អាណាចក្រខ្មែរត្រូវបានរីកចម្រើនគួរឲ្យកត់សម្គាល់ក្នុងប្រវត្តិសាស្ត្រដែលមានផ្ទៃដីលាតសន្ធឹងរហូតដល់ទល់ដែនប្រទេសភូមា ប្រទេសចិន និងប្រទេសចម្ប៉ា។
ដោយសារតែបន្ទាប់ពីបានជ័យជម្នះច្បាំងជាមួយគេមកគឺខ្មែរមានទម្លាប់ឈ្លោះតែគ្នាឯងដើម្បីដណ្តើមអំណាចហើយអ្នកដែលចង់បានអំណាចនោះគឺតែងតែទៅពឹងបរទេសឲ្យជួយដើម្បីបានអំណាចភាគច្រើនតែចាញ់បោកគេកាត់អស់ដីឲ្យគេបន្តិចម្តងៗឡើងរួមតូចទៅៗមកដល់សព្វថ្ងៃនេះនៅសល់ក្រឡាផ្ទៃដីត្រឹម ១៨១ ០៣៥ គីឡូម៉ែត្រការ៉េហើយអ្នកខ្លះក៏ត្រូវបរទេសចាប់ញាត់គុកធ្វើបាបរហូតដល់ស្លាប់ក៏មាន។
តាមរយៈលោក សំបូរ ម៉ាណារ៉ា សាស្ត្រាចារ្យប្រវត្តិសាស្ត្រខ្មែរបានមានប្រសាសន៍ថា៖ «ខ្មែរយើងមានប្រវត្តិសាស្ត្រឈ្លោះគ្នាដណ្តើមអំណាចគ្នាឯងតាំងពីយូរយារណាស់មកហើយ»។
លោកលើកយកឧទាហរណ៍តែ ៣ សម័យកាលមកបង្ហាញ៖ «ជម្លោះទី១- នៅសម័យអាណាចក្រភ្នំពីឆ្នាំ ៥៥០-៦៣០ ដឹកនាំដោយស្តេចភវរ្ម័ន ប្រទេសខ្មែរមិនសូវត្រូវគ្នារហូតដល់មានទំនាស់ជាមួយនឹងចេនឡាក្រោម (ទឹក) សុទ្ធតែចង់បានអំណាចឯករាជ្យរៀងៗខ្លួន។
រហូតមកដល់បែកបាក់គ្នាចេនឡាទឹក និងចេនឡាគោកនៅឆ្នាំ ៧៥០ នៅពេលនោះពួកគេទៅពឹងសត្រូវដូចជា ពួកជ្វា និងពួកចាមជាដើមមកធ្វើបាបខ្មែរគ្នាឯងរហូតដល់គេបានកាន់កាប់ទឹកដីទឹកលិច។
ជម្លោះទី២- នៅសម័យប្រាសាទអង្គរកំពុងរីកចម្រើននៅសតវត្សរ៍ទី ១២ (ឆ្នាំ ១១៥២-ឆ្នាំ ១១៧៧) ដឹកនាំដោយស្តេចសុរិយវរ្ម័នទី២ក៏ធ្លាក់បែកបាក់គ្នាមិនត្រូវគ្នាទៅពឹងបរទេសគឺពឹងចម្ប៉ាមកច្បាំងពេលនោះជនជាតិចាមចម្ប៉ាបានមកកាន់កាប់ក្រុងអង្គរបាន ៤ ឆ្នាំរហូតដល់ឆ្នាំ ១១៨១ និងបានបំផ្លិចបំផ្លាញប្រាសាទអង្គរទៀតផង។
ជម្លោះទី ៣- នៅឆ្នាំ ១៤៧០ ខ្មែរយើងជួបទំនាស់គ្នារវាងអង្គក្សត្រព្រះបាទស្រីរាជាបានលើកទ័ពទៅច្បាំងនឹងប្រទេសសៀមនៅពេលដែលច្បាំងឈ្នះត្រឡប់មកស្រុកខ្មែរវិញមានព្រះបាទធម្មរាជាមិនព្រមចូលស្រុកក៏មានទំនាស់នឹងគ្នា។ រីឯ អង្គស្រីសុរិយសិកផ្សេងមួយទៀតចង់បានអំណាចដែរក៏បង្កើតតំបន់អបគមន៍ពេលនោះប្រទេសខ្មែរចែកចេញជាបីហើយនៅពេលទំនាស់គ្នាឯងទៅពឹងសត្រូវក្រុងអយុធ្យាប្រទេសសៀមមកកាត់សេចក្តី។
