«Leaving No One Behind!» ​បកប្រែ​មក​ថា​ «​មិន​ទុក​នរណាម្នាក់​ចោល​នោះទេ​!» គឺជា​គោលបំណង​រួម​របស់​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​ (SDG) ​របស់​ពិភពលោក​ហើយ​ឃ្លា​នេះ​ត្រូវ​បាន​គេ​យក​មក​ប្រើ​សឹងតែ​គ្រប់​វិស័យ ដោយ​បញ្ជ្រាប​ទៅក្នុង​គោលនយោបាយ ឬ​ក៏​ទស្សនទាន​ទៅ​តាម​ស្ថាប័ន​នីមួយៗ​។

វិស័យ​ដែល​កំពុង​ពេញនិយម​យក​មក​ប្រើ​ជាងគេ គឺ​វិស័យ​សុខាភិបាល​ដែល​មានន័យថា គោលនយោបាយ​របស់​សុខាភិបាល​មិន​ត្រឹមតែ​ពង្រីក​សេវា​គ្របដណ្តប់​ជា​សកល​នោះទេ គឺ​ថែម​ទាំង​មិន​ទុក​នរណាម្នាក់​ចោល​នោះដែរ​និយាយ​ចំ​គឺ​ផ្តល់​សេវា​ឲ្យ​ដល់​គោលដៅ ហើយ​មិន​មាន​ការរើសអើង​អ្នកជំងឺ ឬក៏​អតិថិជន​ដែល​មក​ទទួល​សេវា​នោះទេ​។

ក្រៅពី​ថវិការដ្ឋ​ដែល​ចំណាយ​មកលើ​វិស័យ​សុខាភិបាល​មាន​ការកើនឡើង​រៀងរាល់​ឆ្នាំ រដ្ឋ​ក៏បាន​បង្កើត​គោលការណ៍​ទាញ​ពី​វិស័យ​ផ្សេងៗ និង​សេវា​ឯកជន ដើម្បី​បំពេញ​ចន្លោះប្រហោង​ក្នុង​ការ​ទទួល​សេវា​សុខភាព​របស់​កម្មករ​និយោជិត និង​បុគ្គលិក តាមរយៈ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (​ប.ស.ស​) ​របស់​ក្រសួង​ការងារ មិន​ថា​តែ​សេវា​សុខភាព​រដ្ឋ​ទេ សេវា​ឯកជន គ្លីនិក​មួយចំនួន​ក៏​បាននិង​កំពុង​បំពេញបន្ថែម​នូវ​សេវា​នេះ​ផង​ដែរ​។

ជាងនេះ​ទៅ​ទៀត រាជរដ្ឋាភិបាល​ក៏បាន​ចំណាយ​ទៅលើ​លទ្ធភាព ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​ក្រីក្រ​ដែល​មាន​បណ្ណ​ក្រីក្រ​មក​ទទួល​សេវា​តាំងពី​ពិនិត្យ​ផ្ទៃពោះ​រហូត​ដល់​សម្រាលកូន និង​សេវា​ក្រោយ​សម្រាល​បាន​រហូត​ដល់​កូន​អាយុ​ ២ ​ឆ្នាំ​។

តែ​នៅពេល​អនុវត្ត​ជាក់ស្តែង បញ្ហា​បណ្ណ ប.ស.ស នេះ​ត្រូវ​បាន​សេវា​សុខភាព​រដ្ឋ​មួយចំនួន​តូច មិន​ថា​មន្ទីរពេទ្យ​នៅ​ថ្នាក់ជាតិ ឬ​នៅ​ថ្នាក់ក្រោម​ជាតិ​ទេ បែរ​ជា​ធ្វើ​មិនដឹង​មិនឮ​ទៅវិញ​។ នៅពេល​ដែលមាន​បញ្ហា​កើតមានឡើង បាន​ផ្អើល​សួររក​អ្នក​ទទួល​ខុសត្រូវ តែ​ដោយឡែក​ប្រព័ន្ធ​សុខាភិបាល​មាន​លក្ខណៈ​ខុសប្លែក​ពី​គេ បើទោះបី​ជា​រាជរដ្ឋាភិបាល​ខំ​ដំឡើង​ប្រាក់ខែ​ជូន​គ្រូពេទ្យ​ក៏ដោយ ប្រសិន​បើ​គ្រូពេទ្យ​អវត្តមាន​មិន​មក​ប្រចាំការ​វិញ​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅនឹង​អាយុជីវិត​របស់​អ្នកជំងឺ ឬ​ក៏​អតិថិជន​។

