរយ​ចំពោះ​បារី ក៏​តម្លៃ​បារី​នៅ​ស្រុក​ខ្មែរ ហាក់​នៅ​ថោក​នៅឡើយ​ដោយ​ម៉ាក​ល្អៗ​ជា​មធ្យម​មាន​តម្លៃ​ត្រឹមតែ​ ៦ ០០០ ​រៀល ឬ​ប្រមាណ​ជា​ ១,៥ ​ដុល្លារ ហើយ​បើ​ធៀប​ជាមួយ​នឹង​បារី​នៅ​ប្រទេស​នូវែលសេឡង់ ១ ​កញ្ចប់​ថ្លៃ​ ២៩ ​ដុល្លារ​ (​ស្មើនឹង​ ១៧ ​ដុល្លារអាមេរិក​)​។ អ៊ីចឹង​តម្លៃ​បារី​នៅ​កម្ពុជា​បើ​ធៀប​នឹង​ប្រាក់ចំណូល​មិន​ជា​ថ្លៃ​សម្រាប់​អ្នក​ជក់​ទេ​ឯ​ការកាត់បន្ថយ​អ្នក​ជក់​ក៏បាន​តិចតួច​ដែរ ខណៈ​អ្នក​ជក់​ទាំង​ខ្មែរ ទាំង​បរទេស ជាពិសេស​ជនជាតិ​ចិន​គឺ​ជក់​ខ្លាំង ហើយ​ថែមទាំង​មិន​គោរព​តាម​បម្រាម​ហាម​ជក់បារី​ទៀតផង​។

ផ្ទុយទៅវិញ ការជក់បារី​នេះ​​បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​សរុប​ ៣ ​ភាគរយ នៃ​ផលិតផល​ក្នុងស្រុក​សរុប​ (GDP) ​កាលពី​ឆ្នាំ​ ២០១៧ និង​មាន​អ្នកស្លាប់​ដល់​ទៅ​ ១៥ ០០០ ​នាក់​។

នេះ​បើតាម​របាយការណ៍​ករណី​សម្រាប់​ការវិនិយោគ​ការអនុវត្ត​របស់​ WHO-FCTC នៅ​ប្រទេស​កម្ពុជា​ធ្វើឡើង​ដោយ​ MOH/WHO/RTI/UNDP ​ឆ្នាំ​ ២០១៩​។

រីឯ​អត្រា​ប្រេវ៉ាឡង់​មាន​ការ​ថយចុះ​ពី​ ៣៩ ​ភាគរយ ​មក​ ៣៣ ​ភាគរយ ​ក្នុង​ចំណោម​អ្នក​ជក់​សរុប​ប្រមាណ​ជាង​ ២ ​លាន​នាក់ ​ដែល​រស់នៅ​កម្ពុជា​ឆ្នាំ​ ២០១៤ NATSC,2014)​។ ប៉ុនែ្ត​នេះ​មិនទាន់​គិតដល់​ប្រពន្ធ និង​កូន​ដែល​​រង​ផលប៉ះពាល់​ពី​ការជក់​របស់​ឪពុក ឬ​ស្វាមី​នៅក្នុង​ផ្ទះ​ជាមួយ​គ្នា​ផង​ទេ​។ តែបើ​តាម​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក​ឆ្នាំ​ ២០២០ ​នេះ​បាន​ប៉ាន់ប្រមាណ​ថា​មាន​មនុស្ស​ស្លាប់​ជាង​ ៨ ​លាន​នាក់​ជា​រៀងរាល់​ឆ្នាំ​ក្នុង​នោះ​មាន​អ្នក​រង​ផលប៉ះពាល់​ពី​​ផ្សែង​បារី​មាន​ប្រមាណ​ជា​ ១,២ ​លាន​នាក់​ផងដែរ​។

