នៅស្រុកខ្មែររបៀបរៀនធ្វើការ ឬរកស៊ីតាមបែបផ្អើលឈូឆរតាមគ្នា ឬក៏ធ្វើត្រាប់តាមគ្នា បើនៅទីណាមានកន្លែងលក់ចាប់ហួយមិនយូរទេនឹងមានអ្នកបើកលក់ចាប់ហួយក្បែរផ្ទះហ្នឹងដែរជាមិនខាន បើមានហាងលក់ខោអាវ ឬក៏ទីតាំងលក់ឡានណាមួយលក់ដាច់មួយខែមិនទាន់ទេគឺច្បាស់ជាមានគេបើកហាង ឬជួលទីតាំងក្បែរហ្នឹងលក់ ឬជួលរបស់ដូចគ្នាដែរហើយ...ពោលគឺជាទំនោរតាមគ្នានេះឯង ។
ការដែលចូលចិត្តធ្វើតាមគ្នាវាជាទម្លាប់ទៅហើយគឺមិនបានខិតខំរកគំនិតថ្មីដែលជារបស់ខ្លួនឯងមកធ្វើឲ្យមានលក្ខណៈខុសគ្នាបន្តិចពីគេនោះទេផ្ទុយទៅវិញហាក់ដូចជាក្លាយទៅជាការបង្កើតមុខរបរមួយដែលខ្ជិលរៀនគិតទៅហើយ។
ឧទាហរណ៍ដំបូងខ្លួនមានផ្ទះជួលឲ្យគេបើកហាងលក់គុយទាវដល់ឃើញគេលក់ដាច់ក៏ឈប់ជួលផ្ទះឲ្យគេរួចបើកធ្វើគុយទាវលក់ខ្លួនឯងម្តងវិញព្រោះគិតថាម៉ូយមានស្រាប់។ តែដល់ធ្វើលក់មានដូចគេឯណាហូបមិនកើតដូចម្ចាស់ដើមគេស្រាប់តែភ្ញៀវចេះតែស្ងាត់ទៅៗទាល់តែបិទហាងខ្លួនឯងបានអស់ចិត្តនេះចរិតរកស៊ីដេញជើងគ្នាឲ្យតែបានឈ្នះចិត្ត។
រីឯរឿងនយោបាយវិញក៏មិនខុសគ្នាប៉ុន្មានដែរកាលពីមុនអ្នកនយោបាយខ្លះមិនសូវចេះចុះមូលដ្ឋានទេបើឃើញគេចុះមូលដ្ឋានតាមភូមិរកសំឡេងឆ្នោតមានមនុស្សចូលរួមគគ្រឹកគគ្រេងមើលទៅទំនងជាបានផលក្រាស់ក្រែលក៏ខ្លួនឯងហ្នឹងតាំងចាប់ផ្តើមរកលេសរករឿងកម្ចាត់គេចេញដើម្បីកុំឲ្យគេចុះមូលដ្ឋានទៀតខ្លះក៏ធ្វើឲ្យរត់ចោលស្រុកទៅក្រៅប្រទេសកុំឲ្យចូលវិញខ្លាចកូរទៀតឯខ្លះមិនទាំងហ៊ានចេញមកក្រៅរន្ធផងខ្លាចគេចាប់ដាក់គុក។
ការធ្វើអ៊ីចឹងទុកឲ្យខ្លួនឯងចុះម្តងមើលក្រែងបានម៉ូយច្រើនដូចគេ។ មិនមែនមានន័យថាគេចុះខាងកើតខ្លួនឯងចុះខាងលិចនោះទេ។ ពេលចុះខ្លួនឯងពេលខ្លះអ្នកដែលមានទំនាស់ដីធ្លី ឬក៏អ្នកជួបគ្រោះទុរ្ភិក្សមិនសូវត្រូវបានអាជ្ញាធរថ្នាក់ក្រោមឲ្យចូលជួបទេហើយបើបានជាជួបវិញគឺនៅលឹបលៗតែជាមួយអ្នកផ្សារនៅទីក្រុងទេ។
តែថ្នាក់ដឹកនាំរដ្ឋទាំងនោះមិនបានសាកល្បងលួចចុះស្ងាត់ៗតាមភូមិមើលស្ថានភាពជាក់ស្តែងដោយមិនប្រាប់មុននោះទេ បើហ៊ានសាកល្បងលួចចុះស្ងាត់ៗមើល បើមិនឃើញជួបតែមនុស្សចាស់ៗយាយតាដែលមើលចៅៗរីឯមនុស្សពេញវ័យជាពិសេសយុវជនខ្លះមករៀននៅទីក្រុង ខ្លះទៀតគឺនាំគ្នាធ្វើចំណាកស្រុកទៅរកការងារនៅក្រៅប្រទេសបាត់ឡើងស្ងាត់ភូមិព្រោះនៅស្រុកភូមិគ្មានអ្វីធ្វើអត់អីលិឍពឹងលើស្រែប្រវាស់នឹងមេឃអាស្រ័យទៅនឹងអាកាសធាតុ ១ ឆ្នាំម្តងដដែល។
ក្នុងនាមរដ្ឋាភិបាលនឹងដឹងហើយគួរតែពិចារណាឲ្យបានល្អិតល្អន់ទៀតហេតុអ្វីបានជាមនុស្សទៅណាអស់ពីភូមិ? បើសាកល្បងមើលប្រព័ន្ធធារាសាស្ត្រមើលមកទល់សព្វថ្ងៃតើវាគ្រប់គ្រាន់ទៅតាមតម្រូវការរបស់ប្រជាកសិករហើយឬក៏នៅទេ?
