The Phnom Penh Post Search

Search form

កំណែ​ទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​មាន​ដំណើរ​ឡើង​ចុះ​ៗ

ផ្ទាំង​ថ្ម​ដែល​បង្ហាញ​ពី​តម្លៃ​ការ​ស្ថាបនា​ផ្លូវ​ជន​បទ​មួយ​ខ្សែ​ក្នុង ខេត្ត​រតនគិរី។
ផ្ទាំង​ថ្ម​ដែល​បង្ហាញ​ពី​តម្លៃ​ការ​ស្ថាបនា​ផ្លូវ​ជន​បទ​មួយ​ខ្សែ​ក្នុង ខេត្ត​រតនគិរី។ ហេង ជីវ័ន

កំណែ​ទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​មាន​ដំណើរ​ឡើង​ចុះ​ៗ

ពាក្យ​កំណែ​ទម្រង់​ឥឡូវ​ក្លាយ​ជា​ពាក្យ​ជា​ទីពេញ​និយម​របស់​រាជ​រដ្ឋាភិបាល ឬ​ក៏​ស្ថាប័ន​រដ្ឋ​ចង់​អនុវត្ត​អ្វី​មួយ​ដែល​ថ្មី មក​ទល់​ពេល​នេះ អស់​រយៈ​ពេល​ជាង ១០ ឆ្នាំ​ទៅ​ហើយ សម្រាប់​កំណែ​ទម្រង់​វិមជ្ឈការ​និង​វិសហ​មជ្ឈការ (D&D) និយាយ​ភាសា​សាមញ្ញ​ទៅ​គឺជា​ដំណើរ​ការ​ផ្ទេរ​មុខ​ងារ ទាំង​ធនធាន និង​ថវិកា​ទៅ​ថ្នាក់​ក្រោម​ជាតិ​តាម​បែប​លទ្ធិ​ប្រជាធិបតេយ្យ ដើម្បី​ឲ្យ​មាន​តម្លាភាព គណនេយ្យភាព ជាដើម ក្នុង​គោល​បំណង​កាត់​បន្ថយ​ភាព​ក្រី​ក្រ។ តើ​ដំណើរការ​របស់ D&D ដល់​ណា​ហើយ បើ​មើល​ទៅ​ហាក់​បី​ដូច​ជា​មិន​ឃើញ​អ្វី​ដុំ​កំភួន​ទេ សកម្មភាព​ខ្លះ​ក៏​ឃើញ​ទៅ​ពេល​ខ្លះ​ក៏​មិន​ឃើញ​សកម្មភាព​ដែរ?

ដោយ​សារ​អគារ​លេខាធិការ គ.ជ.អ.ប (NCDD-S) មាន​ទីតាំង​នៅ​ក្នុង​ក្រសួង​មហាផ្ទៃ ធ្វើ​ឲ្យ​មន្ត្រី​រាជការ និង​មតិ​មួយ​ចំនួន​យល់​ច្រឡំ​ថា ជា​របស់​ក្រសួង​មហាផ្ទៃ តាម​ពិត​ទៅ គ.ជ.អ.ប ជា​ស្ថាប័ន​របស់​រាជ​រដ្ឋាភិបាល​ដែល​ជា​កន្លែង​សម្រប​សម្រួល​ក្នុង​ការ​អនុវត្ត​កំណែ​ទម្រង់​វិមជ្ឈការ​និង​វិសហ​មជ្ឈការ (D&D)។ ប្រហែល​មក​ពី​ការ​ភាន់​ច្រឡំ​បែប​នេះ​ហើយ ដែល​អាច​ជា​ឧបសគ្គ​មួយ​ប៉ះពាល់​ដល់​ការ​អនុវត្ត (D&D) នេះ ក្នុង​នោះ​មាន​អនុ​កម្មវិធី​តែ​មួយ​ទេ ក្នុង​ចំណោម​អនុ​កម្មវិធី​ទាំង ៦ របស់ គ.ជ.អ.ប ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ពង្រឹង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​នៃ​ក្រសួង​តាម​រយៈ​ការ​អភិវឌ្ឍ​សមត្ថភាព។

