ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ ឃើញ​ថា​សមត្ថកិច្ច​ទាំង​ប៉ូលិស ទាំង​កងរាជអាវុធហត្ថ ទាំង​ប៉ូលិស​បង្កប់​ស្លៀកពាក់​ស៊ីវិល មាន​សកម្មភាព​បង្ក្រាប​យ៉ាង​សស្រោកសស្រាំ​ដូចជា​ការបង្ក្រាប​បទល្មើស​ជួញដូរ​គ្រឿងញៀន ការជួញដូរ​មនុស្ស បទល្មើស​ប្លន់​ប្រដាប់អាវុធ អំពើ​ឃាតកម្ម ការបន្លំ​ធ្វើជា​សមត្ថកិច្ច និង​ការបាញ់បោះ​សេរី​ជាដើម ដើម្បី​ឆ្លើយតប​ទៅនឹង​ស្ថានភាព​ជាក់ស្តែង និង​គោលនយោបាយ​ភូមិ-ឃុំ​មាន​សុវត្ថិភាព​។

គ្រាន់តែ​របាយការណ៍​បូក​សរុប​លទ្ធផល​ការងារ​របស់​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ក្នុង​ឆ្នាំ​ ២០១៩ និង​លើក​ទិសដៅ​ការងារ​បន្ដ ឆ្នាំ​ ២០២០ បាន​បង្ហាញថា​នៅ​ឆ្នាំ​ ២០១៩ កម្លាំង​កងរាជអាវុធហត្ថ​បាន​ធ្វើការ​បង្ក្រាប​បទល្មើស​ចំនួន ២៣៩៨ ករណី​តែ​នៅ​របាយការណ៍​ប៉ូលិស​ទៀត​មិនទាន់​បញ្ចេញ​នៅឡើយ​។

តែ​ការបង្ក្រាប​នៅពេល​ដែល​ជនល្មើស​តដៃ​មើល​ទៅ​ដូចជា​មិនសូវ​ស្វាហាប់ ដោយ​ឈរ​ព្រោងព្រាត​គឺ​កាន់​កាំភ្លើង​ច្រងេងច្រងាង ដូចជា​មិនមាន​ផែនការ​ត្រៀម​យុទ្ធសាស្ត្រ​ប្រយុទ្ធ​ឲ្យ​ជាក់លាក់​សោះ​។ ដូច​ករណី​បង្ក្រាប​នៅ​ខណ្ឌទួលគោក​ដែល​ជនល្មើស​បាញ់​តដៃ​ចេញពី​ក្នុងផ្ទះ សំណង់​កន្លុកកន្លៀត តដៃ​សមត្ថកិច្ច​ដែល​ច្រូងច្រាង​ពេញ​មាន​ទាំង​សម្លៀកបំពាក់​ឯកសណ្ឋាន កាំភ្លើង​វែង​ មាន​ទាំង​ស៊ីវិល​បង្កប់​សុទ្ធតែ​កាំភ្លើងខ្លី ខ្លះ​ពាក់មួក​សុវត្ថិភាព ដើរចូល​លុកលុយ​ស្វែងរក​ជនល្មើស​ដែល​នៅសល់​គឺ​ហាក់បី​ដូចជា​ដណ្តើម​ស្នាដៃ​រៀងៗ​ខ្លួន​។ ម្យ៉ាងវិញ​ទៀត​មើល​ទៅ​ដូច​ការឡោមព័ទ្ធ​ចាប់​ឈូឆរៗ​របស់​សមត្ថកិច្ច​ហ្នឹង ខ្លាច​តែ​រាលកៃ​កាំភ្លើង ប៉ះ​តែ​គ្នាឯង​ហ្នឹង​។

រីឯ​អ្នកកាសែត​ថតរូប​បន្តផ្ទាល់ មិនដឹង​ជា​ខាង​ណា​ខាង​ណី​ខ្លះ​ទេ មើលទៅ​ប្រសេចប្រសាច​នៅក្បែរ​ជាមួយ​សមត្ថកិច្ច​គឺ​កាន់​ទូរស័ព្ទ​ផ្សាយ​បន្ត​ផ្ទាល់​តាម​ហ្វេសប៊ុក​ហើយ​អត្ថាធិប្បាយ​បណ្តើរ​បង្ហាញ​ទីតាំង​កន្លែង​កើតហេតុ​ច្បាស់ និង​បង្ហាញ​ទីកន្លែង​សមត្ថកិច្ច​កំពុង​បង្ក្រាប​ហ្នឹង​ច្បាស់ មើល​ទៅ​ដូចជា​ពិបាក​ភ្នែក​ដល់​ហើយ​។