តែបើ​មាន​ករណី​អតិថិជន ឬ​ក៏​អ្នកជំងឺ​ណា​រាង​ធូរធារ​វិញ​គឺ​គ្រូពេទ្យ​មួយ​ចំនួន​ចាប់ផ្តើម​ចាប់​ម៉ូយ​គ្នា​យក​ទៅ​គ្លីនិក​របស់ខ្លួន ឬក៏​កន្លែង​សេវា​ដែល​ខ្លួន​ធ្វើការ​ឲ្យ​ហើយ យ៉ាងហោចណាស់​ក៏​គ្រូពេទ្យ​រដ្ឋ​ហ្នឹង​ទៅ​ចាក់​ថ្នាំ​ឲ្យ​ដល់​ផ្ទះ​ឲ្យ​សាច់​ស្អាត​យកលុយ​ដែរ​។

ហេតុផល​ធំ​គឺថា ប្រាក់ខែ​រដ្ឋ​ចាយ​មិន​គ្រាន់ តើ​ប៉ុន្មាន​បាន​គ្រាន់​? តែបើ​ឲ្យ​ឈប់​ពី​ការងារ​រដ្ឋ មិន​ឈប់​ទេ សុខចិត្ត​ទុក​ឈ្មោះ​មក​មួយ​ភ្លែតៗ​ហើយ​ទៅ​កន្លែង​គ្លីនិក​ខ្លួនឯង​ ឬ​ក៏​ឱសថស្ថាន​ខ្លួនឯង​វិញ​ហើយ​ពេលខ្លះ​ប្រធាន​ស្ថាប័ន​សុខាភិបាល​ខ្លះ ឬ​ក៏​ប្រធាន​មន្ទីរពេទ្យ​បង្អែក មិន​ហ៊ាន​ជាមួយ​នឹង​បុគ្គលិក​ពេទ្យ​ខ្លួនឯង​ផង ព្រោះ​សុទ្ធ​តែ​កូនចៅ​សែស្រឡាយ​អ្នកធំៗ​នៅក្នុង​ប្រព័ន្ធ​សុខាភិបាល​ខ្លួនឯង​។

ជួនកាល​មាន​ការរិះគន់​ពី​សាធារណជន​ចំពោះ​ករណី​ស្លាប់​ស្ត្រី និង​កូន ប្រធាន​មន្ទីរ ឬ​ក៏​ប្រធាន​មន្ទីរពេទ្យ​គ្រាន់តែ​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ទៅ​ហើយ​ស្តី​ឲ្យ​តែ​មន្ត្រី​តូចតាច ឬ​ក៏​អ្នក​មក​ហាត់​ការ​តែ​ប៉ុណ្ណឹង តែ​សម្រាប់​មន្ត្រី​ថ្នាក់​ធំៗ​ដែល​អវត្តមាន​ក្នុង​ហេតុការណ៍ បែរជា​រួចខ្លួន​ទៅវិញ ទោះបី​ជា​អវត្តមាន​នោះ​មិនមែន​ជាប់​បេសកកម្ម តែ​មក​នៅ​គ្លីនិក​ខ្លួនឯង​ទៅវិញ​ក៏ដោយ​។

