
អគារចាស់ទ្រុឌទ្រោម (អង្គរជ័យ) នៅផ្លូវព្រះមុនីវង្សកែងផ្លូវកម្ពុជាក្រោមបច្ចុប្បន្ន។ ហុង មិនា
ការត្រួតពិនិត្យសំណង់លំនៅឋាន វិហារ វត្តអារាម ឬអគារកន្លែងធ្វើការ ឬក៏រោងចក្រគឺមានសារៈសំខាន់ ដើម្បីបញ្ចៀសឱ្យបាននូវគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ មិនថាជាសំណង់ថ្មី ឬក៏សំណង់ចាស់នោះទេ។ ជួនកាលអ្នកទិញយកមកប្រើប្រាស់មិនបានដឹងពីការសាងសង់នោះទេ រីឯការត្រួតពិនិត្យភាគច្រើនមានការចន្លោះប្រហោងនៅពេលឈ្មួញសាងសង់ផ្ទះមានការកិបកេងតាំងពីដែក ស៊ីម៉ងត៍ បេតុង ជាដើម។
តែនៅពេលមានគ្រោះថ្នាក់ មិនមែនពួកគេនោះទេ គឺអ្នកប្រើប្រាស់ ឬក៏កម្មករសាងសង់ឯណោះទេ ដូចជាករណីកន្លងមកមានការបាក់អគារនៅខេត្តព្រះសីហនុ ខេត្តកែប បាក់សាលាឆាន់នៅខេត្តសៀមរាបជាដើម។
រីឯសំណង់ចាស់ៗក៏ងាយនឹងបាក់របះផ្នែកនៃសំណង់មកបណ្តើរៗផងដែរដូចជា អគារអង្គរជ័យដែលចាស់ទ្រុឌទ្រោមស្ថិតនៅកាច់ជ្រុងមហាវិថីព្រះមុនីវង្សកែងមហាវិថីកម្ពុជាក្រោមក្នុងខណ្ឌ៧មករា បានបង្ហាញក្ដីបារម្ភពីគ្រោះថ្នាក់ក្រោយពីមានការរបេះដុំថ្មធ្លាក់មកលើថ្នល់ត្រូវចំរថយន្តដែលកំពុងចតនៅលើចិញ្ចើមផ្លូវកាលពីខែមីនាឆ្នាំ ២០២០ កន្លងទៅ។
អគារនោះមានអាយុកាលប្រមាណ ៧០ ឆ្នាំហើយ ចំណែកឯខាងសាលារាជធានីបានប្រាប់កាសែតភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ២ ខែកញ្ញា កន្លងទៅនេះថា សាលារាជធានីមិនទាន់មានចំណាត់ការ និងមានការសម្រេចចិត្តនៅឡើយទេចំពោះបញ្ហាអគារនេះ ដោយគ្រាន់តែផ្ដល់យោបល់ដល់ពលរដ្ឋថា មិនគួរបន្តស្នាក់នៅទីនោះទៀតទេ។
បើនិយាយពីសំណង់ចាស់ៗសល់តាំងពីជំនាន់បារាំងនៅម្តុំផ្សារចាស់វិញ គឺមួយចំនួនកាន់តែចាស់ទ្រុឌទ្រោមមែនទែនហើយ ហើយក៏ធ្លាប់បាក់រលំផងដែរ។ ចំណែកសំណង់ខ្លះទុកចោលចំហមិនបានសាងសង់អ្វីនោះទេ បន្ទាប់ពីរុះរើរួច។ ដូចជាសំណង់នៅជិតក្រសួងរ៉ែ និងថាមពលអ៊ីចឹង គឺសំណង់ប្រៀបដូចធ្មេញចំហអ៊ីចឹង ទី១ គឺមិនស្អាតហើយ ទី២ វាអាចទាញធ្មេញសងខាងឱ្យរួមចូលគ្នាបន្តិចម្តងៗបាន។
