ខណៈ​ដែល​កន្លែង​លេងល្បែង​ស៊ីសង​នៅ​កាស៊ីណូ​មាន​ការ​កើនឡើង​ដូច​ផ្សិត ងាក​ទៅណា​ក៏​ឃើញ​កន្លែង​ល្បែង​ដែរ​នៅ​ទីក្រុង​សំខាន់​ជាប់​ព្រំដែន​ដែល​គិត​មក​ទល់​បច្ចុប្បន្ន​កំពុង​ប្រតិបត្តិការ​មាន​ចំនួន​ ៤២ ​កាស៊ីណូ​រួច​ទៅ​ហើយ​ (World Casino, 2018 )​។

នេះ​មិន​ទាន់​បូក​​បញ្ចូល​កាស៊ីណូ​របស់​ក្រុមហ៊ុន​ចិន​ដែល​កំពុង​សាងសង់​ព្រោងព្រាត​នៅ​តាម​ឆ្នេរ​ខេត្ត​ព្រះសីហនុ​នៅ​ឡើយ​ទេ​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ទី​នោះ​មួយ​ចំនួន​រស់នៅ​មិន​កើត​ក៏​សម្រេចចិត្ត​លក់​ដីធ្លី ផ្ទះសំបែង​ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន​ស្ទើរ​គ្មាន​សល់ ខណៈ​ដី​​កំពុង​ឡើង​ថ្លៃ​ស្រាប់​ផង​។

កាស៊ីណូ​ដែល​ធំ​ជាង​គេ​នៅ​ចំកណ្តាល​បេះដូង​រាជធានី​ភ្នំពេញ​គឺ​ណាហ្គាវើល​កំពុង​ពង្រីក​សាខា​អគារ​ដ៏ខ្ពស់​ស្កឹមស្កៃ​ក្បែរ​គ្នា​នៅ​សងខាង​រាជពុទ្ធសាសន​បណ្ឌិត្យ សូម្បី​តែ​ស្ថាប័ន​រដ្ឋសភា​ជាតិ ក្រសួង​ការបរទេស និង​ក្រសួង​បរិស្ថាន​ក៏​នៅ​ក្បែរ​ក្លៀក​កាស៊ីណូ​ណាហ្គាវើល​ដែរ​។ ​

គ្រាន់​តែ​ប្រាក់​ចំណូល​បាន​មកពី​ការលេង​ល្បែង​ស៊ីសង​ភ្នាល់​គ្នា​នេះ ធ្វើឲ្យ​កាស៊ីណូ​ណាហ្គា រីក​ធំធាត់​រក​ស៊ី​ចេញ​ពី​កប៉ាល់​នៅ​លើ​ទឹក​មក​នៅ​លើ​គោក​រហូត​សល់​លុយ​សង់​អគារ​ ២ ​ធំៗ បើ​មើល​ពី​មាត់ទន្លេ​មុខ​វាំង​គឺ​បាំង​ស្ថាប័នរដ្ឋ​ដែល​នៅ​ជុំវិញ​ចង់​អស់​។ គ្រាន់តែ​ទឹកប្រាក់​ដែល​លេង​ចាក់​ភ្នាល់​កន្លែង​ភ្ញៀវ​ VIP ​នៅ​កាស៊ីណូ​ណាហ្គាវើល​នេះ​ក្នុង​ ១ ​ឆ្នាំ​ ២០១៧ ​កន្លង​ទៅ​មាន​ទឹកប្រាក់​ដល់​ ២១ ​ពាន់​លាន​ដុល្លារ​ច្រើន​ជាង​ផលទុន​ក្នុង​ស្រុក​សរុប​ (GDP) ​ស្រុក​ខ្មែរ​សរុប​ចំនួន​ ២០ ​ពាន់​លាន​ដុល្លារ​ឆ្នាំ​ ២០១៦ ​ទៅ​ទៀត​ (WB,-2017)​។ ​

