
អ្នកទៅបន្សាបថ្នាំញៀននៅមណ្ឌលឱកាសខ្ញុំកន្លងមក។ រូប ភ្នំពេញប៉ុស្ដិ៍
បើទោះជាមានយុវជនខ្លះកំពុងលង់ខ្លួនឈ្លក់វង្វេងនឹងគ្រឿងញៀនដែលជះឥទ្ធិពលអាក្រក់ដល់សង្គម និងត្រូវចាប់ខ្លួនបានម្តងៗក្ដី តែពួកគេនៅតែជាយុវជនកម្ពុជាយើងដដែល ពីព្រោះករណីនេះក៏មានឈ្មួញទុច្ចរិត និងមន្ត្រីមានសមត្ថកិច្ចខ្លះក៏ធ្លាប់ពាក់ព័ន្ធនឹងការជួញគ្រឿងញៀនដែរ។
ក្នុងលក្ខខណ្ឌ ឬក៏កាលៈទេសៈណាក៏ដោយជាពិសេសនៅតាមហ្វេសប៊ុកក៏មិនគួរចំអកដាក់ពួកគេ ដោយប្រើពាក្យតិះដៀល ឬក៏ប្រៀបទៅនឹងក្លិបបាល់ទាត់ណាមួយថាអ្នកគាំទ្ររបស់ពួកគេសុទ្ធតែប្រើគ្រឿងញៀនដូច្នេះដែរ បើគ្រាន់តែយុវជននោះពាក់អាវគាំទ្រក្លិបបាល់ទាត់ក្នុងស្រុក ឬក៏ក្លិបអន្តរជាតិដូចជា ក្លិបបាល់ទាត់ល្បីៗ Manchester United, Arsenal,Liverpool,Chelsea,Barcelona, Real Madrid, Juventus ឬក៏Paris Saint Germain ជាដើម។
ករណីនេះប្រសិនបើឪពុកម្តាយគាត់សេពគ្រឿងញៀនផងគឺកូនៗក៏ត្រូវបានគេតិះដៀលថាញៀនថ្នាំដែរ កុំទៅក្បែរនាំតែឆ្លងថ្នាំញៀនទេ។ ចុះបើម្នាក់ៗចេះតែចំអក (Bullying) ឱ្យពួកគេយ៉ាងដូច្នេះសួរថា តើពេលណាពួកគេមានឱកាសនឹងកែខ្លួនបាននៅពេលចេញពីឃុំឃាំងនៅមណ្ឌលកែប្រែ ឬក៏គុកនោះ?
បើនិយាយពីគុកវិញ គឺណែនរកតែកន្លែងដាក់ពួកគេសឹងមិនបានផង ដោយសារការអនុវត្តច្បាប់ចោទថាអ្នកប្រើគ្រឿងញៀនក៏ជាប់ពន្ធនាគារដែរ ហើយពេលខ្លះក៏ជួបការលំបាកដែរនៅពេលមានផ្ទុះជំងឺឆ្លងពោលគឺពិបាកគ្រប់គ្រង ដូចជា គ្រាន់តែឆ្លងជំងឺផ្តាសាយធំក្នុងគុកនៅខេត្តបន្ទាយមានជ័យកាលពីខែកញ្ញាក៏ផ្អើលតែម្ដង។
រីឯថ្មីៗនេះនៅពេលទឹកជន់លិចគុកនៅបន្ទាយមានជ័យក៏ផ្អើលដឹកអ្នកទោសមកគុកនៅខេត្តសៀមរាបរួចក៏ជញ្ជូនទៅវិញ។ បើគិតត្រឹមក្នុងរយៈពេល ៩ ខែឆ្នាំនេះ សមត្ថកិច្ចបង្ក្រាបគ្រឿងញៀនបានជាង ៧ ៨០០ ករណីក្នុងនោះចាប់ខ្លួនជនសង្ស័យបាន ១៥ ៩១៥ នាក់។ រឹបអូស និងដកហូតសារធាតុញៀនគ្រប់ប្រភេទបានជាង ៧៥៣ គីឡូក្រាម ដែលមានការកើនឡើងលើសពីឆ្នាំមុនចំនួន ៨ ភាគរយ។ នេះបើតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
រីឯសំណុំរឿងដែលនៅសេសសល់កំពុងស៊ើបអង្កេតក្នុងតុលាការក៏នៅគរដែរ ហើយទម្រាំកាត់ទោសមួយៗចំណាយពេលច្រើន ដោយសារសមត្ថកិច្ចពាក់ព័ន្ធរវល់តែករណីគ្រឿងញៀនរកតែពេលអភិវឌ្ឍខ្លួនទៅមុខមិនចង់បាន។ ម្យ៉ាងក្លិបកម្សាន្ត និង KTV មួយចំនួនក៏ខាតបង់ ដោយសារសមត្ថកិច្ចបិទ ដោយសារតែគ្រឿងញៀនដែរ។
មួយវិញទៀត ដើម្បីឆ្លើយតប និងអន្តរាគមន៍ប្រយុទ្ធប្រឆាំងគ្រឿងញៀនជាសកល រាជរដ្ឋាភិបាលបានចេញសារាចរណែនាំថ្មីបន្ថែមទៀតស្តីពីការពង្រឹងការអនុវត្តវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់កាលពីថ្ងៃទី ១៦ វិច្ឆិកា ដោយឱ្យអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងស្ថាប័នពាក់ព័ន្ធទាំងអស់ពង្រឹងការអនុវត្តវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់។
មិនថាតែប្រទេសកម្ពុជាទេ ប្រទេសដទៃទាំងក្នុងតំបន់គឺសុទ្ធតែបានប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនដោយបានចាត់ទុកជាការងារប្រចាំទៅហើយ ព្រោះជនល្មើសខ្លះឡើងដល់ពួកម៉ាហ្វីយ៉ាធំៗ និងមន្ត្រីសមត្ថកិច្ចជាន់ខ្ពស់ក្នុងរដ្ឋាភិបាលក៏មានដែរ។