ប៉ុន្តែផ្ទុយទៅវិញមានសំណង់ខ្លះមានលក្ខណៈបែបបុរាណសម័យអាណានិគមបារាំង តែបែរជាម្ចាស់ផ្ទះ ឬក៏ម្ចាស់អគារវាយចោលសាងសង់ថ្មីបែបសំណង់សម័យទៅវិញ ជាពិសេសនៅម្តុំវិមានឯករាជ្យ ដូចជា អតីតហាង Elsewhere នៅលើផ្លូវប៉ាស្ទ័រ ជាប្រភេទផ្ទះវីឡាសល់ពីជំនាន់បារាំង មានប្លង់សួនច្បារ អាងហែលទឹក តែត្រូវម្ចាស់ផ្ទះឈប់ជួល។ បន្ទាប់មកម្ចាស់ផ្ទះបានវាយផ្ទះបុរាណនោះចោលទាំងមូលដើម្បីបើកក្លិបឌីស្កូ 2ND ដែលត្រូវបានភ្លើងឆេះកាលពីថ្មីៗនេះ។
រីឯអគារនៅអគ្គនាយកដ្ឋានបចេ្ចកទេសនៃក្រសួងសង្គមកិច្ចនៅទល់មុខវិទ្យាល័យព្រះស៊ីសុវត្ថិក៏ត្រូវបានគេដោះដូរ ហើយវាយចោលសង់ជាអគារថ្មីរបស់ក្រុមហ៊ុន។ យ៉ាងណាមិញអគារបុរាណសម័យបារាំង ឬអគារបុរាណទាំងអស់ត្រូវបានគេវាយចោល តែកន្លែងខ្លះបានសង់ថ្មីឡើងវិញ។ សំណួរសួរថាតើរាល់អគារបុរាណ ឬក៏បុរាណសម័យបារាំងសុទ្ធតែកម្ទេចចោលស្រេចតែនឹងចិត្តរបស់ម្ចាស់ ឬក៏អគារចាស់ៗត្រូវដែនសមត្ថកិច្ចណាជាអ្នកសម្រេចថាតើទុក ឬវាយចេញដើម្បីកាត់បន្ថយហានិភ័យ និងគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ?
បើតាមប្រសាសន៍លោក ឡុង ប៉ុណ្ណស៊ីរីវត្ថ អ្នកនាំពាក្យក្រសួងវប្បធម៌ថា៖ «ចំពោះករណីអគារ ផ្ទះ វត្ត ឬក៏ស្ពានបុរាណ ឬក៏បុរាណសម័យបារាំងដែលត្រូវបានចុះបញ្ជីបេតិកភណ្ឌជាតិរួចហើយ គឺចាំបាច់ត្រូវរក្សាសំណៅដើមបើទោះបីជាមានការខូចខាតពុកផុយយ៉ាងដូចម្តេចក៏ដោយគឺទុកសំណៅដើម និងហាមប្រើប្រាស់។ ប៉ុន្តែក្នុងករណីវាយកម្ទេចធ្វើថ្មី លុះត្រាតែហេតុផលសេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋ ហើយបើមិនសូវសំខាន់ណាស់ណាទេ គេជួសជុល ឬក៏ទុកចោលទៅធ្វើថ្មី ១ វិញ ដើម្បីជំនួសពោលគឺមានលក្ខណៈបត់បែនធ្វើទៅតាមភាពជាក់ស្តែងនៃការស្នើសុំគោលការណ៍។ ឧទាហរណ៍ស្ពានសម័យបុរាណនៅកំពង់ក្តី ចន្លោះពីខេត្តកំពង់ធំ ទៅខេត្តសៀមរាប គឺទុករក្សាដដែលប៉ុន្តែឈប់ឱ្យធ្វើដំណើរឆ្លងកាត់ ហើយសាងសង់ស្ពានថ្មីទំនើបមួយនៅក្បែរគ្នា។ ដូចគ្នានេះដែរស្ពានបុរាណសម័យបារាំងនៅខេត្តកំពត និងខេត្តបាត់ដំបង គឺសុទ្ធតែទុកលម្អគ្រាន់បានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសខេត្តទាំង ២ ហ្នឹងសម្បូរផ្ទះ និងអគារសម័យបុរាណបារាំង មិនអនុញ្ញាតឱ្យវាយកម្ទេចស្រេចតែចិត្តនោះទេ» ។
