
កូនតូចម្នាក់កំពុងគេងអានសៀវភៅ។ រូបថត កុមារអូទីសឹម U E Khmer Autism
មកទល់ពេលនេះ ពុំទាន់មានរបកគំហើញជាក់លាក់ណាមួយថា មូលហេតុដែលបណ្តាលឱ្យកុមារមានបញ្ហាអូទីស្សឹមនេះឡើយ តែទោះជាយ៉ាងណា ក៏មានលទ្ធផលនៃការសិក្សាស្រាវជ្រាវមួយចំនួនទៅលើកុមារអូទីស្សឹមនេះមានការលាយឡំគ្នារវាងលក្ខណៈរួមដូចជាហ្ស៊េនេទិច (Genetic) ពីកំណើតមកពីឪពុកមា្តយ និងមិនមែនហ្ស៊េនេទិច ឬក៏ផលប៉ះពាល់ពីបញ្ហាបរិស្ថាននៅជុំវិញ ជាពិសេសនៅអំឡុងពេលស្ត្រីពពោះ និងភាពសាំញ៉ាំពេលសម្រាលកូន ធ្វើឱ្យមានឥទ្ធិពលលើការរីកលូតលាស់ប្រព័ន្ធប្រសាទក្នុងខួរក្បាលរបស់កុមារចេញជាលក្ខណៈអូទីស្សឹម (Autism Spectrum Disorder) នេះឡើង។ នេះបើតាមការបកស្រាយជំនាញអូទីស្សឹមគេហទំព័ររបស់ www.autismspeaks.org។
បើតាមឯកសារស្រាវជ្រាវរបស់អង្គការសុខភាពពិភពលោកកាលពីឆ្នាំ ២០១៩ កន្លងទៅបានបង្ហាញថា កុមារអូទីស្សឹមនេះ គឺយោងទៅលើស្ថានភាពលក្ខណៈនៃភាពយឺតយ៉ាវក្នុងការនិយាយស្តី ការពិបាកប្រាស្រ័យទាក់ទងគ្នា និងការប្រើភាសាទាក់ទងគ្នា និងអាកប្បកិរិយាក្នុងសង្គមរបស់កុមារ មានន័យថា កុមារពិបាកយល់ពីមនុស្សទូទៅ ហើយមនុស្សទូទៅពិបាកយល់ពីកុមារអូទីស្សឹមនេះ ជាពិសេសកុមារស្ថិតនៅក្រោមអាយុ ៥ ឆ្នាំ។
មកទល់ពេលនេះនៅលើពិភពលោកមានកុមារម្នាក់ក្នុងចំណោមកុមារ ១៦០ នាក់ មានបញ្ហាអូទីស្សឹមនេះ។
សម្រាប់កុមារអូទីស្សឹមនៅកម្ពុជាវិញ មិនទាន់មានចំនួនជាក់លាក់ស្តីពីកុមារអូទីស្សឹមនេះនៅឡើយទេគឺក្រសួងសង្គមកិច្ច កំពុងតែប្រមូលទិន្នន័យនេះ តែបើតាមរយៈបណ្តាញក្រុមការងារជួយកុមារអូទីស្សឹម (CIDAN) ដែលបានផ្តល់ព័ត៌មានមកភ្នំពេញប៉ុស្តិ៍បានធ្វើការប៉ាន់ប្រមាណ ចំពោះកុមារអូទីស្សឹមនោះ គឺចន្លោះរវាងពី ៥ ពាន់ ទៅ ១ ម៉ឺននាក់។
ចំពោះបញ្ហាកុមារអូទីស្សឹមនេះមិនថា កូនអ្នកធំ អ្នកមាន ឬកូនអ្នកក្រនោះទេ គឺកើតមានឡើងចំពោះមជ្ឈដ្ឋានទូទៅ គ្រាន់តែថា ពេលខ្លះឪពុកមា្តយ ឬក៏អាណាព្យាបាលកុមារអូទីស្សឹមបានស្វែងយល់ដឹងមុន ក៏ព្យាយាមស្វះស្វែងរកសេវា និងមធ្យោបាយផ្សេងៗ ដើម្បីឱ្យកូនអូទីស្សឹមត្រឡប់មកភាពដើមដូចកុមារទូទៅវិញ។