យ៉ាងណាមិញ ការប្តូរ​ឥរិយាបថ​ឲ្យ​ឈប់​ជក់បារី​គឺ​មាន​ការលំបាក និង​យឺតយ៉ាវ​ណាស់​​ជាពិសេស​អ្នកមាន​លុយ និង​អ្នកមាន​អំណាច មិន​ថា​នៅ​កន្លែងធ្វើការ ឬ​ក៏​នៅផ្ទះ​ទេ គឺ​និយាយ​មិន​ស្តាប់​គ្នា​ឡើយ លុះត្រា​តែ​គាត់​ធ្លាក់ខ្លួន​ឈឺ​សួត​ក្អក​រហូត​គ្រូពេទ្យ​ផ្តល់​ឱវាទ​បន្ថែម ផ្គួប​ផ្សំ​នឹង​ការទទួល​សារ​ព្រមាន​ខ្លះៗ​ពី​ក្រសួង​សុខាភិបាល​ ឬ​ពី​អាជ្ញាធរ​តាមរយៈ​ទីក្រុង​គ្មាន​ផ្សែង ដើម្បី​លើកកម្ពស់​ទាំង​សុខភាព​ទាំង​បរិស្ថាន​ព្រមទាំង​ទាក់ទាញ​ភ្ញៀវទេសចរ​ផង​ទើប​ពួកគាត់​ចាប់ផ្តើម​ជ្រាប​ខ្លះ​ហើយ​សូម្បី​ពូៗ​ស៊ីក្លូ​ក៏​លែង​​ជក់បារី​ដែរ តែ​ថែមទាំង​បង្កើត​​បាន​ជា​សមាគម​មួយ ដឹក​ភ្ញៀវទេសចរ​គ្មាន​ផ្សែង​នៅ​រាជធានីភ្នំពេញ​ទៀតផង​។ ម្យ៉ាង​បើ​យើង​ក្រឡេក​មើល​ជារួម​តាមរយៈ​ការអនុវត្ត​ច្បាប់​បារី​ក្តី និង​តាមរយៈ​ការផ្លាស់ប្តូរ​ទម្លាប់​ឈប់​ហុច​បារី​ឲ្យ​ភ្ញៀវ​ជក់​ក្នុង​ពិធី​អាពាហ៍ពិពាហ៍​ក្ដី គឺ​លែង​មាន​តែម្តង លើកលែង​​តែ​ពេល​សំពះ​ផ្ទឹម​ពេលព្រឹក​។

ដោយឡែក​ការប្រកួត​បាល់ទាត់​វិលជុំ​នៅ​កម្ពុជា​កាលពី​នៅ​ឆ្នាំ​ ១៩៩៥ គឺមាន​ការឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន​បារី​ Malborro ​តែ​ឥឡូវ​គ្មានទេ សូម្បីតែ​ស្លាកយីហោ​ក៏​គ្មាន​ដែរ គឺ​មាន​តែ​​ស្លាក​សារ​ហាម​ជក់បារី​នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​តែម្តង​។ រីឯ​នៅក្នុង​កញ្ចប់​សាដក​សម្រាប់​​ប្រគេន​ព្រះសង្ឃ ឥឡូវ​ក៏​លែង​មាន​បារី ​១ ​កញ្ចប់​ដូច​ទម្លាប់​កាលពី​មុន​ទៀត​ដែរ តែ​សម្រាប់​ទ្រនឹប​គ្រូទាយ គ្រូ​ស្តោះផ្លុំ ដែល​ធ្លាប់​ជក់បារី ហាក់ដូច​នៅ​មាន​នៅឡើយ ដោយសារ​គ្រូ​បង្គាប់​ និង​ពិបាក​បញ្ឈប់​ភ្លាមៗ​។