ជាទូទៅបើយើងឡើងជិះយន្តហោះអង្គុយក្បែរនឹងបង្អួចមើលមកក្រោមឃើញស្រុកខ្មែរយើងបើខែប្រាំងវិញមើលទៅវាលល្ហល្ហេវឃើញតែដីស្ងួតរឹងដូចទីរហោឋានបើមើលក្នុងខែវស្សាគឺទីណាក៏ឃើញសុទ្ធតែទឹកដក់ដែរមានន័យថាបើខែប្រាំងក្តៅរាំងស្ងួតតែម្តង បើខែវស្សាវិញទឹកបរិបូរណ៍លិចណាលិចណីធ្វើប៉ះពាល់ដំណាំដាំដុះ និងការធ្វើស្រែចម្ការ។
តើប្រព័ន្ធធារាសាស្ត្រសម្រាប់ផ្គត់ផ្គង់ទឹកទៅណាអស់ទៅ? បើគ្រាន់តែទំនប់អាងស្តុកទឹកសល់កេរពីរបបខ្មែរក្រហមខំប្រឹងកេណ្ឌប្រជាជនសាងសង់ទាំងយប់ទាំងថ្ងៃទាំងខ្វះខាតអាហារថែមិនគង់វង្សផង ខ្លះត្រូវគេលក់ ខ្លះក៏ត្រូវគេឈូសឆាយចោលយកដីធ្វើសម្បទានសេដ្ឋកិច្ចឲ្យក្រុមហ៊ុនផងដែរ។
បើមើលទៅសាវតារ ឬក៏របាយការណ៍របស់ក្រសួងធនធានទឹកមិនដែលឃើញប្រាប់ថាចំនួនទំនប់អាងស្តុកទឹកសល់កេរពីសម័យប៉ុលពតប៉ុន្មានបើប្រៀបធៀបជាមួយនឹងបច្ចុប្បន្នសល់ប៉ុន្មាន? តែបើពូកែចោទតែខ្មែរក្រហមអាក្រក់ឃោរឃៅយកគ្រាន់បើខ្លួនឯងសុទ្ធតែការដឹកនាំចេញពីសូន្យតែរបស់ដែលសល់កេរបែបនេះ និងព្រៃឈើដែលសល់ពីរបបនោះរាជរដ្ឋាភិបាលសព្វថ្ងៃនេះមិនហ៊ានអួតទិន្នន័យទំនប់អាងស្តុកទឹក និងប្រឡាយទឹកបង្ហូរតាមស្រែប្រាប់គេទេខ្លាចខ្មាសបើទោះបីជាបច្ចុប្បន្នមានសម្ភារគ្រឿងចក្រទំនើបៗក៏ដោយ ក៏មិនសូវខ្វាយខ្វល់នឹងការអភិវឌ្ឍគ្រប់គ្រងធនធានទឹកនេះដែរ។ យូរៗឃើញសាងសង់បានអាងស្តុកទឹកមួយនិយាយពីចុះផ្សាយឡើងផ្អើលអស់ហើយសារព័ត៌មានក្នុងស្រុកដូចកាលពីសប្តាហ៍មុនបានបង្ហាញប្រព័ន្ធស្រោចស្រពអាចាងស្ថិតក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បើមិនអ៊ីចឹងទេមានតែសុំជំនួយពីប្រទេសចិនមកសាងសង់។
បើយើងមើលស្ថាប័នរបស់រាជរដ្ឋាភិបាលដែលធ្វើការជាមួយនឹងទឹកទាំងទីក្រុង និងទាំងជនបទវិញគឺមានច្រើនដូចជាក្រសួងធនធានទឹក ក្រសួងកសិកម្ម ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងបរិស្ថានក្រសួងឧស្សាហកម្ម ក្រសួងរៀបចំដែនដី ក្រសួងសាធារណការ និងក្រសួងសុខាភិបាលបើនិយាយពីការបង្កើតគណៈកម្មការរឿងទឹកស្អាតហ្នឹងក៏សម្បូរណាស់ដែរហើយមានតាំងពីកំណែទម្រង់ដោះដូររដ្ឋមន្ត្រីដើម្បីឲ្យប្រសើរឡើងទៀតតែហេតុអ្វីបានទឹកនៅតែខ្វះខាត និងមានគ្រោះរាំងស្ងួត? តាមរយៈរបាយការណ៍កម្មវិធីពិនិត្យតាមដាន JMP ឆ្នាំ ២០១៤ ចំពោះការប្រើប្រាស់ទឹកស្អាតបានបង្ហាញថាប្រជាពលរដ្ឋកម្ពុជាប្រមាណ ៤,៣ លាននាក់នៅតែគ្មានទឹកស្អាតប្រើប្រាស់។