នៅពេលនាំគ្នាទាំង ៣ ភាគីទៅដល់ក្រុងអយុធ្យាគឺគេកាត់ឲ្យព្រះបាទធម្មរាជាដែលត្រូវសែគ្នាជាមួយនឹងសៀមហើយចាប់ព្រះអង្គ ២ ព្រះបាទស្រីរាជ្យជា និងស្រីសុរិយសិកយកញាត់គុកធ្វើទារុណកម្មរហូតដល់ស្លាប់នៅក្រុងអយុធ្យា»។
ផ្អែកទៅលើភ័ស្តុតាងប្រវិត្តសាស្ត្រទំនាស់គ្នាកាលពីសម័យបុរាណនេះធ្វើឲ្យបរទេសជិតខាងស្គាល់ក្រយៅយើងរហូតមកទល់បច្ចុប្បន្នមែនទេ? បើតាមដានឯកសារប្រវិត្តសាស្ត្រសម័យទំនើបវិញម្តងបន្ទាប់ពីទទួលបានឯករាជ្យពីអាណានិគមបារាំងឆ្នាំ ១៩៥៣ មកប្រទេសកម្ពុជាបានងើបឡើង និងបានកសាងភាពរីកចម្រើនវិស័យជាច្រើនជាពិសេសវិស័យវប្បធម៌ អប់រំ កីឡា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍជនបទនៅរជ្ជកាលសម្តេច ព្រះនរោត្តម សីហនុ មកទល់ឆ្នាំ ១៩៧០ ។ តែគួរឲ្យស្តាយការអភិវឌ្ឍទើបបានប៉ុន្មានឆ្នាំសោះកម្ពុជាចាប់ធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិលដែលបើតាមឯកសារយោងជាច្រើនថាការធ្វើរដ្ឋប្រហារទម្លាក់សម្តេចឪនៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ ១៩៧០ ដោយសេនាប្រមុខ លន់ នល់។
តែមតិផ្ទុយខ្លះថាមិនមែនការធ្វើរដ្ឋប្រហារទេគឺមកពីសម័យសម្តេចឪចុងក្រោយនេះថវិកាជាតិធ្លាក់ចុះហើយជនជាតិវៀតណាមចូលមកច្រើនទៅធ្វើឲ្យព្រះអង្គពិបាកដោះស្រាយពេកក៏ព្រះអង្គដាក់ព្រះកាយផ្ទេរតំណែងឲ្យទៅសេនាប្រមុខ លន់ នល់ ទៅវិញទេ។
នៅពេលសេនាប្រមុខឡើងកាន់អំណាចពីឆ្នាំ ១៩៧០-១៩៧៥ ដែលគាំទ្រដោយសហរដ្ឋអាមេរិកគឺប្រទេសជាតិចាប់ផ្តើមជួបវិបត្តិមានទាំងបាញ់បោះសេរី បោកគ្រាប់បែកនៅតាមទីប្រជុំជនធ្វើឲ្យខ្មែរស្លាប់ជាបណ្តើរៗធ្វើឲ្យមានអស្ថិរភាពនៅក្នុងសង្គម។
ស្របពេលជាមួយគ្នានេះដែរសម្តេចឪក៏ចាប់ផ្តើមចង់បានអំណាចមកវិញក៏អំពាវនាវឲ្យកូនចៅចូលព្រៃ ម៉ាកគី ដើម្បីរំដោះប្រទេសជាតិពីនឹមអាណានិគមន៍សហរដ្ឋអាមេរិកពេលនោះក៏លេចចេញជាឧទ្ទាមខ្មែរក្រហមដែលគាំទ្រដោយប្រទេសចិនដែលមាន ប៉ុល ពត ជាអ្នកដឹកនាំបានឈ្នះសង្គ្រាមលើសេនាប្រមុខ លន់ នល់ ចូលដេញជម្លៀសប្រជាពលរដ្ឋខ្មែរទៅជនបទស្ទើរតែទាំងអស់នៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ ១៩៧៥ ។
