ប្រទេសកម្ពុជាយើង ជាប្រទេសដែលធ្លាប់ឆ្លងកាត់នូវសម័យកាលជាច្រើន ដូចជាសម័យមុនអង្គរ ក្រោយអង្គរ សម័យសង្គមរាស្រ្តនិយម ខ្មែរក្រហមជាដើម។ តែក្នុងទីនេះ ខ្ញុំសូមលើកយកតែសម័យខ្មែរក្រហមនិងសម័យកាលបច្ចុប្បន្នមកប្រៀបធៀបគ្នាបន្តិចបន្តួចនៃការយល់ឃើញរបស់ខ្ញុំ។ ការដែលលើកយកមកប្រៀបធៀបនេះ មិនមែនមានការខឹងស្អប់អ្វីឡើយ គឺគ្រាន់តែចង់បង្ហាញអំពីទស្សនៈរបស់ខ្ញុំតែប៉ុណ្ណោះ។
សម័យខ្មែរក្រហម គឺជាសម័យកាលដែលខ្មៅងងឹត ដែលប្រជាជនខ្មែរយើង រស់នៅដូចនៅធ្លាក់ក្នុងនរកទាំងរស់ ដោយគ្មានសិទ្ធិសេរីភាពគ្រប់គ្រាន់ រស់នៅដោយការភ័យខ្លាច រស់មួយថ្ងៃ ដើម្បីមួយថ្ងៃ រស់នៅគ្មានបាយអាហារបរិភោគគ្រប់គ្រាន់។ ក្នុងរបបនេះ ប្រជាជនខ្មែរយើងស្លាប់អស់ជិត២ លាននាក់ដោយសារការអត់អាហារបរិភោគគ្រប់គ្រាន់ ធ្វើការហួសពីកម្លាំងសមត្ថភាព មានអ្នកខ្លះរស់មិនដូចស្លាប់ៗមិនដូចរស់។
មួយថ្ងៃៗប្រជាជនគ្មានគិតអ្វីក្រៅអំពីចង់បានបាយហូបគ្រប់គ្រាន់ គេចផុតពីការធ្វើទារុណកម្មយ៉ាងឃោរឃៅព្រៃផ្សៃ និងការសម្លាប់់ដោយគ្មានមេត្តាមនុស្សធម៌អំពីពួកខ្មែរក្រហមឡើយ។ ម្យ៉ាងប្រជាជនខ្មែរបន់ស្រន់ឲ្យមនុស្សណាម្នាក់មករំដោះពួកគាត់ចេញពីសេចក្តីទុក្ខវេទនានេះទេ ប្រសិនមាននរណាម្នាក់មករំដោះពួកគាត់ ចេញអំពីស្ថាន-ភាពដ៏អាក្រក់នេះ មិនដឹងជាពួកគាត់សប្បាយចិត្តរីករាយនិងដឹងគុណនោះយ៉ាងណាទេ។
ការរំពឹងទុករបស់ពួកគាត់គឺមានមែនគឺ ថ្ងៃទី៧ ខែមករា ឆ្នាំ ១៩៧៩ កងរំដោះជាតិ បានវាយឈ្នះពួកខ្មែរក្រហម និងបានរំដោះប្រជាជនរួចផុតពីស្ថានភាពធ្លាក់ក្នុងនរកទាំងរស់មែន។ ប៉ុន្តែមិនទាន់បានល្អប្រសើរនៅឡើយទេ នៅមានឧបសគ្គត្រូវឆ្លងកាត់ជាច្រើនទៀត សម្រាប់ប្រជាជនខ្មែរទាំងមូល តែទោះជាយ៉ាងណាក៏វាប្រសើរជាងរស់នៅក្នុងរបបខ្មែរក្រហមនេះដែរ។
ទាំងអស់នេះ ជាគុណវិបត្តិដ៏ធំធេងដែលខ្មែរយើងគ្រប់រូប ដែលកើតទាន់សម័យនោះ មិនអាចបំភ្លេចបាន និងមិនចង់ឲ្យកើតមានឡើងម្តងទៀត។ ប៉ុន្តែទោះបីជារបបនេះឃោរឃៅព្រៃផ្សៃសម្លាប់មនុស្សគ្មានញញើតយ៉ាងណាក្តី ក៏នៅមានគុណសម្បត្តិដែលយើងមិនអាចបំភ្លេចចោលបានដែរ។ គុណសម្បត្តិនៅក្នុងរបបខ្មែរក្រហមនោះមានដូចជា ព្រៃឈើ ធនធានរ៉ែ ត្រី សត្វព្រៃ បឹងបួរ ទន្លេ គឺភាគច្រើននៅគង់វង្សបានល្អណាស់ មិនមានការបំផ្លាញអំពីសំណាក់អ្នកណាឡើយ ទ្រព្យសម្បត្តិធនធានធម្មជាតិនេះហើយបានផ្តល់ផលប្រយោជន៍ដល់ប្រទេសយើងយ៉ាងមហាសាល។