ម្យ៉ាងវិញទៀត​ករណី​ស្លាប់​ម្តាយ និង​ទារក​នៅពេល​សម្រាល​កូន​ហ្នឹង​នៅ​មណ្ឌល​សុខភាព​គឺ​កម្រ​កើត​មាន​ណាស់​ព្រោះ​ខ្លាច​ថ្នាក់លើ​ស្តីបន្ទោស​ណាស់ ឲ្យ​តែ​ពិនិត្យមើល​មិន​ស្រួល​គឺ​ប្រធាន​មណ្ឌល​សុខភាព ធ្វើ​លិខិត​បញ្ជូន​ស្ត្រី​មក​ឆ្លងទន្លេ​ទៅ​មន្ទីរពេទ្យ​បង្អែក​ទៅ​តាម​គោលការណ៍​ណែនាំ​ហើយ​។

ប៉ុន្តែ​ឥឡូវនេះ​បែរ​ជា​បញ្ហា​ស្លាប់​ស្ត្រី និង​ទារក​ហ្នឹង​បែរជា​កើតឡើង​នៅ​មន្ទីរពេទ្យ​ឯកជន ឬ​ពេទ្យ​បង្អែក​ខេត្ត និង​ស្រុក​ទៅវិញ​ដូច​កាលពី​ឆ្នាំ​ទៅ​មាន​ករណី​ធ្វេសប្រហែស​ធ្វើឲ្យ​ស្លាប់​ម្តាយ ឬ​ក៏​ស្លាប់​ទាំង​ម្តាយ និង​កូន ពេល​ឆ្លងទន្លេ​នៅ​សេវា​គ្លីនិក​ឯកជន​ហើយ​ក្រុមគ្រួសារ​មិន​ហ៊ាន​ផ្សាយ​ពី​ឈ្មោះ​គ្លីនិក​ឯកជន​នោះ​ទៀត ហើយ​ក៏​គ្មាន​ការដាក់​ទណ្ឌកម្ម​លើ​គ្លីនិក​ឯកជន​ទំនើបៗ​នៅ​ទីក្រុង​នោះ​ទៀត​គឺ​សែស្រឡាយ​មកជួយ​ទប់​។

ជាទូទៅ​សរសេរ​របាយការណ៍​ថា ទាំង​ស្រី្ត​ទាំង​ទារក​ស្លាប់​នៅ​តាម​ផ្លូវ​មក​មន្ទីរពេទ្យ​ជាតិ ឬ​ខេត្ត តាមពិត​អ្នកជំងឺ​ស្លាប់​តាំងពី​នៅ​គ្លីនិក​ឯកជន​មក​ម្ល៉េះ គ្រាន់តែ​ដាក់​អុកស៊ីហ្ស៊ែន​បំភាន់​ភ្នែក​បងប្អូន​ជនរងគ្រោះ​ទៅ​ចប់​ហើយ​។ តើ​នេះ​មកពី​មិន​គោរព​តាម​គោលការណ៍​ណែនាំ​ប្រព័ន្ធ​បញ្ជូន​ពី​គ្លីនិក​ឯកជន​មក​មន្ទីរពេទ្យ​រដ្ឋ​?

កាលពី​សប្តាហ៍​មុន​មាន​ករណី​ចម្លែក​មួយទៀត​គឺ​មាន​ស្ត្រី​មក​ឆ្លងទន្លេ​ចូល​មន្ទីរពេទ្យ​ហើយ ចេញ​ពី​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ជប៉ុន ស្រុក​មង្គលបុរី ខេត្ត​បន្ទាយមានជ័យ​ធ្វើដំណើរ​ទៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ខេត្ត​សៀមរាប​វិញ​ព្រោះ​គ្មាន​លុយ​បង់​ហិរញ្ញប្បទាន​ចំនួន ៦០ ​ម៉ឺន​រៀល គ្មាន​លុយ​ទិញ​ឈាម​ពី​មន្ទីរពេទ្យ​នោះ​។

