«​ប្រទេស​ខ្ញុំ​តូច តែ​សម្បូរ​សម្បត្តិ​ហៀរហូរ​ហើយ​ប្លែកៗ​» នេះ​ជា​ឃ្លា​មេសូត្រ​រត់មាត់​មួយ​មាន​តាំងពី​បឋមសិក្សា​មក​ម្ល៉េះ​ដែល​ជា​ការ​រំលេច​ឱ្យ​ខ្មែរ​បាន​ដឹង​ពី​កេរដំណែល​បន្សល់​ទុក​ពី​ដូនតា​ទាក់ទង​នឹង​ធនធាន​ធម្មជាតិ​ដែល​ខ្មែរ​គ្រប់រូប​ត្រូវ​ចេះ​រួម​គ្នា​ថែរក្សា និង​ប្រើប្រាស់​ជា​ប្រយោជន៍​ឲ្យ​មាន​និរន្ដរភាព​។

ប៉ុន្តែ​ចុះ​ហេតុអ្វី​បាន​ជា​ខ្មែរ​ថែរក្សា​ធនធាន​ដែល​ធ្លាប់​ប្រើ​ទាំងនេះ​មិន​បាន​ដែល​មក​ទល់​បច្ចុប្បន្ន​សូម្បីតែ​ទឹកធម្មជាតិ​ក៏​យក​មក​ប្រើ​ផ្គត់ផ្គង់​ក្នុង​គ្រួសារ​សឹង​តែ​មិន​មាន​សុវត្ថិភាព​ដោយសារ​នៅ​តាម​ស្ទឹង​បឹងបួ និង​ទន្លេ​ផ្នែក​ខ្លះ​បែរ​មាន​ករណី​ជាតិពុល​?

ករណី​មាន​អ្នក​ស្លាប់​ដល់​ទៅ​ ១៤ នាក់ និង​មាន​ជំងឺ​ជិត​ ៣០០ ​នាក់​ទាក់ទិន​នឹង​ការពុល​ទឹក​ព្រែក​ដែល​ធ្លាប់​តែ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ខេត្ត​ក្រចេះ​បាន​កើតឡើង​តាំងពី​ដើម​ខែ​ឧសភា​ម្ល៉េះ​។ ប៉ុន្តែ​មក​ទល់​ចុង​ខែ​ឧសភា ទើប​មាន​ការ​ចេញ​សេចក្តី​ប្រកាស​រួម​គ្នា​ខ្លី មួយ​ស្តីពី​លទ្ធផល​បាន​ពី​ការពិសោធ​ទឹក និង​អ្នក​ជំងឺ​ដែល​មាន​ហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម និង​​ក្រសួង​រ៉ែ និង​ថាមពល បន្ទាប់ពី​លោក​នាយក​រដ្ឋមន្ត្រី​សម្ដែង ការ​មិន​ពេញចិត្ត និង​បាន​ព្រមាន​ដក​រដ្ឋមន្ត្រី​ចេញ​ពី​តំណែង​មុន​ពេល​បោះឆ្នោត​មក​ដល់​។

នៅក្នុង​របាយការណ៍​ខ្លះ​បាន​រកឃើញ​មាន​សារធាតុ​គីមី​កំហាប់​ខ្ពស់​ដូចជា​មេតាណុល​ចេញ​ពី​ស្រាស​ផង ចេញ​ពី​ថ្នាំ​សម្លាប់​ស្មៅ និង​សត្វល្អិត​ផង​។

តាម​ការកត់សម្គាល់​នៅ​ពេល​ដែល​មាន​ផ្ទុះ​រឿង​អ្វី​មួយ​ទាល់​តែ​ដឹង​ដល់​ថ្នាក់​កំពូល ទើប​នាំ​គ្នា​ស្ទុះស្ទា​ធ្វើការ​រួម​គ្នា​។