ចំណែកឯសម័យកាលកម្ពុជាបច្ចុប្បន្នវិញ ប្រជាជនមានសិទ្ធិសេរីភាពក្នុងការដើរហើរទៅណាមកណាបានយ៉ាងស្រួល ទាំងមធ្យោបាយធ្វើដំណើរក៏ស្រួល មនុស្សក៏អាចរស់នៅបានសុខសន្តិភាព ជាងសម័យខ្មែរក្រហមដែរ។ សំណង់អគារខ្ពស់ៗ ស្ពាន សាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ គឺមានច្រើនណាស់បើប្រៀបធៀបទៅនឹងសម័យ កាលដ៏ខ្មៅងងឹតខ្មែរក្រហមនោះ។ មនុស្សភាគច្រើនអាចធ្វើអ្វីទៅតាមអ្វីដែលពួកគេចង់ធ្វើចង់បាន កូនចៅបានទៅរៀន ស្ទើរតែគ្រប់គ្នាទូទាំងប្រទេស ទាំងនេះជាគុណសម្បត្តិយ៉ាងធំធេងខ្លាំងណាស់សម្រាប់ប្រជាជនខ្មែរយើងជាពិសេសអ្នកដែលបានរួចផុតពីរបបខ្មែរក្រហមនោះ។
ប៉ុន្តែប្រសិនបើយើងក្រឡេងមើលគុណវិបត្តិក្នុងសម័យកាលនេះវិញក៏មានច្រើនណាស់ដែរ ដូចជា ព្រៃឈើ ធនធានរ៉ែ សត្វព្រៃ ត្រី បឹងបួរ ស្ទឹងទន្លេ ភាគច្រើនត្រូវបាត់បង់។ គម្លាតរវាងអ្នកមាន និងអ្នកក្រ អំពើពុករលួយបក្ខពួកនិយម សែស្រឡាយ អំពើអយុត្តិធម៌ក្នុងសង្គម អ្នកក្រតែងតែរងគ្រោះ ប្រជាជនមួយចំនួនត្រូវបាត់បង់ដីធ្លី ផ្ទះសម្បែងដោយសារតែក្រុមអ្នកមានបក្ខពួកមួយចំនួនទៅឈ្លានពានពួកគាត់ ដោយសារតែមហិច្ឆតាចង់មានចង់បានមិនចេះស្កប់ស្កល់របស់ខ្លួន ធ្វើឲ្យអ្នកដទៃទឹកភ្នែក គ្រួសារបែកបាក់ កូនៗមិនអាចបន្តការសិក្សារៀនសូត្របាន ដោយសារតែអំពើអយុត្តិធម៌ក្នុងសង្គមជាតិ។
អសន្តិសុខសង្គមមានការបាញ់សម្លាប់ លួចប្លន់ កាប់សម្លាប់គ្នា គ្រោះថ្នាក់ចរាចរណ៍ កើតឡើងរាល់ថ្ងៃ និងបានសម្លាប់មនុស្សយ៉ាងច្រើនដែលជាធនធានមនុស្សសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ ម្យ៉ាងទៀតរបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស ( Human Right Watch)មានចំណងជើងថា “30 year of Hun Sen: Violence, repression, and Corruption in Cambodia” ចេញនៅថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០១៥ នេះ ដោយចាត់ទុកការដឹកនាំអស់រយៈពេល ៣០ ឆ្នាំរបស់សម្តេចហ៊ុន សែនថា គឺពោរពេញទៅដោយ ហិង្សា ការគាបសង្កត់ និងអំពើពុករលួយ។ ដោយចាត់ទុកថា ការដឹកនាំដោយអំពើហិង្សានយោបាយ ការគ្រប់គ្រងកម្លាំងយោធា ការបោះឆ្នោតលួចបន្លំ និងអំពើពុករលួយច្រើន។
