អនុប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជា លោក កុក ថៃអេង បានសរសេរលិខិតមកកាសែតភ្នំពេញប៉ុស្តិ៍ ភាសាអង់គ្លេសកាលពីពេលថ្មីៗនេះ អបអរទិវាជ័យជម្នះ លើរបបប្រល័យពូជសាសន៍ថ្ងៃ ៧ មករារបស់កម្ពុជា។
លោក ថៃអេង បានរិះគន់អ្នកដែលមើលឃើញថ្ងៃ៧មករាឆ្នាំ១៩៧៩ ថា ជាការចាប់ផ្តើមការឈ្លានពានកម្ពុជាដោយវៀតណាម ដោយសារ «ការរំដោះប្រជាជនចេញពីរបបប្រល័យពូជសាសន៍សំខាន់ជាងការបាត់បង់អធិបតេយ្យបណ្តោះអាសន្ត របស់ប្រទេសកម្ពុជា»។
គាត់បានថ្លែងថា ផ្ទុយទៅវិញ ការអន្តរាគមន៍របស់វៀតណាមគួរតែត្រូវបានចាត់ទុកថា«ការទទួលខុសត្រូវការពារ»។
នេះគឺជាទស្សនវិស័យគួរឲ្យចាប់អារម្មណ៍ពីអង្គការមួយដែលបេសកកម្មចម្បងរបស់ខ្លួនគឺ«ស្រាវជ្រាវស្វែងរកការពិត» អំពីព្រឹត្តិការណ៍សោកនាដកម្មដែលបានចាប់ផ្តើមឡើងក្នុងរបបកម្ពុជាប្រជាធិបតេយ្យចន្លោះពីថ្ងៃទី១៧ មេសា១៩៧៥ ដល់ថ្ងៃទី៧ មករា១៩៧៩។ ពាក្យថា «ការទទួលខុសត្រូវការពារ»នេះបានអនុញ្ញាតឲ្យមានការអន្តរាគមន៍នៅក្នុងកិច្ចការរបស់រដ្ឋមួយដោយសហគមន៍អន្តរជាតិសម្រាប់ហេតុផលមនុស្សធម៌។
តាមការពិត នេះគឺខុសខ្លាំងពីការពិតដែលជាការឈ្លានពានឯកតោភាគីមកលើកម្ពុជាដោយវៀតណាម និងដែលជំរុញឡើង ដោយមហិច្ឆតាចង់គ្រប់គ្រងប្រទេសមួយទៀតយ៉ាងអាក្រក់ និងបំពានច្បាប់អន្តរជាតិ។ វាប្រហែលជាអាចមានតម្លៃ ក្នុងការរំឭកមជ្ឈមណ្ឌលឯកសារកម្ពុជា អំពីសុន្ទរកថា របស់សម្តេចឪ នរោត្តម សីហនុ ដែលបានមានបន្ទូលទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប៉ុន្មានថ្ងៃបន្ទាប់ពីការឈ្លានពានរបស់វៀតណាមបានបញ្ចប់។
សម្តេចឪ នរោត្តម សីហនុ បានពិពណ៌នាការឈ្លានពានរបស់វៀតណាមថា ជា «ការឈ្លានពានទ្រង់ទ្រាយធំ ការចូលគ្រប់គ្រង និងការធ្វើអាណានិគម» ដោយសត្វពស់ថ្លាន់ធំដែលចង់លេបកម្ពុជា ដោយប្រដូចអំពើនោះ ទៅនឹងការឈ្លានពានរបស់អ៊ីទ្លែរទៅលើប្រទេសប៉ូឡូញ ក្នុងឆ្នាំ១៩៣៩។ តើមានតែព្រះបាទនរោត្តម សីហនុ តែមួយអង្គឯងឬដែលប្រកាន់ទស្សនៈនេះ? នៅកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រទេសមួយចំនួន ដូចជា ចិន ក៏បានគាំទ្រការរិះគន់នេះដែរ។
