ក្រុងព្រះសីហនុលែង​ជា​តំបន់​​​​ដែល​គ្មាន​ការ​អភិវឌ្ឍ​ និង​ជា​ឆ្នេរ​ដ៏ស្ងប់ស្ងាត់​សម្រាប់​ភ្ញៀវ​ទេសចរ​​​សាក់​កាដូ​ទៀត​ហើយ​។ តថភាព​​ថ្មី​នេះ ​គឺ​ជា​អ្វី​ដែល​យើង​គ្រប់​គ្នា​ស្វាគ​មន៍។​ ប៉ុន្តែការវិវត្ត​យ៉ា​ង​លឿន ​នៃ​ទីក្រុង​បាន​ជះឥទ្ធិ​ពល​សង្គមនិង​បរិស្ថាន​ដែល​មិន​អាច​មើ​ល​រំលង​បាន​។​ កង្វះខាត​ “អត្ត​​សញ្ញាណ​ខ្មែរ” និង​ “បរិយា​ប័ន្ន” គឺជា​បញ្ហា​ដែល​យើង​គួរ​តែ​ពិចារណា។

ទីក្រុង​ទាំងមូល​ស្ថិតនៅ​ក្នុង​ស្ថា​ន​ភាពកំពុង​សាងសង់ ជាមួយ​​​នឹង​ឡាន​ដឹក​ស៊ីម៉ងត៍ជាច្រើន​បរចុះឡើង​លើ​ផ្លូវ​ដែល​​មិន​ទាន់​ធ្វើ​រួច។ ​គ្រឿងយន្តស្ទូច​នៅពាសពេញ​ទីក្រុង ហាក់​កំពុង​ត្រៀ​ម​រៀបបន្តុប​អគារខ្ពស់ៗ​ពីមួយ​ទៅ​មួយ​​​។​

ទីក្រុង​ព្រះសីហនុ​បាន​​កែប្រែ​​ដល់​កម្រិត​មើល​លែងស្គាល់ ទៅ​ជា​ទីក្រុង​ដែល​ផុស​ផុល​ដោយ​ឧស្សា​ហកម្ម​សំណង់ និង​កាស៊ីណូ។

សម្រាប់​ប្រជាជន​ខ្មែរ​គ្រប់​រូប នៅ​ពេល​ដែលទៅ​ទស្សនា​ក្រុង​ព្រះសីហ​​​​នុ យើង​តែង​តែ​ចោទ​សួរ​ខ្លួន​ឯង​អំពី​​អត្ត​សញ្ញាណជាតិ​​របស់​ខ្លួន​​។​ ភាព​អន្ទះ​អន្ទែ​ង​កើតឡើង​ដោយ​សារ​សមត្ថ​ភា​ព​គ្រប់គ្រង​កំណើន​យ៉ាង​គំហុក​នៅមាន​កម្រិត​ និង​កង្វះខាត​អត្តសញ្ញាណខ្មែរ​នៅក្នុង​ដំណើរ​ការ​អភិវឌ្ឍ។​ ក្រុង​ព្រះសីហនុ​ត្រូ​វ​ទទួល​​ការ​ហូរ​ចូល​​យ៉ាង​គំហុក​​នូវ​មូលធន​នៅពេល​ដែល​ហេដ្ឋារ​ចនា​សម្ព័ន្ធរូ​បវន្ត​មូល​​ដ្ឋា​ន​នៅ​ពុំ​ទា​ន់​មាន​លទ្ធភាព​គ្រប់គ្រាន់​​នៅ​ឡើយ។

ទីក្រុង​ហុយដីនៅខែប្រាំង និង​មាន​ភក់ជ្រាំនៅខែវស្សា ជាមួយ​នឹង​ផ្លូវ​ដែល​ធ្វើ​មិន​ទាន់រួច។ ផ្លូវ​ខ្លះពុំ​ទាន់ត្រូវ​បាន​រៀបចំ​ដោយសារ​តែ​ការ​អភិវឌ្ឍ​ថ្មី​ពេក និង​លឿន​ពេក។ តម្រូវ​ការ​មូល​ដ្ឋាន​ដូច​ជា​ការ​គ្រប់​គ្រង​សំរាម លូទឹក​​កខ្វក់​ និង​ប្រព័ន្ធទឹក​ស្អាត​ បាន​កើ​ន​ហួ​ស​ពីកម្រិត​សមត្ថ​ភាព​ដើម​របស់​​ទីក្រុង។​

ផល​ប៉ះពាល់​អវិជ្ជមាន​ដែល​ផ្សារភ្ជាប់​ជាមួយ​នឹង​ឧស្សាហកម្ម​កាស៊ីណូ​ ក៏ជាបញ្ហាកង្វល់​រួម ដែល​សូម្បីតែ​ស្ថាន​ទូត​ចិន​ នៅ​កម្ពុជា ក៏ជារឿយៗ​តែង​តែ​អំពាវ​នាវ​ឲ្យ​មាន​ការ​ពង្រឹង​​ការអនុវត្ត​ច្បាប់ ដើម្បីការពារ​មុខមាត់​ចិន ដែ​ល​បាន​ចូលរួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​របស់​កម្ពុជា។​

កង្វះខាត​អត្ត​សញ្ញាណខ្មែរ​​គឺបាន​ស្តែង​ចេញ​យ៉ាង​ច្បាស់​។​ ស្លាក​សញ្ញា​នានា​ ត្រូវ​បាន​សរសេរ​លើ​ផ្ទាំង​ពណ៌​ក្រហម​ ហើយ​ចាប់​ផ្តើម​ដោយ​ពាក្យ “ចុង​​គ័រ” ដែល​ប្រែថា “ប្រទេស ​ចិន”។ ស្លាក​សញ្ញា​ខ្លះ​បាន​សរសេរ​ខុស​អក្ខរា​​​​វិរុទ្ធខ្មែរ ដោយ​ចម្លង​ចេញ​ទាំងស្រុងពី Google-translate ដោយ​គ្មាន​ការ​ផ្ទៀងផ្ទាត់​ ហើយ​ឈ្មោះទាំង​នោះបែរ​ទៅ​ជា​មាន​ន័យ​ផ្សេង និង​ចម្លែក។

ទោះបី​ជាឆ្នេរ​សមុទ្រ​គឺជា​សម្ប​ត្តិ​សាធារណៈក្តីប៉ុន្តែពុំ​មាន​ហេដ្ឋារចនា​សម្ព័ន្ធ​គ្រប់​គ្រាន់​ដើម្បី​ឲ្យ​ប្រជាជន​ខ្មែរ​​ជាច្រើន​ស្រទាប់ អាច​មក​លំហែ​កាយ​បាន​ ឧទាហរណ៍​ដូចជា​កង្វះ​ខាត​សណ្ឋា​គារ ផ្ទះសំណាក់​និ​ង​ភោជ​នីយដ្ឋាន​ខ្មែរ ដែល​មាន​តម្លៃ​សមរម្យ​សម្រា​ប់​ប្រជា​ជន​ក្នុង​ស្រុក​ជាដើម។​

ការវិនិយោគ​ជាច្រើន​សន្ធឹក​សន្ធាប់​របស់​ចិន​ មាន​ធាតុ​ចូល​របស់​កម្ពុជា​តិច​តួច។​ ប្រជាជន​ខ្មែរ​ទទួល​ផល​ប្រយោជន៍​តែ​អំពី​​ការ​ជួល ឬទិញ​លក់​អចលនវត្ថុ​ ហើយផល​ទាំង​នេះទៀត​សោត ​មាន​តែ​ប្រជាជន​ដែល​មាន​អចលន​វត្ថុ​ប៉ុណ្ណោះ​ដែល​អាច​ទទួល​បាន​។ ផល​ប្រយោជន៍​ចេញ​ពី​តម្លៃ​បន្ថែម​នៃ​ការ​អភិវឌ្ឍ ​ក្រៅពីការជួល និង​ទិញ​លក់​អចលន​វត្ថុ​​ ​ហាក់ពុំ​ទាន់​បាន​រីក​សាយ​ភាយ​ដល់​ស្រទាប់​ប្រជាជន​ទូលំ​ទូលាយ​នៅ​ឡើយ។​

ក្រៅពីការងារ​ដែល​មិន​ត្រូវ​ការ​ជំនា​ញ យើង​ក៏ត្រូវ​ចោទសួរ​ថា តើ​ប្រជាជន​ខ្មែរ​មាន​ឱកាស​ទទួល​ការងារ​កម្រិត​​​គ្រប់​គ្រង​ ឬ​ការងារ​ជំនាញ​ ឬការងារ​វិស្វកម្ម​ បាន​កម្រិត​ប៉ុនណា​ពី​ការ​វិនិយោគ​របស់​ចិននៅ​ក្រុង​ព្រះសីហនុ​​? តើ​ផលិត​កម្ម​ក្នុង​ស្រុក​ ទាំង​ផ្នែក​ទន់ និង​ផ្នែក​រឹង ត្រូវបាន​ប្រើប្រាស់​ជាធាតុ​ចូល​បាន​ច្រើន​ប៉ុនណានៅក្នុង​ដំណើរ​​ការ​​អភិវឌ្ឍ​ទីក្រុង​ព្រះសីហនុ?​