របាយការណ៍នេះបន្តទៀតថា លោកនាយករដ្ឋមន្រ្តី ជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ការកាប់សម្លាប់ក្រៅប្រព័ន្ធតុលាការ ការធ្វើទារុណកម្ម ការប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីគាបសង្កត់ ការបំបិទសិទ្ធិសេរីភាពនៃការប្រមូលផ្តុំ និងការប្រើកម្លាំង ដើម្បីគំរាមកំហែងជាដើម។
របាយការណ៍ថែមទាំងនិយាយថា អំឡុងពេលនៃការកាន់អំណាចរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន មានការសម្លាប់ឥស្សរជន គណបក្សប្រឆាំង អ្នកកាសែត មេដឹកនាំសហជីពដោយហេតុផលនយោបាយ ហើយពុំមានការស៊ើបអង្កេតនិងចាប់ខ្លួនជនល្មើសទេ បើទោះបីស្គាល់ជនល្មើសនោះក៏ដោយ។ ទាំងនេះគឺជាគុណវិបត្តិក្នុងសម័យនេះ នឹងនៅមានបញ្ហាជាច្រើនទៀត ដែលថ្នាក់ដឹកនាំត្រូវតែដោះស្រាយជាបន្ទាន់។
ម្យ៉ាងទៀតប្រសិនបើយើងនិយាយអំពីថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ ដែលជាថ្ងៃរំដោះជាតិ ប៉ុន្តែថ្ងៃនេះ ៧មករានេះ មានប្រជាជនមួយចំនួនមិនទទួលស្គាល់ និងមិនពេញចិត្តផងដែរ។ ខ្ញុំមិនដឹងច្បាស់ទេ អំពីបញ្ហានេះហេតុអ្វីបានជាពួកគាត់មិនព្រមទទួលស្គាល់ដូច្នេះ។ តែទោះជាយ៉ាងណា វាតែងតែមានហេតុផលរបស់វា ព្រោះខ្ញុំជាក្មេងជំនាន់ក្រោយ ហើយក៏មិនបានសិក្សាអំពីបញ្ហានេះឲ្យបានស៊ីជម្រៅផងដែរ។ តែអ្វីដែលខ្ញុំបានគិតគឺមកពីទាំងរដ្ឋាភិបាល និងមន្រ្តីរដ្ឋាភិបាលមួយចំនួន ឲ្យតម្លៃខ្លាំងពេកទៅលើថ្ងៃ៧ មករា។ ម្យ៉ាងទៀត មកពីភាពអយុត្តិធម៌ក្នុងសង្គមដែលមានសព្វនេះផង ទើបមានមនុស្សមួយចំនួនមិនទទួលស្គាល់ថ្ងៃ៧មករា។
សរុបមក ទោះជាយ៉ាងណាក្នុងសម័យកាលនីមួយៗតែងតែមានទាំងគុណសម្បត្តិនិងគុណវិបត្តិដែលមិនអាចចៀសបាន។ ប៉ុន្តែគុណវិបត្តិនិងគុណសម្បត្តិ តិចឬច្រើនគឺវាអាស្រ័យទៅលើបុគ្គលិកលក្ខណៈរបស់ថ្នាក់ដឹកនាំ ថាតើមានការប្តេជ្ញាចិត្តប៉ុនណាក្នុងការដឹងនាំប្រទេសឲ្យបានល្អប្រសើរនោះ។ បើដឹកនាំបានល្អគុណសម្បត្តិមានច្រើន គុណវិបត្តិគឺមានតិច តែបើការដឹកនាំមិនបានល្អវិញគឺគុណសម្បត្តិមានតិច គុណវិបត្តិមានច្រើនណាស់។
ដូច្នេះ សម្រាប់មេដឹកនាំក្នុងសម័យកាលនីមួយៗ មានតែការដឹកនាំប្រទេសឲ្យបានល្អទេ ដែលអាចធ្វើឲ្យពួកគេមានកេរ្មិ៍ឈ្មោះល្អក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ៕
កញ្ញា សាង ស្រីនូ រស់នៅទីក្រុងភ្នំពេញ, អ៊ីមែល: sreynousang15@gmail.com