មួយថ្ងៃៗថ្នាក់ជាតិចេះតែបង្ខំថ្នាក់ក្រោមជាតិធ្វើសាងសង់ទីទួលជម្រកសម្រាប់ប្រជាពលរដ្ឋដើម្បីទប់ទល់នឹងគ្រោះទឹកជំនន់តែថ្នាក់ជាតិខ្លួនឯងមិនបានរៀបចំផែនការមេសម្រាប់តទល់នឹងគ្រោះទឹកជំនន់ថាតើនៅពេលមានទឹកចូលមកត្រូវបង្វែររំដោះទឹកតាមរបៀបណានោះទេ? ហើយនៅពេលមានទឹកចូល តើត្រូវគ្រប់គ្រងទឹកទាំងនោះសម្រាប់កសិករប្រើប្រាស់យ៉ាងដូចម្តេច?តែអ្វីដែលជាការកត់សម្គាល់គឺថ្នាក់ដឹកនាំស្ថាប័នទាំងនេះហាក់ដូចបានត្រឹមតែចុះចែកអំណោយ និងសួរសុខទុក្ខយកមុខយកមាត់គឺជំនាញណាស់។
ដូចគ្នានេះដែរបើជួបគ្រោះរាំងស្ងួតដូចកាលពីឧសភាកន្លងទៅនេះគឺបានត្រឹមតែចែកទឹកសុទ្ធឲ្យជនរងគ្រោះម្នាក់ ១ ធុង ឬក៏យកឡានដឹកទឹកចែកមួយប៉្រាវហើយពេលចប់ភ្លាមក៏មកផ្ទះវិញធ្វើព្រងើយរួចតាំងទម្លាក់កំហុសទៅលើការប្រែប្រួលអាកាសធាតុធ្វើដូចជាអត់ដឹងអីឲ្យរួចតែមួយគ្រាៗ។
ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋវិញគឺពួកគាត់មិនចង់បានរបៀបចែកអំណោយដដែលៗនេះទេគឺគាត់ចង់បានធនធានទឹកមានលក្ខណៈប្រើប្រាស់ស្រែចម្ការ និងហូបចុករបស់ពួកគាត់ឲ្យបានយូរអង្វែងហើយគាត់ចេះរកស៊ី និងធ្វើដោយខ្លួនឯងបានហើយដូចនៅប្រទេសជិតខាងយើង បើគ្រាន់តែឆ្លងដែនចូលប្រទេសគេភ្លាមឃើញប្រឡាយទឹកតាមផ្លូវជាតិសម្រាប់ផ្គត់ផ្គង់ស្រែចម្ការតាមជនបទគឺមានបឹងបួធំៗសម្រាប់ប្រើប្រាស់បែរមកទីក្រុងយើងវិញភ្លៀងហើយទឹកហូរអស់។
ករណី ដូចនៅទីក្រុងសិង្ហបុរីគឺគេយកទឹកដែលប្រើសល់ និងទឹកភ្លៀងបង្ហូរចូលកន្លែងស្តុកទឹកដើម្បីព្យាបាលទឹកសម្អុយរួចហើយយកមកប្រើប្រាស់វិញ (Recycle) ជាហេតុធ្វើឲ្យទឹកប្រើប្រាស់របស់ប្រទេសគេគ្រប់គ្រាន់ទៅតាមតម្រូវការមានន័យថាក្រោយភ្លៀងទឹកហូរចូលក្នុងលូសំដៅទៅកន្លែងស្ដុកដែលត្រូវកែច្នែអស់។