ក្នុងករណី​ផ្សាយ​បន្តផ្ទាល់​ជាប់​រហូត​បែប​នេះ​ក៏​អាចមាន​ផលប៉ះពាល់​ដល់​សមត្ថកិច្ច​ផងដែរ​។ ចុះបើ​ជនល្មើស​ដែល​កំពុង​តដៃ​ជាមួយ​ហ្នឹង​ប៉ូលិស ហើយ​ក៏​កំពុង​មើល​ការផ្សាយ​បន្ត​ផ្ទាល់​តាម​ហ្វេសប៊ុក​ដែរ អ៊ីចឹង​ឃើញ​សមត្ថកិច្ច​នៅ​កន្លែង​ណាៗ​ច្បាស់​ក្រឡែត​ហ្នឹង​។ ករណី​បន្ត​ផ្ទាល់​បែបនេះ​គឺ​បង្ក​ការលំបាក​ដល់​សមត្ថកិច្ច​ធ្វើការ​ទៅវិញ​ទេ​ហើយ​អ្នក​ផ្សាយ​ហ្នឹង​ក៏​មិន​មាន​សុវត្ថិភាព​ផងដែរ​។

ចំពោះ​ការផ្សាយ​បន្ត​ផ្ទាល់​របស់​អ្នកសារព័ត៌មាន​អន្តរជាតិ​វិញ​គឺ​គេ​ធ្វើការ​ថត​តែ​ ១ ​ដង​ទេ ហើយ​ចាក់ផ្សាយ​ឡើងវិញ​ទៅ​មក​បន្ត​ផ្ទាល់​ពី​សកម្មភាព​របស់​សមត្ថកិច្ច​ប្រតិបត្តិ​រួចហើយ មិន​បន្ត​ផ្ទាល់​ទាំងស្រុង​ប្រាប់​ទីតាំង​របស់​ប៉ូលិស​រហូត​ដែល​អាច​ធ្វើឲ្យ​គ្រោះថ្នាក់​ដល់​ប៉ូលិស​នោះទេ​។ ពោលគឺ​គេ​រក​ទីតាំង​ថត​ពី​ចម្ងាយ កន្លែង​កើតហេតុ មិន​ចូល​ទៅ​នៅ​ជាមួយ​សមត្ថកិច្ច​ទេ​។ ចំណុច​នេះ​អ្នកកាសែត​ក្នុងស្រុក គួរតែ​ស្វែងយល់​ដោយ​ខ្លួនឯង​ទាក់ទង​ទៅនឹង​សុវត្ថិភាព​ផ្ទាល់ខ្លួន និង​សមត្ថកិច្ច​។

ចំពោះ​សកម្មភាព​អន្តរាគមន៍​បង្ក្រាប​វិញ​គឺ​បញ្ជូន​មន្ត្រី​នគរបាល​ដែល​មាន​ការខ្វះខាត​សមត្ថភាព​ក្នុង​ការចុះបង្ក្រាប​ក្នុង​ករណី​ជនល្មើស​តដៃ​នេះ​គឺ​ត្រូវ​បណ្តុះបណ្តាល​ហ្វឹកហាត់​បន្ថែម ដើម្បី​កុំ​ឲ្យ​ចូលទៅ​ទាំង​កម្រោល​ឆ្វេចឆ្វាច​មិន​ថា នរណា​ជា​សមត្ថកិច្ច នរណា​ជា​ជនល្មើស​នោះទេ​។

