កាលពី​ខែ​មុននេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានចេញ​សេចក្តី​ប្រកាស​ស្តីពី​ការកំណត់​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​និយោជិត​វាយនភណ្ឌ​កាត់ដេរ និង​ផលិត​ស្បែកជើង​នៅ​ឆ្នាំ​​ ២០២០ ​ខាងមុខ​នេះ​នឹង​ឡើងដល់​ ១៩០ ដុល្លារ​។ ​ចុះ​ហេតុអ្វី​បាន​ជា​កម្មករ​ប្រមូល​សំរាម​មិន​ត្រូវ​គិតគូរ​និង​ដំឡើង​ឲ្យ​ដូចគ្នា​?

សម្រាប់​លក្ខខណ្ឌ​ការងារ​ប្រភេទ​កម្មករ​ទាំង​ ២​ ​មាន​លក្ខណៈ​ខុសគ្នា​ដោយ​កម្មករ​រោងចក្រ​គាត់​លំបាក​ដូចគ្នា តែ​ពួកគេ​នៅក្នុង​ម្លប់​ដំបូល ហើយ​មាន​កង្ហារ​ជួយ​បក់​ដែល​គ្រាន់បើ​ជាង​កម្មករ​ប្រមូល​សំរាម​។ ពិតណាស់​អ្នកបោស​សំរាម​ពេល​ទៀបភ្លឺ​ប្រឈមមុខ​នឹង​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​អ្នក​អូស​រទេះ​ប្រមូល​សំរាម​ពី​ខាងក្នុង​ផ្ទះ​កន្លុកកន្លៀត​មក​ដាក់​គរ​ខាងក្រៅ​ឲ្យ​ឡាន​ដឹក​សំរាម​មក​ដឹក​​ក៏មាន​ការលំបាក​ដែរ​។

រីឯ​កម្មករ​នៅលើ​ឡាន​សំរាម​វិញ​គឺ​តែង​ហិត​ក្លិនស្អុយ​រាល់ពេល ហើយ​ពួកគេ​មិន​ដែល​បាន​ពាក់ម៉ាស់​ការពារ​ ឬ​ក៏​ស្រោមដៃ​ទេ ខណៈ​ឡាន​ក៏​កម្រ​នឹង​លាង​ដែរ​ជាហេតុ​ធ្វើឲ្យ​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ​ជាពិសេស​ជំងឺ​សួត​ហើយ​​សម្រាប់​ប្រាក់ខែ​អប្បបរមា​របស់​ពួកគេ​វិញ​បានត្រឹមតែ​ប្រមាណ​ ១៥០ ​​ដុល្លារ​ប៉ុណ្ណោះ​។ ​

ដោយសារ​ប្រាក់ខែ​តិច​អ៊ីចឹង​ហើយ​បានជា​ធ្វើឲ្យ​ប៉ះពាល់​ការប្រមូល​សំរាម​របស់​ពួកគេ​មិន​គ្រប់​ជ្រុងជ្រោយ​ដែល​ពេលខ្លះ​ ១ ​សប្តាហ៍ ​ទើប​មក​ប្រមូល​ម្តង ហើយ​បើ​ចំ​ថ្ងៃ​បុណ្យទាន​វិញ​គឺ​ពួកគេ​មិន​ងាយ​មក​ប្រមូល​ទៀងទាត់​ឡើយ ហើយ​បើ​​ថ្ងៃ​ចូលឆ្នាំ ភ្ជុំបិណ្ឌ បុណ្យ​អំទូកអកអំបុក សំពះ​ព្រះខែ​ផង​គឺ​សំរាម​ទុក​សល់​ស្អុយរលួយ​មាន​ដង្កូវ​មួយៗ​ពេញមុខ​ផ្ទះ​ ឬ​ក៏​ចាក់គរ​ជា​គំនរ​តាម​ចិញ្ចឹម​ថ្នល់ លើកលែង​តែ​ពេល​ថ្ងៃ​សែន​ចូលឆ្នាំ​ចិន​គឺ​ពួកគេ​មក​ប្រមូល​មិន​ឲ្យ​ខ្វះ​ទេ ជួនកាល​មក​ព្រឹក​ផង​ល្ងាច​ផង​ក៏មាន​ដែរ ព្រោះ​បាន​ម្ហូប​សល់​ពី​សែន​ផង​ និង​បាន​លុយ​ [​តិអៀ​] ​ផង​។