ក្រៅ​ពី​នោះ ការ​ផ្ទេរ​មុខ​ងារ ទាំង​ធន​ធាន​ថវិកា​ពី​ថ្នាក់​ជាតិ​ទៅ​ថ្នាក់​ក្រោម​ជាតិ គឺ​ស្ថិត​នៅ​ក្រោម​ចំណុះ​របស់​សាមី​ក្រសួង​នីមួយៗ ដែល​ជា​អ្នក​អនុវត្ត (D&D) នេះ គ្រាន់​តែ​អាជ្ញាធរ​ដែន​ដី​មាន​តួនាទី​ជា​អ្នក​គ្រប់​គ្រង និង​សម្រប​សម្រួល​ផ្នែក​រដ្ឋបាល​ដើម្បី​ឲ្យ​ដំណើរ​ការ​អនុវត្ត​ផែនការ​សកម្មភាព​តាម​បែប​លទ្ធិ​ប្រជាធិបតេយ្យ​តាម​រយៈ​វិមជ្ឈការ និង​វិសហ​មជ្ឈការ​កាន់​តែ​ប្រសើរ​ឡើង។

ឧទាហរណ៍ ប្រធាន​ក្រុម​ប្រឹក្សា​ឃុំ ក៏​ជា​ប្រធាន​គណៈ​កម្មការ​គ្រប់​គ្រង​មណ្ឌល​សុខភាព​ណា​ដែល​ស្ថិត​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ឃុំ​នោះ​ដែរ តែ​មេឃុំ​នោះ មិន​មែន​ជា​អ្នក​គ្រប់​គ្រង​ផ្នែក​បច្ចេកទេស​ពេទ្យ​នោះ​ទេ​គឺ​គាត់​មាន​តួនាទី​មើល​ការ​ខុស​ត្រូវ​នៅ​ដែន​សមត្ថិកច្ច​របស់​គាត់ ហើយ​គាត់​អាច​ជួយ​ក្នុង​កិច្ច​សហ​ប្រតិបត្តិការ​មណ្ឌល​សុខភាព ជួយ​ផ្សព្វ​ផ្សាយ​អំពី​ជំងឺ​ឆ្លង​ការ​ណែ​នាំ​ប្រជា​ពលរដ្ឋ​ឲ្យ​មក​ទទួល​សេវា​នៅ​មណ្ឌល​សុខភាព ឬ​ក៏​ស្វែង​រក​ដោះ​ស្រាយ​បញ្ហា​វិវាទ​រវាង​អ្នក​ផ្តល់​សេវា​សុខាភិបាល និង​ប្រជា​ពលរដ្ឋ​ដែល​មក​ទទួល​សេវា ជាដើម ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​ឃុំ​ទាំង​មូល​មាន​ការ​អភិវឌ្ឍ។

នេះ​គ្រាន់​តែ​ជា​សកម្មភាព​មួយ​របស់​វិមជ្ឈការ និង​វិសហ​មជ្ឈការ (D&D) តែ​បើ​ក្រឡេក​មើល​ទៅ​ស្ថាប័ន​ជាច្រើន​នៅ​មិន​ទាន់​មាន​សកម្មភាព​នេះ​នៅ​ឡើយ​ទេ គឺ​សាមី​ក្រសួង​នៅ​ថ្នាក់​ជាតិ មិន​ទាន់​បាន​ផ្ទេរ​មុខ​ងារ និង​ធនធាន​ថវិកា​មក​ថ្នាក់​ក្រោម​ជាតិ​នៅ​ឡើយ គឺ​មើល​ទៅ​តាំង​ពី​ថ្នាក់​ខេត្ត ថ្នាក់​ស្រុក រហូត​ដល់​ឃុំ ឃើញ​ការិយាល័យ​ខ្លះ​នៅ​បិទ​ទ្វារ​ចាក់​សោ​ចោល នៅ​លើ​តុ​សុទ្ធ​តែ​ធូលី និង​ពីង​ពាង​ព័ទ្ធ ពោល​គឺ​មិន​ដំណើរការ​អ្វីៗ​ស្ថិត​នៅ​ថ្នាក់​ជាតិ​ទាំង​អស់​ជា​អ្នក​អនុវត្ត និង​សម្រេច​គឺ​នៅ​មាន​អំណាច​ប្រមូល​ផ្តុំ​នៅ​ថ្នាក់​កណ្តាល​ទាំង​អស់។