តែមានឪពុកមា្តយមួយចំនួនមិនបានដឹងថា កូនខ្លួនឯងមានបញ្ហាអូទីស្សឹមនោះទេ គ្រាន់តែដឹងថា កូនគាត់ពិបាកនិយាយ ឬក៏និយាយចេញបាន ១ ម៉ាត់ៗ តែបើបាននិយាយចេញបែរជាស្រែកឡូឡាស្រេចតែចិត្តគាត់ ហើយភាគច្រើនពួកគាត់មានអារម្មណ៍តប់ប្រមល់ឆាប់ខឹងក្រេវក្រោធ។ មានឪពុកម្តាយកុមារមានបញ្ហាអូទីស្សឹមខ្លះមានការស្តាយក្រោយដោយបានលើកឡើងថា កូនគាត់មានបញ្ហាអូទីស្សឹមនេះ ដោយសារតែពួកគាត់ឱ្យកូនលេងទូរស័ព្ទស្មាតហ្វូន ឬក៏ tablet ច្រើនពេក ពេលកូនយំហុចទូរស័ព្ទឱ្យលេង បានជាមានបញ្ហអូទីស្សឹមហ្នឹង ឬក៏អ្នកមើលថែទាំកូនក្មេងនៅផ្ទះខ្ជិលមើលក្មេង គ្រាន់ហុចទូរស័ព្ទទៅឱ្យលេងបានហើយ។
ចំពោះការឱ្យកុមារមើលទូរស័ព្ទ ឬក៏ tablet ច្រើនពេកនេះត្រូវបានលោកស្រី ណែត ចន្ថា នាយិកាអង្គការ OIC Cambodia ដែលកំពុងធ្វើកិច្ចការងារជួយធ្វើឱ្យកុមារអូទីស្សឹមបានប្រសើរឡើងបានមានប្រសាសន៍ថា៖ «កុមារមានបញ្ហអូទីស្សឹមគឺមានសញ្ញានៃបញ្ហាអូទីស្សឹមតាំងពីកំណើតមកម្ល៉េះ មិនមែនដោយសារតែការឱ្យកុមារមើលទូរស័ព្ទ ឬក៏ tablet ច្រើនពេកនោះទេ។ តែការដែលឪពុកម្តាយ អាណាព្យាបាល ឬអ្នកមើលថែទាំកុមារ ព្យាយាមឱ្យមើលទូរស័ព្ទ ឬក៏ Tablet ច្រើនម៉ោងពេកចំពោះកុមារមានបញ្ហាអូទីស្សឹមគឺកាន់តែធ្វើឱ្យកុមារមានការលំបាកក្នុងការប្រាស្រ័យទាក់ទង និងពិបាកយល់បន្ថែមទៀត»។
លោកស្រីផ្តល់អនុសាសន៍ថា អ្វីដែលជាដំណោះស្រាយចំពោះកុមារអូទីស្សឹមនេះឪពុកម្តាយ គួរតែតាមដានការវិវឌ្ឍរបស់កុមារតូចតាំងពីអាយុក្រោម ២ ឆ្នាំ ប្រសិនបើមានការសង្ស័យថា កូនរបស់លោកអ្នកមានការបម្រែប្រួលយឺត ក្នុងការប្រាស្រ័យទាក់ទង និងការប្រើភាសាពិបាកយល់ គួរតែស្វែងយល់បន្ថែម និងរកសេវាគាំទ្រចំពោះសញ្ញាដំបូងនៃកុមារអូទីស្សឹមជាជាងហុចទូរស័ព្ទ ឬក៏ Tablet ឱ្យមើលដើម្បីកុំឱ្យយំ។
ម្យ៉ាងវិញទៀតកុមារអូទីស្សឹមនេះត្រូវបានសាលារៀនឯកជនខ្លះមានការរើសអើង មិនទទួលកុមារអូទីស្សឹមនេះទេដោយហេតុថា ពិបាកមើល ឬក៏កុមារអូទីស្សឹមហ្នឹងទៅឆាឆៅគេក្នុងថ្នាក់ស្រេចតែហ្នឹងចិត្ត។ អ៊ីចឹងសាលាឯកជនបានបញ្ជូនកូនសិស្សអូទីស្សឹមហ្នឹងមកផ្ទះវិញ ហើយមិនមែនតែ ១ សាលាទេ គឺម្តាយកុមារអូទីស្សឹមហ្នឹងបានប្រាប់ថា៖ «គាត់បានដាក់ ៣ សាលាឯកជនមកហើយ តែទទួលបានតែ ១ ទេ ឯ ២ ទៀតគឺមិនទទួលតែម្តង ដូច្នេះហើយម្តាយរបស់កុមារអូទីស្សឹមក៏សម្រេចចិត្តដាក់នៅសាលារដ្ឋវិញ ជាមួយនឹងគេហ្នឹងឯងទៅបើទោះបីជាមានការលំបាកក៏ដោយ»។ នេះបើតាមស្ត្រីម្នាក់ដែលនៅក្បែរផ្ទះខ្ញុំ មានកូនមានបញ្ហាអូទីស្សឹមនេះបានរៀបរាប់ដូច្នេះ។
យ៉ាងណាមិញឪពុកម្តាយធូរធារមួយចំនួនធំបានព្យាយាមជួយកូនៗ ដែលមានបញ្ហាអូទីស្សឹមនេះចំណាយពេលវេលាស្រាវជ្រាវស្វែងរកដំណោះស្រាយ និងថវិកាជាច្រើនសម្រាប់សាលារៀនឯកជនថ្លៃៗដែលមានអ្នកជំនាញជនបរទេស ជួយកុមារអូទីស្សឹមនេះ និងអ្នកមើលថែទាំកុមារអូទីស្សឹមនេះ។
រីឯឪពុកម្តាយខ្លះបានដាក់នៅអង្គការ CARITAS ដែលមានអ្នកជំនាញជួយអភិវឌ្ឍ ការរីកលូតលាស់របស់កុមារក្នុងការនិយាយពីការយល់ប្រាស្រ័យទាក់ទងគ្នា និងមជ្ឈដ្ឋានទូទៅកន្លងមក គឺមានកុមាររីកលូតលាស់បានខ្លះ វាអាស្រ័យទៅលើបញ្ហាអូទីស្សឹមធ្ងន់ធ្ងរ ឬក៏តិចតួចផងដែរ។
បើតាមប្រសាសន៍លោក ម៉ាក ចំរើន ប្រធានទីភ្នាក់ងារអចលនទ្រព្យមួយថា៖ «ខ្ញុំមានការសប្បាយរីករាយជាងអ្វីដែលខ្ញុំមានសព្វថ្ងៃនេះ ប្រសិនបើកូនស្រីខ្ញុំដែលមិនមានបញ្ហាអូទីស្សឹម ឬក៏បញ្ហាអូទីស្សឹមរបស់គាត់ត្រូវបានបញ្ចប់ ហើយវិលត្រឡប់ដូចកុមារីធម្មតាវិញ»។
លោក ចំរើន បន្តទៀតថា៖ «ខ្ញុំ និងក្រុមគ្រួសារកាន់តែសប្បាយចិត្តជាងនេះនៅពេលដែលសហគមន៍កាន់តែយល់ដឹងពីបញ្ហាអូទីហ្សឹមហើយរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ធ្វើឱ្យសេវាគាំទ្រដល់កុមារអូទីស្សឹមកាន់តែទូលំទូលាយជាងនេះ»។
បើទោះបីជាគោលនយោបាយរបស់រាជរដ្ឋាភិបាលចំពោះការអប់រំសម្រាប់ទាំងអស់គ្នាក៏ដោយក៏បញ្ហាកុមារអូទីស្សឹមហ្នឹងមិនទាន់មានអ្នកជំនាញអូទីស្សឹមជាក់លាក់ ដើម្បីដោះស្រាយនៅសាលារដ្ឋនៅឡើយទេ តែមានតែអ្នកជំនាញអូទីស្សឹមជាជនបរទេសតិចតួចជួយនៅតាមសាលារៀនឯកជន និងអង្គការជួយកុមារអូទីស្សឹមតែប៉ុណ្ណោះ។
យ៉ាងណាក្ដី ក្រសួងអប់រំយុវជន និងកីឡាបានចូលរួមចំណែកលើកស្ទួយក្នុងការគាំទ្រទៅលើការជួយកុមារពិការបញ្ញា ដែលអូទីស្សឹមជាផ្នែកមួយនៃកុមារពិការបញ្ញាតាមរយៈការរៃអង្គាសថវិកាជាមួយយុវតី ជីនីកូដើម្បីជួយកុមារពិការបញ្ញា។