មួយសប្តាហ៍ក្រោយមក លេខាបេសកកម្មយោធារបស់បក្សកុម្មុយនីស្តចិន Geng Biao បានសរសេរក្នុងរបាយការណ៍សម្ងាត់មួយសម្រាប់ថា្នក់ដឹកនាំបក្សកុម្មុយនីស្តចិនថា «ភ្លាមៗមុនការរំដោះវៀតណាមខាងត្បូង ពួកល្មោភសង្គ្រាមមួយក្តាប់តូចរបស់វៀតណាម តាមរយៈការញុះញង់ពីមេរបស់ខ្លួន ចង់ឈ្លានពានកម្ពុជា»។
លោក Geng Biao បានពន្យល់បន្ថែមថា វៀតណាមចង់បញ្ចូលកម្ពុជា«ទៅក្នុងសម្ព័ន្ធឥណ្ឌូចិន និង ក្លាយជាមូលដ្ឋានចក្រពតិ្តសង្គមនិយមនៅក្នុងការប៉ុនប៉ងរបស់វៀតណាមដើម្បីសម្រេចឲ្យបាននូវផែនការជាយុទ្ធសាស្រ្តសកលរបស់ខ្លួន និងពង្រីកចូលទៅក្នុងប្រទេសអាស៊ីអាគ្នេយ៍»។
អតីតមេដឹកនាំចិនកាលពេលនោះ Deng Xiaoping បានយល់ស្របនឹងការលើកឡើងនេះ។ គាត់បានសម្រេចសងសឹកទៅលើវៀតណាម ដែលគាត់បានហៅពីពេលដំបូងថា«ក្រុមពួកបង្កបញ្ហាភាគខាងកើត»។ ដូច្នេះ ចិនបានចាប់ផ្តើមសង្គ្រាមឥណ្ឌូចិនលើកទី ៣ ប្រឆាំងនឹងវៀតណាម។
«មេចក្រពត្តិសង្គមនិយមដែលនៅពីក្រោយឈុតឆាកនេះ»ដែលលោក Geng Biao សំដៅគឺសហភាពសូវៀតដែលដឹកនាំដោយលោក Leonid Brezhnev។ Brezhnev គឺជាមេគំនិតនៃ «លទ្ធិ Brezhnev ដែលចាប់ផ្តើមជាមួយនឹងការឈ្លានពានរបស់សហភាពសូវៀតទៅលើប្រទេស Czechoslovakia ក្នុងឆ្នាំ ១៩៦៨ ហើយបានសម្រេចឈ្លានពានប្រទេសអាហ្វហ្គានីស្ថាន និងបានធ្វើឲ្យមានសង្គ្រាមត្រជាក់រាលដាលពេញពិភពលោក។
លោក Geng Biao បានសំដៅទៅជនជាតិវៀតណាមម្នាក់ឈ្មោះ Le Duan ដែលមានឋានៈជាអគ្គលេខាធិការនៃគណបក្សកម្មករវៀតណាម ថា«ជាអ្នកបង្កសង្គ្រាម»។ លោក Hoang van Hoan អតីតសមាជិកគណៈកម្មាធិការប្រតិបត្តិនិងជាអ្នកបដិវត្តន៍វៀតណាមដែលមានបទពិសោធច្រើនបានរំឭកនៅក្នុងសៀវភៅអំពីសាច់រឿងជីវិតរបស់លោកថា Le Duan គឺមានឆន្ទៈខ្លាំងក្លាក្នុងការដើរតាមសហភាពរុស្ស៊ី»និងមានក្តីស្រមៃចង់ឲ្យវៀតណាមក្លាយជាម្ចាស់ «សហព័ន្ធឥណ្ឌូចិន»។
តើនេះ និយាយបំផ្លើស ពីមហិច្ឆតាវៀតណាម និងសូវៀតក្នុងតំបន់អាស៊ីអាគ្នេយ៍ឬទេ? កំណត់ត្រាបណ្ណាសារសូវៀត បានបង្ហាញថា ពួកយោធាសូវៀតបានណែនាំវៀតណាមឲ្យ«ធ្វើឆេកូស្លូវ៉ាគី»នៅក្នុងប្រទេសកម្ពុជាក្នុងគោលបំណងដើម្បីទទួលបាននូវឥទ្ធិពលអចិន្រៃ្តយ៍នៅកម្ពុជា។
