បន្ទាប់ពី​ការប្រគល់​មុខងារ​គ្រប់គ្រង និង​ផ្តល់​សេវា​សុខាភិបាល​ទៅឱ្យ​រដ្ឋបាល​រាជធានី-ខេត្ត​ តាមបែប​វិមជ្ឈការ​ចាប់ផ្តើម​អនុវត្ត​ពី​ដើមឆ្នាំ​ ២០២០ ​មក រដ្ឋបាល​រាជធានី-ខេត្ត​ហាក់បី​ដូចជា​មាន​ការងារ​កាន់តែ​មមាញឹក​ច្រើន ជាពិសេស​ចំពេល​ដែល​ជំងឺ​កូវីដ​-១៩ បាននិង​កំពុង​រាតត្បាត​ទូទាំង​សកលលោក​ផង​នោះ​។

បើទោះបី​ជា​មាន​មន្ទីរ​សុខាភិបាល​ជា​សេនាធិការ​ឱ្យ​រដ្ឋបាល​រាជធានី- ខេត្ត​ក៏ដោយ​ក៏​ការទទួល​ខុសត្រូវ និង​ការងារ​សម្រេចចិត្ត​ស្ថិតនៅ​រដ្ឋបាល​រាជធានី​-​ខេត្ត​ដដែល​ដូច​ករណី​ការរៀបចំ និង​ឆ្លើយតប​ជំងឺ​កូវីដ​១៩ រដ្ឋបាល​រាជធានី- ខេត្ត បាន​បង្កើត​គណៈកម្មការ​ថ្នាក់​ខេត្ត ដើម្បី​ឆ្លើយតប​ជំងឺ​កូវីដ-១៩ ដែលមាន​ចៅហ្វាយខេត្ត​ជា​ប្រធាន និង​ប្រធាន​មន្ទីរ​សុខាភិបាល​ជា​អនុប្រធាន​ប្រចាំការ​។

គាប់​ជួន​ប្រទេស​កម្ពុជា​ទទួលរង​សម្ពាធ​ខ្យល់ព្យុះ​ពី​ប្រទេស​ចិន ដែល​មាន​ភ្លៀង​ធ្លាក់​ជាប់ៗ​គ្នា​ធ្វើ​ឱ្យ​មាន​ទឹកជំនន់​នៅ​បណ្តា​ខេត្ត​មួយ​ចំនួន​រីឯ​រាជធានី​ភ្នំពេញ មិន​ត្រឹមតែ​បញ្ហា​លិច​ទឹក​ទេ​ថែមទាំង​បញ្ហា​សំរាម​ដែល​ត្រូវ​ដោះស្រាយ​ក្នុង​អំឡុងពេល​ការគ្រប់គ្រង​ស្ថានការណ៍​ជំងឺ​កូវីដ ​១៩ ជាមួយ​គ្នា​តែម្តង​។ អ៊ីចឹង​ហើយ​ថ្នាក់ដឹកនាំ និង​មន្ត្រី​សាលា​រាជធានី​អាច​នឹង​រយាល​ដៃ​ពី​កូវីដ​ ១៩ មក​ដោះស្រាយ​បញ្ហា​បន្ទាន់ៗ​រឿង​សំរាម និង​ទឹកជំនន់​មាន​ពេល​ខ្លះ​ត្រូវ​ចុះ​ទាំង​ថ្ងៃ ចុះ​ទាំង​យប់​។

តែ​វា​ក៏​ជា​ឱកាស​ដល់​ការី (​ដូចជា អ្នកបើកបរ អ្នក​សម្អាត អ្នកយាម​ប្រចាំការ និង​គ្រូពេទ្យ​ប្រចាំការ​) ដែល​ធ្វើការ​ឆ្លើយតប​នឹង​ជំងឺ​កូវីដ​ ១៩ ​ផ្ទាល់​ជួរមុខ​ខ្លះ​អាច​មាន​ការរយាល​ដៃ​ផងដែរ មាន​ន័យថា​ពួកគាត់​ធ្វើការ​ចុងដៃ​ចុងជើង​ដែល​ជា​បញ្ហា​ប្រឈម​ក្នុង​ការឆ្លើយតប​ទៅ​ហ្នឹង​ករណី​ជំងឺ​កូវីដ ១៩​។ ជាពិសេស​គឺ​ប្រព័ន្ធ​ដឹក​អ្នកដំណើរ​បរទេស​ពី​ព្រលាន​យន្តហោះ​មក​កន្លែង​ធ្វើតេស្ត​រក​មេរោគ​កូវីដ​១៩ និង​ដឹក​ទៅកាន់​សណ្ឋាគារ ឬក៏​ត្រូវ​ដឹក​អ្នកដំណើរ​ទាំង​ជាតិ និង​ទាំង​អន្តរជាតិ​ទៅ​ធ្វើ​ចត្តាឡីស័ក​នៅផ្ទះ​។