រីឯ​ចំណូល​សុទ្ធ​របស់​ក្រុមហ៊ុន​ណាហ្គាខប​សរុប ​២៥៥ ​លាន​ដុល្លារ​ទាំង​នៅ​ក្រៅ​ប្រទេស​ទៀត​គឺ​កើនឡើង​ ៣៩ ​ភាគរយ​។ នេះ​បើ​តាម​ទិន្នន័យ​ពី​ទីក្រុង​ហុងកុង​ដែល​ក្រុមហ៊ុន​មេ​របស់​ណាហ្គាខប​លេង​ភាគហ៊ុន​នៅ​ទី​នោះ ដូច្នេះ​បង្ហាញ​ថា​របាយការណ៍​ហិរញ្ញវត្ថុ​នៅ​​ឆ្នាំ​ ២០១៧ ​កន្លង​ទៅ​នេះ​ពិត​ទាំងអស់​។

មុខរបរ​កាក់កប​នេះ​កម្រ​ឃើញ​មាន​ល្បី​ថា​កាស៊ីណូ​ណា​មួយ​បើក​ហើយ​បះជើង​ដោយសារ​ការលេង​ភ្នាល់​គ្នា​ណាស់ វា​លែង​តែ​រដ្ឋាភិបាល​អនុវត្ត​​ច្បាប់​កាស៊ីណូ​ដែល​ចែង​ឲ្យ​សាងសង់​ឆ្ងាយ​ពី​ទីក្រុង​ ២០០ ​គីឡូម៉ែត្រ​ ឬ​បញ្ជា​ឲ្យ​បិទ​កាស៊ីណូ​តូចៗ​ និង​កន្លែង​ចាក់​បាល់​ទាត់​ Cambo-Six តូចៗ​តែ​ម្តង​។ ដូច​កាលពី​ឆ្នាំ​ ២០០៨ បន្ទាប់ពី​មរណភាព​លោក​ ហុក ឡងឌី គឺ​រដ្ឋាភិបាល​បង្ក្រាប​ឲ្យ​បិទ ទាំងអស់ ទុក​តែ​ណាហ្គាខប​មួយ​ទេ ព្រោះ​ច្បាប់​ហ្នឹង​កើត​ក្រោយ​កាស៊ីណូ​មួយ​នេះ​។ ម្យ៉ាង​ច្បាប់​ហ្នឹង​ចេញ​មក​ហាក់បី​ដូចជា​ការពារ​ឲ្យ​ក្រុមហ៊ុន​ណាហ្គាខប​តែ​ ១ ​ផ្តាច់​មុខ​តែ​ម្តង​នៅ​ភ្នំពេញ​។

រីឯ​ការកំណត់​នៃ​ច្បាប់​ហ្នឹង​ថា​ល្បែង​ស៊ីសង​នៅ​កាស៊ីណូ​បង្កើតឡើង​សម្រាប់​តែ​ជនបរទេស​មាន​ប៉ាស្ព័រ​លេង​នោះ​បើ​ទៅ​មើល​ក្នុង​ណាហ្គាវើល​វិញ​សុទ្ធ​តែ​ខ្មែរ​ចូល​លេង​ភ្លេច​បាយ ភ្លេច​ទឹក ភ្លេច​ប្រពន្ធ​កូន​អស់ ខណៈ​ខ្លះ​ទៀត​លែងលះ​​ប្តី-ប្រពន្ធ​ផិត​ក្បត់​គ្នា មាន​ស្រី-មាន​ប្រុស​រៀងៗ​ខ្លួន​ដោយ​មាន​ទាំង​លក់​ដីធ្លី​ផ្ទះ​សំបែង​ និង​​ខំប្រឹង​ពុករលួយ​។ ដោយសារ​តែ​លេងល្បែង​ស៊ីសង​នៅ​កាស៊ីណូ​ហ្នឹង​មាន​ឧកញ៉ាៗ​ខ្លះ​មាន​កាស៊ីណូ​ផ្ទាល់​ខ្លួន​ហើយ​ក៏​មក​លេង​ចាញ់​នៅ​កាស៊ីណូ​ណាហ្គាវើ​ល​នេះ​ចង់​ខ្សោះ​ខ្លួន​ដែរ​។