ជាការពិតណាស់ សហគមន៍អន្តរជាតិទាំងមូល នៅខាងក្រៅប្លុកសូវៀត បានថ្កោលទោសចំពោះការលុកលុយរបស់វៀតណាមថាជាឧក្រិដ្ឋកម្មនៃការឈ្លានពាន។ ជាលទ្ធផល សម្រាប់រយៈពេលប៉ុន្មានឆ្នាំក្រោយមក អាយ៉ងគួរឲ្យអាណិតរបស់វៀតណាម ខណៈដែលសម្តេច សីហនុ បានចាត់ទុក លោក ហេង សំរិន ដែលពេលនោះជាប្រធានគណប្រធានរដ្ឋនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា (PRK) និងបច្ចុប្បន្នជាប្រធានរដ្ឋសភាមិនត្រូវបានអនុញ្ញាតឲ្យធ្វើជាតំណាងឲ្យប្រទេសកម្ពុជានៅមុខអង្គការសហប្រជាជាតិ ឬនៅកន្លែងណាផ្សេងទៀតនោះទេ។
យ៉ាងណាក៏ដោយ ក៏មនុស្សមួយចំនួនអាចនឹងទទូចថា បើទោះបីមហិច្ឆតារបស់ខ្លួនក៏ដោយ ក៏វៀតណាម នៅបារម្ភទាក់ទងនឹងខាងផ្នែកមនុស្សធម៌ចំពោះរបបកម្ពុជាប្រជាធិបតេយ្យ។ បើដូច្នេះមែន នោះនឹងជារឿងគួរឲ្យកត់សម្គាល់ចំពោះអតីតមន្រ្តីវៀតណាមខាងត្បូងរាប់ពាន់នាក់ ដែលរដ្ឋាភិបាលកុម្មុយនីស្តវៀតណាមបានសម្លាប់បន្ទាប់ពីការរំដោះសៃហ្គន។
បញ្ញវន្តជនជាតិអាមេរិកលោក Steve Heder ដែលបានពណ៌នាអំពើឃោរឃៅទាំងនេះនៅក្នុងកាសែតភ្នំពេញប៉ុស្តិ៍កាលពីឆ្នាំ ១៩៩៩ មិនត្រូវបានគេស្គាល់ច្បាស់ថា ជាមិត្តភក្តិរបស់ខ្មែរក្រហមទេ។ អារម្មណ៍នៃការទទួលជ័យជម្នះរបស់លោក កុក ថៃ អេងក្នុងអត្ថបទប្រល័យពូជសាសន៍នេះ ត្រូវបានបន្ទរដោយលោក ហេង សំរិន ក្រោយមកទៀតនៅថ្ងៃដដែលនោះ។
តាមសេចក្តីរាយការណ៍ លោក ហេង សំរិន បាននិយាយថា អស់លោកអ្នកដែលប្រឆាំងនឹងការប្រារព្ធពិធីរំឭកខួប៧ មករា គឺជា «អ្នកប្រឆាំងនឹងការរីកចម្រើនរបស់ជាតិ» និងអ្នកគាំទ្រ«របបប្រល័យពូជសាសន៍ប៉ុលពត»។ នេះបើយោងតាមលោក ហេង សំរិន ដែលបានឲ្យដឹងថា ការលុកលុយរបស់វៀតណាមត្រូវបានគេរៀបចំឡើងដើម្បីរំដោះប្រជាជនកម្ពុជាពីឃាតករ និងដើម្បីការពារការរស់ឡើងវិញរបស់កម្ពុជាដោយប្រឆាំងនឹងការព្យាយាមការវិលត្រឡប់មកវិញ នៃក្រុមរបស់ប៉ុល ពត។
វាអាចមានប្រយោជន៍ ប្រសិនបើលោក ហេង សំរិន នឹងធ្វើជាកស្សិណសាក្សី នៅមុខសាលាក្តីខ្មែរក្រហមដែលបានចាប់ផ្តើមដំណើរការនីតិវិធី ក្នុងការជំនុំជម្រះក្តីលើកទីពីរប្រឆាំងនឹងលោក នួន ជា និង លោកខៀវ សំផនកាលពីដើមខែនេះ។ ប្រធានបទមួយដែលនឹងត្រូវបាន គឺចរិតនៃជម្លោះប្រដាប់អាវុធរវាងវៀតណាមនិងកម្ពុជាប្រជាធិបតេយ្យនោះ។ ឧទាហរណ៍ ក្នុងន័យនេះលោក ហេង សំរិន អាចពន្យល់ដល់សាធារណជនកម្ពុជា និងចៅក្រមសាលាក្តីខ្មែរក្រហមពីរបៀបទស្សនៈរបស់ លោក ជុំវិញការលុកលុយរបស់វៀតណាមគួរត្រូវបានគេ បកស្រាយបើគិតអំពីការយល់ឃើញផ្សេងៗអំពីប្រវត្តិសាស្រ្ត៕ PS/NR
លោក Victor Koppe ជាការសហមេធាវីអន្តរជាតិរបស់លោក នួន ជា