ឧទាហរណ៍ គ្រាន់​តែ​ធ្វើ​លិខិត​ថ្កោល​ទោស​មួយ បើ​អ្នក​នៅ​តាម​ជនបទ​តាម​ខេត្ត​គឺ​ត្រូវ​ធ្វើ​ដំណើរ​ដេក​ហូប មក​រាជធានី​ភ្នំពេញ​នៅ​ក្រសួង​យុត្តិធម៌​ហើយ​បើ​ប្តឹង​ប្តល់​គ្នា​ដល់​សាលា​ឧទ្ធរណ៍​និង​តុលាការ​កំពូល​ក៏​នាំ​គ្នា​មក​រាជធានី​ភ្នំពេញ​ដែរ ដូច​គ្នា​នេះ​ដែរ​បើ​ចង់​ធ្វើ​ប៉ាស្ព័រ ក៏​ត្រូវ​មក​ដេក​ចាំ​នៅ​រាជធានី​ភ្នំពេញ​ដែរ ឯណា​ទៅ​ការ​អនុវត្ត​វិមជ្ឈការ និង​វិសហ​មជ្ឈការ​នៅ​ស្រុក​ខ្មែរ​ឲ្យ​មាន​ប្រសិទ្ធ​ភាព​នោះ?

ម្យ៉ាង​វិញ​ទៀត ឥឡូវ​នេះ​កំណែ​ទម្រង់​ថ្មី​មួយ​ទៀត​ហើយ របស់​ក្រសួង​អប់រំ គឺ​ការ​ប្រឡង​បាក់ឌុប​ឆ្នាំ​នេះ នៅ​ថ្ងៃ ទី៤ ខែ​សីហា គឺ​លែង​ប្រឡង​ដូច​មុន​នៅ​តាម​ស្រុក​ទៀត​ហើយ​គឺ​កូន​សិស្ស​ត្រូវ​តែ​មក​ប្រឡង​នៅ​ទីក្រុង​របស់​ខេត្ត​នីមួយៗ​ទៅ​វិញ​គឺ​យក​ម៉ូត​សម័យ​សង្គម​រាស្រ្ត​និយម និង​សម័យ លន់ នល់ ដែល​ផ្ទុយ​ទៅ​នឹង​ការ​អនុវត្ត (D&D) ហើយ​ក្រសួង​អប់រំ​ក៏​អំពាវនាវ​ដល់​មន្ត្រី​តាម​ខេត្ត​នានា ឲ្យ​សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត​ដើម្បី​សម្រួល​ឲ្យ​កូន​សិស្ស​ដែល​មក​ពី​ថ្នាក់​ស្រុក​បាន​ទទួល​ការ​ស្នាក់​នៅ​ក្បែរៗ​មណ្ឌល​ប្រឡង ដើម្បី​បង្ក​ភាព​ងាយ​ស្រួល​ដល់​សិស្សា​នុសិស្ស។ កំណែ​ទម្រង់​នេះ គឺ​ចង់​បាន​ភាព​ងាយ​ស្រួល ក្នុង​ការ​គ្រប់​គ្រង និង​ការ​លុប​បំបាត់​អំពើ​ពុក​រលួយ នៅ​ពេល​ប្រឡង តែ​ផ្ទុយ​ទៅ​វិញ ការ​ធ្វើ​បែប​នេះ​ហាក់​បី​ដូច​ជា​ធ្វើ​ឲ្យ​យុវសិស្ស​មិន​មាន​ភាព​សុខ​ស្រួល​មុន​នឹង​ទៅ​ប្រឡង នៅ​ពេល​ធ្វើ​ដំណើរ​មក​ទីក្រុង​នៃ​ខេត្ត​គឺ​ធ្វើ​ឲ្យ​ពួក​គេ​មាន​ការ​ភ្លេច​ភ្លាំង​មួយ​ចំនួន គឺ​ប្រៀប​ដូច​អ្នក​ធ្វើ​ដំណើរ​ត្រូវ​ចាំ​នូវ​អីវ៉ាន់​ដែល​មក​តាម​ខ្លួន​ផង។