បើ​យើង​មើល​ស្ថាប័ន​របស់​រាជរដ្ឋាភិបាល​ដែល​ធ្វើការ​ជាមួយ​នឹង​ទឹក​ទាំង​ទីក្រុង និង​ជនបទ​វិញ​គឺ​មាន​ច្រើន​ដូចជា​ក្រសួង​ធនធានទឹក និង​ឧតុនិយម ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ក្រសួង​អភិវឌ្ឍន៍ជនបទ ក្រសួង​បរិស្ថាន ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ក្រសួង​រ៉ែ និង​ថាមពល ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ក្រសួង​សុខាភិបាល និង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ជាដើម​។ តែ​ងាក​មក​មើល​ពលរដ្ឋ​វិញ​បែរ​ជា​នៅ​តែ​ខ្វះ​ទឹកស្អាត​ប្រើប្រាស់ និង​ជួប​ករណី​ពុល​ស្លាប់​ជា​ហូរហែ​ដោយសារ​ទឹក​ និង​សារធាតុ​ផ្សេងៗ​ទៅ​វិញ​។

ដំណោះស្រាយ​បន្ត​ចំពោះ​ពលរដ្ឋ​រងគ្រោះ​គឺ​រដ្ឋាភិបាល​គួរ​យក​ថវិកា​ជាតិ​ឆ្នាំ ២០១៨ ដែល​ជា​កញ្ចប់​ថវិកា​អាទិភាព​ធ្លាប់​ចាយ​លើ​ករណី​សង្គ្រោះ​បន្ទាន់ ប្រធាន​សក្តិ​ ឬ​ករណី​វិបត្តិ​ស្រូវ​អង្ករ​ជាដើម​មក​ដោះស្រាយ​បញ្ហា​សិន​ដូចជា ទី​ ១) ​ផ្គត់ផ្គង់​ទឹកស្អាត ទឹក​បរិសុទ្ធ​ដោយ​ចែក​ជូន​សង្គ្រោះ​ភ្លាមៗ និង​ជីក​អណ្តូង​ស្នប់​ដែល​មាន​ជម្រៅ​ និង​គម្រប​បិទ​ជិត​នៅ​តំបន់​នោះ ព្រម​ទាំង​ត្រូវ​ផ្ដល់​អាហារ​មាន​ជីវជាតិ​ឲ្យ​បាន​គ្រប់គ្រាន់​ដល់​អ្នកភូមិ​រងគ្រោះ​មួយ​រយៈ​សិន​។

ទី​ ២) បន្ថែម​ការស៊ើបអង្កេត និង​ពិសោធ​នូវ​ដំណើរ​ដើម​ទង​ជា​តម្រុយ​ដែល​នាំ​ឲ្យ​ពលរដ្ឋ​នៅ​ទី​នោះ​ស្លាប់ និង​រងគ្រោះ​ដោយ​សមត្ថកិច្ច​គួរ​ស៊ើបអង្កេត​តាម​បច្ចេកទេស​ដើម្បី​ឲ្យ​ដឹង​ថា តើ​វា​ពុល​ដោយ​ចៃដន្យ​តាម​បែប​ធម្មជាតិ ឬ​ក៏​គេ​មាន​បំណង​បំពុល​ជា​ជាង​គ្រាន់​តែ​យក​ទឹក និង​ពិនិត្យ​ឈាម​របស់​អ្នក​ជំងឺ​ទៅ​ពិសោធ​ដែល​ហាក់​នៅ​មិន​គ្រប់គ្រាន់​?

ទី​ ៣) ​សិក្សា​ស្រាវជ្រាវ​បន្ថែម​អំពី​សុខភាព​សាធារណៈ​ទៅ​លើ​ឥរិយាបថ​របស់​ពលរដ្ឋ​ដែល​កំពុង​ប្រើប្រាស់​ទឹកស្អាត​ និង​ហូប​ស្អាត​ថា​មាន​ដល់​កម្រិត​ណា​? ហើយ​ករណី​ពលរដ្ឋ​ ៧៥ ​នាក់​ពុល​នំប៉័ង​នៅ​ឃុំ​ចង្ក្រង ស្រុក​ចិត្របុរី​ដដែល​កាលពី​សប្តាហ៍​មុន​ក៏​ត្រូវ​តែ​រក​ឱ្យ​ឃើញ​ពី​មូលហេតុ​ពិត​ផង​ដែរ​។