ស្ត្រី និង​ក្រុមគ្រួសារ​សម្រេច​ចិត្ត​ជិះឡាន​តាក់ស៊ី​បាន​ពាក់​កណ្តាលផ្លូវ ស្ត្រី​មាន​ផ្ទៃពោះ​ស្លាប់​ទាំង​ម្តាយ ទាំង​ទារក​ក្នុង​ផ្ទៃ​។ ករណី​នេះ​កំពុងតែ​ស្ថិត​នៅក្នុង​ការស៊ើបអង្កេត​នៅ​កម្រិត​ថ្នាក់ជាតិ​ និង​គណៈ​គ្រូពេទ្យ​ខេត្ត​នៅឡើយ ប៉ុន្តែ​បើតាម​ប្រូតូកូល​ក្នុង​ករណី​គ្រួសារ​ស្ត្រី​អត់​មាន​លុយ​គ្រប់គ្រាន់​ក៏ដោយ​គឺ​តម្រូវ​ឲ្យ​គ្រូពេទ្យ​ព្យាបាល និង​ផ្តល់​សេវា​សម្រាលកូន​សិន​ បើទោះបី​ជា​ទាក់ទង​ទៅ​នឹង​ការវះកាត់​យក​កូន​ (C-section) ​ក៏ដោយ​។

លើសពី​នេះ​តម្រូវ​ឲ្យ​អ្នកជំងឺ​ប្រភេទ​សង្គ្រោះបន្ទាន់​បែប​នេះ ជិះ​រថយន្ត​សង្គ្រោះបន្ទាន់​របស់​មន្ទីរពេទ្យ មិន​អនុញ្ញត​ឲ្យ​អ្នកជំងឺ​ចូល​មក​មន្ទីរពេទ្យ​ហើយ ចេញ​ទៅ​វិញ​ទទេ​ដូច​នេះ​ទេ​។ ជាងនេះ​ទៅ​ទៀត បើ​នៅ​មន្ទីរពេទ្យ​រដ្ឋ​មាន​ជម្រើស​ ២ ​គឺ​ទី​ ១- យកលុយ​មុន ប្រសិន​អ្នកជំងឺ​ពិតជា​អត់លុយ​មែន​គឺ​ធ្វើការ​សម្ភាស​ចងក្រង​ឯកសារ​ជា​ក្រោយ​បន្ទាប់ពី​អ្នកជំងឺ​បាន​ជា​សះស្បើយ​ហើយ គឺ​យក​ថវិការដ្ឋ​ចេញ​ជំនួស​គាត់​។

ជម្រើស​ទី​ ២- ​យកលុយ​ក្រោយ​ពេល​ព្យាបាល​ឲ្យ​រួច​ជីវិត​សិន បើ​អ្នកជំងឺ​អត់លុយ​គឺ​យក​ថវិកា​រដ្ឋ​មក​ជំនួស​វិញ​។ ហ្នឹង​បាន​គេ​ហៅថា​គោលការណ៍​ «​មិន​ទុក​នរណាម្នាក់​ចោល​នោះទេ​!»​។

ចំពោះ​ករណី​នីមួយៗ​ខាងលើ​នេះ​សុទ្ធតែ​ធ្វើឲ្យ​ប៉ះពាល់​អត្រា​មរណ​មាតា​ និង​កុមារ​នៅពេល​ឆ្លងទន្លេ ដែល​កម្ពុជា​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ពី​ការធ្លាក់ចុះ​អត្រា​មរណៈ​មាតា និង​កុមារ​គួរ​ឲ្យ​កត់សម្គាល់​។ អត្រា​ស្លាប់​មាតា​មាន​ការធ្លាក់​ចុះ​គួរ​ឲ្យ​កត់សម្គាល់​មក​ត្រឹម ១៧០ នាក់​ក្នុង​ចំណោម​ទារក​កើត​រស់​ ១០ ម៉ឺន​នាក់ (CDHS, 2014)​។