ក្រុមខ្មែរក្រហមក៏ដាក់ឈ្មោះរបបរបស់គេថាជារបបកម្ពុជាប្រជាធិបតេយ្យរហូតដល់ឆ្នាំ ១៩៧៩ ពួកគេមិនត្រឹមតែមិនឲ្យអំណាចទៅសម្តេចឪទេគឺមានតែបោកសម្តេចឪដោយយកសម្តេចឪដាក់ឃុំក្នុងព្រះបរមរាជវាំងមិនឲ្យទៅណាមកណាទេ។
នៅក្នុងរបបនោះក៏បានទៅពឹងប្រទេសចិនទាំងសព្វាវុធ សម្ភារទ័ព និងអាហារ ដើម្បីមកកាន់អំណាចវិញគឺស្រូវត្រូវបានគេជញ្ជូនទៅប្រទេសចិនដែលកំពុងមានតម្រូវការចាំបាច់បំផុតលក្ខណៈសងវិញហើយពលរដ្ឋខ្មែរស្លាប់ដោយសាររបបនោះដល់ទៅជិត ២ លាននាក់។
នៅថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩ មានក្រុមចលនារណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាទៅពឹងប្រទេសវៀតណាមមករំដោះប្រទេសកម្ពុជាចេញពីនឹមត្រួតត្រារបស់ខ្មែរក្រហមឲ្យទៅនៅតាមព្រំដែនជាពួកឧទ្ទាមទៅវិញតែមតិផ្ទុយគេថាប្រទេសវៀតណាមចូលមកលុកលុយកាន់កាប់ប្រទេសកម្ពុជា។
បន្ទាប់ពីតាំងកងទ័ពនៅកម្ពុជាបានប្រមាណ ១០ ឆ្នាំរហូតដល់ឆ្នាំ ១៩៨៩ កងទ័ពវៀតណាម ត្រូវបានដកអស់ចេញពីកម្ពុជាវិញបន្ទាប់ពីមានការចរចារវាងខ្មែរ និងខ្មែរដោយមានការចូលរួមពីអន្តរជាតិរហូតឈានដល់ការចុះហត្ថលេខាលើកិច្ចព្រៀមព្រៀងសន្តិភាពនៅទីក្រុងប៉ារីសប្រទេសបារាំងនាថ្ងៃទី ២៣ ខែតុលា ឆ្នាំ ១៩៩១ និងបានដំណើរការឲ្យមានការបោះឆ្នោតជាសកលលើកទី ១ ឆ្នាំ ១៩៩៣ ដែលរៀបចំដោយអង្គការសហប្រជាជាតិ (អ៊ុនតាក់)។
ប៉ុន្តែទោះជាយ៉ាងណារហូតមកដល់ពេលនេះឈាមខ្មែរនៅតែហូរមិនឈប់សោះបើទោះបីជាខំប្រាប់ពិភពលោកថាស្រុកខ្មែរមានសន្តិភាពក៏ដោយតែធាតុពិតបន្ទាប់ពីបោះឆ្នោតជាតិអាណត្តិទី ១ មកការចាប់ផ្តើមផ្សះផ្សាគ្នា និងធ្វើការជាមួយគ្នាបានជួបការប្រកាន់បក្ខពួករកាំរកូសនឹងគ្នារវាងគណបក្សហ៊្វុនស៊ីនប៉ិចកាន់អំណាច និងគណបក្សប្រជាជនដែលជាដៃគូក្នុងរាជរដ្ឋាភិបាលហើយបន្ទាប់មកក៏ឈានដល់ការប្រយុទ្ធគ្នាក៏បង្ហូរឈាមគ្នានៅថ្ងៃទី ៥-៦ ខែកក្កដាឆ្នាំ ១៩៩៧ ដែលកាលនោះក៏គ្មានអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិណាមកជួយធ្វើអន្តរាគមន៍ដែរទេដោយសារតែខ្មែរប្រាប់គេថាខ្លួនចេះដោះស្រាយដោយខ្លួនឯងហើយ។
