The Phnom Penh Post Search

Search form

គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​ជំនួយ​របស់​រដ្ឋាភិបាល​ចិន

Content image - Phnom Penh Post
ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ ក្នុង​បទសម្ភាស​ជាមួយ​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ខែ​តុលា ឆ្នាំ​ ២០១៧​។ ហេង ជីវ័ន

គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​ជំនួយ​របស់​រដ្ឋាភិបាល​ចិន

កាលពី​ថ្ងៃ​ទី​ ២៦ ខែ​ធ្នូ ឆ្នាំ​ ២០១៧ កាសែត​ខ្មែរ​មួយ​ឈ្មោះ​ «​ភ្នំពេញ​ប៉ុស្តិ៍​» ​បាន​ចុះផ្សាយ​អត្ថបទ​មួយ​ក្រោម​ចំណងជើង​ថា​​ «​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​សុំ​ជំនួយ​ពី​ប្រទេស​ចិន ដើម្បី​ពង្រឹង​បក្ស​រាជានិយម​»​។

គ្រាន់​តែ​ចំណងជើង​អត្ថបទ​នេះ​បាន​ធ្វើឲ្យ​មតិ​ទូទៅ​មាន​ការ​ងឿង​ឆ្ងល់​យ៉ាង​ខ្លាំង​ព្រោះ​តាម​ធម្មតា​គណបក្ស​នយោបាយ​ ​មិន​ត្រូវការ​សុំ​ជំនួយ​ពី​បរទេស​ទាល់តែ​សោះ​។ តែ​ការ​ដែល​គណបក្ស​ ហ៊្វុនស៊ិនប៉ិច​ ហ៊ាន​ហា​មាត់​សុំ​លុយ​ពី​បរទេស​បែប​នេះ​ប្រហែល​ជា​គេ​យល់​ថា ​ប្រធាន​គណបក្ស​ជា​ព្រះរាជបុត្រា សម្តេច​ព្រះបរម​រតនកោដ្ឋ​ដែល​គ្មាន​នរណា​ហ៊ាន​ប៉ះពាល់​។

ការពិត​មិន​ដូច្នោះ​ទេ​! ព្រោះ​នៅ​មុន​ឆ្នាំ ១៩៧០ អ្នក​ណា​ហ៊ាន​ប៉ះពាល់​ព្រះញាតិវង្ស​មុខ​តែ​ត្រូវ​ចាប់​ទោស​ជា​មិន​ខាន​ពី​បទ «​ប្រមាថ​មាក់ងាយ​ព្រះចេស្តា​»​។ ប៉ុន្តែ​ឥឡូវ​នេះ​ដែល​ប្រទេស​យើង​កាន់​លទ្ធិប្រជាធិបតេយ្យ​យ៉ាង​មាំ​ទាំ​គឺ​មាន​តែ​ព្រះមហាក្សត្រ​តែ​មួយ​ព្រះអង្គ​ទេ​ដែល​មិន​មាន​អ្នក​ណា​ហ៊ាន​ប៉ះពាល់​ព្រះអង្គ​បាន​។ លើស​ពី​នេះ​ត្រឹម​តែ​ព្រះ​ញាតិវង្ស​ត្រូវ​មាន​សិទ្ធិ​សេរីភាព​ដូច​ប្រជាពលរដ្ឋ​ធម្មតា​ដែរ​នេះ​ហើយ​ដែល​ហៅ​ថា​លទ្ធិប្រជាធិបតេយ្យ​បរិសុទ្ធ ដែល​ព្រះញាតិវង្ស និង​ប្រជារាស្ត្រ​ត្រូវ​មាន​សិទ្ធិ​សេរីភាព​ស្មើៗ​គ្នា​។