សរុបមកវិញសូមកុំចាំដល់ពេលមានកូន ឬក៏សាច់ញាតិជាទីស្រឡាញ់របស់អ្នកមានបញ្ហាអូទីស្សឹម ទើបនាំគ្នាគិតថា បញ្ហាអូទីស្សឹមវាសំខាន់។
ហេតុដូច្នេះហើយ រាជរដ្ឋាភិបាលគួរយកចិត្តទុកដាក់បន្ថែមទៀត ចំពោះកុមារអូទីស្សឹមនេះ ដើម្បីជាស្ពានចម្លងកុមារអូទីស្សឹមឱ្យរួចផុតពីបញ្ហា ប្រែក្លាយបញ្ញាស្មារតីរបស់ពួកគេមកដូចដើមវិញគឺមានតែជួយផ្តល់ថវិកាជាតិបន្ថែមទៅលើកុមារពិការបញ្ហានេះផង និងកៀរគរជំនួយបន្ថែមពីសប្បុរសជនឱ្យដូចការអំពាវនាវបរិច្ចាគថ្នាំបង្ការជំងឺកូវីដថ្មីៗនេះជាដើម។
ជាងនេះទៅទៀតគឺការបណ្តុះបណ្តាលជំនាញអូទីស្សឹមចំពោះនិស្សិតខ្មែរ ឬក៏បង្កើតមុខវិជ្ជាការព្យាបាលអូទីស្សឹមនេះ នៅឯសាកលវិទ្យាល័យ និងបង្កើតមជ្ឈមណ្ឌលសម្រាប់កុមារអូទីស្សឹមតែម្តង។ រីឯឪពុកម្តាយ ឬក៏អាណាព្យាបាលគួរតែស្វែងយល់ និងតាមដានបន្ថែមនៅពេលកុមារកំពុងអភិវឌ្ឍកាយសម្បទា និងស្មារតីជាពិសេសការរៀននិយាយ នៅពេលកុមារអាយុក្រោម ២ ឆ្នាំ ជាជាងរកដំណោះស្រាយតាមរយៈការហុចទូរស័ព្ទ ឬក៏ Tablet ឱ្យកុមារមើល ដើម្បីឱ្យបាត់យំ ឬក៏នៅស្ងៀមនោះ។
ដោយសារបញ្ហាកុមារអូទីស្សឹមនេះពាក់ព័ន្ធទៅនឹងហ្ស៊េនេទិច (Genetic) ពីកំណើតដូច្នេះការទទួលទានរបបអាហារ ការថែទាំមុន និងអំឡុងពេលមានផ្ទៃពោះ និងសុខភាពផ្លូវចិត្តមានសារៈសំខាន់ណាស់សម្រាប់មាតាក្នុងគ្រួសារ។
តាមរយៈទូរទស្សន៍ Channel News Asia ផ្សាយពីថ្ងៃទី ២៥ ធ្នូ ២០២០ ថ្មីៗនេះបានបង្ហាញពីការបញ្ជ្រាបករណីកុមារអូទីស្សឹមឈ្មោះ Keith ទៅក្នុងសង្គម និងការលូតលាស់បណ្តើរៗរបស់កុមារអូទីស្សឹមឱ្យលេង និងរៀនជាមួយកុមារធម្មតា ដែលបានជួយដើម្បីបំបាត់ការរើសអើង ចំពោះកុមារអូទីស្សឹមនៅក្នុងសហគមន៍។
ចំពោះករណីជាក់ស្តែងនៅពេលដែលកុមារអូទីស្សឹមត្រូវបានព្យាបាលបានត្រឹមត្រូវហើយ គឺគាត់ពូកែខ្លាំង ដូចអ្នកប្រាជ្ញរូបវិទ្យា Albert Einstein ជនជាតិអាល្លឺម៉ង់ និងកីឡាករ Lionel Messi ល្បីលើពិភពលោកជនជាតិអាហ្សង់ទីនកំពុងលេងឱ្យក្លិបបាសេឡូណា៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com