ទី​ ៤) បន្ទាប់ពី​ដឹង​លទ្ធផល​សារធាតុ​គីមី​ពិតប្រាកដ​ហើយ​គួរ​បើក​យុទ្ធនាការ​បន្សាប ជាតិគីមី​ទាំងនោះ ឬ​ក៏​អប់រំ​អំពី​ឥរិយាបថ​នៃ​ការប្រើប្រាស់​ប្រចាំ​ថ្ងៃ​ហើយ​ប្រសិន​បើ​រកឃើញ​ចេញ​ពី​ក្រុមហ៊ុន​រ៉ែ​គឺ​ត្រូវ​រក​សំណង​។

ចំណុច​គួរ​ឲ្យ​កត់សម្គាល់​គឺ​ខេត្ត​ក្រចេះ​ហាក់​ដូចជា​មាន​ពលរដ្ឋ​អភ័ព្វ​ជាងគេ ទាក់ទង​នឹង​ករណី​ពុល​ផ្សេងៗ ទោះបី​ជា​ខេត្ត​មួយ​នេះ​សម្បូរ​ដោយ​ធនធាន​ធម្មជាតិ​ជាងគេ​ដូចជា ទឹកទន្លេ​មេគង្គ ហូរ​កាត់​តាំង​ពី​លើ​ដល់​ក្រោម​ព្រៃឈើ​ស្តុកក្រាស់ និង​សម្បូរ​ដោយ​ឈើ​ប្រណីតៗ ឬ​សម្បូរ​រ៉ែ​នៅ​ក្រោម​ដី​ដែល​ក្រុមហ៊ុន​ចិន​កំពុង​តែ​​រុករក ហើយ​សូម្បី​តែ​ចលនា​រណសិរ្យ​សាមគ្គី​សង្គ្រោះ​ជាតិ កម្ពុជា ថ្ងៃ​ទី​ ២ ខែ​ធ្នូ ឆ្នាំ​ ១៩៧៨ របស់​បក្ស​កាន់​អំណាច​ក៏​ផ្តើម​ចេញ​ពី​ខេត្ត​ក្រចេះ​ហ្នឹង​ដែរ​។

បើ​តាម​ការអង្កេត​ពលរដ្ឋ​ដែល​នៅ​ទី​នោះ​មិន​ត្រឹម​តែ​មិន​សូវ​បាន​ប្រើប្រាស់​ធនធាន​ធម្មជាតិ​ក្នុង​ភូមិសាស្ត្រ​ដែល​ខ្លួន​រស់នៅ​ឱ្យ​បាន​សមរម្យ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ក្លាយ​ទៅ​ជា​ជនរងគ្រោះ​ដោយសារ​ការបំផ្លាញ​ធម្មជាតិ​ទៅ​វិញ ហើយ​មាន​អ្នក​ខ្លះ​ក៏​បាន​បាត់បង់​ដីធ្លី​ដោយសារ​ក្រុមហ៊ុន​រឹបអូស​យក​រហូត​ធ្លាក់​ខ្លួន​ធ្វើ​ចំណាកស្រុក​ទៅ​រក​ការងារ​នៅ​ប្រទេស​ជិត​ខាង​ដើម្បី​ដោះស្រាយ​ជីវភាព​រស់នៅ​ក៏​មាន​។

សរុប​មក​វិញ​មិនមែន​មាន​ន័យ​ថា​រាល់​ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ខេត្ត​សម្បូរ​ធនធាន​ធម្មជាតិ​សុទ្ធ​តែ​ទទួល​បាន​ផល​ល្អ​ពី​ភោគទ្រព្យ​ធម្មជាតិ​ទាំង​ស្រុង​នោះ​ទេ តែ​ខ្លះ​បែរជា​ក្លាយ​ទៅ​ជា​ជនរងគ្រោះ​ដូច​ករណី​ខាង​លើ​ជាដើម​ដែល​បញ្ហា​នេះ​គួរតែ​មាន​ការគិតគូរ​មួយ​ឱ្យ​បាន​ច្បាស់លាស់ ចៀសវាង​មាន​បញ្ហា​រួច​ឆ្លើយ​យក​រួច​ខ្លួន​ដោយ​ទុក​ឱ្យ​គ្រួសារ​អ្នក​រងគ្រោះ​ឈឺចាប់​ និង​មិន​ដឹង​ស្វែងរក​យុត្តិធម៌​នៅ​ទីណា​៕

ចូលរួម​ផ្តល់​យោបល់​តាមរយៈ​ soprach.tong@phnompenhpost.com