ដោយសារ​តែ​សាមីក្រសួង​សុខាភិបាល​មាន​ការគ្រប់គ្រង​បែប​លក្ខណៈ​ឱបក្រសោប​ចិត្ត​មិន​ដាច់​កាត់​សាច់​មិន​បាន​ពី​មន្ត្រី​សុខាភិបាល​ទាំង​ថ្នាក់ជាតិ និង​ថា្នក់​ក្រោម​ជាតិ​របស់ខ្លួន និង​សេវា​ឯកជន​ដែល​ភាគច្រើន​ជា​មន្ត្រី ឬក៏​អតីតមន្ត្រី​សុខាភិបាល​រាល់​កំហុស​របស់​គ្រូពេទ្យ គឺ​ភាគច្រើន​ធ្វើ​ក្តុងក្តាំង​ឲ្យ​ឃើញ​តែ​បន្តិច​ទៅ ក៏​ស្ងប់ស្ងាត់​ទៅវិញ ភាសា​សាមញ្ញ​ថា​ព្យាយាម​លាក់លៀម​នូវ​កំហុស​មន្ត្រី​របស់ខ្លួន​។ ឥឡូវ​ចូល​ដល់​វគ្គ​អនុវត្ត​អនុក្រឹត្យ​ស្តីពី​ការប្រគល់​មុខងារ​គ្រប់គ្រង​ និង​ផ្តល់​សេវា​សុខាភិបាល​ទៅ​ឱ្យ​រដ្ឋបាល​រាជធានី-ខេត្ត​ដែល​បានអនុម័ត​កាលពី​ថ្ងៃទី​ ៤ ខែ​ធ្នូ កន្លង​ទៅ​នេះ​។

ចំពោះ​ការធ្វើ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​ (D&D) ​វិស័យ​សុខាភិបាល​នេះ​គឺ​ផ្តល់​អំណាច​ទាំងស្រុង​ពី​ថ្នាក់ជាតិ​សាមីក្រសួង​សុខាភិបាល​មក​រដ្ឋបាល​រាជធានី-ខេត្ត​ទាំងអស់​មាន​ន័យថា​មន្ទីរសុខាភិបាល​រាជធានី-ខេត្ត ត្រូវ​ស្ថិត​នៅ​ក្រោម​ការគ្រប់គ្រង​របស់​រដ្ឋបាល​រាជធានី-ខេត្ត​ទាំងអស់​។ ការផ្ទេរ​មុខងារ​បែប​ «​ប្រគល់​» ​ពី​ថ្នាក់ជាតិ​មក​រដ្ឋបាល​រាជធានី​-​ខេត្ត​នេះ​រួមមាន​៖ មុខងារ​ធនធាន​មនុស្ស ធនធាន​ហិរញ្ញវត្ថុ និង​ទ្រព្យសម្បត្តិ ការគ្រប់គ្រង​មន្ទីរ​សុខាភិបាល មន្ទីរពេទ្យ​បង្អែក​ខេត្ត ស្រុក​ប្រតិបត្តិ​សុខាភិបាល​មន្ទីរពេទ្យ​បង្អែក​ស្រុក មណ្ឌល​សុខភាព និង​ប៉ុស្តិ៍​សុខភាព លើកលែង​មន្ទីរពេទ្យ​ជាតិ​ទាំងអស់​ស្ថិត​នៅក្រោម​ការគ្រប់គ្រង​របស់​សាមីក្រសួង​ដដែល​។ តែ​សម្រាប់​ពេទ្យ​ឯកជន​ដែល​ចេញ​ដោយ​មន្ទីរ​សុខាភិបាល​រាជធានី-ខេត្ត​គឺ​ក៏​ស្ថិត​នៅ​ក្រោម​ការគ្រប់គ្រង​របស់​រដ្ឋបាល​រាជធានី-ខេត្ត​ដែរ​។

ហេតុ​ដូច្នេះ​ហើយ​រដ្ឋបាល​រាជធានី-ខេត្ត មាន​ឆន្ទានុសិទិ្ធ​គ្រប់គ្រាន់​លូកដៃ​ចូល​ទៅក្នុង​កិច្ចការ​គ្រប់គ្រង​មន្ទីរពេទ្យបង្អែក​ខេត្ត និង​ស្រុក និង​មណ្ឌល​សុខភាព ដែលមាន​មន្ទីរ​សុខាភិបាល​រាជធានី​-​ខេត្ត ជា​សេនាធិការ ដើម្បី​ធ្វើ​អន្តរាគមន៍​ទាន់ពេលវេលា​។

