
សិស្សនាំគ្នាដាក់ពាក្យបណ្ដឹងពីលទ្ធផលប្រឡងបាក់ឌុបនៅក្រសួងអប់រំ។ ហេង ជីវ័ន
គ្រាន់តែកំហុសបច្ចេកទេសទៅលើការប្រើប្រាស់ម៉ាស៊ីនកុំព្យូទ័រ ធ្វើឲ្យប្រែប្រួលលទ្ធផលនៃការប្រឡងបាក់ឌុបឆ្នាំនេះចេញ ២ ដងលើកទី ១ ជាប់បាន ៦៦ ភាគរយនៅបន្ទាប់ពីសើរើនូវអត្រាកំណែឡើងវិញចំពោះមុខវិជ្ជាគណិតវិទ្យាដែលមានបញ្ហានោះលើកទី ២ បានកើនបេក្ខជនប្រឡងជាប់ចំនួន ៩៧៥ នាក់បើគិតជាភាគរយកើនដល់ ៦៧ ភាគរយនៃបេក្ខជនសរុប ១១,៥ ម៉ឺននាក់។
បន្ទាប់ពីមានកំហុសបច្ចេកទេស និងការប្រើប្រាស់ប្រព័ន្ធទិន្នន័យលើកុំព្យូទ័ររបស់មន្ត្រីក្រសួងមកក្រសួងអប់រំបានចេញលិខិតសុំទោសជាសាធារណៈ ហើយបានកែសម្រួលរួចហើយដែរ។
ជាងនេះទៅទៀត ក្រសួងបានបើកផ្លូវឲ្យមានការដាក់បណ្តឹងតវ៉ាជាសាធារណៈនូវមុខវិជ្ជាផ្សេងទៀតផងដែររយៈពេល ៣០ ថ្ងៃ។ នរណាក៏មានកំហុសដែរនោះហើយការទទួលខុសត្រូវដែលត្រូវបានបង្ហាញជាសាធារណៈរបស់លោករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន ដែលខុសពីរដ្ឋមន្ត្រីមុនៗមិនដែលបើកផ្លូវឲ្យតវ៉ា ឬក៏បង្ហាញពិន្ទុឲ្យឃើញនោះទេ តែកែហើយប្រកាសលទ្ធផលប្រឡងគឺចប់ហើយ។
ការកែសម្រួលនេះគឺមានការទទួលស្វាគមន៍ពីសំណាក់មាតាបិតា និងកូនសិស្សផងដែរ។ លោករដ្ឋមន្ត្រីបានលើកទិសស្លោកច្បាស់លាស់គឺ «អ្នកចេះគឺជាប់!» និងមានការយកចិត្តទុកដាក់ខ្លាំងក្នុងការប្រឡងបាក់ឌុប ដើម្បីធ្វើយ៉ាងណាឲ្យមានយុត្តិធម៌ និងតម្លាភាព។
បើនិយាយពីរឿងពុករលួយពេលប្រឡងគឺគ្មានការបែកធ្លាយវិញ្ញាសា ឬក៏អត្រាកំណែណាមួយក៏គ្មានដែរហើយក៏មានបេក្ខជនមួយចំនួនតូច ដែលប្រព្រឹត្តខុសទៅនឹងបទបញ្ជាពេលប្រឡងក៏ត្រូវបញ្ឈប់មិនឲ្យប្រឡងដែរ រីឯលោកគ្រូ អ្នកគ្រូដែលបានលួចថតអត្រាកំណែតាមទូរស័ព្ទក៏ត្រូវបានបញ្ឈប់ឲ្យធ្វើជាមេប្រយោគ ឬក៏មន្ត្រីសម្រាប់កំណែលើកក្រោយៗទៀត។
កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង សូម្បីតែអង្គភាពប្រឆាំងអំពើពុករលួយដែលបានចុះស៊ើបអង្កេតពេលប្រឡងផ្ទាល់ក៏បានវាយតម្លៃខ្ពស់ចំពោះការអនុវត្តដ៏ល្អរបស់ក្រសួងក៏ដូចជាមន្ត្រីផងដែរ។ តែអ្វីដែលនៅជាបញ្ហាគឺក្រសួងបានលើកឡើងពីកំហុសកុំព្យូទ័រ (Error) តែ ១ មុខនោះទេ។ តែការលើកឡើងរបស់ក្រសួងនេះត្រូវបានអ្នកបច្ចេកទេសខាងបច្ចេកវិទ្យា និងទំនាក់ទំនងវិញ (ICT) សួរបកមកវិញថា នរណាជាអ្នកប្រើកុំព្យទ័រឲ្យ Error ហ្នឹង?