រីឯ​ជនបរទេស​មក​លេង​វិញ​គឺ​ភាគច្រើន​ជនជាតិ​ចិន​ដែល​​ពេល​ខ្លះ​មិន​ត្រឹម​តែ​ប៉ះពាល់​លុយ​កាក់​ផ្ទាល់​ខ្លួន​នោះ​ទេ​គឺ​​ថៅកែ​រោងចក្រ​ជា​ជនជាតិ​ចិន​ខ្លះ ញៀន​នឹង​ល្បែង​ពេក​ទៅ​ចាញ់​អស់​រួច​ក៏​នាំ​គ្នា​រត់ចោល​រោងចក្រ​ដោយ​បាន​បន្សល់​ទុក​ឲ្យ​កម្មករ​អត់​ប្រាក់​ខែ នាំ​គ្នា​ចេញ​បាតុកម្ម​ពេញ​ផ្លូវ​ព្រោងព្រាត​។

ចំណែកឯ​ទ្រព្យ​សម្បត្តិ​ដែល​នៅ​សល់​គឺ​សុទ្ធតែ​ជា​របស់​ជួល​ដូចជា ទីកន្លែង​រោងចក្រ និង​ម៉ាស៊ីនដេរ​ជាដើម​។ នេះ​ជា​បញ្ហា​ដែល​បើក​ឲ្យ​លេងល្បែង​ស៊ីសង​នៅ​កណ្តាល​ទីក្រុង​ដែល​ងាក​ចូល​លេងៗ ហើយ​ផលចំណេញ​បាន​ទៅ​ក្រុមហ៊ុន​ណាហ្គាខប​ និង​បង្កើត​ការងារ​បុគ្គលិក​តែ​ប៉ុណ្ណោះ តែ​ផលប៉ះពាល់​សង្គម​មាន​ច្រើន​ជាង ហើយ​គ្មាន​ស្ថាប័ន​ណា​ ឬ​ក៏​អ្នក​ស្រាវជ្រាវ​ណា​មក​សិក្សា​ពី​ផលប៉ះពាល់​នោះ​ទេ​។

រីឯ​ រដ្ឋ​ទទួល​លុយ​ពី​ណាហ្គាខប​បង់ពន្ធ​សរុប​ប្រចាំ​ឆ្នាំ​ ២០១៦ តែ​ ១៥ ​លាន​ដុល្លារ​ទេ និង​ការទទួល​ខុសត្រូវ​សង្គម​របស់​ក្រុមហ៊ុន​ (CSR) ​មាន​សកម្មភាព​មួយ​ចំនួន​តូច​បង្ហាញ​ឲ្យ​ឃើញ​ពី​​គុណសម្បត្តិ​ដូចជា ជួយ​កាកបាទ​ក្រហម​កម្ពុជា ជួយ​កីឡាករ​ជម្រើស​ជាតិ​ទៅ​លេង​ក្រៅ​ប្រទេស​ខ្លះ និង​ក្រុម​បាល់ទាត់​ណាហ្គាវើល​ជាដើម​។

ដោយសារ​ការកើនឡើង​ចំនួន​កាស៊ីណូ​ព្រោងព្រាត​នេះ​ទើប​ធ្វើឲ្យ​បង្កើន​ប្រាក់​ចំណូល​ជាតិ​បាន​ ៤៨ ​លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ​ ២០១៦ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​ ២០១៥ គឺ​មាន​ការកើនឡើង​ ៤០ ​ភាគរយ​ (MEF, 2017)។

កំណើន​ពី​ប្រាក់​ចំណូល​នេះ បើ​ប្រៀបធៀប​ទៅ​នឹង​វិស័យ​កសិកម្ម​ជា​ឆ្អឹង​ខ្នង​របស់​ប្រទេស​ដែល​រដ្ឋាភិបាល​តែងតែ​លើក​ឡើង​មាន​កំណើន​ប្រចាំ​ឆ្នាំ​ប្រមាណ​តែ​ ១ ​ភាគរយ​ទេ​នៅ​ពេល​វិស័យ​នេះ​មាន​ ២៦,៧ ​ភាគរយ​នៃ​ផលទុន​ក្នុង​ស្រុក​សរុប​ (GDP) ២០ ​ពាន់​លាន​ដុល្លារ​ឆ្នាំ​ ២០១៦ (WB, 2017)​។