ចំពោះសំណួរ​ខាងលើ អាច​មាន​ចម្លើយ​ថា​ មក​ពីកម្ពុជា​ខ្វះខាត​កម្មករ​ជំនាញ ប៉ុន្តែ ការលើក​ឡើង​បែប​នេះ​មិន​អាច​ផ្តល់​ទឡ្ហីករណ៍គ្រប់​គ្រាន់​ចំពោះ​តថភាព​បច្ចុប្បន្ន​ ដែល​ចិន​គ្រប់-​គ្រង​​សកម្ម​ភាព​សេដ្ឋកិច្ច​មូលដ្ឋាន​តាំងពី​ការ​លក់​គ្រឿង​ទេស​កំប៉ិក​កំប៉ុក រហូត​ដល់​ជាង​កាត់​សក់ អាហារដ្ឋាន​តាម​ផ្លូវ និង​គ្លីនិក​សុខភាព​នោះ​ទេ។​

ពិតណាស់​ថា យើង​ស្វាគមន៍​ការ​វិនិយោគរបស់​ចិន​ ដែល​បាន​មក​ដាស់​ទីក្រុង​មួយ​ ដែល​ធ្លាប់​តែ​​ដេក​លក់​ដោយ​គ្មាន​សកម្ម​ភាព​សេដ្ឋកិច្ច​ ប៉ុន្តែ ដំណើរការ​វិវត្ត​ហាក់ផ្តេក​ផ្តួល​​ទាំងស្រុង​ទៅ​លើ​យន្តការ​ទីផ្សារសេរី​ឬ​ដែល​សេដ្ឋវិទូ​​លោក​ អាដាម ស្មុីត ហៅ​ថា “​បាតដៃ​អរូបីរបស់​ព្រះ”។ ប្រសិន​បើយើង​គ្មាន​ ការ​គ្រប់​គ្រង​បាន​ល្អ​ និង​គ្មាន​ការ​បញ្ចូល​ឲ្យ​បាន​គ្រប់​គ្រាន់​​នូវ​ទស្សន​វិស័យ​របស់​កម្ពុជា​ យន្តការ​ទីផ្សារសេរី ឬ “បាតដៃអរូបី​របស់​ព្រះ" ក៏​​អាចប្រែ​​ក្លាយទៅ​ជា​ផល​​ប៉ះពាល់​មិន​​ល្អ​​ដល់​ផល​ប្រយោជន៍​ប្រជាជន​មូលដ្ឋាន​ដែរ។

យ៉ាង​ណា​មិញ​ បញ្ហា​ដែល​បាន​លើ​ក​ឡើង​ខាង​លើ​ពុំ​មែន​ជា​ការ​ពិភាក្សា​អំពីការ​បាត់​បង់​អធិបតេយ្យ​ភាព​ជាតិ​នោះ​ទេ ព្រោះថា សិទ្ធិសម្រេច​ និង​អំណា​ច​​អនុវត្ត​ច្បាប់​ គឺស្ថិត​នៅ​លើ​ដៃ​កម្ពុជា​ទាំងស្រុង​ ហើយ​បន្ថែម​លើ​នេះ ស្ថាន​ទូត​ចិន​នៅ​កម្ពុជាក៏តែង​តែ​ថ្កោ​ល​​ទោស​ជា​សាធារណៈ ចំពោះ​រាល់​សកម្ម​ភាព​ខុស​ច្បាប់​របស់​ចិន​នៅ​កម្ពុជា និង​បាន​ស្នើ​ឲ្យ​កម្ពុជា​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ដើម្បី​ជួយ​ការពារ​មុខ​មាត់​ចិន ដែល​ខំ​ជួយ​អភិវឌ្ឍ​កម្ពុជា។​

វាមាន​សារៈសំខាន់​ចាំបាច់ ដែល​យើង​ត្រូវ​ធានា​ថា ការ​វិនិយោគ​ដ៏ច្រើន​សន្ធឹក​សន្ធាប់​របស់​ចិន គឺ​មាន​ផល​ប្រយោ​ជន៍​ទាំង​សង​ខាង ជាពិសេស​ គឺ​​ត្រូវធានា​ថា ផ្លែផ្កា​នៃ​ការ​អភិវឌ្ឍទាំង​នេះ​ មាន​ការ​ចែក​ចាយ​បាន​ទូលំ​ទូលាយ​ដល់​ប្រជាជន​ខ្មែរ​គ្រប់​ស្រទាប់។