បើ​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល​រាល់​អ្នក​ដំណើរ​ដែល​បាន​មកដល់​កម្ពុជា​នឹង​ត្រូវយក​សំណាក​ទៅពិនិត្យ នៅឯ​ព្រលាន​យន្តហោះ ហើយ​លទ្ធផល​នឹង​បង្ហាញ​ជូន​នៅ​ ២៤ ​ម៉ោង​ក្រោយ​។ ដូចគ្នា​នេះ​ដែរ​ចំពោះ​ប្រព័ន្ធ​បញ្ជូន​អ្នក​ដំណើរ​ឆ្លងកាត់​តាមផ្លូវ​គោក​តាម​ច្រក​ព្រំដែន​រហូត​ដល់​សណ្ឋាគារ ឬក៏​ផ្ទះសំណាក់​ ឬ​ក៏​ផ្ទះ​ជន​ចំណាកស្រុក​គឺ​អាជ្ញាធរ​មូលដ្ឋាន​តាមដាន និង​រក​អត្តសញ្ញណ​ដើម្បី​ធ្វើ​ចត្តាឡីស័ក ឬ​ក៏​ធ្វើតេស្ត​រក​ជំងឺ​កូវីដ​១៩ ដោយ​មន្ត្រី​សុខាភិបាល​ឆ្លើយតប​បន្ទាន់​ថ្នាក់​រាជធានី-ខេត្ត​។

សកម្មភាព​ទាំងនេះ​គឺ​អនុវត្ត​ទៅតាម​គោលការណ៍​ណែនាំ​គោលការណ៍​ប្រតិបត្តិ​ស្តង់ដា និង​វិធាន​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូវីដ​១៩ មក​ក្នុង​សហគមន៍​ជាដើម និង​វា​ហាក់​ដូចជា​ចង្វាក់​ផលិតកម្ម​ ១ ​អ៊ីចឹង ដើម្បី​ឱ្យបាន​ជោគជ័យ​ក្នុង​ការអន្តរាគមន៍​ជំងឺ​កូវីដ​ ១៩​។ ដូច្នេះ​ហើយ​ប្រសិនបើ​ចង្វាក់​ផលិតកម្ម​ណាមួយ ដែល​មាន​ការរអាក់រអួល ឬ​ក៏​អាក់ខាន​ចង្វាក់​ណាមួយ​នោះ វា​នឹង​អាចមាន​ហានិភ័យ​កើតមានឡើង ពិសេស​ការី​ជួរមុខ​ (Front line) ​គឺ​ងាយ​រងគ្រោះ ក្នុង​ការឆ្លង​មេរោគ​កូវីដ​ ១៩ ឬក៏​ធ្វើឱ្យ​របូត​មាន​ករណី​លួច​រត់​ចេញពី​ចង្វាក់​ណាមួយ​ជាយថាហេតុ ដូច​ករណី​ស្ត្រី​ខ្មែរ-អាមេរិកាំង​ លួច​រត់​ចេញ​ពី​មណ្ឌល​ចត្តាឡីស័ក​ទៅ​ខេត្ត​កំពង់ចាម និង​ករណី​​ជនជាតិ​ហុងគ្រី​បាន​រត់គេច​ចេញពី​កន្លែង​ធ្វើ​ចត្តាឡីស័ក​មាន​ផ្ទុក​ជំងឺ​កូវីដ​ ១៩ កាលពី​ខែ​មុន​។

ចំពោះ​ ២ ​ករណី​នេះ ​គឺ​ជន​ដែល​គេចវេះ​ពី​មណ្ឌល​ធ្វើ​ចត្តាឡីស័ក​ត្រូវ​ពិន័យ និង​មានទោស រីឯ​ការី​ណា​ដែល​មាន​ចេតនា​គេចវេះ ឬ​ក៏​ឃើញថា ធ្វេសប្រហែស​មិន​យកចិត្ត​ទុកដាក់​ពី​ចង្វាក់​ណាមួយ​ក្នុង​ការអន្តរាគមន៍​ជំងឺ​កូវីដ​នេះ​ដូចជា​ការមិន​មក​យាម​ប្រចាំការ ការមិន​មក​ពិនិត្យ​សុខភាព ការបើក​ឱ្យ​អ្នកដំណើរ​ចេញ ឬក៏​ការមិន​សម្អាត​ទីតាំង​កន្លែង​ដាក់​អ្នកដំណើរ​ជាដើម​គឺ​ត្រូវ​ពិន័យ និង​មានទោស​ដូចគ្នា​។

ដើម្បី​ចៀសវាង​ការបន្ទោស​គ្នា ឬ​ក៏​ការទម្លាក់​កំហុស​ដាក់គ្នា ឬក៏​រុញ​ការទទួល​ខុសត្រូវ​ដាក់​គ្នា​រវាង​ក្រសួង​សុខាភិបាល និង​រដ្ឋបាល​រាជធានី-ខេត្ត ប្រសិន​បើ​មាន​ចំណុច​ចន្លោះ​ប្រហោង​ក្នុង​ចង្វាក់​អន្តរាគមន៍​នៃ​ការអនុវត្ត​ច្បាប់ និង​ការផ្សារភ្ជាប់​គ្នា​ជាមួយ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​វិស័យ​សុខាភិបាល​មក​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ថ្មីៗ​នេះ​ដែល​អាច​ធ្វើឱ្យ​ឆ្លង​ទៅ​ក្នុង​សហគមន៍​បាន​នោះ​។