ម្យ៉ាងវិញទៀតនៅប្រទេសថៃបន្ទាប់ពីមានទឹកជំនន់លិចទីក្រុងបាងកកកាលពីឆ្នាំ ២០១២ ដែលធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចយ៉ាងខ្លាំងនោះគឺគេបានប្រកាសអាសន្នធ្វើកិច្ចអន្តរាគមន៍រកដំណោះស្រាយភ្លាមៗដោយគេបានធ្វើកិច្ចពិភាក្សា (Debates) ថ្នាក់ជាតិមួយដើម្បីដោះស្រាយបញ្ហាទប់ទល់ជាមុនចំពោះគ្រោះមហន្តរាយទឹកជំនន់ហើយបានដាក់ចេញជាផែនការមេដោយត្រូវចំណាយទឹកប្រាក់សរុប ៣៥០ កោដិបាតគឺប្រហែល ១១,៧ កោដិដុល្លារដែលនៅក្នុងគណៈកម្មការយុទ្ធសាស្ត្រសម្រាប់ការគ្រប់គ្រងធនធានទឹកនោះមាន ៖
១) គ្រប់គ្រងលើតំបន់ដែលងាយរងគ្រោះដោយសារទឹកជំនន់នៅក្បែរទឹកទន្លេហូរ។
២) កសាងទំនប់ការពារទឹកដើម្បីការពារទីក្រុង ឬក៏តំបន់សំខាន់ៗដើម្បីចៀសវាងទឹកជំនន់។
៣) បូមភក់ចេញពីបាតទន្លេនៃផ្លូវទឹក និងស្ថាបនាគ្រឿងយន្តដើម្បីបង្វែរទិសនៃចរន្តទឹកហូរ។
៤) កសាងជាផ្លូវទឹកដើម្បីផ្ទុកទឹក និងសម្រាប់ប្តូរទិសនូវចរន្តទឹកសំខាន់ៗទៅកន្លែងផ្សេង។ (Bangkok Post, 2012)
បើងាកមកមើលស្រុកយើងវិញតើរាជរដ្ឋាភិបាលកម្ពុជាមានផែនការខ្ទង់ចំណាយច្បាស់លាស់នូវកម្មវិធីសាងសង់ជញ្ជាំងដើម្បីបញ្ចៀសចរន្តទឹកហូរដែរឬទេ? មានកម្មវិធីបូមភក់ដែរឬទេ? ប្រហែលជាមានតែកម្មវិធីឲ្យក្រុមហ៊ុនបូមខ្យាច់លក់ច្រើនជាង។
ជាក់ស្តែងបើនៅរាជធានីភ្នំពេញវិញគឺបឹងដែលនៅសល់សម្រាប់ស្តុកទឹកសម្អុយ និងទឹកភ្លៀងគឺលុបលក់ស្ទើរតែទាំងអស់ដូច្នេះមានតែមួយផ្លូវទេគឺពេលភ្លៀងខ្លាំងបង្ហូរទឹកសម្អុយបញ្ចូលទឹកទន្លេតែម្តងដោយមិនខ្វល់ពីបញ្ហាបរិស្ថាន។ ហេតុអ្វីបានជាមិនយកមេរៀនពីការរៀបចំផែនការមេដូចនៅប្រទេសថៃដើម្បីគ្រប់គ្រងទឹកទប់ទល់នឹងទឹកជំនន់ហើយជួយទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើដែលនៅសេសសល់ដើម្បីការពារទឹកជំនន់?
សរុបមកវិញបើស្រុកខ្មែរសព្វថ្ងៃពូកែខាងធ្វើតាម ឬធ្វើត្រាប់តាមគេដែរនោះហេតុអ្វីរបស់ដែលមានផែនការអនុវត្តច្បាស់សម្រាប់ស្រោចស្រង់ជាតិតាមរយៈការគ្រប់គ្រងធនធានទឹកដូចនៅប្រទេសថៃ និងប្រទេសសិង្ហបុរីបែរជាធ្វើមិនបានទៅវិញ ?
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com