ការបាក់បែករវាងខ្មែរនៅតែរកាំរកូសនឹងគ្នារហូតមកដល់អាណត្តិទី ៥ នេះគឺហាក់បីដូចស៊ីសាច់ហុតឈាមគ្នា រករឿងគ្នា គុំកួនគ្នា ធ្វើបាបគ្នាដោយបំផ្លាញគ្នាទៅវិញទៅមកគឺយកតែឈ្នះដៃរវាងបក្សដឹកនាំរដ្ឋាភិបាល និងបក្សប្រឆាំង។
ទាំងនេះ គឺមកពីស្រុកខ្មែរមិនមានរបៀបរស់នៅជាមួយគ្នាបែបសុខដុមនីយកម្មយូរអង្វែង និងខ្វះខាតការបង្រួបបង្រួមគ្នាគឺបានតែមួយភ្លែតហើយតាំងបែកបាក់គ្នាហើយដដែលៗគឺដើម្បីចង់បានអំណាចគឺទាល់តែពឹងបរទេសជួយដើម្បីផ្តួលរំលំរបបមួយដូចបង្ហាញត្រួសៗនៅក្នុងប្រត្តិសាស្ត្រខ្មែរទំនាស់គ្នាពឹងបរទេសមានលក្ខណៈសងសឹកគ្នា កាត់ដីឲ្យគេបង្កើតតំបន់អបគមន៍ដឹកជញ្ចូនផលិតផលសម្រេចបានឲ្យទៅប្រទេសគេជាដើម បើទោះបីជាមានការបោះឆ្នោតហើយក៏ដោយគឺការដឹកនាំតាមបែបបទដដែលៗធ្វើយ៉ាងណាឲ្យតែកាន់អំណាចបានយូរដោយមិនបានមើលទៅប្រទេសដែលគេអភិវឌ្ឍតាមបែបលទ្ធិប្រជាពលរដ្ឋគេនោះទេគឺមានតែអ្នកនយោបាយកេងចំណេញពីប្រជាពលរដ្ឋទេ។
នៅពេលដែលកាន់អំណាចយូរឆ្នាំទៅៗត្រូវបានគេមើលឃើញក្រោមការដឹកនាំទាំងល្អក្តី ឬទាំងមិនល្អក្តីគឺដោយសារតែមនុស្សម្នាក់។ រីឯអ្នកផ្សេងនៅក្នុងបក្សដែលចាំតែទទួលផលប្រយោជន៍ក៏ចេះតែរុញមនុស្សម្នាក់ឲ្យដឹកនាំទៅ បើទោះជាដឹងថាគាត់ធ្វើខុសក៏ដោយតែនៅពេលដល់គាត់អស់អំណាចនាំគ្នាយករួចខ្លួនរៀងៗខ្លួនហើយនាំគ្នាទម្លាក់កំហុសលើមនុស្សម្នាក់ដែលដឹកនាំយូរឆ្នាំដូចលោកហ្វីដែល ម៉ាក់កូស អតីតមេដឹកនាំផ្តាច់ការប្រទេសហ្វីលីពីន និងលោក ស៊ូកាណូ ស៊ូហារតូ អតីតមេដឹកនាំផ្តាច់ការប្រទេសឥណ្ឌូនេស៊ី។