លោក ប៉ុណ្ណស៊ីរីវត្ថ បានបន្តទៀតថា៖ «តែសម្រាប់ករណីអគារចាស់ៗនៅសម័យសង្គមរាស្ត្រនិយមវិញ គឺមានក្រសួងរៀបចំដែនដីដឹកនាំអន្តរក្រសួង និងអាជ្ញាធរដែនដីចូលរួមជាអ្នកសម្រេចថាតើត្រូវកម្ទេចចោល ឬក៏ទុកដោយហេតុផលសេដ្ឋកិច្ច និងរកដំណោះស្រាយជាមួយប្រជាពលរដ្ឋ។ ដូចករណីនៅអគារប៊ុលឌិងដែលចាស់ពុកផុយត្រូវបានដោះស្រាយដោយសំណងសមរម្យជូនប្រជាពលរដ្ឋ»។
កាលពីដើមខែនេះក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានតែងតាំងមន្ត្រីអធិការកិច្ចចំនួន ៣៦២ នាក់ ដើម្បីចុះតាមដានអង្កេតស្រាវជ្រាវ ត្រួតពិនិត្យ ប្រមូលភ័ស្តុតាង និងជំរុញការអនុវត្តច្បាប់ស្តីពីសំណង់នៅទូទាំងប្រទេស។ តែមើលទៅការចុះបេសកកម្មនេះហាក់បីដូចជាចុះត្រួតពិនិត្យមើលសំណង់ថ្មីៗទេ ហើយវាក៏ជាការងារស្នូលរបស់អង្គភាពហ្នឹងដែរ។
តែអ្វីដែលសំខាន់ចំពោះមុខនេះ គឺត្រូវរកដំណោះស្រាយជាបន្ទាន់សម្រាប់ប្រជាពលរដ្ឋដែលកំពុងរស់នៅផ្ទះ ឬក៏អគារដែលពុកផុយដូចអគារអង្គរជ័យដែលចាស់ទ្រុឌទ្រោមស្ថិតនៅលើផ្លូវព្រះមុនីវង្ស កែងផ្លូវកម្ពុជាក្រោមជាដើម។ សម្រាប់អគារហ្នឹងគួរតែរកយុទ្ធសាស្ត្រឈ្នះឈ្នះ ទាំងរដ្ឋាភិបាល និងពលរដ្ឋដោយដាក់ឱ្យក្រុមហ៊ុនដេញថ្លៃ ដើម្បីវាយកម្ទេចចោលសាងសង់ថ្មីធ្វើជាផ្សារទំនើប ឬក៏ខុនដូវិញល្អជាងទុកឱ្យនៅទ្រុឌទ្រោមពុកផុយរបេះម្តងបន្តិចៗរង់ចាំតែថ្ងៃបាក់រលំនោះ។ ប្រសិនបើមានករណីបាក់រលំអគារនេះមែនរដ្ឋាភិបាល និងសាលារាជធានីភ្នំពេញពិតជាចៀសមិនផុតពីការរិះគន់ និងស្តីបន្ទោសថា មានការយឺតយ៉ាវក្នុងការដោះស្រាយករណីនេះជាក់ជាមិនខានឡើយ។
សម្រាប់ករណីបែបនេះបើត្រឹមតែប្រាប់ពលរដ្ឋកុំឱ្យបន្តរស់នៅសំណង់ចាស់ៗនាំឱ្យគ្រោះថ្នាក់ដល់អាយុជីវិតគឺពិតជាមិនបានជោគជ័យទេ សំណួរសួរថា តើឱ្យពួកគាត់ទៅនៅឯណា? ពីព្រោះថាបើពួកគាត់មានលុយគឺមិនទៅនៅកន្លែងគ្រោះថ្នាក់បែបនេះទេ។ ពួកគាត់ថា វាគ្រោះថ្នាក់ដែរ តែវាទ័លត្រង់អត់មានដំណោះស្រាយ ហើយផ្ទះអគារចាស់ៗអ៊ីចឹង បើគាត់ចង់លក់ក៏មិនបានថ្លៃ ឬក៏គេមិនហ៊ានទិញតែម្តង សូម្បីតែជួលក៏គេទៅរកទីតាំងមានសុវត្ថិភាពដែរ។