ចុះ​ហេតុ​ដូចម្តេច​បាន​ជា​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ហ៊ាន​យក​ព្រះបរមនាម «​រាជានិយម​» ​មក​ធ្វើ​អំពើ​ថោកទាប​ដើរ​ទៅ​សុំទាន​បរទេស​បែប​នេះ​? របប​រាជានិយម​ទី​ ២ ​សព្វ​ថ្ងៃ​នេះ តើ​គណបក្ស​ណា​បង្កើត​? ការពិត​គណបក្ស​ដែល​បង្កើត​របប​រាជានិយម​ទី ២ នេះ​គឺ​មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​តែ​មួយ​ប៉ុណ្ណោះ​ដែល​បាន​បង្កើត​ទេ​តើ​? ហើយ​គឺ​មាន​តែ​គណបក្ស​ប្រជាជន​ហើយ​ជា​តរៀង​រហូត​គ្មាន​ថ្ងៃ​កំណត់​ទេ ដែល​គាំទ្រ និង​ជា​សសរ​ទ្រទ្រង់​របប​រាជានិយម​នេះ​។

ផ្ទុយ​ទៅ​វិញ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ជា​គណបក្ស​ដែល​តែងតែ​បន្ទាបបន្ថោក​របប​រាជានិយម​រក​ទីបំផុត​គ្មាន​។

ឧទាហរណ៍​ដូច​កាលពី​ការ​បោះឆ្នោត​ជ្រើសរើស​មេឃុំ​នៅ​ពេល​ថ្មីៗ​នេះ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ដែល​យក​ឈ្មោះ​ «​រាជានិយម​» ទៅ​ប្រើ​ប្រាស់​ជា​ប្រយោជន៍​ផ្ទាល់​ខ្លួន​លទ្ធផល​រក​តែ​ជំទប់​ម្នាក់​មិន​បាន​ផង​។ តែ​អំពើ​នេះ​មិនមែន​បាន​សេចក្តី​ថា​ប្រជាជន​ស្អប់ខ្ពើម​របប​រាជានិយម​នោះ​ទេ​! តែ​ប្រជាជន​គេ​ស្អប់​ប្រធាន​គណបក្ស​នេះ​តែ​ម្តង​បាន​ជា​គេ​មិន​សូវ​ជឿ​តាម​ការ​ឃោសនា​ភូតភរ​។

ប្រជាជន​បាន​បោះឆ្នោត​គាំទ្រ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​យ៉ាង​ច្រើន​ព្រោះ​គេ​យល់​ច្បាស់​ថា​គណបក្ស​ដែល​គាំទ្រ ឬ​ទ្រទ្រង់​របប​រាជានិយម​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ច្បាស់លាស់​! មិនមែន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ដូច​ការ​ឃោសនា​របស់​មេបក្ស​នេះ​ទេ​។

កាល​ព្រះអង្គ​នៅ​មាន​ព្រះរាជ​ជន្មាយុ​នៅ​ឡើយ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមរតនកោដ្ឋ ព្រះអង្គ​បាន​មាន​រាជ​ចំណារ​ទុក​នៅ​ភ័ស្តុតាង​ច្បាស់លាស់​ថា «​ទ្រង់​នរោត្តម រណឫទ្ធិ (​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​) ​មិនមែន​ជា​សីហនុ​និយម​» ទេ​! ហើយ​អ្នក​ដែល​នៅ​ជុំវិញ​ទ្រង់​ក៏​សុទ្ធ​តែ​សីហនុ​និយម​ក្លែងក្លាយ​ដែរ​។ មិន​តែ​ប៉ុណ្ណោះ​សម្តេច​ព្រះ​បរមរតនកោដ្ឋ បាន​មាន​ព្រះរាជ​បន្ទូល​ថា «​ព្រះអង្គ​សូម​គាំទ្រ​សម្តេច​តេជោ​ ហ៊ុន សែន ជា​អ្នក​ស្នេហា​ជាតិ ស្នេហា​ព្រះរាជ​បល្ល័ង្ក​រហូត​ដល់​ព្រះអង្គ​អស់​ព្រះរាជ​ជន្មាយុ​ទៀត​ផង​»​។