តាមរយៈ​ការធ្វើ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​កន្លងមក ក្រសួង​បរិស្ថាន​បាន​ផ្ទេរ​មុខងារ​ និង​ថវិកា​ស្តីពី​ការគ្រប់គ្រង​សំរាម​ និង​សំណល់​រឹង​នៅ​ទីប្រជុំជន​មក​រាជធានី​ និង​ទីក្រុង​នៃ​ខេត្ត​ទាំង​ ២៥ ដែលមាន​ទឹកប្រាក់​សរុប​ ៥ ​ពាន់​លាន​រៀល​។ ​បន្ទាប់មក​សាលា​រាជធានី​ភ្នំពេញ​បាន​ផ្ទេរ​កិច្ចការ និង​ថវិកា​ទាំងនេះ​តាម​ការធ្វើ​ប្រតិភូកម្ម​មក​ឲ្យ​សាលាខណ្ឌ​នានា​គ្រប់គ្រង​សំរាម និង​សំណល់​រឹង​នេះ​ (NCDD, 2015)​។

ការផ្ទេរ​នេះ​ទៀត​ក៏ត្រូវ​បានដាក់​ឲ្យ​ក្រុមហ៊ុន​ដេញថ្លៃ​ដើម្បី​ងាយស្រួល​គ្រប់គ្រង តែ​នៅ​តែ​ជាប់​ក្រុមហ៊ុន​ស៊ីនទ្រី​ដដែល ពោលគឺ​មិនឃើញ​មាន​ផល​វិជ្ជមាន​សោះ​ដោយ​ការប្រមូល​នៅតែ​យឺត លុយ​នៅតែ​យក​ពេញ​ដដែល​នៅ​រាជធានី​ភ្នំពេញ​។

ការផ្ដល់​ប្រាក់ខែ​ឲ្យ​កម្មករ​​របស់​ក្រុមហ៊ុន​ស៊ីនទ្រី​នៅតែ​តិច​ដដែល ទាល់តែ​កម្មករ​បាតុកម្ម​ទើប​ដំឡើង​ឲ្យ​បាន​រហូតដល់​សព្វថ្ងៃ តែ​ក៏​នៅ​មិនទាន់​សមស្រប​នឹង​ការអនុវត្ត​ជាក់ស្តែង​របស់​ពួកគេ​ដែល​ធ្វើការ​ហាលក្តៅ ហាលសន្សើម ហាលភ្លៀង​នោះទេ​។ ​ការងារ​នេះ​ប្រសិន​បើ​នៅ​ប្រទេស​ជឿនលឿន​វិញ​គឺ​ប្រាក់ខែ​ច្រើន​គួរសម​ដែរ បើ​ប្រៀបធៀប​ជាមួយ​នឹង​កម្មករ​រោងចក្រ ព្រោះ​វា​គគ្រិច ហើយ​ប្រឈម​នឹង​មេរោគ និង​គ្រោះថ្នាក់​ដល់​សុខភាព​ទៀត​។

ចំពោះ​ការអនុវត្ត​ «​អនុក្រឹត្យ​ស្តីពី​ការគ្រប់គ្រង​សំរាម និង​សំណល់​រឹង​នៅ​ទីប្រជុំជន​» ដែល​រដ្ឋបាល​មូលដ្ឋាន​ទាំង​​សាលាខណ្ឌ ទាំង​សង្កាត់ មិនបាន​ផាកពិន័យ​លើ​ជនល្មើស​ចោល​សំរាម​តាម​ដង​វិថី​នេះ​ទេ ដែល​នៅក្នុង​ច្បាប់​ផាកពិន័យ​ជា​ប្រាក់​ចាប់ពី​ ១ ​ម៉ឺន​រៀល​ទៅ​ ២០ ​ម៉ឺន​រៀល​ទៅតាម​ប្រភេទ​សំរាម​ទាំងនោះ​។

ឥឡូវ​រាជរដ្ឋាភិបាល​ដកសិទ្ធិ​ផ្តាច់មុខ​របស់​ក្រុមហ៊ុន​ស៊ីនទ្រី​រឿង​ប្រមូល​សំរាម​ដើម្បី​ដោះស្រាយ​វិបត្តិ​សំរាម​នៅ​រាជធានី​ភ្នំពេញ តែ​នៅ​តែ​ឲ្យ​មាន​សិទ្ធិ​ចូលរួម​ប្រកួតប្រជែង​ជាមួយ​ក្រុមហ៊ុន​ប្រមូល​សំរាម​ដទៃ​ដែរ​។ ហេតុ​ដូច្នេះហើយ​បន្ទាប់ពី​ដេញថ្លៃ​បាន​ពី​ក្រុមហ៊ុន​នានា​គឺ​កិច្ចការ​នេះ​គួរតែ​ផ្ទេរ​មក​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ជាជាង​ការគ្រប់គ្រង​ដោយ​ក្រសួង​បរិស្ថាន​ ឬ​ក៏​ក្រសួង​មហាផ្ទៃ​។