បញ្ហាដែល​យើង​ត្រូវ​ចោទ​សួរគឺ​ថា តើ​យើង​ធ្វើ​ដូច​ម្តេច​ដើម្បី​រក្សា​អត្ត​​សញ្ញា​ណខ្មែរនិង​បញ្ចូល​ទស្សន​វិស័​យ​​ខ្មែរ​នៅក្នុង​ការ​អភិវឌ្ឍ​ក្រុង​ព្រះសីហ​នុ​? តើ​​យើង​ត្រូវ​ធ្វើ​ដូចម្តេច​ដើម្បី​ធានា​បាន​នូវ​បរិយាប័ន្ន​នៃ​ការ​អភិវឌ្ឍ?

ពិត​ណាស់​ថា អាច​មាន​​ដំណោះ​​​​​ស្រាយ​ជាច្រើន​ ប៉ុន្តែ ដំណោះស្រាយ​ទាំងឡាយ​ សុទ្ធ​តែ​ទាមទារ​ឲ្យ​មាន​ភាព​បត់​បែន និង​នវានុវត្ត​ន៍ក្នុង​ការ​គ្រប់​​គ្រងការ​អភិវឌ្ឍ​។​ កម្ពុជា​ក៏មាន​បំណង​​យក​ទីក្រុង​ព្រះសីហនុ​ ដើម្បីទទួល​ថ្នាក់ដឹកនាំ​ប្រទេស​អាស៊ាន នៅឆ្នាំ​ ២០២២ ផង​ដែរ ប៉ុន្តែ ទំហំ​នៃ​បញ្ហា​ប្រឈម​នៅ​ពេល​បច្ចុប្បន្ន​អាចធំហួស​ពី​​កម្រិត​ដែល​អាជ្ញាធរ​ខេត្ត​អាច​​ដោះ​ស្រាយ​បាន​​តែ​ម្នាក់​ឯង។​

ប្រសិន​បើ​កម្ពុជា​ចង់​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុទៅ​ជាតំប​ន់​សេដ្ឋកិច្ច​ពិសេស​ពហុ​បំណង​ គណៈកម្មាធិការជាតិ​​មួយ​ដែល​ផ្តោ​ត​លើ​ការ​អនុវត្ត​គួរ​តែត្រូវបាន​បង្កើត​ឡើ​ង ហើ​យ​​​គួរ​ត្រូវបាន​ដឹកនាំ​ដោយ​ឥស្សរ​ជ​​ន​ដែល​អាច​សម្របសម្រួល​ ឬមាន​ឥទ្ធិពល​ឈូស​ឆាយរាល់​​បញ្ហា​រាំង​ស្ទះ​ ដែល​កើត​ឡើង​ពី​ការសម្រប​សម្រួល​អន្តរ​ក្រសួង។

គណៈ​កម្មាធិការ​នេះ​គួរទទួល​បាន​អំណាច​ក្នុង​ការ​អនុវត្ត និង​សម្រេច​លើ​ “ជោគវាសនានៃ ការ​អភិវឌ្ឍ​” ខេត្ត​ព្រះសីហនុ​ទាំងមូល​​ ជាពិសេស​ការ​បង្កើន​ល្បឿន​​សាងសង់​ហេដ្ឋារ​ចនាសម្ព័ន្ធ​សាធារណៈដូច​ជា​ផ្លូវថ្នល់​ ប្រព័ន្ធលូ ប្រព័ន្ធទឹកស្អាត​ និង​ការ​គ្រប់​គ្រង​សំរាម​។​ យើង​អាច​ប្រើ​ប្រាស់​ធនធាន​នៃ​​ចំណេះ​ធ្វើ​ដែល​កម្ពុជា​​​មាន​ស្រា​ប់ដូចជា ​គំរូ​នៃ​អាជ្ញាធរ​អប្សរា​ដែល​គ្រប់​​គ្រង​ការ​អភិវឌ្ឍ​ប្រកប​ដោ​យ​ចីរភាព​នៃ​​តំបន់​បេតិ​កភណ្ឌ​អង្គរ​ជាដើម​។