ហេតុ​ដូច្នេះ​ហើយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​គឺ​ត្រូវ​ពង្រឹង និង​រកដំណោះស្រាយ​រួម​ដែល​អាច​ធ្វើឱ្យ​ប្រសើរ​ជាង​នេះ ចំពោះ​ការឆ្លើយតប និង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​ ១៩​ នេះ​គឺ​ទី​១- ​ត្រូវ​ពង្រឹង​ស្មារតី​ទទួល​ខុសត្រូវ​ចំពោះ​ការីជួរមុខ​ទៅ​តាម​ការងារ​ពួកគាត់​តាមរយៈ​ការផ្តល់​រង្វាន់​លើកទឹកចិត្ត​តាមរយៈ​ផ្តល់ប្រាក់​ឧបត្ថម្ភ​បន្ថែម នៅពេល​ពួកគាត់​ធ្វើការ​នៅ​ជួរមុខ​ប្រកប​ដោយ​ហានិភ័យ​ខ្ពស់​នៃ​ការឆ្លង​ជំងឺ​កូវីដ​១៩​នេះ​។ ទី​២- រាល់​ការធ្វើ​ប្រព័ន្ធ​បញ្ជូន​ត្រូវ​ដឹក​អ្នកដំណើរ ក្រៅពី​អ្នក​បើកបរ​គឺ​ត្រូវមាន​ជំនួយការ​ម្នាក់​មើល​ការខុសត្រូវ​ចំពោះ​ចំនួន​នៃ​ការឡើង​ចុះ​នៃ​អ្នកដំណើរ ដើម្បី​ធានាថា ពួកគេ​ត្រូវ​បាន​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ​១៩​ទាំងអស់​គ្នា និង​ទៅដល់​ទីតាំង​ធ្វើ​ចត្តាឡីស័ក ឬក៏​ដាក់​ឱ្យនៅ​ដាច់ដោយ​ឡែក​ពី​គេ​។ ទី​​៣- ​រាល់​ការដឹក​អ្នកដំណើរ​ទៅ​ធ្វើ​តេស្ត នៅពេល​រថយន្ត​ត្រឡប់មក​កន្លែង​ចត​វិញ​ត្រូវ​បាញ់​ទឹក​ថ្នាំ​សម្លាប់​មេរោគ​សិន​មុន​នឹង​លាង​នឹង​សាប៊ូ ដឹក​ម្តង​លាង​ម្តង​។ ទី​៤- ការី​ដែល​នៅ​ជួរមុខ​ក្នុង​ការអន្តរាគមន៍​ជំងឺ​កូវីដ​១៩​គឺ​ត្រូវ​បណ្តុះបណ្តាល​វគ្គ​រំឭក​ទៅលើ​លំហាត់​ការពារ និង​បង្ការ​មេរោគ​ឆ្លង និង​មេរៀន​ជំងឺផ្លូវចិត្ត និង​ចិត្តសាស្ត្រ​ដើម្បី​ឱ្យ​ពួកគេ​មាន​ស្មារតី​រឹងមាំ ហើយ​ធានា​ចំពោះ​ការការពារ​មេរោគ​ឆ្លង​។

កន្លងមក​កម្ពុជា​ត្រូវបាន​អន្តរជាតិ​ទទួល​ស្គាល់​ថា បាន​ធ្វើ​អន្តរាគមន៍​ក្នុង​ការទប់ស្កាត់ និង​បង្ការ​ការរីករាលដាល​ជំងឺ​កូវីដ ១៩ បាន​ជោគជ័យ​។ មកទល់​ពេល​នេះ​ (​ថ្ងៃទី​ ២២ ខែ ​តុលា ឆ្នាំ​ ២០២០) កម្ពុជា​មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ​ ១៩​ សរុប​ចំនួន ២៨៦ ​នាក់ ហើយ​មាន​ ២៨០ ​នាក់ ​ត្រូវបាន​ព្យាបាល​ជាសះស្បើយ ដោយ​មិនទាន់​មាន​អ្នកស្លាប់​ដោយសារ​ជំងឺ​កូវីដ ​១៩​ នៅឡើយ​ទេ​។

ករណី​ឆ្លង​ទាំងអស់​គឺ​សុទ្ធតែ​មកពី​ខាងក្រៅ​ប្រទេស​ដោយ​មិនមាន​ការឆ្លង​ក្នុង​សហគមន៍​ឡើយ​៕

ចូលរួម​ផ្តល់យោបល់​តាមរយៈ​ soprach.tong@phnompenhpost.com