ទោះជាយ៉ាងណា ការធ្វើសង្គ្រាមប្រឆាំងនឹងគ្រឿងញៀនជាសមត្ថកិច្ចរបស់រាជរដ្ឋាភិបាលហើយ តែការអប់រំសហគមន៍វាជាកិច្ចការរបស់អាជ្ញាធរមូលដ្ឋានដែលត្រូវចូលរួមទប់ស្កាត់គ្រឿងញៀនតាមរយៈការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ពោលគឺត្រូវមានការចូលរួមពីសំណាក់ឪពុកម្តាយ និងអ្នកភូមិជួយស្រាវជ្រាវកំណត់អត្តសញ្ញាណយុវជនណាដែលពាក់ព័ន្ធនឹងការញៀនថ្នាំ ឬក៏កំពុងតែចាប់ផ្តើមសាកល្បងគ្រឿងញៀនដើម្បីមកផ្តល់ចំណេះដឹងបន្ថែមឱ្យចៀស ឬក៏ចាកចេញពីគ្រឿងញៀន កុំឱ្យឈានដល់ការប្រព្រឹត្តបទឧក្រិដ្ឋទាន់។
ការបញ្ឈប់ការរើសអើង និងការចំអកដល់យុវជនញៀនថ្នាំតាមរយៈការលើកទឹកចិត្ត ដើម្បីចូលរួមក្នុងការងារអភិវឌ្ឍសង្គមវិញទើបជាការផ្តល់ឱកាសឱ្យយុវជនឱ្យកែប្រែខ្លួនទៅរកអនាគតមួយដែលល្អ។ សកម្មភាពនេះគួរតែមានការចូលរួមសហការយ៉ាងសកម្មពីអគ្គនាយកដ្ឋានយុវជននៃក្រសួងអប់រំ យុវជន និងកីឡា ដែលមានជំនាញដោះស្រាយបញ្ហាយុវជននាពេលកន្លងមក។
កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា កន្លងទៅ ភ្នំពេញប៉ុស្តិ៍ទទួលបានសេចក្តីប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានផ្តល់ឱ្យកម្មករនិយោជិតដែលបាត់បង់ការងារ និងព្យួរការងារដោយសារវិបត្តិកូវីដ ១៩ ចូលសិក្សាវគ្គបណ្តុះបណ្តាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ១ (C1) វគ្គពិសេសដែលមានរយៈពេល ៤ ខែ ដោយសិក្ខាកាមនឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ២០ ម៉ឺនរៀល ក្នុង ១ ខែ សម្រាប់ចំណាយលើការហូបចុក និងស្នាក់នៅពេលរៀនសូត្រ»។ សកម្មភាពរបស់ក្រសួងការងារនេះគឺជាដំណោះស្រាយ ១ ផ្នែកក្នុងការចូលរួមទប់ស្កាត់កុំឱ្យយុវជនយុវតីធ្លាក់ខ្លួនប្រើប្រាស់គ្រឿងញៀនទាន់។
ជាលទ្ធផលល្អ ការមិនចំអកពីមហាជនចំពោះយុវជនដែលធ្លាក់ចូលក្នុងក្រុមប្រើគ្រឿងញៀនគឺអាចកែប្រែឥរិយាបថពួកគេមកវិញបានដូចជាករណីអតីតខ្សែបម្រើរបស់ក្លិបបឹងកេតកីឡាករ យុវជន ម៉ាត់ យ៉ាមីន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាមួយបក្ខពួកក្នុងក្លិបកម្សាន្តមួយនៅភ្នំពេញកាលពីដើមឆ្នាំនេះពាក់ព័ន្ធជាមួយនឹងការសេពគ្រឿងញៀន។ ប៉ុន្តែយុវជនរូបនេះបានកែខ្លួនដោយមិនមានការរើសអើង និងចំអកពីមហាជនដែលជាការផ្តល់ឱកាសឱ្យគាត់បានសាងជីវិតថ្មីជាមួយនឹងអាជីពបាល់ទាត់ក្លិបប៉ូលិសជាតិទៅវិញកាលពីចុងរដូវកាលមុននេះ។
ហេតុដូច្នេះហើយការកែប្រែឥរិយាបថមកជាវិជ្ជមានចំពោះយុវជនដែលធ្លាប់ប្រើប្រាស់គ្រឿងញៀន ឬក៏កំពុងសាកល្បងនឹងគ្រឿងញៀនគឺទាល់តែមានការចូលរួមពីមជ្ឈដ្ឋានទូទៅរួមមាន សហគមន៍ មាតាបិតា អាជ្ញាធរមូលដ្ឋាន កម្លាំងសមត្ថកិច្ច មន្ត្រីបច្ចេកទេសពីស្ថាប័នពាក់ព័ន្ធ ជាពិសេសគឺផ្តើមចេញពីការបញ្ឈប់ការចំអក និងការរើសអើងផ្ទាល់ពីសហគមន៍ និងសង្គមតាមរយៈបណ្តាញសង្គមផងដែរ។
យោងតាមរបាយការណ៍អង្គការ UNICEF ឆ្នាំ ២០១៩ គឺមានយុវជនកម្ពុជា ៨៥,៧ ភាគរយ ដែលមានអាយុចន្លោះពី ១៥ ទៅ ២៥ ឆ្នាំប្រឈមនឹងការចំអកតាមរយៈអនឡាញ (Cyber-Bullying)៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com