ជាង​នេះ ទៅ​ទៀត​នោះ​គឺ​ការ​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់​ចរាចរណ៍ ប្រសិន​បើ​កើត​ឡើង​ចំពោះ​ពួក​គេ​ដល់​អាយុ​ជីវិត​ថា តើ​ក្រសួង​អប់រំ​គិត​គូរ​យ៉ាង​ដូច​ម្តេច? ទោះ​ជា​យ៉ាង​ណា​ក្តី តាម​រយៈ​ការ​ធ្វើ​ការ​វាយ​តម្លៃ​ពាក់​កណ្តាល​កម្មវិធី​អភិវឌ្ឍន៍​ផែនការ​យុទ្ធសាស្ត្រ​ជាតិ ឆ្នាំ​២០០៩-២០១៣ រក​ឃើញ​ថា ការ​ធ្វើ​កំណែ​ទម្រង់ និង​ការ​អនុវត្ត​វិមជ្ឈការ និង​វិសហ​មជ្ឈការ​នេះ ក៏​បាន​ចូល​រួម​កាត់​បន្ថយ​ភាព​ក្រីក្រ និង​មូលនិធិ​ឃុំ-សង្កាត់​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សុខុមាលភាព​ប្រជា​ពលរដ្ឋ​ដែរ​តាម​រយៈ​ការ​សាង​សង់​ផ្លូវ​តាម​ជនបទ (MOP,2011)។ ហេតុ​ដូច​នេះ ធ្វើ​ឲ្យ​ក្រុម​ប្រឹក្សា​ឃុំ​តែង​តែ​គិត​ថា នៅ​ពេល​ដែល​ពួក​គាត់ ទទួល​បាន​មូលនិធិ​ឃុំ-សង្កាត់​ភ្លាម គឺ​ពួក​គាត់​គិត​ពី​រឿង​ផ្លូវ​ថ្នល់​ភ្លាម ដោយ​យល់​ឃើញ​ថា ជា​អាទិភាព​ផង​ហើយ​នៅ​ពី​ក្រោយ​ឈុត​ឆាក​នោះ​គឺ​ទាញ​ផល​ប្រយោជន៍​នយោបាយ​បាន​ផង​ដែរ គឺជា​របស់​ដែល​ប្រជា​ពលរដ្ឋ​ងាយ​ស្រួល​នឹង​មើល​ឃើញ​ដើម្បី​ទាក់​ទាញ​សន្លឹក​ឆ្នោត។ តែ​បើ​សួរ​ទៅ​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ថា​តើ​ចង់​អភិវឌ្ឍន៍​ឃុំ-សង្កាត់​តាម​រយៈ​ការ​គាំពារ​សុខុមាលភាព​សង្គម​វិញ​គឺ​ដូច​ជា​មិន​សូវ​ចង់​ទេ បើ​ទោះ​បី​ជា​មូលនិធិ​ឃុំ​-សង្កាត់​មាន​ខ្ទង់​ចំណាយ​ក៏​ដោយ។

ហេតុ​អ្វី​បាន​ជា​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ មិន​លើក​ទឹក​ចិត្ត​ប្រជា​ពលរដ្ឋ​របស់​ខ្លួន​ដែល​រស់​នៅ និង​ប្រើ​ប្រាស់​ផ្លូវ​ក្នុង​សហគមន៍​រាល់​ថ្ងៃ​ឲ្យ​ធ្វើ​ជា​ម្ចាស់​នាំ​គ្នា​ជួយ​លើក​ដី​ដាក់​ផ្លូវ​ម្នាក់ ៤ ទៅ ១០ បង្គី​ម្នាក់​ទៅ​ហើយ​ប្រាប់​គាត់​ថា ផ្លូវ​ទាំង​នោះ​ជា​របស់​ពួក​គាត់​ទៅ ហើយ​យក​ថវិកា​នោះ​ទៅ​ជួយ​ទៅ​លើក​កម្ពស់​សុខភាព​ស្ត្រី និង​កុមារ​ជា​ជាង​យក​យក​ទៅ​ចាយ​តែ​កន្លែង​ដដែលៗ​នោះ?

ជា​សរុប​មក​វិញ​រាជ​រដ្ឋាភិបាល​គួរ​តែ​ធ្វើ​ការ​សិក្សា​អំពី​ការ​អនុវត្ត D&D ឲ្យ​បាន​ជាក់​លាក់​ពី​ការ​ចូល​រួម​កាត់​បន្ថយ​ភាព​ក្រីក្រ និង​ជួយ​ជំរុញ​ស្ថាប័ន​នា​នា​ឲ្យ​យល់​ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ​ចំពោះ​ការ​អភិវឌ្ឍ​តាម​បែប​លទ្ធិ​ប្រជាធិបតេយ្យ​តាម​រយៈ​ការ​អនុវត្ត​វិមជ្ឈការ និង​វិសហ​មជ្ឈការ (D&D) នេះ​ប្រកប​ដោយ​ចីរភាព៕

ចូល​រួម​ផ្តល់​យោបល់​តាម​រយៈ soprach.tong@phnompenhpost.com

អត្ថបទគួរចាប់អារម្មណ៍