«អាគក ដូចអាចែ!» ក្នុងន័យនេះមានន័យថាលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញដូចតែលោក កែប ជុតិមា អភិបាលចាស់ដែរគឺអសមត្ថភាពដោះស្រាយទឹកជំនន់លិចទីក្រុងដូចគ្នាគឺនៅពេលភ្លៀងម្តងៗដឹងតែរកកន្លែងតំបន់អភិវឌ្ឍន៍។
តាមពិតទៅតំបន់អភិវឌ្ឍន៍ដែលលោកទាំង ២ រកកន្លែងឃើញនោះគឺបានផលទៅលើក្រុមហ៊ុនឯកជន និងអ្នកមានតែអ្នកក្រក្លាយទៅជាជនរងគ្រោះដោយសារការអភិវឌ្ឍនោះទៅវិញជាពិសេសបឹង និងទឹកស្រះ។
ឧទាហរណ៍ បឹងកក់ បឹងទំពុន បឹងជើងឯកដ៏ធំល្វឹងល្វើយទឹកស្រះក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ទឹកស្រះក្នុងបុរីកីឡា បឹងត្របែក ដែលជាកន្លែងស្តុកទឹកពេលភ្លៀងសុទ្ធតែត្រូវបានគេចាក់ខ្សាច់ទាំងយប់ទាំងថ្ងៃលុបពេញយកធ្វើកន្លែងតំបន់អភិវឌ្ឍន៍រយៈពេលវែងខ្លះលក់ទាំងស្រុង។
បឹងកក់ត្រូវបានក្រុមហ៊ុន Google លុបផ្ទៃទឹកចេញទាំងស្រុងពីផែនទីហើយដែរខណៈដែលកំពុងក្លាយជាកន្លែងអភិវឌ្ឍន៍របស់ក្រុមហ៊ុនស៊ូកាកូអ៊ីនហើយទឹកស្រះ និងដីក្រហមនៅពហុកីឡដ្ឋានជាតិអូឡាំពិកបាននិងកំពុងចេញជារូបរាងអគារខុនដូ និងផ្សារទំនើបដ៏ខ្ពស់ស្កឹមស្កៃក្នុងពេលដែលបឹងទំពុនក៏ត្រូវបានគេលុបអស់ ១ ផ្នែកធំ និងកំពុងបានក្លាយទៅសាលាអន្តរជាតិ ISPP ដ៏ធំទូលាយមួយផងដែរនោះ។
ឥឡូវដល់ពេលខ្វះកន្លែងរំដោះទឹកអាជ្ញាធរទាំងសាលាខណ្ឌទាំងសាលារាជធានីទៅនាំគ្នាទៅឈូសដី និងផ្ទះសំបែងប្រជាពលរដ្ឋ ៩ គ្រួសារដើម្បីពង្រីកប្រឡាយបាក់ទូកនៅខណ្ឌឫស្សីកែវបង្ហូរទៅបឹងបាយាបដោយគ្មានសំណងអីមួយរៀលបើទោះបីជាពួកគាត់មានប្លង់ផ្ទះតាំងទសវត្សរ៍ឆ្នាំ ៨០ ហើយក៏ដោយគឺអាជ្ញាធរគ្រាន់តែឆ្លើយថាកន្លែងអភិវឌ្ឍន៍គឺចប់។ រីឯអ្នកក្រីក្រខ្លះទៀតរងការលិចទឹកជាប្រចាំដោយសារការចាក់ដីខ្ពស់នៅកន្លែងអភិវឌ្ឍន៍ និងតាមបុរីៗធ្វើឲ្យផ្ទះរបស់ពួកគាត់ទាបជាងលូហើយកាលពីសប្តាហ៍មុនមានកិច្ចប្រជុំមួយធ្វើឡើងក្រោយពីប្រជាពលរដ្ឋប្រឈមនឹងការរងគ្រោះជាង ៤០០ គ្រួសាររស់នៅលើដីបណ្តោយប្រឡាយប្រវែង ១៤៩២ ម៉ែត្រដែលស្ថាប័នពាក់ព័ន្ធដូចជាក្រសួងដែនដីក្រសួងសាធារណការ និងអាជ្ញាធររាជធានីភ្នំពេញមានផែនការរុះរើផ្ទះសំបែងរបស់ពួកគាត់ដែលរស់នៅជាយូរឆ្នាំមកហើយនោះ។
ផលប៉ះពាល់ពីការអភិវឌ្ឍបែបលុបបឹង និងស្រះនាប៉ុន្មានឆ្នាំចុងក្រោយនេះត្រូវបានគេកត់សម្គាល់ឃើញថាមានទឹកជំនន់កាន់តែខ្ពស់នៅពេលភ្លៀងធំម្តងៗដោយមើលទៅអាក្រក់មើលណាស់ក្នុងពេលទឹកហូរចេញពីលូស្អុយគគ្រុកជាពិសេសសំរាមរាវវេជ្ជសាស្ត្រចេញពីមន្ទីរពេទ្យ គ្លីនិក ឬក៏កន្លែងសត្តឃាតនានាគឺនាំសុទ្ធតែមេរោគមកជាមួយដែលធ្វើឲ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋនៅតាមប្រឡាយទឹកសម្អុយនោះយ៉ាងធ្ងន់ធ្ងរ។