មួយ​វិញ​ទៀត​ការ​ដែល​គណបក្ស​នយោបាយ​មួយ​ប្រកាស​សុំ​ជំនួយ​ពី​បរទេស ដោយ​គ្មាន​ការ​អៀនខ្មាស​គឺជា​អំពើ​មួយ​ខុស​ច្បាប់​ដែល​ក្រសួង​មហាផ្ទៃ​ត្រូវ​តែ​ពិនិត្យ​ឲ្យ​បាន​ច្បាស់​! ព្រោះ​រឿង​លោក កឹម សុខា ដែល​ទទួល​សារភាព​ថា​ខ្លួន​បាន​លាក់​ពួន​ឲ្យ​បរទេស​ត្រូវ​ចាត់​ទុក​ថា​ជា​ជន​ដែល​ក្បត់​ជាតិ​។ ចុះ​គណបក្ស​មួយ​ដែល​ប្រកាស​សុំ​ជំនួយ​ពី​បរទេស តើ​ត្រូវ​ថា​ឲ្យ​អំណោយ​បែប​ណា​ទៅ​វិញ​។

សម្តេច​ប្រធាន​ហ៊្វុនស៊ិនប៉ិច​បាន​អួតអាង និង​ត្អូញត្អែរ​ប្រាប់​អ្នក​តំណាង​រដ្ឋាភិបាល​ចិន​ទៀត​ថា ​«​គណបក្ស​យើង​ឥឡូវ​នេះ​បាន​ក្លាយ​ទៅ​ជា​គណបក្ស​ទី​ ២ ​ប្រាកដ​មែន​! តែ​គណបក្ស​រាជានិយម​យើង​ខ្ញុំ​ក្រ​ណាស់​! គឺ​ក្រ​យក​តែ​មែន​ទែន​។ កាល​មុន​រដ្ឋាភិបាល​ចិន​បាន​ជួយ​ត្រឹម​តែ​ម្តងម្កាល​ដូចជា (​ប៊ិក សៀវភៅ​សរសេរ និង​កុំព្យូទ័រ​ទេ​! ឥឡូវ​យើង​ខ្ញុំ​ក្រ​ណាស់​» ចង់​បាន​អី​ថែម​ទៀត​! (​ដូចជា​ហិរញ្ញវត្ថុ​ប្រែ​ឲ្យ​ចំ​គឺ​លុយ​តែ​ម្តង​)​។

និយាយ​ដល់​រឿង​នេះ​ខ្ញុំ​នៅ​ចាំ​រឿង​មួយ​កាល​ដែល​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះនរោត្តម សីហនុ ព្រះអង្គ​នៅ​គ្រង​រាជសម្បត្តិ​នៅ​ឡើយ​។ ពេល​នោះ​លោក សម រង្ស៊ី និង​ភរិយា​បាន​ទៅ​គាល់​ព្រះអង្គ​ហើយ​ត្អូញត្អែរ​ថា «​តាំងពី​ធ្វើ​នយោបាយ​មក​ទូល​ព្រះបង្គំ​ចុះ​ក្រីក្រ​ជា​ពន់ពេក​! លក់​អស់​ហើយ​សម្បត្តិ​ទ្រព្យ​នៅ​ស្រុក​បារាំង​ដើម្បី​យក​មក​ធ្វើ​នយោបាយ​។

ពេល​នោះ​ព្រះករុណា​បាន​មាន​ព្រះបន្ទូល​ឆ្លើយតប​ទៅ​លោក សម រង្ស៊ី វិញ យ៉ាង​ព្រងើយ​ថា «​ប្រាកដ​មែន​ហើយ​ឯកឧត្តម​! ឯកឧត្តម​ធ្វើ​នយោបាយ​នាំ​ឲ្យ​ឯកឧត្តម ខាតបង់​ច្រើន​ណាស់​! ហេតុ​នេះ​ខ្ញុំ​សុំ​ឲ្យ​ឯកឧត្តម​ឈប់​ធ្វើ​នយោបាយ​ទៅ​ហើយ​អ៊ីចឹង​ត្រឡប់​ទៅ​នៅ​ស្រុក​បារាំង​វិញ​ទៅ​ឯកឧត្តម​ប្រាកដ​ជា​អាច​ធ្វើ​ការ​រក​ប្រាក់​ដូច​ដើម​វិញ​ជា​មិន​ខាន​!»​។

លោក​ សម រង្ស៊ី ហាក់បី​ដូចជា​ស្រងាក​ចិត្ត​ព្រោះ​ខំ​ត្អូញត្អែរ​ក្រែង​បាន​កម្រៃ​ខ្លះ​ពី​ព្រះករុណា​ផ្ទុយ​ទៅ​វិញ​បែរ​ជា​ព្រះអង្គ​សុំ​​ឲ្យ​លោក​ឈប់​ធ្វើ​នយោបាយ​ទៅ​វិញ​។

