
នគរបាលឃាត់ឡានធំចូលក្រុង បង្កគ្រោះថ្នាក់ចរាចរណ៍កន្លងមក។ សហការី
ប៉ុន្មានថ្ងៃកន្លងទៅនេះ មានគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរផ្ទួនៗ ដែលបង្កឡើងដោយរថយន្តធំៗ ដូចជារថយន្តធំដឹកទំនិញបុកផ្ទះស្លាប់ ៣ នាក់ និងរបួសធ្ងន់ម្នាក់ នៅស្វាយរៀង, រថយន្តបែនដឹកដី ១ គ្រឿង បុករថយន្តតូចៗ ៧ គ្រឿងផ្សេងទៀតនៅខណ្ឌសែនសុខ, រថយន្តកុងតឺន័រដឹកដែក ១ គ្រឿង បើកបុករថយន្តកាមរីឆ្លាម បណ្ដាលឲ្យធ្លាក់ចូលប្រឡាយទឹក ស្លាប់មនុស្ស ៣ នាក់ និង ២ នាក់រងរបួសធ្ងន់ នៅខណ្ឌពោធិ៍សែនជ័យ, ឡានធំដឹកស៊ីទែនក្រុមហ៊ុនស៊ីម៉ងត៍ បុកមនុស្សស្លាប់ស្ថិតក្នុងសង្កាត់ចោមចៅទី ៣ និងឡានក្រឡុកស៊ីម៉ងត៍បុកអ្នកដំណើរស្លាប់ម្នាក់ និងរបួស ៣ នាក់នៅវិទ្យាល័យបឹងត្របែកកណ្តាលរាជធានីភ្នំពេញ។
ចំពោះគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ទាំងនេះក្រសួងសាធារណការ និងដឹកជញ្ជូនហាក់បីដូចជាមិនឃើញយកចិត្តទុកដាក់ ផ្តល់អាទិភាពប្រមូលអ្នកបើកបរឡានធំៗទាំងអស់ដែលកំពុងបង្កគ្រោះថ្នាក់រាល់ថ្ងៃនេះទេ តែបែរជាមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញខ្វែងដៃខ្វែងជើង ផ្តល់វគ្គបណ្តុះបណ្តាលបើកបរ ដល់អ្នកបើកបរម៉ូតូកង់ ៣ ឥណ្ឌារយៈពេល ២ ខែ ដែលកម្របង្កគ្រោះថ្នាក់ទៅវិញ។
តើនេះមកពីមូលហេតុអ្វី បានជាមិនហៅអ្នកបើកឡានធំៗ បង្កគ្រោះថ្នាក់ដូចជាឡានកុងតឺន័រ ឡានបែនដឹកដី ឡានក្រឡុកស៊ីម៉ងត៍ ឡានដឹកទំនិញ ឡានដឹកសាំង ឬក៏ហ្គាស, ឡានបឺសដឹកអ្នកដំណើរធំៗ និងឡានដឹកកម្មកររោងចក្រច្រើនៗ?
តើនេះមកពីក្រសួងសាធារណការ មិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការកោះហៅក្រុមហ៊ុនឲ្យបញ្ជូនអ្នកបើកបររបស់ពួកគេ មកចូលរួមវគ្គបណ្តុះបណ្តាលបើកបរបច្ចេកទេសបន្ថែម?
ទោះបីជា លោក ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ទើបតែដាក់ចេញគោលការណ៍ណែនាំ ចំនួន ៨ ចំណុចសំខាន់ៗ ដើម្បីជំរុញការងាររបស់គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក នាឆ្នាំ ២០១៩ ក៏ដោយ។
ចំពោះបញ្ហាឡានធំនេះ បើតាមការសង្កេតមើលការបើកបររបស់ពួកគេរាល់ថ្ងៃនេះ បើមិនបុកគេទេ គឺបើកលឿនៗឆាបតាមថ្នល់ ហើយបើពួកគេចុចស៊ីប្លេវិញ គឺធ្វើឲ្យអ្នកដំណើរភ្ញាក់ភ័យចង់ចូលឡានដូចករណីនៅសង្កាត់ចោមចៅទី ៣ កាលពីចុងខែមុននេះ។
ពួកគេបើកដូចជាគ្មានមេត្តា និងប្រមាថអាយុជីវិតដល់អ្នកធ្វើដំណើរ តាមផ្លូវដូចគ្នា ហើយហាក់បីដូចជាមិនដែលបានចូលរៀនសាលាបើកបរសោះ បូលិសធ្វើចរាចរណ៍ ដូចមិនសូវខ្វល់អំពីអ្នកបើកបរឡានធំ ប៉ុន្មានទេព្រោះពេលខ្លះ បានលាភពីថៅកែម្ចាស់ឡាន។