ទន្ទឹមនឹងនេះដែរក្នុងពេលដែលកំណើនរថយន្តទំនើបក៏មានព្រោងព្រាតនៅទីក្រុងគជ់ផងនោះមើលទៅខូចសោភណភាពរថយន្តរបស់អ្នកផលិតអស់ហើយដោយតម្លៃសុទ្ធតែ ២២ ម៉ឺនតែបែរជាមកជិះលើទឹកសម្អុយទៅវិញ។
ម្យ៉ាងវិញទៀតធនាគារអភិវឌ្ឍន៍អាស៊ីបានធ្វើការទស្សន៍ទាយថាកម្ពុជានឹងក្លាយជាកូនខ្លាសេដ្ឋកិច្ចនៅអាស៊ីផងបែរជាទីក្រុងទឹកលិចស្អុយគគ្រុកយ៉ាងនេះ។ រីឯរដ្ឋាភិបាលវិញនៅពេលដែលពលរដ្ឋរិះគន់ រអ៊ូរទាំ ខឹងសម្បា និងប្តឹងទៅបានត្រឹមតែសុំអធ្យាស្រ័យរាល់តែឆ្នាំដោយថារដ្ឋាភិបាលគ្មានលុយទេធ្វើប្រព័ន្ធរង់ចាំគេ (JICA) ធ្វើឲ្យដែលស្ដាប់ទៅគួរឲ្យខ្មាសអៀននៅពេលលក់បឹង លក់ស្រះបានលុយចែកគ្នាចាយ និងដាក់បក្សអស់មិនដឹងជាទៅទីណាហើយរង់ចាំលូធំៗដែលរដ្ឋាភិបាលជប៉ុនធ្វើឲ្យដោយតែងតែថាប្រព័ន្ធលូជិតហើយរាល់តែឆ្នាំ។
ការសាងសង់ប្រព័ន្ធលូថ្មីបែបនេះគឺដោយសាររដ្ឋាភិបាលរង់ចាំជំនួយពីគេធ្លាក់មកបើរដ្ឋប្រើថវិកាខ្លួនឯងគឺវារួចរាល់តាំងពីយូរយារណាស់មកហើយតែមិនអ៊ីចឹងឯណាពេលខ្លះទុកជិតដល់ពេលបោះឆ្នោតម្តងៗបានធ្វើនៅតាមសង្កាត់ ខណ្ឌ បន្តិចបន្តួចរួចក៏យករូបភាពនោះមកផ្សព្វផ្សាយឃោសនា ឬក៏ពេលភ្លៀងហើយឃើញប្រមូលសំរាម និងបារលូម្តងទៅ ២ ដងទៅហើយថតដាក់ទូរទស្សន៍ឲ្យមើលទៅដូចជាយកចិត្តទុកដាក់រឿងលិចទឹកសម្បើមណាស់។
ម្យ៉ាងវិញទៀតបើបក្សប្រឆាំងវិញគឺបានត្រឹមតែរិះគន់រដ្ឋាភិបាលធ្វើមិនបាន ធ្វើមិនកើតតែប៉ុណ្ណោះតែខ្លួនមិនបានបំផុសបំផុលសមាជិក សមាជិកាដែលមាននៅតាមមូលដ្ឋានក្នុងនាមពលរដ្ឋសាមញ្ញបើមិនមានថវិកាជាតិធ្វើទេក៏ដើរប្រមូលសំរាមដែលធ្វើឲ្យស្ទះលូក៏បានដែរ។
ឥឡូវផ្លូវទឹកសម្អុយនៅទីក្រុងបញ្ចេញកាន់តែរួមទៅៗមានផ្លូវប្រឡាយបឹងបាយាប លូបឹងត្របែកហូរទៅបឹងទំពុនចាល់ទឹកអាចចូលទឹកស្ទឹងហើយនៅពេលណែនបង្ហូរចូលទៅទន្លេបំពុលបរិស្ថានក្នុងទឹកដដែល។ នេះមកពីរាជរដ្ឋាភិបាលដឹងតែពីលក់ដីតំបន់អភិវឌ្ឍន៍តែអសមត្ថភាពក្នុងការគ្រប់គ្រងទឹក និងមិនចេះកែច្នៃទឹកសម្អុយឲ្យទៅជាទឹកស្អាតប្រើប្រាស់ដូចនៅប្រទេស សិង្ហបុរី ទេជាពិសេសមន្ត្រីជាន់ខ្ពស់ស្រុកខ្មែរទៅប្រទេសគេមិនដែលយកភ្នែកមើលថាត្រូវធ្វើដូចម្តេចនោះទេបើហោចណាស់ក៏មានចម្ងល់ថាតើពេលភ្លៀងម្តងៗទឹកលូគេបង្ហូរទៅណា? គេយកបញ្ចូលទៅក្នុងទឹកសមុទ្រ?