អ៊ីចឹងទេបញ្ហាដែលធ្វើឲ្យមានការប្រែប្រួលទិន្នន័យខុស (Error) គឺអាចមកពីកត្តាមនុស្ស កត្តារៀបចំប្រព័ន្ធសាំញ៉ាំ និងបញ្ហាម៉ាស៊ីនកុំព្យូទ័រហ្នឹងតែម្តង។ បើបញ្ហាម៉ាស៊ីនកុំព្យូទ័រ Error នោះគឺវាប្រាប់ពីកំហុសរបស់ម៉ាស៊ីន ដូចជាសមត្ថភាពមិនអាចផ្ទុកទិន្នន័យគ្រប់គ្រាន់ បញ្ហាចងរូបមន្តលេខខុសខ្ទង់ ឬក៏មេរោគលាក់ទិន្នន័យបាត់ជាដើម។ តែបើកត្តារៀបចំប្រព័ន្ធសាំញ៉ាំវិញ គឺការធ្វើការណែនាំមិនច្បាស់ក្នុងការបញ្ជូលទិន្នន័យ បញ្ចូលច្រឡំ និងកំហុសមនុស្ស គឺចងរូបមន្តខុស ឬក៏មនុស្សបញ្ចូលលេខខុសខ្លួនឯងតែម្តង។
ផ្អែកតាមបទពិសោធរបស់ខ្ញុំជាង ១៥ ឆ្នាំក្នុងការគ្រប់គ្រងគម្រោងស្រាវជ្រាវ គ្រប់គ្រង និងវិភាគទិន្នន័យ ខ្ញុំចែករំលែកពីបច្ចេកទេសវិភាគតាមវិធីសាស្ត្របរិមាណវិស័យ ចំពោះក្រសួងអប់រំ បន្ទាប់ពីបានពិន្ទុពីកំណែរួចមកគឺទី ១- របៀបរៀបចំទិន្នន័យបែបគ្រប់គ្រង Database មានន័យថាចងរូបមន្តរួចហើយ នៅក្នុងប្រព័ន្ធកុំព្យូទ័រ។
ទី ២- គឺផ្តល់វគ្គបណ្តុះបណ្តាលដល់មន្ត្រីបញ្ចូលទិន្នន័យ។
ទី ៣- បញ្ចូលទិន្នន័យ និងការត្រួតពិនិត្យពេលកំពុងបញ្ចូលដោយមន្ត្រីបច្ចេកទេសដឹកនាំបញ្ចូលទិន្នន័យនោះ។
ទី ៤- បន្ទាប់ពីបញ្ចូលរួចហើយ គឺចាប់ផ្តើមធ្វើការសម្អាតទិន្នន័យតាមរយៈឆែកយកសំណាកមកធ្វើតេស្ត ៥ ភាគរយនៃចំនួនប្រជាជនសរុប ឬក៏ក្នុងករណីចង់បានទិន្នន័យមានគុណភាពខ្ពស់ គឺយកមន្ត្រីក្រុមផ្សេងមួយទៀតមកធ្វើការបញ្ចូលជាន់ពីលើទិន្នន័យដដែល (Double Entry) ប្រសិនបើបញ្ជូលទៅមានលេខខុសគ្នា គឺម៉ាស៊ីនកុំព្យូទ័រវាប្រាប់ថាខុសហើយ អ៊ីចឹងយើងពិនិត្យមើល តើយើងបញ្ចូលខុស ឬក៏អ្នកបញ្ចូលមុនខុស គឺយើងមើលក្រដាសជាក់ស្តែងហើយកែវាឲ្យត្រូវទៅតាមជាក់ស្តែង។
ម្យ៉ាងទៀតនៅក្នុងចំណុចទី ៤ នេះក៏មានបច្ចេកទេសមួយទៀតគឺឲ្យមន្ត្រីបញ្ចូលទិន្នន័យតែមួយ តែចែកចេញជា ២ ក្រុមគឺក្រុម «ក» និងក្រុម «ខ»។ យកទិន្នន័យទាំង ២ ក្រុម «ក» និងក្រុម «ខ» យកមកដាក់ជល់គ្នា (Validate) ប្រសិនបើលេខដូចគ្នាគឺចេញលទ្ធផលតែមួយទេ តែបើដាក់ជល់គ្នាលេខរបស់ក្រុម «ក» ខុសពីក្រុម «ខ» គឺ យើងត្រូវទៅមើលនៅលើក្រដាសទិន្នន័យដើមថាតើលេខណាត្រឹមត្រូវរួចហើយយើងកែលេខដែលត្រឹមត្រូវ។