កំណើន​ចំណូល​ជាតិ​ពី​វិស័យ​កសិកម្ម​ដែល​មាន​តាំងពី​ផលដំណាំ​ផង កសិឧស្សាហកម្ម​ផង ត្រី​ផង និង​កាប់​ឈើ​លក់​ទៀត​ផង ក៏​នៅ​គាំង​ទ្រឹង​​ ឬ​ក៏​កំណើន​ស្ពឹក​នេះ ក៏​ដោយសារ​តែ​កម្ពុជា​ការ​នាំចេញ​ពឹង​លើ​តម្រូវការ​ពី​បរទេស ដូចជា ការនាំចេញ​ស្រូវ ស្វាយ កៅស៊ូ និង​ម្រេច ជាដើម​។

ជាពិសេស​ប្រទេស​ជិត​ខាង ថៃ និង​វៀតណាម ប្រសិន​បើ​ឈ្មួញ​មិន​ទិញ​ ឬ​ក៏​ទម្លាក់​តម្លៃ​ទៀត​ផង ធ្វើឲ្យ​កសិករ​បាក់​ទឹកចិត្ត​លែង​ចង់​ប្រកបរបរ​នេះ​តទៀត​​សុខចិត្ត​មក​ធ្វើ​បុគ្គលិក​កាស៊ីណូ និង​ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើការ​នៅ​ប្រទេស​ជិត​ខាង​បើ​ទោះបី​ជា​លំបាក​លំបិន បែកបាក់​​គ្រួសារ​ក៏​សុខចិត្ត​ទៅ​ដែរ​។

នេះ​ក៏​មក​តែ​ពី​ការ​លើក​ស្ទួយ​វិស័យ​កសិកម្ម​កាន់តែ​រយាល​ដៃ​ដែរ ហើយ​គ្មាន​ការកែច្នៃ​វត្ថុធាតុដើម​ក្នុង​ស្រុក​ទៅ​លក់​ទីផ្សារ​ក្នុង​ស្រុក និង​ក្រៅ​ស្រុក និង​រដ្ឋ​យក​ចិត្ត​ទុក​ដាក់​បន្តិច​បន្តួច​ពី​ការ​រក​ទីផ្សារ​ជូន​កសិករ​។

ឥឡូវ​នេះ​គឺ​កាន់តែ​ស្រួល​មែនទែន​ហើយ​ដែល​ការ​នាំចូល​ផលិតផល​កសិកម្ម​ពី​វៀតណាម​ដោយ​គ្រាន់តែ​ដឹក​មក​ទម្លាក់​នៅ​ផ្សារ​ដើមគ ហើយ​តម្លៃ​ថោក​ជាង​ផលិតផល​ក្នុង​ស្រុក​ទៀត​ដើម្បី​កុំ​ឲ្យ​លំបាក​ទៅ​រក​ទិញ​ដែល​សូម្បី​គល់​ស្លឹកគ្រៃ ជីរ ខ្ទឹម ដាំ​ក្រោយ​ផ្ទះ​បាន​ហូប​សោះ ក៏​ទិញ​​ពី​ប្រទេស​គេ​ដែរ​។

ហេតុ​ដូចនេះ​ហើយ​កុំ​សង្ឃឹម​ថា ការយក​វិស័យ​កសិកម្ម​ជា​អាទិភាព​សម្រាប់​ចំណូល​ជាតិ​នោះ​គឺ​ទៅ​លែង​រួច​ក្នុង​ពេល​ឆាប់ៗ​នេះ​ហើយ ហើយ​បើ​ដាក់​ជា​អាទិភាព​គឺ​គ្រាន់តែ​ល្អ​មើល​ទេ​ និង​អាច​គ្រាន់​តែ​បោក​ភ្នែក​ពលរដ្ឋ​ក៏​ថា​បាន​។