ហេតុដូច្នេះ​ចំណុច​ដែល​ត្រូវធ្វើ​បន្ត​ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​ថ្នាំជក់​ឲ្យ​បាន​ច្រើនជាង​នេះ​គឺ​រាជរដ្ឋាភិបាល​គួរតែ​ដាក់​កំហិត​ការអនុវត្ត​ច្បាប់​បារី​ហ្នឹង​ឲ្យ​បាន​តឹងរ៉ឹង ដើម្បី​ចៀសវាង​ផលប៉ះពាល់​ធ្ងន់ធ្ងរ ចំពោះ​អ្នក​ជក់​ផ្ទាល់ និង​អ្នក​ទទួលរង​ពី​ផ្សែង​បារី​ពី​អ្នក​ជក់​នោះ​នៅតាម​ក្លិប​កម្សាន្ត និង​ភោជនីយដ្ឋាន​ជាដើម​។​ល​។ រីឯ​ចំណុច​សំខាន់​មួយទៀត រដ្ឋ​គួរតែ​ដំឡើង​ពន្ធ​ឲ្យ​ដល់​ ១០០ ​ភាគរយ​នៃ​ថ្លៃដើម​ក្នុង​បារី​ ១ ​កញ្ចប់​ហើយ​បើ​មាន​អ្នក​ជក់​ក្បែរ​ផ្ទះ អ្នកជិតខាង ក៏​ត្រូវតែ​ប្រាប់​គាត់​ ឬ​ក៏​ប្តឹងផ្ដល់​ដែរ ព្រោះ​ធ្វើឲ្យ​ប៉ះពាល់​សុខភាព​អ្នកជិតខាង​ដែល​រង​ផ្សែង​បារី​ផ្ទាល់​។

ជាពិសេស​​ក្នុងអំឡុង​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ​១៩ មាន​ផលប៉ះពាល់​ខ្លាំង​ចំពោះ​អ្នក​ជក់បារី ព្រោះ​វា​​ប៉ះពាល់​ផ្លូវដង្ហើម និង​ជំងឺ​សួត​ដូចគ្នា និយាយ​រួម​គឺ​ពិបាក​ព្យាបាល​ ឬ​ងាយ​ស្លាប់​ជាង​អ្នក​អត់​ជក់បារី ហើយ​បើ​អាច​ផ្តាច់​បាន​គឺ​គួរតែ​ចាប់ផ្តើម​ឈប់​ជក់បារី​នៅក្នុង​អំឡុងពេល​ពិភពលោក​​មាន​ជំងឺ​កូវីដ​ ១៩​ នេះ​តែម្តង​​ទើប​ប្រសើរ ព្រោះ​ការជក់បារី​ក៏​​ជាការ​ប្រឈម​នឹង​ការឆ្លង​ជំងឺ​​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​នេះដែរ​។

ដូច​ប្រសាសន៍​របស់​លោកតា​ RobertNorris ដែល​ជា​តារា​ផ្សព្វផ្សាយ​ឲ្យ​បារី​ Marlborro ​អស់​ពេល​ ១៤ ​ឆ្នាំ​គឺ​ថ្វីបើ​គាត់​មិនមែន​ជា​អ្នក​ជក់បារី​ដូច​រូប​​ផ្សព្វផ្សាយ​ក្ដី ប៉ុន្តែ​នៅមុន​គាត់​ទទួល​មរណភាព​ពី​ឆ្នាំ​ ២០១៩ ​លោកតា​បាន​ចែករំលែក​បទពិសោធ​ថា គាត់​មាន​វិប្បដិសារី​នូវ​អ្វីដែល​គាត់​បាន​ផ្សព្វផ្សាយ​ឲ្យ​ក្រុមហ៊ុន​បារី​នេះ ដែល​ជា​ការផ្ដល់​គំរូ​អាក្រក់​មួយ​ដល់​ក្មេងៗ​ជំនាន់​ក្រោយពី​កាយវិការ​​ជក់បារី​ក្នុង​រូបនោះ​ (NYT, 09 Nov. 2019)៕

ចូលរួម​ផ្តល់យោបល់ តាមរយៈ soprach.tong@phnompenhpost.com