សរុបមកវិញចំពោះសំណង់ចាស់ៗទាំងបុរាណ ទាំងបុរាណសម័យបារាំង និងទាំងសម័យសង្គមរាស្ត្រនិយម គួរតែអនុវត្តឱ្យបានហ្មត់ចត់ទៅតាមច្បាប់ និងគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលដែលសម្រេចថា តើរក្សាទុកបានកម្រិតប៉ុនណា? បើរក្សាទុកសំណង់បុរាណ ឬក៏បុរាណសម័យបារាំងគឺត្រូវកែលម្អខាងក្នុង តែសម្បកខាងក្រៅឱ្យរក្សាទម្រង់នៅដដែលគ្រាន់តែជួសជុលលាបថ្នាំថ្មីឡើងវិញបានហើយ (Renovation)។
ដូចជាស្ថានីយរាជាអយស្ម័យាន រៀបចំថ្មីស្អាតដូចរបស់ដើម ដូចអគារនៅក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អគារទីភ្នាក់ងារអភិវឌ្បន៍បារាំង (AFD) សណ្ឋាគារ Le Royal និងផ្សារមូលបត្រកម្ពុជា (CSX) គឺគ្រាន់តែរៀបចំកែច្នៃខាងក្នុងបន្តិចបន្តួច រីឯខាងក្រៅមើលទៅម៉ូដសម័យបារាំងដដែល។ តែប្រសិនបើអគារហ្នឹងចាស់ពេកដូចនៅសាលាបឋមសិក្សាដូនពេញសម្រេចវាយចោលអគារចាស់ៗសង់ថ្មីព្រោះខ្លាចគ្រោះថ្នាក់ដល់កុមារ។
ដូចគ្នានេះដែរ ប្រសិនបើស្ពានសម័យបារាំងក៏ត្រូវជួសជុលលាបពណ៌ឱ្យស្អាតផងដែរដើម្បីឱ្យមើលទៅអាចដើរបានមិនមានការភ័យខ្លាច។
ក៏ប៉ុន្តែសម្រាប់ផ្ទះចាស់ៗមានលក្ខណៈពុកផុយខ្លាំង រាជរដ្ឋាភិបាលគួរតែរកដំណោះស្រាយជាមួយពលរដ្ឋថា តើត្រូវដាក់ឱ្យដេញថ្លៃវាយចោលសង់ថ្មីភ្លាមៗដោយកុំទុកឱ្យចំហចោលដែលអាចទាញសម្ពាធពីផ្ទះសងខាងឬមួយយ៉ាងណា? ព្រោះកាលពីខែមករាឆ្នាំ ២០២០ សាលារាជធានីបានដាក់ផែនការស្រង់ស្ថិតិផ្ទះ និងអគារចាស់ៗទ្រុឌទ្រោមដែលបង្កហានិភ័យដល់អាយុជីវិតពលរដ្ឋរស់នៅផ្ទាល់ និងអ្នកធ្វើដំណើរតាមទីសាធារណៈរួចហើយ។
រីឯបញ្ហាគ្រោះថ្នាក់បាក់ផ្ទះ និងអគារក៏សុទ្ធតែធ្លាប់បានជួបប្រទះរួចហើយផងដែរ។ ហេតុដូចនេះការអភិវឌ្ឍ និងការអភិរក្សសំណង់សម័យមុនក៏ត្រូវតែដើរទន្ទឹមគ្នាផងដែរ ដូចជា នៅទីក្រុង លីវើភូល ប្រទេសអង់គ្លេសកាលពីឆ្នាំ ២០០៨ គឺត្រូវបានសហគមន៍អឺរ៉ុបឱ្យឈ្មោះថាជាទីក្រុងវប្បធម៌បែបក្លាស៊ិកនៅអឺរ៉ុប (European Capitals of Culture 2008) ដោយសារតែនៅទីនោះមានការរៀបចំចាត់ចែងបានប្រសើរ៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com