ប៉ុន្តែ​ការពិត និន្នាការ​របស់​រដ្ឋាភិបាល​កំពុង​ពង្រឹង​ និង​ពង្រីក​វិស័យ​កាស៊ីណូ​ទៅ​រក​កន្លែង​បន​ល្បែង​ដូច​នៅ​ទីក្រុង​ម៉ាកាវ ពិសេស​គឺ​ឆ្នេរ​កំពង់សោម​លែង​ជា​កន្លែង​ឆ្នេរ​ដ៏ស្រស់​ស្អាត​នៅ​លើ​ពិភពលោក​ទៀត​ហើយ ហើយ​ភ្ញៀវទេសចរ​បរទេស​ក៏​លែង​ចង់​ទៅ​លេង​នៅ​ទី​នោះ​ដែរ​គឺ​ងាក​ទៅ​ណា​ក៏​ជនជាតិ​ចិន​រញ៉េរញ៉ៃ​ និង​សំណង់​កាស៊ីណូ​សណ្ឋាគារ​ និង​រីហ្សត​របស់​ក្រុមហ៊ុន​ចិន​ស្ទើរ​ទាំងអស់​។

ជា​ទស្សនទាន​ទូទៅ​ ​គឺ​ទាំង​រដ្ឋាភិបាល​ចិន និង​ពលរដ្ឋ​ចិន​ចាត់​ទុក​ការសាងសង់​នៅ​កំពង់សោម​គឺ​ទំនើប​ដូច​នៅ​ទីក្រុង Shenzhen នៃ​ប្រទេស​ចិន​ផងដែរ​។ គ្រាន់​តែ​ការហោះហើរ​ពី​ ៥ ​ទិស​ដៅ​ផ្សេង​គ្នា​ពី​ចិន​មក​ព្រលាន​យន្តហោះ​កងកេង​នៅ​ខេត្ត​ព្រះសីហនុ​ផ្ទាល់ ពួកគេ​នាំ​គ្នា​សម្រុក​មក​ទាំង​ស្រប​ច្បាប់​ទាំង​ខុសច្បាប់ ហើយ​ចិន​ខ្លះ​មក​ធ្វើ​ជា​ជើងកាង​ប្រៀប​ដូច​ពួក​ម៉ាហ្វីយ៉ា កាប់​ចាក់​គ្នា​ពេញ​កំពង់សោម ប៉ូលិស​ចាប់​បញ្ជូន​ទៅ​វិញ​មិន​ឈ្នះ ខណៈ​ដែល​ខ្លះ​បើក​ឡាន​បុក​ខ្មែរ​ស្លាប់​រួច​បោះ​លុយ​ឲ្យ​ចប់​គ្នា​ក៏​មាន​។

អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ ​គឺ​ជនជាតិ​ចិន​បើក​ឡាន​ស្លាក​លេខ​ខេមរភូមិន្ទ ហើយ​មាន​កាំភ្លើង​កាន់​ទៀត តើ​ពួកគេ​មាន​តួនាទី​អ្វី​ដែរ​នៅ​ក្នុង​ក្រសួង​ការពារ​​ជាតិ​នោះ​? ចិន​ខ្លះ​ទៀត​មក​ដណ្តើម​ការងារ​រកស៊ី​សូម្បីតែ​លក់​ម្ហូប​ធ្វើឲ្យ​អ្នក​លក់​ខ្មែរ​​ត្អូញត្អែរ​ពី​ការ​លក់​លែង​ដាច់​ហើយ​ខ្មែរ​ខ្លះ​បើ​បបួល​គ្នា​ទៅ​លេង​សមុទ្រ​ម្នាក់ៗ​ហាក់​ដូចជា​ញ៉ាក​អត់​ចង់​ទៅ​កម្សាន្ត​តែ​ម្តង​ក៏​មាន​៕

ចូលរួម​ផ្តល់​យោបល់​តាមរយៈ soprach.tong@phnompenhpost.com