ដូច្នោះ​បើ​តាម​យោបល់​យើង បើ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ក្រ​ពិត​មែន​រីឯ​ប្រធាន​គណបក្ស​នេះ​ប្រាកដ​ជា​មិន​ក្រ​ដូច​គណបក្ស​ទេ ហេតុ​នេះ​គួរ​តែ​ព្រះអង្គ​ឈប់​ធ្វើ​នយោបាយ​ប្រសើរ​ជាង​ហើយ​គួរ​តែ​ឈប់​ទៅ​សុំទាន​គេ​យ៉ាង​ថោក​ទាប​បែប​នេះ​ល្អ​ជាង​នាំ​ឲ្យ​ថោកទាប​របប​រាជានិយម​ដែល​ប្រជាជន​ខ្មែរ​ទាំង​មូល​គាំទ្រ​។

យើង​គួរ​តែ​ជ្រាប​ថា​រដ្ឋាភិបាល​ចិន​គេ​ធ្វើ​នយោបាយ​! ហើយ​គេ​ទទួល​ស្គាល់​តែ​អ្នក​ដែល​កាន់​អំណាច​ទេ​! គេ​មិនមែន​យក​លុយ​ដែល​ជា​ញើស​ឈាម​របស់​ប្រជាជន​គេ មក​ចាយវាយ​ផ្តេសផ្តាស​នោះ​ទេ​! មុន​នឹង​គេ​ចំណាយ​ឲ្យ​អ្វី​មួយ​គឺ​សុទ្ធ​តែ​គេ​យល់​ថា​អ្នក​នោះ​អាច​ជួយ​គេ​បាន​វិញ​ទៅ​ថ្ងៃ​ក្រោយ​។

រឿង​រដ្ឋាភិបាល​ចិន​កាលពី​ឆ្នាំ​ ១៩៧០ ​ដល់​ ១៩៧៣ ​រដ្ឋាភិបាល​ចិន​បាន​ជួយ​រណសិរ្ស​រួបរួម​ជាតិ​កម្ពុជា​របស់​សម្តេចព្រះ​នរោត្តម សីហនុ យ៉ាង​ពេញ​ទំហឹង​! តែ​ចាប់​តាំង​ពី​លោកស្រី ឆាំង ឈីង ជា​ភរិយា​លោក​ប្រធាន​ ម៉ៅ សេទុង ក្តោប​អំណាច​មក​រដ្ឋាភិបាល​ចិន​បាន​ប្តូរ​ពី​ឆ្នាំ​ ១៩៧៣ ទៅ​គាំទ្រ​របប​ប៉ុលពត​ទៅ​វិញ ព្រោះ​គេ​យល់​ថា​ «​បើ​សម្តេច​នរោត្តម សីហនុ ឈ្នះ​សង្គ្រាម​ប្រទេស​កម្ពុជា មិន​អាច​ទៅ​ជា​កុម្មុយនីស្ត​បាន​ទេ​! ព្រោះ​សម្តេច សីហនុ ជា​ស្តេច​សក្តិភូមិ​»​។ នេះ​ហើយ​បាន​ជា​គេ​ជ្រើសរើស ប៉ុល ពត ជា​កូនចៅ​គេ​ឲ្យ​កាន់​អំណាច​ព្រម​ទាំង​បន្ត​ការ​កាប់​សម្លាប់​ប្រជាជន​ខ្មែរ​អស់​រាប់​លាន​នាក់​នោះ​។

តែ​ដល់​លោក​ប្រធាន​ ម៉ៅ សេទុង ​ស្លាប់​ទៅ​តុលាការ​បាន​កោះ​ហៅ​លោកស្រី ឆាំង ឈីង មក​កាត់​ទោស​ដាក់គុក​ ១ ​ជីវិត​។ ​គាត់​ខ្មាស​គេ​ក៏​ធ្វើ​អត្តឃាត​នៅ​ក្នុង​គុក​នោះ​ទៅ​។ ក្រោយ​មក​ ប៉ុល ពត ​ត្រូវ​បាន​ទៅ​ធ្វើ​ទស្សនកិច្ច​ជា​ផ្លូវការ នៅ​ក្នុង​ក្រុង​ប៉េកាំង​ដូចជា​ប្រមុខរដ្ឋ​ខ្មែរ​ម្នាក់​ដោយ​បាន​ទទួល​ពី​លោក​ប្រធាន​ ម៉ៅ សេទុង ទៀត​ផង​។