ចំណែកអ្នកដទៃទៀតរួចខ្លួនតែអ្វីសំខាន់នោះគឺកាលណាដឹកនាំរបបយូរឆ្នាំទៅចាក់គ្រឹះរឹងមាំនូវភាពផ្តាច់ការពិបាកកែណាស់បើទោះបីជាដូរមេដឹកនាំក៏ដោយឧទាហរណ៍ដូចលោក អាន់តាសារី អាហ្សា (Antasari Azhar) ដែលជាអតីតប្រធានគណៈកម្មការប្រឆាំងអំពើពុករលួយ (ឆ្នាំ ២០០៧-ឆ្នាំ ២០០៩) ដែលបានធ្វើការប្រយុទ្ធប្រឆាំងអំពើពុករលួយលើក្រុមមនុស្សនៅសល់ពីលោកប្រធានាធិបតី ស៊ូហារតូ ដែលមានទាំងមន្ត្រីនៅតុលាការ មន្ត្រីជាន់ខ្ពស់នៅធនានាគារជាតិ មន្ត្រីជាន់ខ្ពស់នៅកងទ័ព និងប៉ូលិសក៏ត្រូវអ្នកទាំងនោះព្រួតគ្នាវាយបកគាត់វិញដោយចោទថាបានចូលរួមមនុស្សឃាតពាណិជ្ជករមួយរូបឲ្យជាប់គុក ១៨ ឆ្នាំ។
តែទីបំផុតលោក អាន់តាសារី ត្រូវគេគ្រោងនឹងដោះលែងនៅចុងខែកញ្ញាឆ្នាំ ២០១៦ ដោយជាប់គុកមិនគ្រប់តាមសាលក្រមផង (The Jakarta Post)។ នេះគឺជាបញ្ហាមួយដែលបន្សល់ទុកក្រោមការដឹកនាំរយៈពេលយូរឆ្នាំធ្វើឲ្យប៉ះពាល់ទម្រង់នៃរបបមួយនោះ បើទោះបីជាមេដឹកនាំគាត់ចាកចេញហើយក៏ដោយ។
តាមពិតទៅការគ្រប់គ្រងនៅប្រទេសកម្ពុជាមិនជាការលំបាកដូចនៅប្រទេសឥណ្ឌូនេស៊ីដែលមានវប្បធម៌ ជាតិសាសន៍ សាសនាចម្រុះ និងការរស់នៅជាកោះរាប់ពាន់កោះនោះទេគឺឲ្យតែកម្ពុជាមានឆន្ទៈក្នុងការដោះស្រាយទំនាស់រវាងបងប្អូនឯងនេះ។
ទោះបីជាយ៉ាងណាប្រទេសឥណ្ឌូនេស៊ីដែលមានទំនាស់គ្នាឯងជាមួយនឹងចលនារំដោះនៅរដ្ឋអាចេស (Aceh) គឺជាដល់ការផ្សះផ្សាគ្នានៅកិច្ចព្រមព្រៀងសន្តិភាពរវាងរដ្ឋាភិបាលឥណ្ឌូនេស៊ី និងចលនាបំបែករដ្ឋអាចេសនេះនៅទីក្រុងហៃសិនគីប្រទេសហ្វាំងឡង់នៅឆ្នាំ ២០០៥ និងចុះអនុស្សរណៈជាមួយគ្នាដោយភ្ជាប់នឹងលក្ខខណ្ឌសមស្របដែលអាចទទួលយកបានដូចគ្នាគឺមានចំណុចសំខាន់ៗមានតាំងពីការគ្រប់គ្រងរដ្ឋស្វយ័ត នីតិរដ្ឋ សេដ្ឋកិច្ច ការលើកលែងទោស ការគោរពសិទ្ធិមនុស្ស និងបេសកកម្មត្រួតពិនិត្យតាមដានជាដើម។
ជាមួយគ្នានេះដែរ ប្រទេស មីយ៉ាន់ម៉ា ដែលល្បីខាងការដឹកនាំផ្តាច់ការរាប់សិបឆ្នាំមកហើយតែបច្ចុប្បន្ននេះបែរទៅជាស្រុះស្រួលគ្នាក្នុងដំណើរការកសាងសន្តិភាពទៅវិញបើទោះជាគណបក្សលោកស្រី អ៊ុងសាន សូជី ឈ្នះឆ្នោតភ្លូកទឹកភ្លូកដីកាលពីឆ្នាំទៅក៏ដោយ ក៏លោកស្រីមិនធ្វើការវាយបកទៅនឹងមេទ័ពដែលផ្តាច់ការនោះទៅវិញដែររីឯលោក ថេន សេន វិញបន្ទាប់ពីប្រគល់តំណែងប្រធានាធិបតីឲ្យឥស្សរជនក្នុងបក្សលោកស្រី សូជី ហើយលោកបែរជាទៅបួសជាសង្ឃ និងលាឈប់ពីឆាកនយោបាយក្រោយសឹកទៅវិញ។