តាមរយៈវេបសាយរបស់រដ្ឋាភិបាលសិង្ហបុរី www.pub.gov.sg នៅប្រទេសនេះគឺគេធ្វើបឹងសិប្បនិម្មិតសម្រាប់រក្សាទឹកភ្លៀងទុកប្រើហើយទឹកដែលហូរចេញពីលូគឺរដ្ឋាភិបាលយកទៅកែច្នៃឲ្យទៅជាទឹកល្អយកមកប្រើប្រាស់វិញគឺមិនមែនបង្ហូរចូលទឹកសមុទ្របំពុលបរិស្ថាននោះទេ។
ប៉ុន្តែផ្ទុយទៅវិញសាលារាជធានីភ្នំពេញបែរជាមានថវិកាសម្រាប់ធ្វើសួនច្បារ ឬក៏គាស់ថ្មចិញ្ចើមផ្លូវដែលមិនទាន់មានការខូចខាតអ្វីសោះហើយឃើញតែធ្វើនៅកន្លែងដដែលៗពិសេសត្រង់ម្តុំសួនច្បារក្បែរៗផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្បែរវិមានឯករាជ្យដើម្បីយកមុខមាត់ឲ្យលោកមើលឃើញថាសាលារាជធានីហ្នឹងធ្វើការងារច្រើនណាស់ និងជួសជុលនៅម្តុំៗស្នាក់ការធំគណបក្សប្រជាជនតែប៉ុណ្ណឹង។ ពេលខ្លះមើលទៅការចំណាយថវិកាបែបនេះគឺមានការខ្ជះខ្ជាយថវិកាជាតិខ្លាំងសម្បើមណាស់ពីព្រោះថ្មចិញ្ចើមផ្លូវ និងការ៉ូឡាទាំងនោះនៅមិនទាន់ខូចផងហើយក៏នៅស្អាតអាចប្រើបាន ៣ ទៅ ៤ ឆ្នាំទៅមុខទៀតតែត្រូវគាស់ចោលទៅវិញ។
ចុះហេតុអ្វីបានជាសាលារាជធានីត្រូវចំណាយថវិកាជាតិដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ?ឬក៏ការចាយលើការជួសជុល និងការដេញថ្លៃទិញឥដ្ឋបានកុំមិស្យុងច្រើនស្រួលចែកគ្នាចាយ? ឬក៏ខ្លាចតែចាយមិនអស់ក្រសួងហិរញ្ញវត្ថុយកថវិកាទាំងនោះទៅវិញ?
ហេតុអ្វីបានជាសាលារាជធានីមិនយកថវិកាទាំងនេះមកដោះស្រាយរឿងទឹកសម្អុយលិចក្រុងមកធ្វើជាផែនការអាទិភាពវិញ? ព្រោះវាជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងពេលរដូវវស្សាចាប់ផ្តើមមកដល់នេះធ្វើយ៉ាងណាឲ្យដូចការសន្យារបស់លោកអភិបាលក្នុងពេលដែលគ្រាន់តែដឹងថា នឹងឡើងធ្វើជាអភិបាលកាលពីខែមេសាឆ្នាំ ២០១៣ ភ្លាមគឺលោកសន្យាថានឹងដោះស្រាយទឹកជំនន់ក្រោយភ្លៀងមុនគេហើយលោកក៏ឧស្សាហ៍ទៅអើតមើលនៅកន្លែងប្រឡាយបង្ហូរទឹកទៅបឹងបាយាបផងដែរព្រោះវាក៏ជាសោភណភាពទីក្រុងមួយដែរតែដល់ពេលបានកាន់អំណាចភ្លេចការសន្យាអស់លែងសូវខ្វល់ដោយទឹកនៅតែលិចដូចកាលពីសម័យលោក កែប ជុតិមា ដដែល។ ឬ មួយក៏ធ្វើសួនច្បារ និងចិញ្ចើមផ្លូវម្ចាស់ឆ្នោតមើលឃើញជាងធ្វើប្រព័ន្ធរំដោះទឹកលិចក្រុងបានជាយកលុយទៅចាយមិនចំគោលដៅទៅវិញ ?
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com