នេះ​ជា​ប្រវត្តិសាស្ត្រ​មួយ​ហើយ​បាន​ច្បាស់លាស់​ថា​រដ្ឋាភិបាល​ចិន​ពិត​មែន​តែ​មិន​ទាន់​ទៅ​ជា​កុម្មុយនីស្ត​ ១០០ ភាគរយ​ទេ​! តែ​ក៏​បាន​អនុវត្ត​បាន​ ៥០ ​ភាគរយ​ដែរ​ព្រោះ​ដោយសារ​ឆ្លង​កាត់​ទៅ​លទ្ធិកុម្មុយនីស្ត​មិន​រួច​ក៏​បាន​ដក​ថយ​មក​នៅ​ជា​ប្រទេស​សង្គមនិយម ឬ​ជា​មូលធន​និយម​វិញ​ដល់​សព្វ​ថ្ងៃ​នេះ​។

តែ​រដ្ឋាភិបាល​ចិន គេ​ចាយវាយ​ដោយ​ប្រយ័ត្ន​ប្រយែង​ណាស់​ព្រោះ​លុយ​កាក់​ជា​ញើស​ឈាម​របស់​ប្រជាជន​គេ​! តែ​បើ​អ្នក​កាន់​អំណាច​ប្រទេស​ណា​ដែល​គេ​យល់​ថា​ស្មោះត្រង់​នឹង​នយោបាយ​គេ​ទើប​គេ​ជួយ​គាំទ្រ​ដោយ​ស្មោះ​។ តែ​ត្រង់​ថា​សុំ​ឲ្យ​គេ​ជួយ​ជា​គណបក្ស​តូចតាច​ដែល​គេ​យល់​ឃើញ​ថា​ជា​គណបក្ស​កំប៉ិក​កំប៉ុក​ទៅ​ធ្វើ​ជា​ស្មូម​យាចក​លើក​ដៃ​ទៅ​សុំ​ទាន​គេ​គឺ​ដូចជា​ឈោង​ដៃ​ទៅ​ឱប​ភ្នំ​អី​យ៉ាង​នេះ​ដែរ​។ ម្តេច​ក៏​មិន​មាន​ការ​អៀនខ្មាស​ខ្លះ​ផង​។ សូម្បី​សម្តេច​ព្រះបរមរតនកោដ្ឋ​កាល​ព្រះអង្គ​បង្កើត​គណបក្ស​ហ៊្វុនស៊ិនប៉ិច​កាលពី​ឆ្នាំ ១៩៨១ ដែល​មាន​រូប​ខ្ញុំ​ជា​ស្ថាបនិក​ម្នាក់​ដែរ​នោះ​ក៏​ព្រះអង្គ​មិន​បាន​សុំ​ជំនួយ​ពី​បរទេស​ណា​មួយ​ឲ្យ​ជួយ​ដែរ​។

ថ្មីៗ​នេះ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​បាន​ប្រកាស​ថា​គណបក្ស​ហ៊្វុនស៊ិនប៉ិច​មិន​ដែល​បាន​ទទួល​ហិរញ្ញវត្ថុ​ពី​រដ្ឋាភិបាល​ចិន​ទេ​។ នេះ​ជា​ការ​ប្រាកដ​ដូច​យើង​និយាយ​ខាង​លើ​នេះ​មែន​! ព្រោះ​រដ្ឋាភិបាល​ចិន​មិន​ដែល​ជួយ​គណបក្ស​ណា​នោះ​ទេ ទោះ​ជា​គេ​យល់​ថា​គណបក្ស​នោះ​ជា​គណបក្ស​តូចតាច​កំប៉ិកកំប៉ុក​បែប​ណា​ក្តី​៕

ដោយ នុត ឈឿម

អត្ថបទគួរចាប់អារម្មណ៍