ទាក់ទង​នឹង​ការ​រៀបចំក្រុង គួរ​តែ​មាន​គោល​នយោបាយ​កំណត់​តំបន់​​ឲ្យ​បាន​ច្បាស់​ដូច​ជាតំបន់​កាស៊ីណូ តំបន់​លំហែកាយសាធារណៈ​ជា​​លក្ខ​ណៈ​​​គ្រួសារ​ និង​តំបន់​ឧស្សា​ហកម្ម​ជាដើម​​​​។ ការ​បែង​ចែក​នេះ​ទៀត​សោត​ក៏គួរ​ធា​នា​​ឲ្យ​មាន​លំហ​សាធារណៈ​ដែល​ប្រជា​​ជន​ក្នុង​ស្រុក​អាច​ទៅ​លំហែ​កាយ​​បាន ជាមួយ​នឹង​ទីតាំងសណ្ឋាគា​រ​ផ្ទះ​សំណា​ក់ និង​ភោជ​នីយ​ដ្ឋាន​ខ្មែរ ដែល​មាន​តម្លៃ​សម​ស្រប​​សម្រាប់​ប្រជាជន​ក្នុង​ស្រុក។​

ថ្វីដ្បិត​តែ​ពិបាក​ក្នុង​ការ​អនុវត្ត​ជាក់​ស្តែង​នៅក្នុង​សេដ្ឋកិច្ច​ទីផ្សារ​​សេរី ប៉ុន្តែ​កម្ពុជា​ក៏គួរ​មាន​គោល​នយោបាយ​ដាក់​កម្រិត​លើ​សកម្ម​ភាព​ធុរកិច្ច​របស់​បរទេស ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អាជីវកម្ម​តូចតាច​​ របស់​ប្រជាជន​ខ្មែរ​ ដូច​ជា​ ហាង​កាត់​សក់ ឬហាង​បោះពុម្ព​ស្លាក​សញ្ញា​ ជាដើម។

ចំពោះ​ការពង្រឹង​សមត្ថភាព​អនុវត្ត​ច្បាប់​ យើង​អាច​សង្ឃឹម​បាន​ថា នឹង​មាន​ការ​កែលម្អកាន់​​តែ​ប្រសើរ​បន្ទាប់​ពី​មាន​ទស្ស​ន​កិច្ច​ថ្មីៗនេះ​របស់​ សម្តេ​ច​​ក្រឡា​ហោម ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ទៅប្រទេសចិន និង​នាយ​ឧត្តម​សេនីយ៍ នេត សាវឿន​អគ្គស្នង​កា​រ​​នគរបាល​ជាតិ​ទៅ​សហរដ្ឋ​អាមេរិក។​

និយតកម្ម​ហិរញ្ញវត្ថុ និង​ការពង្រឹង​ការ​ប្រមូល​ពន្ធ​ ក៏ជាវិធានការ​មួយ​ដើម្បីជួយ​ធានា​ថាប្រទេស​​កម្ពុជា​ទាំ​ង​មូល​អាច​ទទួល​​ផល​ពី​ការ​វិនិយោ​គ ក្រៅតែ​ពីការ​ជួល ឬទិញ​លក់​អចលន​វត្ថុ​។​ មាន​ពាក្យ​ដែល​គេ​និយាយ​ថា ភាពជោគជ័យ គឺ​មាន​មេបា​ច្រើន រីឯ​ភាពបរាជ័យ ប្រៀបបាន​​ដូច​ជាកូន​កំព្រា។​

យើង​មិន​គួរទុក​ឲ្យ​ការ​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ ​ក្លាយ​ទៅ​ជា​កូន​កំព្រា​ដោយសារ​តែ​បរាជ័យ​ក្នុង​ការធានា​នូវ​អត្ត​សញ្ញាណខ្មែរ និង​​បរិយាប័ន្ន​នៃការ​អភិវឌ្ឍនោះ​ទេ។​ ​ជោគវាសនា​នៃការ​អភិវឌ្ឍ​នេះ​ គឺជា​ការ​ទទួល​ខុស​ត្រូវ​របស់​​កម្ពុជា ជាពិសេស​ លើ​ការ​ពង្រឹង​កា​រ​អនុវត្ត​ច្បាប់ និង​កា​រ​ធានា​នូវ​ការ​អនុវត្ត​ជាក់​ស្តែង​នូវ​គោល​នយោបាយ​​អភិវឌ្ឍន៍​ជាតិ។

ដោយ ស៊ឹម វីរៈទីប្រឹក្សានៃ​​វិទ្យា​​ស្ថាន​ចក្ខុវិ​ស័​យ​​អាស៊ី (AVI)