ម្យ៉ាងវិញ​ទៀត រដ្ឋបាល​រាជធានី-ខេត្ត​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការផ្ទេរ​កិច្ចការងារ​គ្រប់គ្រង​ខ្លះ​តាម​បែប​ «​ប្រតិភូកម្ម​» ​មក​រដ្ឋបាល​ស្រុក និង​រដ្ឋបាល​ឃុំ តាម​តម្រូវការ​ជាក់ស្តែង ដើម្បី​ផ្តល់​សេវា​សុខាភិបាល​ហ្នឹង​ឲ្យ​នៅ​កៀក​នឹង​ប្រជាពលរដ្ឋ​ឲ្យ​បាន​ល្អ​ប្រសើរឡើង ព្រោះ​នៅក្នុង​អនុក្រឹត្យ​បាន​កំណត់​ឲ្យ​ក្រុមប្រឹក្សា និង​រដ្ឋបាល​រាជធានី-ខេត្ត​ទាំងអស់​ត្រូវតែ​មាន​គណនេយ្យភាព​ចំពោះ​ក្រសួង​សុខាភិបាល និង​មាន​គណនេយ្យភាព​ចំពោះ​ប្រជាពលរដ្ឋ​ដែល​ស្ថិត​នៅ​ដែន​សមត្ថកិច្ច​របស់ខ្លួន​នូវ​មុខងារ​សុខាភិបាល​ដែល​ប្រគល់​ឲ្យ​​ទាំងនោះ​។

អ៊ីចឹង​ដូច​ករណី​ស្ត្រី​មក​សម្រាលកូន​ហើយ​ស្លាប់​ទាំង​ម្តាយ ទាំង​កូន​បាន​បង្ហាញ​ខាងលើ មិន​ថា​មក​សេវា​រដ្ឋ ឬក៏​សេវា​ឯកជន​ទេ​ឲ្យ​តែ​ស្ថិត​នៅ​ក្រោម​ដែន​សមត្ថកិច្ច​របស់​រដ្ឋបាល​រាជធានី-ខេត្ត​របស់ខ្លួន​គឺ​ទាំង​ក្រុមប្រឹក្សា និង​ទាំង​រដ្ឋបាល​រាជធានី-ខេត្ត​ត្រូវតែ​លូកដៃ​ចូលទៅក្នុង​ការស៊ើបអង្កេត​រាល់​ករណី​ស្លាប់​អ្នកជំងឺ ឬក៏​អតិថិជន​មិន​សម​ហេតុផល ទៅ​តាម​បច្ចេកទេស និង​មាន​សិទ្ធិ​ដក ឬក៏​ព្យួរ​តំណែង​មន្ត្រី​សុខាភិបាល​បាន​ទៅតាម​ច្បាប់​ស្តីពី​លក្ខន្តិកៈ​ដោយឡែក​សម្រាប់​បុគ្គលិក​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ដែល​អនុម័ត​កាលពី​ឆ្នាំ ២០១៦​។ មានន័យថា លែង​ស៊ុមគ្រលុំ តែ​មន្ត្រី​សុខាភិបាល ឬ​ក៏​សែស្រឡាយ​របស់​ថ្នាក់ដឹកនាំ​ក្រសួង​សុខាភិបាល​គ្នាឯង​ដូច​រាល់ដង​ទៀតហើយ​។

រឿង​មរណមាតា និង​ទារក​នៅពេល​សម្រាលកូន​គឺមាន​លក្ខណៈ​ស្ងប់ស្ងាត់​ណាស់ កម្សត់​ណាស់ ហាក់បី​ដូចជា​ឃាតករ​លាក់​មុខ​អ៊ីចឹង បើ​នៅក្នុង​បណ្តាញ​សង្គម​វិញ​ពុំ​សូវ​មាន​អ្នក​យកចិត្ត​ទុកដាក់​ឈឺឆ្អាល​នោះទេ ព្រោះ​សង្គម​គិត​ថា ជា​រឿង​ធម្មតា​ដែល​កើតមាន​តាំងពី​យូរ​មក​ហើយ​៕

ចូលរួម​ផ្តល់យោបល់​តាមរយៈ soprach.tong@phnompenhpost.com