សូម្បីតែ​ទាហាន​ក៏​គេ​នៅតែ​ហ្វឹកហាត់​បន្ថែម​ហើយ​ធ្វើ​សមយុទ្ធ​ដើម្បី​កុំ​ឲ្យ​វា​ស្ពឹក​ស្រពន់ និង​ទទួលបាន​បទពិសោធ​ថ្មីៗ​ផង​ជាមួយ​គ្នា​នេះ​ដែរ​កាលពី​សប្តាហ៍​មុន​នៅ​អាកាសយានដ្ឋាន​ភ្នំពេញ​អន្តរជាតិ ក៏​មាន​ការហ្វឹកហាត់​បន្ថែម​ពី​របៀប​ធ្វើ​អន្តរាគមន៍​ក្នុង​ករណី​មាន​ឧបទ្ទេវហេតុ​កើតឡើង តើ​ត្រូវ​សង្គ្រោះបន្ទាន់​របៀប​ដូចម្តេច​។

ជាងនេះ​ទៅ​ទៀត​ពេល​ទំនេរ​មន្ត្រី​ប៉ូលិស​ក៏​ដូចជា​មន្ត្រី​ប៉េអឹម​ពី​ថ្នាក់ជាតិ ដល់​មន្ត្រី​ប៉ុស្តិ៍​គឺ​គួរ​បើក​មើល​កុន​បែប​ស៊ើបអង្កេត ដូចជា​រឿង​ជេមស្បន 007 រឿង​កុម្ម៉ង់ដូ​ពិសេស ជាពិសេស​រឿង​ហុងកុង​ដែល​មាន​ប៉ូលិស​ស៊ើបអង្កេត និង​អន្តរាគមន៍​ល្អៗ​យ៉ាង​ហោចណាស់​ក៏​ចាប់​តាក់ទិក​ដូចជា​ការប្រកាស​តាម​ម៉េក្រូតូច​ឲ្យ​ជនល្មើស​ប្រគល់​ខ្លួន ឲ្យ​សមត្ថកិច្ច​ដើម្បី​សម្រាលទោស​ជា​ជាង​បាញ់​តដៃ​ជាមួយ​សមត្ថកិច្ច​ដែល​អាច​គ្រោះថ្នាក់​ដល់​អាយុជីវិត​។

យ៉ាងណាមិញ បើ​មើល​ទៅ​ការការបង្ក្រាប​ជាក់ស្តែង​របស់​ប៉ូលិស​នៅ​ប្រទេស​ជឿនលឿន តើ​គេ​បង្ក្រាប ឡោមព័ទ្ធ ដាក់​ពង្រាយ​គ្នា​ដូចម្តេច​? ការដែល​មន្ត្រី​ដែល​ជា​សមត្ថកិច្ច​មើល​ចំណុច​ល្អៗ​បែបនេះ ជា​ជាង​ចំណាយពេល​មើល​តែ​ហ្វេសប៊ុក និង​ដើរ​ហូប​តែ​គ្រឿង​ស្រវឹង ចូល​ខារ៉ាអូខេ ពេល​ខ្លះ​អាច​បាញ់បោះ​តាម​ហាង​ទៀត​។

ឥឡូវនេះ​ចូល​ដល់​មាន​សកម្មភាព​សមត្ថកិច្ច​ក្លែងក្លាយ​ដែល​មាន​ឯកសណ្ឋាន​ជា​ប៉ូលិស​ដែល​សម្លុត​គម្រាម​ពលរដ្ឋ ឬ​ក៏​កៀបស៊ី​យុវជន​ក៏​មាន​ដែរ ដែល​ត្រូវបាន​គេ​បង្ហោះ​តាម​ហ្វេសប៊ុក​។ ករណី​ហ្នឹង​មិនដឹង​ជា​នរណា​ជា​សមត្ថកិច្ច​ពិតប្រាកដ​ទេ ពេល​ប្រយុទ្ធ​តដៃ​គ្នា​នេះ នេះ​ក៏​ជា​បញ្ហា​ថ្មីៗ​ផងដែរ ដែល​សមត្ថកិច្ច​ត្រូវតែ​ធ្វើ​បច្ចុប្បន្នភាព​ក្នុងការ​អន្តរាគមន៍​ជួយ​រំដោះ​ជនរងគ្រោះ​៕

ចូលរួម​ផ្តល់យោបល់​តាមរយៈ​ soprach.tong@phnompenhpost.com