ករណីនេះមិនមែនធ្វើបានតែទិន្នន័យក្នុង Database នោះទេយើងអាចប្រើកម្មវិធីផ្នែកទន់បញ្ចូលទិន្នន័យផ្សេងៗទៀតក៏បានដែរ ដូចជា Epi Data និង CSPro។
ទី ៥-គឺការយកទិន្នន័យមកវិភាគ ឬក៏ឲ្យម៉ាស៊ីនរត់ដោយស្វ័យប្រវត្តិឲ្យបាន ៤ ទៅ ៥ ដង ដើម្បីផ្ទៀងផ្ទាត់លទ្ធផលដែលចេញមកហ្នឹងនៅដដែលឬក៏អត់? ករណីនេះបើសិនជាមានបញ្ហាកំហុសណាមួយ យើងនឹងធ្វើការសើរើមើលឡើងវិញ ដើម្បីកែឡើងវិញ។
ចំណុច-ទី ៦- ប្រសិនបើលទ្ធផលដែលចេញមកត្រឹមត្រូវអស់តាមម៉ាស៊ីនកុំព្យូទ័រ តែនៅមានករណីលោតខុសពីធម្មតា ដូចជាជាប់ច្រើនពេក ឬក៏ធ្លាក់ច្រើនពេក ឬក៏មុខវិជ្ជាណាមួយលោតលេខខុសពីធម្មតាគឺត្រូវឆែកមើលឡើងវិញទាំងអស់ ដើម្បីកែសម្រួលវាឲ្យបានត្រឹមត្រូវ។
កាលពីឆ្នាំ ២០១១ ក្នុងនាមជាទីប្រឹក្សារយៈពេលខ្លីដែលដេញថ្លៃគម្រោងស្រាវជ្រាវបាន ខ្ញុំបានចូលរួមចំណែកដឹកនាំកិច្ចការស្រាវជ្រាវជ្រើសរើសនិស្សិតក្រីក្រទទួលអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដែលឧបត្ថម្ភដោយធនាគារពិភពលោកចំនួន ១០០០ នាក់ពីទូទាំងប្រទេសដែលរៀបចំដោយអគ្គនាយកដ្ឋានឧត្តមសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា។
កាលនោះគឺក្រុមមន្ត្រីបច្ចេកទេសគ្រប់គ្រងទិន្នន័យ Database សម្រាកនៅចាំមើលម៉ាស៊ីនកុំព្យូទ័ររត់ដោយស្វ័យប្រវត្តិរហូតដល់ ១ យប់ទល់ភ្លឺ គឺរកបាននិស្សិតក្រីក្រពិតប្រាកដចំនួន ១០០០ នាក់ទទួលបានអាហារូបករណ៍។
ដូចនេះហើយក្រសួងអប់រំគួរតែតាក់តែងសេចក្តីណែនាំមួយសម្រាប់ការបញ្ចូលទិន្នន័យ ការវិភាគទិន្នន័យ និងការគ្រប់គ្រងទិន្នន័យឲ្យបានល្អ ដើម្បីកុំឲ្យមានបញ្ហាទាក់ទងទៅនឹងកំហុសបច្ចេកទេស ការប្រើប្រាស់កុំព្យូទ័រនេះ ឬក៏ទម្លាក់កំហុសថា ប្រទេសណាក៏មានបញ្ហាកំហុសបច្ចេកទេសនេះដែរនោះ៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com