តែនៅពេលប៉ះគេ ឬក៏បុកគេហើយ តាំងបើករត់ បើប៉ូលិសចាប់បាន អ្នកបើកបរឆ្លើយថា មកពីដាច់កាឡេ ឬក៏ដាច់ ហ្រ្វាំង។ តាមពិតទៅពួកគេចេះតែថាទេ បើតាមអ្នកដែលធ្លាប់បើកឡានធំៗ បានចែករំលែកមកថា មកពីពួកគេ មិនចេះបើកបរត្រឹមត្រូវ និងរបៀបប្រើឡានធំ គឺពិសេសនៅពេលឡើងចំណោត ឬក៏ឡើងស្ពានពួកគេបើកលេខ ៤ ឬក៏លេខ ៥ នៅពេលល្បឿនកំពុងតែលឿនហើយចុះចំណោតទៀត ពេលនោះ ឡានពិបាកជាន់ ហ្រ្វាំងណាស់ព្រោះ ហ្រ្វាំងខ្យល់ រីឯការសាងលេខ អត់ចង់ចូលមកលេខ ២ ឬក៏លេខ ៣ វិញ មិនចូលទេ នេះហើយជាបញ្ហាអ្នកបើកបរមិនមានសមត្ថភាពនោះ។
ចំណុចនេះ អ្នកបើកបរឡានធំ ពេលឡើងចំណោត ឬក៏ឡើងស្ពាន ត្រូវសាងមកលេខតិច ២ ឬក៏ ៣ ដើម្បីចុះចំណោតវិញ បានលេខតិចហ្នឹងហើយ ជួយទប់ល្បឿន មិនបណ្តាលឲ្យគ្រោះថ្នាក់ចរាចរណ៍។
ម្យ៉ាងទៀត ក្រុមហ៊ុនឡានធំៗភាគច្រើន ឥឡូវទិញធានារ៉ាប់រង អ៊ីចឹងអ្នកបើកបរ ឲ្យតែបើកបុកគេហើយ ធ្វើយ៉ាងណារត់ឲ្យរួចខ្លួនរួចហើយម្ចាស់ក្រុមហ៊ុន ឲ្យអ្នកច្បាប់ប្រចាំក្រុមហ៊ុនគេ ទៅដោះស្រាយជាការស្រេច។
ការដែលអ្នកបើកឡានធំៗគ្មានសីលធម៌ និងគ្មានអធ្យាស្រ័យក្នុងការបើកបរ និងខ្លះប្រើប្រាស់គ្រឿងញៀន និងគ្រឿងស្រវឹង ដូចដែលអាជ្ញាធរបានរកឃើញកន្លងរួចមកហើយ គឺសុទ្ធតែជះឥទ្ធិពលដល់ករណីគ្រោះថ្នាក់ចរាចរណ៍រាល់ឆ្នាំ។
តាមរបាយការណ៍ក្រសួងមហាផ្ទៃដែលភ្នំពេញប៉ុស្តិ៍ទទួលបានបង្ហាញថា ក្នុង ១ ឆ្នាំ ២០១៨ គ្រោះថ្នាក់ចរាចរណ៍កើតឡើង ៣ ២៦៧ លើក ថយចុះជិត ៣០០ លើក បើធៀបនឹងឆ្នាំ ២០១៧។ រីឯមនុស្សជិត ១ ៨០០ នាក់បានបាត់បង់ជីវិត ដោយសារគ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវក្នុងឆ្នាំ ២០១៨ គឺថយចុះជិត ១០០ នាក់ បើធៀបនឹងឆ្នាំ ២០១៧។
ហេតុដូច្នេះហើយ គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក គួរចាត់វិធានការឲ្យបានតឹងរឹុង ចំពោះក្រុមហ៊ុនដែលមានឡានធំៗ ដើម្បីឲ្យអ្នកបើកបរពួកគេ បានចូលរួមវគ្គបណ្តុះបណ្តាល ស្តីពីការបើកបរបន្ថែមដើម្បីឲ្យមានសុវត្ថិភាពទាំងអ្នកធ្វើដំណើរតាមដងផ្លូវផង, សុវត្ថិភាពផ្ទាល់ខ្លួន អ្នកបើកបរឡានធំផង និងទ្រព្យសម្បត្តិ និងកាត់បន្ថយការចំណាយខ្ជះខ្ជាយរបស់ក្រុមហ៊ុន ដោយសារតែអ្នកបើកបរឡានធំៗទាំងនេះ។
ជាងនេះទៅទៀត ការបង្រៀនអ្នកបើកបរឡានធំនេះទាំងក្រមសីលធម៌ ទាំងចិត្តសាស្ត្រ ទាំងគោរពភាពជាមនុស្សផង។
រីឯម្ចាស់ក្រុមហ៊ុន ត្រូវដាក់ប្រើប្រព័ន្ធ GPS ដើម្បីវាស់ល្បឿនអ្នកបើកបរ និងគ្រប់គ្រងអ្នកបើកបរ កុំឲ្យប្រើប្រាស់គ្រឿងញៀន ឬក៏គ្រឿងស្រវឹងពេលបើកបរឲ្យខាងតែបាន៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com