ចំណុចដែលធ្វើឲ្យគេមើលឃើញថាការផ្សះផ្សាគ្នារវាងបក្សលោកស្រី សូជី និងរដ្ឋាភិបាលផ្តាច់ការថាបើទោះបីជាគណបក្សណាឈ្នះឆ្នោតគឺគ្មានការសងសឹកគ្នាហើយបែងចែកអំណាចគ្នាដោយសន្តិវិធីដោយបានគិតគូរជាតិជាធំពិតប្រាកដ។
ចំណុចដែលគួរឲ្យចាប់អារម្មណ៍មួយទៀតនោះកាលពីដើមខែមុននេះលោកស្រី ស៊ូជី បានមកជួបនាយករដ្ឋមន្ត្រីថៃហើយបបួលពលករមីយ៉ាន់ម៉ាដែលធ្វើការនៅប្រទេសថៃឲ្យត្រឡប់ទៅផ្ទះវិញបានរាប់ម៉ឺននាក់ក្នុងនាមជាមេដឹកនាំនៃប្រទេសជាតិផង និងជាមាតាផង។ នេះបានពិតជាសម្តែងការកសាងសន្តិភាពពិតជូនប្រទេសជាតិរបស់គេ។
ចុះស្រុកខ្មែរយើងវិញ តើពេលណាអ្នកនយោបាយដែលដឹកនាំបក្សនីមួយៗស្វែងរកគំនិតឈ្នះៗដូចគ្នាដើម្បីប្រទេសជាតិរបស់ខ្លួន? តើអាចធ្វើការបន្តកិច្ចការសន្ទនាគ្នាឡើងវិញដើម្បីស្វែងរកសន្តិភាពពិតប្រាកដជូនជាតិដោយតាក់តែងជាច្បាប់ចងទៅអ្នកដឹកនាំណាដែលប្រព្រឹត្តកំហុសទូទាត់នឹងសមិទ្ធផលដែលគាត់ធ្វើបានចាត់ទុកថាស្មើគ្នាគឺការមិនចាប់ទោស និងគ្មានគំនុំសងសឹកគ្នា។
ដូចលោក ហ៊ុន សែន បាននិយាយលេងពេលត្រូវរ៉ូវគ្នាបាយល្ងាចជាមួយលោក សម រង្ស៊ី ធ្វើឲ្យមានការភ្ញាក់ផ្អើលពលរដ្ឋខ្មែរពេញមួយប្រទេសដែលភាគច្រើនពេញចិត្តលើកាយវិការប្រកបដោយសន្តិភាពរបស់មេដឹកនាំទាំងពីរបក្សនោះគឺឲ្យបញ្ឈប់ការគុំកួននឹងលោកកុំយកទិសស្លោកដែលថា៖ «ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី!»។
កាលដែលលោកបង្ហើរពាក្យនេះគឺមានបំណងចង់បានសន្តិភាពបណ្តើរៗហើយតែការនិយាយពិបាកនឹងយកជាការបានទាល់តែតាក់តែងជាច្បាប់លាយលក្ខណ៍អក្សរយល់ព្រមទាំងអស់គ្នាទើបបានថាជាអ្នកគិតគូរប្រទេសជាតិពិតជាពិសេសគឺដកស្រង់បទពិសោធដំណើរការកសាងសន្តិភាពនៅប្រទេសមីយ៉ាន់ម៉ាប្រទេសឥណ្ឌូនេស៊ី និងរដ្ឋអាចេស។ បើពុំដូច្នេះទេ គឺគ្មានគ្រូស្តោះផ្លុំណាមកជួយស្វែងរកសន្តិភាពដោយសុខសាន្តនោះទេ៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com