តែ​ទោះបី​ជា​ក្រុមហ៊ុន​ណា​ដែល​ជាប់ គឺ​ត្រូវតែ​មាន​ការប្រកួតប្រជែង​ក្នុង​ការប្រមូល​សំរាម​ទៅតាម​ខណ្ឌ​នីមួយៗ​នៃ​រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​មាន​និរន្តរភាព​ក្នុង​ការប្រមូល​សំរាម​ឲ្យ​ទៀងទាត់ និង​ជាប្រចាំ​នោះ​គឺ​ទី​ ១) រដ្ឋ និង​ក្រុមហ៊ុន​ត្រូវតែ​ដំឡើងថ្លៃ​ប្រមូល​សំរាម​តាម​ផ្ទះ​ឲ្យ​បាន​ច្រើនជាង​ ១ ​ដុល្លារ ដើម្បី​ឲ្យ​សមស្រប​ទៅនឹង​ទីផ្សារ​​សព្វថ្ងៃ​។

ទី​ ២) ​ក្រុមហ៊ុន​ត្រូវតែ​ដំឡើងថ្លៃ​ឈ្នួល​ឲ្យ​កម្មករ​ប្រមូល​សំរាម​ច្រើនជាង​ ១៥០ ​ដុល្លារ​ដោយ​មាន​មន្ត្រី​ក្រសួង​ការងារ​ចូលរួម​។

ទី​ ៣) ការប្រមូល​សំរាម​តាម​ផ្ទះ​ ២ ​ថ្ងៃ​ម្តង​។

ទី ​៤) សម្រាប់​ថ្ងៃ​បុណ្យទាន​គឺ​តម្រូវ​ឲ្យ​បែង​ចែកគ្នា​ប្រចាំការ ឬ​ក៏​អ្នក​ដែល​មិន​ឈប់សម្រាក​គឺ​ដំឡើង​ប្រាក់ឧបត្ថម្ភ​លើក​ទឹកចិត្ត​ដល់​ពួកគេ​ឲ្យ​បាន​ច្រើន​ជា​ជាង​នាំគ្នា​ឈប់ ហើយ​ចូល​វិញ​ដូច​អ្នកធ្វើ​ការធម្មតា​គឺ​បរាជ័យ​ទៀត​ដដែល​។ រីឯ​ការរំពឹង​ទៅលើ​អ្នកស្ម័គ្រចិត្ត​ប្រមូល​សំរាម​ទៅតាម​ព្រឹត្តិការណ៍ គឺ​មិន​ទៀងទាត់​ទេ ពួកគេ​គ្រាន់តែ​ជួយ​មួយ​ប្រាវ​នៅ​កន្លែង​មាន​​កម្មវិធី​ប៉ុណ្ណោះ តែ​មិន​មក​ប្រមូល​នៅតាម​ផ្ទះ ឬ​ក៏​តាម​ក្រុមហ៊ុន​នោះទេ​។

ទី​ ៥) រថយន្ត​ដឹក​សំរាម​នីមួយៗ​យ៉ាងហោចណាស់​ ២ ​ថ្ងៃ​លាង​សម្អាត​វា​ម្តង​ដែរ កុំ​ឲ្យ​ក្លិនស្អុយ​នៅលើ​ឡាន​ហ្នឹង​យូរពេក ជិះ​កាត់​តាម​ផ្លូវ​​ក៏​ស្អុយ​ដែរ ហើយ​ទឹក​ស្រក់​មក​តាមផ្លូវ​សាធារណៈ​ក៏​ស្អុយ​ដែរ​។ ​

ទី​ ៦) ​អាជ្ញាធរ​ប្រើ​កាមេរ៉ា​ចាំ​ចាប់​អ្នក​ចោល​សំរាម​តាម​ទីសាធារណៈ​ដើម្បី​ផាកពិន័យ​ទៅតាម​ច្បាប់​។

បើ​ពុំ​ដូច្នេះ​ទេ សំរាម​នៅ​តែ​ជា​ក្តីកង្វល់​របស់​រដ្ឋ​ដដែល ហើយ​ធ្វើ​ប៉ះពាល់​ភ្ញៀវទេសចរ​ផង និង​សម្រស់​រាជធានី​ដែល​ជា​ទីក្រុង​គជ់​ផង ព្រោះ​សំរាម​នៅ​រាជធានី​ភ្នំពេញ​សព្វថ្ងៃ​មាន​យ៉ាងតិច​ពី​ ២០០០ ដល់​ ៣០០០ ​តោន​ក្នុង ១ ​ថ្ងៃ​ទៅហើយ​៕

ចូលរួម​ផ្តល់​យោបល់​តាមរយៈ soprach.tong@phnompenhpost.com